ហ៊ែ​ល ស៊ុំ​ផា

ហ៊ែ​ល ស៊ុំ​ផា​អ្នកនិពន្ធ​មាន​ប្រវត្តិ​ជា​អ្នកច្បាប់ (១៩២១-១៩៧១)

មនុ​ស្សណា សមិទ្ធិផល​នោះ​
ដោយហេតុតែ​លោក​ជា​នីតិ​វិទូ និង ជា​ចៅក្រម​បាន​ពើបប្រទះ និង ដកដង្ហើម​នៅក្នុង​សង្គម​ស៊ើបអង្កេត និង វិនិច្ឆ័យ​ក្តី ទើប​ប្រលោមលោក​របស់លោក​គឺ​ភាគច្រើនបំផុត បាន​សរសេរ​ពី​កិច្ចការ​ច្បាប់ និង​ចៅក្រម ឬ ប្រលោមលោក បែប​ស៊ើបអង្កេត ។​

មនុស្ស​ប្រុស​ម្នាក់​ក្នុងចំណោម​ជន​ទាំងនោះ កាន់​ក្រដាស​មូរ​យ៉ាង​តូច​ដើរ​ចូលមក ហើយ​សួរ​បណ្ណ​ទូត​ម្នាក់ ដែល​អង្គុយ​នៅ​មាត់ទ្វារ​, មាត់ទ្វារ​នោះ​មាន​បិទ​បន្ទះក្តារ​មួយ​សន្លឹក​សរសេរ​ដាក់​ថា ’ ចៅហ្វាយស្រុក ” ។​
– មានការ​អ្វី ? បើ​ឡើង​ពាក្យ​ប្តឹង​ទេ សុំ​យកទៅ​ជូន​លោក​ស្មៀនសាលា​ឯណោះ​វិញ (​បណ្ណ​ទូត​ឃាត់ ) ។​
– ទេ ! ខ្ញុំ​មានការ​ធំ​ណាស់​ចង់​ជួបនឹង​លោក​ចៅហ្វាយ​ផ្ទាល់​តែម្តង ។​
បណ្ណ​ទូត​គោះទ្វារ​ហើយ​នាំ​បុរស​នេះ​ទៅ​ជួប​លោក​ចៅហ្វាយស្រុក​រវៀង​ដែល អង្គុយ​នៅ​តុ​មួយ​ធំ​ម្នាក់ឯង ក្នុង​បន្ទប់​យ៉ាង​ទូលាយ ។​
– អញ្ជើញ​អង្គុយ​មក មានការ​អ្វី​ដែរ​ឬ ? (​លោក​ញញឹម​សួរ​ទៅ​អ្នកស្រុក​ដែល​ធ្វើ​អាកប្បកិរិយា​ទ្រ​នៗ សំពះ​ប្រណម្យ​ហុច​ពាក្យ​ទៅ​លោក ហើយ​ដាក់​ប្រាណ​អង្គុយ​ចោងហោង​ទៅលើ​ក្តារ ដៃ​នៅតែ​ប្រណម្យ​ជាប់ ) ទេ ! ក្រោកឈរឡើង​កុំ​ធ្វើ​អ៊ីចឹង​ខ្មាស​ជាតិ​គេ អញ្ជើញ​អង្គុយ​នៅ​កៅអី​នេះ​ទៅ កៅអី​នេះ ខ្ញុំ​ទុក​សំរាប់​ភ្ញៀវ​អង្គុយ​ហើយ ។​
– ទាន​ប្រោស​, ដូចជា​ពុំគួរ​បើ​នឹង​អង្គុយ​ស្មើនឹង​ព្រះ​តេជគុណ​ម្ចាស់ៗ​ជា​ចៅហ្វាយនាយ​យើងខ្ញុំ ។​
