គុណ​ព្រះ​ម៉ែ


ដោយ គង់ ឡាយ, នូវែលហ្សេឡង់ (Auckland, New Zealand)

(បទ​ព្រហ្មគីតិ)

១. កូន​អើយ​ចូរ​ចង​ចាំ    បា​បាន​ផ្តាំ​ចារ​ទុក​ឱ្យ
ម៉ែ​ឪ​ចាស់​ណាស់​ហើយ    គ្មាន​អ្វី​ឡើយ​ទុក​ជា​កេរ។

២· មាន​តែ​ពាក្យ​សម្ដី        គុណ​ម៉ែ​ថ្លៃ​ណាស់​មាស​មេ
ពាក្យ​ចាស់​ពី​បុព្វេ        គ្មាន​អ្វី​ស្មើ​គុណ​ម៉ែ​ថ្លៃ។

៣. កាល​កូន​ចាប់​កំណើត    បាន​មក​កើត​ឋិត​ក្នុង​ផ្ទៃ
ប្រាំបួន​ខែ​ដប់​ថ្ងៃ        កូន​ចាក​ផ្ទៃ​ម៉ែ​ខ្លោច​ផ្សា។

៤. ឆ្លង​ផុត​មហា​សមុទ្រ    ស្ទើរ​រលត់​សូន្យ​សង្ខារ
ទម្រាំ​ឃើញ​ជីវា        លើក​ហត្ថា​ម៉ែ​រសាយ។

៥. កាល​កូន​នៅ​ពី​តូច    ម៉ែ​ពរ​ងូត​សំអាត​កាយ
អាចម៍​នោម​មិន​ជិន​ណាយ    ម៉ែ​ដុស​លាង​តែ​នឹង​ដៃ។

៦. កូន​ឈឺ​ម៉ែ​ភ័យ​ខ្លាច    ម៉ែ​ឱហាត​ទាំង​យប់​ថ្ងៃ
ថែ​ទាំ​គ្មាន​សំចៃ        នោះ​គឺ​ន័យ​ព្រោះ​តែ​បុត្រ។

៧. និស្ស័យ​ម្ដាយ​និង​កូន    សាង​ជា​ក្បូន​លើ​សមុទ្រ
ឆ្លង​កាត់​គ្រា​កម្សត់        ម៉ែ​តស៊ូ​ទ្រាំ​បាន​នៅ។

៨. ថែ​កូន​ឱ្យ​ដឹង​ក្ដី        កូន​ប្រុស​ស្រី​ចង​ចាំ​នូវ
បណ្ដាំ​ពាក្យ​ម៉ែ​ឪ        ចង​ចាំ​ទៅ​ណា​កូន​ណា។

៩. សង​គុណ​បាន​មិន​បាន    មិន​ប៉ុន្មាន​ទេ​ពៅ​ណា
ធ្វើ​ឱ្យ​ចិត្ត​មេបា        សប្បាយ​ទៅ​នោះ​បាន​ហើយ។

១០. គុណ​ម៉ែ​ធ្ងន់​ពេក​ពន់    គ្មាន​អ្វី​ធ្ងន់​ប្រៀប​បាន​ឡើយ
ដូច​នេះ​កុំ​កន្តើយ        សង​គុណ​ទៅ​ទាន់​ព្រះ​រស់។

១១. ចាំ​ដល់​គាត់​ចាក​ឋាន    បុណ្យ​ប៉ុន្មាន​មិន​ឃើញ​ដល់
ដៃ​គាត់​ឬ​មិន​ដល់        នៅ​ស្ថាន​ណា​យើង​មិន​ដឹង។

១២. បើ​កូន​កតញ្ញូ        នោះ​មិន​យូរ​កូន​នឹង​ដឹង
ចៅៗ​វា​នឹង​ប្រឹង        សង​កូន​វិញ​ជា​មិន​ខាន។

១៣. ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង    កូន​ស្វះស្វែង​មុខ​ជា​បាន
យល់​ដល់​ក្ដី​សន្តាន        នៃ​ចិត្ត​ម្ដាយ​ដ៏​បរិសុទ្ធ។

១៤. ទឹក​ភ្នែក​ម៉ែ​ឪ​ហូរ    ប្រៀប​ជន់ជោរ​នៃ​សមុទ្រ
កូន​ហែល​មិន​ប្រាកដ        ចាក​ផុត​ទុក្ខ​នៃ​ជីវិត។

១៥. ចិញ្ចឹម​កូន​មិន​រាប់​ថ្ងៃ    គ្មាន​កម្រៃ​ក៏​មិន​គិត
នឿយ​ហត់​ទុក​ក្នុង​ចិត្ត    មិន​ដែល​ថ្ងូរ​ឱ្យ​កូន​ដឹង។

១៦. ដល់​កូន​ធំ​ដឹង​ក្ដី        ចង់​បាន​អ្វី​ម៉ែ​ខំ​ប្រឹង
ផ្ដល់​ឱ្យ​មិន​ទាំង​ខឹង        គាប់​ចិត្ត​កូន​មាន​នឹង​គេ។

១៧. ដល់​កូន​មាន​គ្រួសារ    ពុំ​ប្រាថ្នា​អ្វី​នោះ​ទេ
ចង់​ឱ្យ​កូន​ទាំង​ទ្វេ        បាន​សុខសាន្ត​នោះ​បាន​ហើយ។

១៨. បើ​កូន​ចង់​សាង​បុណ្យ    ម៉ែ​ឪ​មុន​គេ​នេះ​ហើយ
ចូរ​កូន​កុំ​ភ្លេច​ឡើយ        មុន​ទៅ​ធ្វើ​បុណ្យ​ឯ​វត្ត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s