កវី​ មិត្ត សាខុន

-​នារី​កម្ពុជា ចិត្ត​ហានក្លា                    តាំងចិត្ត​ពុះពា គ្រប់​ឧបសគ្គ​
បំរើ​ប្រជា ដោយស្មោះ​ស្ម័គ្រ             មិន​ស្ទើរ​មិន​ស្ទាក់ ហ៊ាន​លះបង់ ។​
-​រូប​កាយ មិន​ស្តាយ​ទាំង​ជីវិត          យប់​ថ្ងៃ​ភ្លឺ​ល្ងិ​ត ខំ​ស្រោចស្រង់​
ដើម្បី​សម្រេច នូវ​បំណង                 ឱ្យអស់​ញាតិផង បាន​សុខ​អ៊ើ​យ ។​

នេះ ​ពាក្យស្លោក របស់​កវី សែង​សិទ្ធិ៍ ដែលជា​តួអង្គ​ដ៏​សំខាន់​១​រូប​នៅក្នុង​រឿង​សន្ទុះ​ដាវ​ចិន្តាមណី របស់​អ្នកនិពន្ធ មិត្ត សាខុន ។​
​សព្វថ្ងៃនេះ ស្នាដៃ​របស់លោក​ត្រូវបាន​គេ​រកឃើញ​មាន​ដូចតទៅ​៖
– ផ្នែក​ទំនុកច្រៀង​
១. ថ្ងៃ​លិច​អូន​ស្រណោះ ( រស់ សេរី​សុទ្ធា )
២. ថ្ងៃស្អែក​បង​លា (​ស៊ិន ស៊ី​សាមុត និង រស់ សេរី​សុទ្ធា )
៣. ទឹកភ្នែក​ជូន​បង (​សូ សាវឿន )
៤. រំដួល​ពោធិសាត់ (​ស៊ិន ស៊ី​សាមុត )
៥. អនុស្សាវរីយ៍​ស្ទឹង​ពោធិសាត់ ( អ៊ិន យ៉េ​ង )
– ផ្នែក​ប្រលោមលោក​
១. កម្ម​ខ្ញុំ , ១៩៦៦
២. យុទ្ធជន​ការពា​ព្រះវិហារ , ១៩៦៦
៣. លំពែង​ជ័យស្រី​ចិត្ត​ដែក , ១៩៦៦
៤. ជីវិត​រុះ​រោយ , ១៩៦៧
៥. ឈាម​ហូរ​លើ​វាល​ខ្សាច់​កោះកុង , ១៩៦៧
៦. មហាកំពែង​ទ័ព​ទាំង​ប្រាំ , ១៩៦៧
៧. សញ្ញា​ម្កុដ​រាជ , ១៩៦៧
៨. សន្ទុះ​ដាវ​ចិន្តាមណី , ១៩៦៧ ( មាន​ជា​ល្ខោនបាសាក់ )
៩. អាថ៌កំបាំង​ត្បូង​ពេជ្រ , ១០៦៧
១០. ឥន្ទ្រី​ក្រហម , ១៩៦៧
១១. កូនក្រក​ខ្មៅ , ១៩៦៨
១២. នារី​ផ្សងព្រេង , ១៩៦៨
១៣. អាថ៌កំបាំង​ទូក​លេខ​១១ , ១៩៦៨
១៤. ដែន​ជ្រោយ​លោហិត , ១៩៦៩
១៥. ទេវរូប​សម្ងាត់ , ១៩៦៩
១៦. ផ្កាយ​លង្ហិន , ១៩៦៩
១៧. ព្យុះ​ដាវ​សងសឹក , ១៩៦៩
១៨. មហា​ពលី​កម្ម , ១៩៦៩
១៩. ម្រាមដៃ​លោហិត , ១៩៦៩
២០. សោរ​មាស​សម្ងាត់ , ១៩៦៩
២១. ស្រមោល​ខ្មៅ , ១៩៦៩
២២. ដាវ​កំបុត , ១៩៧០
២៣. ទង់​មរណៈ , ១៩៧០
២៤. ព្រួញ​ទេវ​រាជ្យ , ១៩៧០
២៥. ព្រួញ​ពិស​អាថ៌កំបាំង , ១៩៧០
២៦. មហា​ជ័យ​នៃ​យុទ្ធ​មិត្ត​យើង , ១៩៧០
២៧. មហា​រំអិល , ១៩៧០
២៨. វិ​រ​ជន​ភ្នេ​ក​១ , ១៩៧០
២៩. សមុទ្រ​ឈាម , ១៩៧០
៣០. ស្បៃ​ទិព្វ , ១៩៧០
៣១. អ្នក​ដាវ​ឯក​បី​រូប , ១៩៧០
៣២. ថ្ងៃ​លិច​អូន​ស្រណោះ , ១៩៧១
៣៣. ដប់ឆ្នាំ​ចាំ​បង , ១៩៧…?