– អ្នក​យល់​ខុស​ទេ (​លោក​ចាប់ទាញ​ដៃ​ភ្ញៀវ​ឱ្យ​អង្គុយ​លើ​កៅអី ) កាលពីដើម​នោះ​មែន សព្វ​ថៃ្ង ដែល​ប្រទេស​យើង​បាន​ឯករាជ្យ​ខ្លះ​ហើយ​នេះ គេ​មិន​ប្រកាន់​ដូច្នោះ​ទៀត​ទេ យើង​សុទ្ធតែជា​អ្នកបំរើ ប្រទេសជាតិ​ដូចគ្នា គ្មាន​អ្នកណា​ធំ​ជាង​អ្នកណា​ទេ​… ឱ ! នេះ​ពាក្យ​របស់​អ្នក​ឬ ? ប្តឹង​ពី​ចោរលួច​គោ ? និយាយប្រាប់​ខ្ញុំ​វិញ​ពិស្តារ​ជាង ។​
– ទាន​ប្រោស ខ្ញុំបាទ​នេះហើយ​ឈ្មោះ គា ចាន់ នៅ​ភូមិ​កំពង់​ពុទ្រា សូមទាន​កាលពី​យប់​១៣​រោច ខែ​អាសាធ​នេះ ខ្ញុំបាទ​ឃើញ​ជាក់​ជា​ឈ្មោះ​ពុទ្ធ​-​ជេស កាច់​របារ​ក្រោល​ចូល​លួច​គោ​ខ្ញុំបាទ​ពីក្រោម​ផ្ទះ មិនតែប៉ុណ្ណោះ​មាន​សាក្សី​ខ្ញុំបាទ​បួន​នាក់​ដែល​ឮសូរ​បាក់​របារ​ក្រោក​ឡើង រត់​មក​ទាន់​ឃើញ​ស្គាល់មុខ​វា ច្បាស់​ណាស់ ។​
– វា​ចូល​លួច​ពី​ពេល​ថ្មើ​ម៉ាន ?
– បាទ​ខ្ញុំ​មិនដឹង​ម៉ោង​ទេ ប៉ុន្តែ​តាម​ចំណាំ​គឺ​ពេល​ចាស់​ដេកលក់ ។​
– ចុះ​អ្នក ឬ សាក្សី​អ្នកមាន​កាន់​ចង្កៀង​ឆ្លុះ ឬ ចន្លុះ​អ្វី​ទៅ​ឈួ​ល​មើល​ទេ ?
– ទាន​គ្មានទេ ខ្លាច​វា​ផ្អើល ។​
– ចុះ​អ្នកឃើញ​ស្គាល់​អាចោរ​ដោយសារ​អ្វី ?
– ទាន លោក​ខែភ្លឺ​ច្បាស់ ។​
– កាលនោះ​វា​លួច​គោ​បាន​យកទៅ​ទេ ?
– ទាន ថី​ក៏​មិនបាន ។​
– វា​មាន​អាវុធ​ទេ ?
– ទាន គ្មានទេ ។​
– ចុះ​សាក្សី​អ្នក​ដល់​ទៅ​បួន​នាក់​ទៅ​ទាន់​វា​ដែរ ម្តេចក៏​មិន​ចាប់​វា​ឱ្យបាន​ក្នុងពេលនោះ​ទៅ ?
– ទាន​វា​រត់លឿន​ណាស់ តាម​ពុំទាន់​ទេ វា​ដឹកគោ​ឱ្យ​រត់តាម​វា​ទៅ​
– មើល ! អ្នកឯង​អាងសាក្សី​ឈ្មោះ​អ្វី ?
