សំនៀង ប្ញ​ទ្ធី

12121

លោក យ៉ង់ ឈាង ហៅ សំនៀង ប្ញ​ទ្ធី

ទោះបីជា​បាន​លាចាក​លោក​យើង​នេះ​ទៅហើយ​ក្តី ក៏​លោក យ៉ង់ ឈាង បាន​បន្សល់ ទុក​នូវ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ដ៏​មានតម្លៃ​មួយចំនួនធំ ។

មិត្តភក្តិ​របស់លោក យ៉ង់ ឈាង និយាយថា លោក​ប្រហែលជា​កើត​ក្នុងអំឡុង​ឆ្នាំ​១៩៣០ រស់នៅ​ជាមួយ​ម្តាយ​ចាស់​នៅ​ផ្សារ​ស៊ី​ឡិ​ប រាជធានី​ភ្នំពេញ ។ លោក​រៀន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ភាគ​២ (​បាក់​ឌុប​) ក្នុង​ជំនាន់​ស្រករ​ជាមួយ​លោក សឹង ង៉ុ​កថា​ញ់​, លោក ហង្ស ធន់​ហាក់​, លោក ពៅ ស៊ី​ផូ​, លោក ភួង បុប្ផា​, លោក ពៅ វ៉ាន់​ច​ន​, លោក ទី ងួន​ឡេង ៘ ដែល​ជំនាន់​នោះ​កូន​ខ្មែរ​កម្រ​រៀន​បាន​វិជ្ជា​ខ្ពង់ខ្ពស់​ដូច​លោក​ណាស់ ។ លោក​មាន​មាឌធំ​ក្រអាញ​ដែល​ខ្មែរ​ច្រើន​និយាយថា​មាឌ​ឌាំ​ង​, នៅ​ចុង​ភ្នែក​ខាងឆ្វេង​របស់លោក​មាន​ដុះ​សាច់​លៀន​ចេញមក​មួយ​ដុំ​យ៉ាង​ធំ ។ មេជើង​ស្តាំ​របស់លោក​ដាច់​កំបុត ដោយមាន​គ្រោះថ្នាក់​តាំងពី​កុមារភាព នៅពេល​ឃើញ​គេ​ចត​ស៊ីក្លូ​ទុកចោល​លោក​រពឹស​ឡើង​ធាក់​ភ្លែត​ចូល​ច្រវាក់ ។​

លោក​មាន​និស្ស័យ​សិល្បៈ​តាំងពី​នៅ​សិក្សា ពេល​ធំ​ពេញវ័យ​លោក​ក្លាយជា​សិល្បករ​ម្នាក់ ដែលមាន​លក្ខណៈ ចម្លែក​ខុសពី​គេ​មួយ​ចប់ ។ សក់​លោក​ច្រើន​ទុក​កាត់ “​បុ​ម​បេ​” ហើយ​លាប​ព្រី​យ៉ង់​ទីន​ឡើង​រលោង ។ ប្ញ​ក​ពារ​លោក​ដូចជា​ជនជាតិ​ហ្វីលីពីន តែ​ចរិត​លោក​ជា​ចរិត​ស្រី​សុទ្ធសាធ ។ លោក​ចូលចិត្ត​ពាក់អាវ​ផ្កា​ធំៗ ភាគច្រើន​ជា​របៀប​សារុង​ឥណ្ឌូនេស៊ី ។ ពេល​លា្ង​ច​ថៃ្ង​សៅ​រ៏ ឬ​ថៃ្ង​អាទិត្យ​លោក​ពាក់អាវ​ផ្កា​ធំ ស្លៀក​ខោស ពាក់​ស្បែកជើង​ស​ចេញពីផ្ទះ​នៅ​ផ្សារ​ស៊ី​ឡិ​ប ទៅ​ផ្សារកណ្តាល ឡើង​ស៊ីក្លូ​ជិះ​មួយ​ជុំ​ភ្នំពេញ ជើង​គង​អន្ទាក់ខ្លា មាត់​បង្ហុយ​ខ្សៀ​អង្រួន​ជើង​ច្រៀង​រហ៊ឹម​ជាប់​ជានិច្ច ។ ជួនកាល​លោក ជិះ​ស៊ីក្លូ​មួយ​យប់​ទល់​ភ្លឺ​ក៏មាន ។ ពី​ដើម​ស៊ីក្លូ​ថោក លោក​ចូលចិត្ត​ជិះ​ស៊ីក្លូ​ស្រែកច្រៀង​ដោយ​គ្មាន​អៀនខ្មាស ហើយ​មាន​ម្តងម្កាល​លោក​ពាក់​ស្បែកជើង​ដែលមាន​ខ្សែជើង មាន​កណ្តឹង​ព័ទ្ធជុំវិញ ។ កាលណោះ​គេ​ច្រើន​ដាក់​បន្តោង​ជុំវិញ​ចំនួន​១២​ជា​រូប​សត្វ ឬ​រូប​ផ្លែឈើ កន្ត្រក ឬ​កណ្តឹង​ដូច​កណ្តឹងគោ ។ ពេល​លោក​ជិះ​ស៊ីក្លូ លោក​គង​អន្ទាក់ខ្លា អង្រួន​ជើង កណ្តឹង​នៅ​ជើង​របស់លោក​អាច​ដូច​ចង្ក្រង់ ឯ​មាត់​លោក​ច្រៀង​បណ្តើរ​ជក់​ខ្សៀ​បណ្តើរ ។​