៣៤. ចោរ​ខ្លែង​មាស , ១៩៧២
៣៥. ដាវ​ម៉ឺន​ដាវ​ពេជ្រ , ១៩៧២
៣៦. ឈាម​អ្នក​ប្រដាល់ , ១៩៧៣
៣៧. ឈ្នះ​ដប់​ទិស , ១៩៧៣
៣៨. ធីតា​មុខ​បី , ១៩៧៣
៣៩. អ្នក​ប្រដាល់​១៣​ស្រុក , ១៩៧៣

ឈ្មោះ​ពិត​របស់ អ្នកនិពន្ធ​មិត្ត សាខុន គឺ ម៉ក់ សាខុន កើត​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​១៩៣៨ នៅ​ភូមិ​សូរិយា ឃុំ​លលកស ស្រុក​បាកាន ខេត្តពោធិសាត់ ។ ឪពុក​ឈ្មោះ ម៉ក់ នៅ ម្តាយ​ឈ្មោះ សែម ។ ម្តាយ​របស់លោក បាន​លាចាក​លោក​នេះ​ទៅ ក្នុងពេល​កុមារ​យើង​ទើប​តែមាន​វ័យ​៦​ឆ្នាំ ។
មិត្ត សុ​ម៉ាលី ជា​ឈ្មោះ​មួយទៀត​របស់​អ្នកនិពន្ធ មិត្ត សាខុន ត្រូវបាន​គេ​ស្គាល់​នៅក្នុង​សង្គម​កវី នា​ជំនាន់​នោះ  ។​
ឆ្នាំ ​១៩៤៤ ក្នុង​វ័យ​៦​ឆ្នាំ កុមារ សាខុន ត្រូវបាន​នាំទៅ​ស្នាក់នៅ​វត្ត​សូរិយា និង រៀន​នៅ​សាលា​វត្ត​នេះ​ដែលជា​ភូមិកំណើត​របស់ខ្លួន ។ ពុំមាន​ការអះអាង​ទេ ប៉ុន្តែ​យើង​យល់ថា ពេល​រស់នៅក្នុង​វត្ត​នេះហើយ​ដែល​បាន​បណ្តុះ​ចិត្ត​របស់លោក​ឱ្យ​ស្រលាញ់ វិស័យ​តែង​និពន្ធ ។  ឆ្នាំ​១៩៥៥ ពោលគឺ​ក្នុង​វ័យ​១៧​ឆ្នាំ យុវជន​អនាគត​កវី​ដ៏រ​សាត់អណ្តែត​យើង បាន​ប្រឡង​ជាប់​សញ្ញប​ត្រ​ឌី​ប្លូ​ម ។ ដោយហេតុ​មាន​ភាពខ្វះខាត​ខាង​ជីវភាព យុវជន​យើង​បាន​បង្ខំចិត្ត​បោះបង់​ការសិក្សា ហើយ​ទៅធ្វើជា​អ្នកបកប្រែ​ភាសា​បារាំង​ឱ្យ​ជនជាតិ​បារាំង​នៅ​ចំការកៅស៊ូ​ជប់ នា​ខេត្តកំពង់ចាម ។
ចាប់ពីពេលនេះ​ទៅ ស្មារតី​តែង​និពន្ធ​របស់លោក​ហាក់​បាន​លាក់ខ្លួន​ពួន​សំងំ​នៅក្នុង​បេះដូង ដ៏​អាថ៌កំបាំង​មួយរយៈ ខណៈដែល​អនាគត​កវី​យើងរ​សាត់អណ្តែត​នៅក្នុង​ពិភព​ជីវភាព​លិចអណ្តែត​ដែល​អាច ចាត់ទុកថា​ជាការ​ពិសោធន៍​មួយ​ដែលជា​ប្រយោជន៍​ដល់​ការ​តែង​និពន្ធ​របស់លោក នាពេល​ក្រោយៗ​មក ។​
វ័យ​១៩ ឆ្នាំ​គឺ​នៅក្នុង​ឆ្នាំ ១៩៥៧ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​យុវតី ឌី សុ​ន្ធ​រី ហៅ ឌី សា​ខន ដែល​ទើប​តែមាន​វ័យ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ ដោយហេតុតែ​ពួកគេ​សុទ្ធ​តែមាន​វ័យក្មេង​ខ្ចី​ពេក ជាហេតុ​នាំឱ្យមាន​ភាពលំបាក​ស្មុគស្មាញ​ច្រើន​ខាង​ជីវភាព​ហើយក៏​ពុំ​សូវ ស៊ីសង្វាក់​គ្នា​ផង ។ ក្រៅពីនេះ​ទៅ​គូ​ភរិយា​ស្វាមី​ដ៏​ខ្ចី​ល្ហក់​មួយគូ​នេះ​ស្ថិតនៅ​ចំ​កណ្តាល ភាព​រកាំរកូស​គ្នា​នៃ​គ្រួសារ​ទាំងសងខាង​ទៀតផង ។ ទោះយ៉ាងណា ពួកគេ​ក៏​អាច​រស់នៅ​ជាមួយគ្នា​ដោយ​ពុំមាន​ការបែកបាក់​គ្នា​ឡើយ ហើយ​គូ​ស្វាមី ភរិយា​ដ៏​ក្មេងខ្ចី​ស្ទើរតែ​មិនអាច​ជឿ​បាន​នេះ​បានផ្តល់​កំណើត​ឱ្យ​បុត្រ បាន​ដល់​ទៅ​៩​នាក់ ស្រី​៤​នាក់ និង ប្រុស​៥​នាក់ ។​
ក្នុង​បំណង​គេច​ចេញពី​ក្តី​លំបាក​ទាំងឡាយ​នេះ ទើប​ពួកគេ​សម្រេចចិត្ត​នាំគ្នា​ទៅ​រស់នៅ​ចម​ចៅ​ដែលជា​ស្រុកកំណើត​នៃ​នាង ឌី សុ​ន្ធ​រី  ។ បន្ទាប់ពី​នាង សុ​ន្ធ​រី ផ្តល់កំណើត​ឱ្យ​កូន​ម្នា​ក់រួច ទ្រាំ​នឹង​ក្តី​លំបាក​ដែល​កើត​ពី​កង្វះខាត​ផ្នែក​ជីវភាព​មិនបាន ទើប​លោក​សម្រេចចិត្ត​ទុក​ភរិយា​ចោល​នៅទីនេះ​មួយរយៈ ហើយ​លោក​បាន​ចាកចេញ​ទៅធ្វើ​ការ​នៅ​ខេត្តកោះកុង​ដើម្បី​រកប្រាក់ ផ្គត់ផ្គង់​គ្រួសារ ។ គឺ​ទី​នេះហើយ​ដែល​បាន​ពង្រ​ស់​នូវ​ទឹកចិត្ត​ស្ន​ហា​ផ្នែក​តែង​និពន្ធ​របស់ លោក​ឡើងវិញ ។​
​ក្នុងអំឡុងពេល​លោក​ទៅធ្វើ​ការ​នៅ​ខេត្តកោះកុង​នេះ លោក​បាន​ឆ្លៀតពេល​សរសេរ​រឿង​ខ្លីៗ​មួយចំនួន​ដូចជា​រឿង ឈាម​ហូរ​លើ​វាល​ខ្សាច់​កោះកុង ជាដើម ។​