– ឈ្មោះ នាង ទិ​ត​-​ហ៊ឹ ។​

មួយ​រំពេច តាម​បង្គាប់​លោក​ចៅហ្វាយស្រុក បណ្ណ​ទូ​តប​ញ្ចូ​ន​នារី​ម្នាក់ កណ្តាល​មនុស្ស ស្លៀកសំពត់​ខ្មៅ​ពាក់ អាវខ្មៅ​កាន់​បង្វិច​មួយ​នៅ​ដៃ ។ ទាំង​បបូរមាត់ ទាំង​ធ្មេញ​ខ្មៅ​យ៉ាង​ក្រាស ហើយ​បៀមស្លា​មួយ​ម៉ាត់​យ៉ាង​ធំ ។ នារី​នេះ​មិន​ចាំ​សេចក្តី​បង្គាប់​ទេ កាយវិការ​ដំបូង​បំផុត គឺ​ទំលាក់ខ្លួន​អង្គុយបត់ជើង​នៅ​ក្តារ ។ លោក​ចៅហ្វាយ​មើលឃើញ​មិន​គប្បី ក៏​ចង្អុល​បង្គាប់​ឱ្យ​អង្គុយ​លើ​កៅអី​វិញ ។ បាន​កៅអី​ហើយ នៅលើ​កជើង​បញ្ឈរជង្គង់​លើ​កៅអី​ទៀត ។ ទំរាំ​តែ​បាន​សួរចម្លើយ​ស្រួលបួល​នោះ លោក​ចៅហ្វាយ​ខាត​ពេល​អស់​មិនតិច ។​
– អ្នកឯង​ឈ្មោះ​អ្វី ? ( លោក​សួរ )
– ខ្ញុំ​ហឹះ ? ខ្ញុំ​ឈ្មោះ​ទិ​ត  (​នាង​ឆ្លើយ​តែ​ប៉ុន្មាន​ម៉ាត់​នេះ​បណ្តាលឱ្យ​លោក​ចៅហ្វាយ​ធ្វើ​មុខជូរ ថ្វីបើ​លោក ខំ​រក្សា​ទឹកមុខ​ឱ្យនៅតែ​ញញឹម​ដដែល​ក៏ដោយ ) ។​
– សុំទោស អ្នក​អញ្ជើញ​ទៅ​ក្រៅ​ខ្ជាក់​ស្លា ខ្ពុរមាត់​ចេញ​ឱ្យ​ស្អាត​សិន សឹម​ចូលមក បើ​អ្នក​នៅ​បៀមស្លា​យ៉ាងនេះ​ខ្ញុំ​ស្តាប់​សំដី​អ្នក​មិន​បានទេ ។​

នេះ​ជា​សម្រង់​រឿង “ ចោរ​ភ្នំ​ត្បែង ” ចេញផ្សាយ​នៅ​ឆ្នាំ​១៩៥៥ ។ លោក​បាន​និពន្ធ​រឿងនេះ​នៅពេលដែល​ប្រទេស​ខ្មែរ​ទើបតែ​បាន​ឯករាជ្យ​ចេញពី ការត្រួតត្រា​របស់​អាណា​និគម​បារាំង ។​
លោក ហ៊ែ​ល ស៊ុំ​ផា កើត​នៅ​ថៃ្ង​២៣ មេសា ឆ្នាំ ១៩២១ នៅ​សង្កាត់​ផ្សា​ក្រោម ស្រុក​បាកាន ខេត្តពោធិសាត់ ។ លោក​ជា​បុត្រ​ទី​៣ របស់​លេខាធិការ (​រ៉េស៊ីដង់​) ម៉ៅ​-​ហ៊ែ​ល នា​សម័យ​រាជការ​អាណាព្យាបាល​បារាំង និង មាតា ឈ្មោះ សេង លិញ ។ សៀវភៅ​ប្រវត្តិ​អ្នកនិពន្ធ​ខ្មែរ​ចេញផ្សាយ​ដោយ​ក្រុម​ស្រាវជ្រាវ មួយក្រុម រៀបរាប់ថា ឪពុក​ឈ្មោះ ម៉ូ​វ ហ៊ែ​ល ម្តាយ​ឈ្មោះ ស៊ឹង លិញ ។​
អាយុ​បាន ៧​ឆ្នាំ កុមារ ស៊ុំ​ផា បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​កំពង់ស្ពឺ ។ ឆ្នាំ​១៩៣៣ ពេលដែល​កុមារ​យើង​បាន​អាយុ​១២​ឆ្នាំ ឪពុក​លោក​ទទួលមរណភាព ពេលនោះ​លោក​ក៏​ត្រឡប់មក​ភ្នំពេញ​វិញ រួច​ចូលរៀន​នៅ​សាលាបឋមសិក្សា ហ្វ្រ​ង់​ស្វា​បូ​ដ្វាំ​ង ដោយមាន​ការឧបត្ថម្ភ​ពី​ឪពុកមារ ។ លោក​បាន​ប្រឡង​ជាប់​វិញ្ញាបនបត្រ​បឋមសិក្សា​បារាំង​-​ខ្មែរ រួច​បន្ត​វិជ្ជា​នៅ​អនុវិទ្យាល័យ​មិ​ស្ហ ។ នៅទីនេះ​លោក​បានទទួល​ការអប់រំ​បណ្តុះ​មនោគមន៍វិជ្ជា​អោយក្លាយ ជា​គ្រឹ​ស្ត​សាសនិក ហើយក៏​ជាហេតុ​ធ្វើឱ្យ​លោក​ក្លាយជា​អ្នកនិពន្ធ​បានទទួល​ឥទ្ធិពល ដំបូងបង្អស់​ពី​គ្រឹ​ស្ត​សាសនា ព្រោះ​សិស្ស​នៅ​អនុវិទ្យាល័យ​មិ​ស្ហ​តែងតែ​ត្រូវបាន​អប់រំ​ឱ្យ​ជឿ​ព្រះ យេស៊ូ ចំណែក​គ្រួសារ​របស់លោក​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ពុំមាន​ទំនាស់​អ្វី​រវាង​លោក និង គ្រួសារ​លោក​ឡើយ ។ ក្រោយមក​ដោយ​លោក ជា​អ្នក​ស្រលាញ់​អក្សរសាស្ត្រ និង វប្បធម៌​ជាតិ ចិត្តគំនិត​របស់លោក​ក៏​ឃ្លាត​ឆា្ង​យ​បន្តិច​ម្តងៗ​ពី​គ្រឹ​ស្ត​សាសនា ហើយ​លោក​តែងតែ​ទៅ​ប្រជុំ​ជាមួយ​សម្តេចព្រះ សង្ឃរាជ ជួន ណាត ជា​ញឹកញយ​រហូតដល់​ទីបំផុត​លោក​បាន​ជាប់ឆ្នោត ជា​ប្រធាន​ស​មាគ​ពុទ្ធិក​យុវជន​ខ្មែរ ។​

ឆ្នាំ​១៩៤០ លោក​បាន​ប្រឡង​ជាប់​ប្រកាស​និ​យ​ប​ត្រ ហើយ​ចូលរៀន​ក្នុង​សាលា​រដ្ឋបាល នៃ​ប្រទេស​កម្ពុជា ផ្នែក​តុលាការ ។​
លោក​ត្រូវបានតែងតាំង​ជា​ក្រឡាបញ្ជី​ថ្នាក់​លេខ​២ បំរុង​រាជការ​នៅ​សាលាដំបូង​កំពង់ធំ នៅ​ថៃ្ង​១៥ មិនា ហើយ​នៅ​ថៃ្ង​៣០ តុលា ១៩៤៤ លោក​ត្រូវបានតែងតាំង​ជាម​ន្ត្រី ទីស្តីការ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ។​
នៅ​ថៃ្ង​ទី​១១ ខែកញ្ញា (​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ​សតវត្ស៍​ទី​២០ របស់លោក ឃី​ង ហុក​ឌី សរសេរថា ឆ្នាំ ១៩៤៥ ) លោក​បានទទួល​ឋានន្តរសក្តិ​ជាម​ន្ត្រី​បំរុង​រាជការ កាន់​មុខតំណែង​ជា​សុភាចារបុរស នៅ​សាលាដំបូង​ខេត្តសៀមរាប ដែលជា​មុខតំណែង​ថ្មី​ជំនួស​លោក​ចៅក្រម នូ ហាច ដែល​ត្រូវ​ផ្លាស់​មក​ភ្នំពេញ​វិញ ។ ហើយ​នៅ​ថៃ្ង​ទី​៤ វិច្ឆិកា ឆ្នាំ​១៩៥៦ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង តាន់ ជីវ​កូ ហៅ កុឡា នៅ​ក្រុង​សៀមរាប ។​
ថៃ្ង​១១ ខែកញ្ញា ឆ្នាំ​១៩៤៧ ត្រូវបានតែងតាំង​ជា​ចៅក្រម​ថ្នាក់​លេខ​៤ រួច​ផ្លាស់​មក​ភ្នំពេញ​វិញ ដែលមាន​មុខងារ​ជា​អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ ។​
ថៃ្ង​ទី​៤ ខែកក្កដា ឆ្នាំ​១៩៥០ លោក​ឡើង​ឋានន្តរសក្តិ​ជា​ចៅក្រម ថ្នាក់​លេខ​៣ ។​