លោក​ធ្វើការ​នៅ​វិទ្យុជាតិ គេ​នាំគ្នា​ថា​លោក​ជា​មនុស្ស​អភ័ព្វ​ស្នេហ៍ ព្រោះ​មិនដែល​ឃើញ​លោក​ទាក់ទង​ជាមួយ​ស្រី​ណា​ម្នាក់​ឡើយ ។ ហើយ​ស្រីៗ​តែង​ចំអន់​បង្អាប់​គាត់​ថា ជា​បុរស “​ក្លិន​បី​” ។ ក្លិន​ទីមួយ​គឺ​ក្លិន​ព្រី​យ៉ង់​ទីន​លាប​សក់​របស់គាត់​, ក្លិន​ទី​ពីរ គឺ​ក្លិន​ឃ្លៀក​គាត់​ពេលដែល​គាត់​បែកញើស (​គាត់​ធាត់​) ឯ​ក្លិន​ទី​បី គឺ​ក្លិន ខ្សៀ​របស់គាត់ ធ្វើឱ្យ​ស្រីៗ​ខ្លាច​គាត់​គ្រប់ៗ​គ្នា ។ ពេល​គេ​កំពុងធ្វើការ​ឃើញ​គាត់​ដើរ​ចូលមក ពួក​ស្រីៗ​កេះ​គ្នា​ថា បុរស​ក្លិន​បី​មកហើយ រួច​គេ​នាំគ្នា​ចេញទៅ​អស់រលីង ។​

ពេលយប់​គាត់​ចូលចិត្ត​ទៅផ្ទះ​ជាងកាត់សក់​ដែល​នៅក្បែរ​ផ្ទះ អង្គុយ​មើល​គេ​ផឹក​ឬ​លេងអុក គាត់​អង្គុយ​ក្បែរ នោះ​ច្រៀង​ចម្រៀង​មហោរី និង​ភាគច្រើន​គាត់​ចូលចិត្ត​ទៅលេង​ផ្ទះ​លោក ពៅ ស៊ី​ផូ ។​

តាម​សម្តី​មិត្ត​ចាស់​របស់លោក​ម្នាក់​អះអាងថា លោក​បានធ្វើឱ្យ​អ្នក​ក្នុង​រង្វង់​សិល្បៈ​តន្ត្រី កោតស្ញប់ស្ញែង​ទឹកដៃ​និពន្ធ​បទ​របស់លោក ដែលមាន​លក្ខណៈពិសេស​ត្រង់​ពាក្យ​សាមញ្ញ​តែមាន​ន័យ​ជ្រៅ ។ ន័យ​ចម្រៀង​របស់លោក​តែង​លើក​ពី​ការរស់នៅ​ជាក់ស្តែង ពី​រសជាតិ​ជីវិត​ពិត​ដែល​ជូរចត់ ដូចជា​បទ​ដែល​គាត់​តែង​ឱ្យ បូរ៉ា​មី ជូ​ឡុង (​កូនលោក ញឹក ជូ​ឡុង​) សម្រាប់​បញ្ចូល​ក្នុង​កុន​រឿង “​សំណើច​ចំអក​ព្រហ្ម​លិខិត​” គឺ​បទ “​សំណើច​ចំអក​ព្រហ្ម​លិខិត​” ច្រៀង​ដោយ​លោក ស៊ិន ស៊ី​សាមុត ។ ភាគច្រើន​ចម្រៀង​ដែល​លោក​តែង​និពន្ធ​មាន​ពាក្យ​ឃ្លោង​ដែលមាន​ន័យ​មុត ស៊ីជម្រៅ ឧទាហរណ៍ ដូចជា​បទ ដែល​អ្នកស្រី​ម៉ៅ សារ៉េត ច្រៀង​គឺ​បទ “​មេឃ​ខ្មៅ​ងងឹត​” បទ “​ឱ​ផ្សែង​បារី​” ច្រៀង​ដោយ​លោក ស៊ិន ស៊ី​សាមុត​និង បទ “​រាំ​កាលី​ប​សូ​” ៘​