​ត្រឡប់​មកពី​កោះកុង​វិញ លោក​បាន​យក​ស្នា​ដែ​ទាំងនោះ​ទៅ​បោះពុម្ព ប៉ុន្តែ​ពុំមាន​រោង​ពុម្ព​ណា​ទទួលយក​ស្នា​ដែ​របស់លោក​ឡើយ ។     ទីបំផុត​លោក​រកបាន​រោង​ពុម្ព​ធ្វើការ​បោះពុម្ព​សាកល្បង ។  ក្រោយមក ស្នា​ដែ​របស់លោក​ទទួលបាន​ជោគជ័យ​ខ្លាំង ទើប​មាន​ចាងហ្វាង​ផលិតកម្ម​មួយចំនួន​ដូចជា លោក អ៊ី វង់​ហែម ជាដើម​បាន​ទាក់ទង​យក​ស្នា​ដែ​របស់លោក​ថត​ជា​ខ្សែភាពយន្ត ។ ហើយ​ស្នា​ដែ​របស់លោក​ទាំងអស់​ត្រូវ​បាន​បណ្ណាគារ ពស់​មាស ទទួល​បោះពុម្ព​ផ្តាច់មុខ ។ លោក​បាន​ចូល​ជា​សមាជិក​នៃ សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ឆ្នាំ​១៩៦០ ។​
ពី​ឆ្នាំ​១៩៦០-១៩៧៥ លោក​ក៏​នៅតែ​មិនបាន​រស់នៅ​ជួបជុំ​ជាមួយ​ប្រពន្ធ និង កូន​ដដែល ដោយ​លោក​បានមក​រស់នៅ​ទីក្រុង​ភ្នំពេញ ដោយ​ជួល​ផ្ទះ  ហើយ​ភរិយា​និង កូនៗ​របស់លោក​នៅ​ស្រុកកំណើត​ដដែល ។ ទោះយ៉ាងណា នៅ​ឆ្នាំ​១៩៧០ ពោលគឺ​បន្ទាប់ពី​លោក​ទទួលបាន​ជោគជ័យ​ផ្នែក​តែង​និពន្ធ​របស់លោក​នោះ លោក​បាន​សង់ផ្ទះ​១​ខ្នង​នៅឯ​ស្រុកកំណើត​សម្រាប់​កូនៗ​និង​ភរិយា​របស់លោក ។​
នៅក្នុង ​របប​ប៉ុល ពត លោក​និង​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅ​រស់នៅ​ភូមិ បឹង​ត្រ​យ៉ង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ។ លោក​ត្រូវបាន ប៉ុល ពត សម្លាប់​នៅ​ឆ្នាំ​១៩៧៦ នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ ខណៈពេលដែល​លោក​កំពុង​ត្រៀម​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ។
​សៀវភៅ អក្សរសិល្ប៍​ខ្មែរ ឆ្នាំ​១៩៧០ – ៧៥ របស់លោក ហាក់ វ៉ាន់ដា​រ៉ា បាន​កត់សំគាល់ថា កូន​របស់លោក​បាន​បាត់បង់​ជីវិត​ក្នុង​របប ប៉ុល ពត ៦​នាក់ ហើយ​កូន​៣​នាក់​ដែល​នៅរស់​គឺ​កូនស្រី​ច្បង​, កូនប្រុស​ទី​៤ និង​កូនប្រុស​ទី​៥ ។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s