ថៃ្ង​ទី ៩ វិច្ឆិកា ឆ្នាំ ១៩៥១ ផ្លាស់​ទៅធ្វើ​ការ​នៅ​កំពង់ចាម ឋានៈ​ជា​សុភាចារបុរស រហូតដល់​ឆ្នាំ​១៩៥៥ ទើប​ត្រឡប់មក​ភ្នំពេញ​វិញ ។ ក្នុង​រយៈពេល​នេះហើយ​ដែល​អ្នកនិពន្ធ​យើង​ចាប់ផ្តើម​សរសេរ​ជា​បន្តបន្ទាប់ នូវ​រឿង​
– ចោរ​បិទមុខ​
– ចោរលួច​ប្រាក់​
– ប៉ូល និង វីរ​ហ្ស៊ី​នី  (​បកប្រែ​ពី​រឿង​បារាំង​)

ក្នុង​មុខតំណែង​ជា​ព្រះរាជអាជ្ញារង​សាលាឧទ្ធរណ៍​ភ្នំពេញ លោក​បានទទួល​ឋានន្តរសក្តិ ជា​ចៅក្រម​ថ្នាក់​លេខ​១ នៅ​ថៃ្ង​ទី​១៣ មេសា ឆ្នាំ​១៩៥៥ ។ នៅ​ឆ្នាំ​ដដែល​នេះ លោក​បានទទួល​ឋានន្តរសក្តិ​មួយទៀត ជា​ចាងហ្វាង​សាលាដំបូង​ថ្នាក់​លេខ​៣ ។​
ថៃ្ង​ទី​១៣ មេសា ឆ្នាំ​១៩៥៨ ឡើងជា​សាលាដំបូង​ថ្នាក់​លេខ​២ ។​
ឆ្នាំ​១៩៥៩ ព្រះករុណា​ព្រះបាទ នរោត្តម​ស៊ី​ហ​នុ បាន​នាំអោយ​លោក​ធ្វើជា​និពន្ធ​នាយករង​នៃ​សារព័ត៌មាន អ្នក​ជាតិនិយម ។​
ថៃ្ង​ទី​១២ ខែធ្នូ ឆ្នាំ ១៩៦០ ឡើងជា​ចាងហ្វាង​សាលាដំបូង ថ្នាក់​លេខ​១ ។​
ថៃ្ង​ទី ២០ ខែមិថុនា ឆ្នាំ ១៩៦២ ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៃ​សង្គមរាស្ត្រនិយម ប្រចាំ​មណ្ឌល​ជីក្រែង ខេត្តសៀមរាប ។​
ថៃ្ង​ទី​២០ ខែឧសភា ឆ្នាំ​១៩៦៣ ឡើងជា​ចាងហ្វាង​សាលាដំបូង ថ្នាក់​ផុត​លេខ ។​
ថៃ្ង​ទី​២០ សីហា ឆ្នាំ ១៩៦៦ ចូល​ជា​សមាជិក​រាជរដ្ឋាភិបាល មានមុខ​តំណែង​ជា​រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច និង ការងារ​អស់​រយៈពេល​២​ខែ ។​
ថៃ្ង​ទី​៣ កញ្ញា ឆ្នាំ ១៩៧០ ឡើងជា​ទីប្រឹក្សា​អម​សាលាវិនិច្ឆ័យ​ថ្នាក់​លេខ​១ ហើយ​នៅក្នុង​ឆ្នាំ​ដដែល​នេះដែរ លោក​បាន​ឡើងជា​ឧ​ត្ត​ម​ចៅក្រម​ថ្នាក់​លេខ​១ ។​

លោក​បានទទួល​មរណៈភាព​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ​រោគ​ឬ​ស​ដូង​បាត នៅ​ថៃ្ង​ទី​៥ ខែកញ្ញា ឆ្នាំ​១៩៧១ ។​
ក្រៅពី​មុខងារ​ជា​មន្ត្រីរាជការ​ផ្នែក​តុលាការ​ទៅ លោក​នៅបាន​ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​លើកស្ទួយ​អក្សរសាស្ត្រ​សំខាន់ៗ ជាច្រើន​ទៀត​ដូចជា ឆ្នាំ​១៩៥៧-១៩៦៤ លោក​បាន​ជាប់ឆ្នោត ជា​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ។ ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់ និង ជា​សមាជិក​គណៈកម្មកា​រ​វប្បធម៌ ផ្នែក​អក្សរសាស្ត្រ ។ លោក​ក៏​ធ្លាប់បាន​ចូលរួម​ក្នុង​ចលនា​យុវជន​នៃ​កង​យុវជន​ឥណ្ឌូចិន និង ចលនា​យុវជន​រាជ​សង្គមនិយម​ខ្មែរ​ផងដែរ​។​