លោក​តែង​បទ​ចម្រៀង​បញ្ឆិតបញ្ឆៀង​ទិតៀន​សង្គម​, ដូចនេះ​លោក​ត្រូវគេ​ចាប់ “​ញាត់​គុក​” ហើយ​លោក​ប្រហែលជា​អ្នកចម្រៀង​តែមួយគត់​របស់​ខ្មែរ​ដែល​ជាប់គុក​៥​ឆ្នាំ ប៉ុន្តែ​យើង​មិនមាន​ឯកសារ​បញ្ជាក់ថា​ដោយសារ​បទ​ចំរៀង​ណា​ឲ្យ​ប្រាកដ​ឡើយ ។ ពេល​លោក​ជាប់គុក ហើយ​លោក​នៅ​ឆ្លៀត​តែង​បទ “​ត្រី​ក្រឹម​ក្នុង​ដប​” ច្រៀង​ដោយ​អ្នកស្រី ម៉ៅ សារ៉េត ដែលមាន​ពាក្យ​មួយ​ឃ្លា​ថា “​ត្រី​ក្រឹម​ក្នុង​ដប បើក​មាត់​ម្ហ​បៗ​សុំ​ទារ​សេរី​”, បទ “​ភព​ខ្មៅ​ងងឹត​” ដែលមាន​ន័យ “​ភព​ខ្មៅ​ងងឹត​បិទ​ដួងនេត្រា ឱ​អនិច្ចា​ខ្ញុំ​ជាម​នុស្ស​ខ្វាក់ ញាតិមិត្ត​ភុំភឿន​ដែល​ខ្ញុំ​ធ្លាប់​ពឹងពាក់ បាក់បែក​ស្រាំ​ប្រេះឆា​”, “​សូម្បី​ឈូក​ក្នុង​ភក់ ជ្រាំ​គង់​មាន​សរសៃ លើស​និស្ស័យ​ចង្រៃ​តែ​សត្វ​មនុស្ស​” ។​
​អាច​ថា​បទ​ដែល​លោក​តែង មិនសូវ​ជាច្រើន​ទេ តែមួយៗ​មាន​ខ្លឹម​ខ្លាំង​មាន​អត្ថន័យ​ក្នុង​ជីវិត​រស់នៅ ។​

លោក យ៉ង់ ឈាង ជា​សិល្បករ​ដែលមាន​តម្រិះវិជ្ជា​ខ្ពស់ មាន​ចរិត​គួរឱ្យ​ចូលចិត្ត លោក​ចេះ​ភាសា​ថៃ អង់គ្លេស បារាំង​ដូច​ចេះ​ភាសា​ខ្មែរ​ដែរ ។ បើ​និយាយ​ពី​សំឡេង​ច្រៀង​របស់លោក គឺ​ស្រែកច្រៀង​ទាល់តែ​អស់ពី​ខ្លួន ហើយ​រលាក់ បត់បែន ដែល​មិនអាច​នរណា​ធ្វើ​ដូច​បាន ។ បើ​លេងភ្លេង​ឱ្យ​គាត់​ច្រៀង ហើយ​មិន​យល់​ពី​លក្ខណៈ​ចម្រៀង​របស់គាត់ ច្បាស់​ជា​ភ្លេង​នោះ​ធ្លាក់ទឹក​មិន​ខាន ។ ព្រោះ​ពេល​អ្នកភ្លេង​លេងភ្លេង គាត់​ស្រែកច្រៀង​តាមចិត្ត​របស់គាត់ គ្មាន​ត្រូវ គ្មាន​ស៊ី​នឹង​ភ្លេង​សោះ តែ​ដល់​ចុងកន្ទុយ​បទ លោក​ចប់​ត្រូវ​ជាមួយនឹង​ភ្លេង​ដែរ ។​

បទ​ដែល​លោក​ចូលចិត្ត​ច្រៀង​បំផុត គឺ​បទ មហោរី ។ បទ “​ថ្ពាល់ខួច​” ដែល​អ្នកស្រី ម៉ៅ សារ៉េត​ច្រៀង និង​បទ “​ជីវិត​អ្នកក្រ​” ច្រៀង​ដោយ​លោក ស៊ិន ស៊ី​សាមុត សុទ្ធតែជា​បទ​ដែល​លោក​និពន្ធ ។​

តាម​ប្រភព​នានា​ឱ្យដឹងថា លោក​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ​១៩៧៥ ។ ថ្វីបើ​លោក​បាន​បាត់បង់​ទៅ​មែន តែ​ស្នាដៃ និង​សំឡេង​យ៉ាង​រំពង​របស់លោក​បា​នប​ន្ស​ល់​ទុក​នូវ​ន័យ​ចម្រៀង​ដ៏​មានតម្លៃ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ចាស់ៗ​ដែល​កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ។ បទ​ភ្លេង​ដែល​លោក​និពន្ធ​នៅតែ​ពីរោះ​រណ្តំ​ចិត្ត​សម្រាប់​យើង​គ្រប់ៗ​រូប ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s