ឆ្នាំ​១៩៦៧ លោក​ជា​វាគ្មិន​ដ៏​សំខាន់​ម្នាក់​ក្នុង​សមាជជាតិ ដោយ​លោក​បានស្នើ​របៀបវារៈ​មួយ​សុំឱ្យ​ខ្មែរ​ទូទាំងប្រទេស ប្រើ​ភាសា​ខ្មែរ​ជា​ផ្លូវការ និង សុំឱ្យ​បង្កើត​ខេ​មរ​យាន​កម្មសិក្សា ។​
ឆ្នាំ​១៩៧១ លោក​បាន​ចូល​ជា​សមាជិក​គណកម្មការ​ទូលំទូលាយ​ធ្វើ​គំរោង​ដើម​នៃ​ រដ្ឋធម្មនុញ្ញ ហើយ​នៅ​ទីបំផុត លោក​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​ពុទ្ធិក​យុវជន​ខ្មែរ ។​
លោក​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជាច្រើន​មាន ប្រទេស​បារាំង​, អង់គ្លេស​, បែលហ្ស៊ិក​, ហុ​ល្លង់​, ស្វី​ស​, សៀម​, យួន​ខាងត្បូង​, ក្រុង​ហុងកុង​, ជប៉ុន​, អាមេរិក​, អ៊ីរ៉ង់​, អ៊ីស្រាអែល​, ឥណ្ឌា​, សូ​វៀត​, អាល្លឺម៉ង់​ខាងកើត​, ហ្ក្រិ​ក​, អេ​ហ្ស៊ី​ព​, និង វៀតណាម​ខាងជើង ។​

លោក​បាន​បន្សល់ទុក​ស្នាដៃ​ផ្នែ​អក្សរសាស្ត្រ និង ផ្នែក​នីតិសាស្ត្រ​ដូចជា​
– ប្រលោមលោក រឿង ចិត្ត​ឪពុក គ​.​ស ១៩៤៩
– ប្រលោមលោក​រឿង ចោរ​បិទមុខ គ​.​ស ១៩៥១
– ប្រលោមលោក រឿង ចោរលួច​ប្រាក់ គ​.​ស ១៩៥២
– ប្រលោមលោក រឿង ចោរ​ភ្នំ​ត្បែង គ​.​ស ១៩៥៤
– ប្រលោមលោក រឿង ប៉ូល និង វីរ​ហ្ស៊ី​នី (​បកប្រែ​ពី​រឿង​បារាំង ) គ​.​ស ១៩៦០
– ពន្យល់​ច្បាប់​ភាគ​១-១២
– វចនានុក្រម​ច្បាប់ គ​.​ស ១៩៦២
– គួរ​ពិចារណា​ដើម្បី​ចេះ​ខ្មែរ គ​.​ស ១៩៦៥
ក្រៅពីនេះ​ទៅ លោក​ក៏បាន​សរសេរ​អត្ថបទ​ខ្លីៗ​បែប​រិះគន់​អប់​រំជា​ពាក្យកាព្យ និង ជា​ពាក្យរាយ​ជាច្រើន​ចុះផ្សាយ​តាម​ទំព័រសារព័ត៌មាន​អ្នក​ជាតិនិយម ។​
លោក​ទទួលបាន​គ្រឿង​ឥស្សរិយយស​ដូចតទៅ​នេះ​
– អស្ស​រិ​ទ្ធិ មុនី​សារ​ភ័ណ គ​.​ស ១៩៥០
– វឌ្ឍនាការ​ប្រាក់ គ​.​ស ១៩៥១
– អស្ស​រិ​ទ្ធិ​សុវត្ថា​រា គ​.​ស ១៩៦០
– អស្ស​រិ​ទ្ធិ​រាជាណាចក្រ​កម្ពុជា គ​.​ស ១៩៦០
– សេនា​នៃ​ព្រះមហា​ក្សត្រិយានី គ​.​ស ១៩៦២
– ធិ​ប​ឌិ​ន្ទ រាជាណាចក្រ​មុនី​សារ​ភ័ណ គ​.​ស ១៩៦២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s