ទំនួញ​និស្សិត​ក្រីក្រ


​​កណ្តាលអធ្រាត្រ​ឃ្លាត​និទ្រា​
យប់យន់​សោភា​គួរ​បេតី​
​​ធម្មជាតិ​ត្រកាល​ថ្នាល​រាត្រី​
ញ៉ាំង​ក្តី​ទុក្ខព្រួយ​ស្បើយ​មួយគ្រា ។​
​​សម្លឹង​មើល​មេឃ​ខ្ពស់​អនេក​
ច័ន្ទ​រះ​ល្អ​ឯក​លើ​មេ​ឃា​
​ផ្កាយ​រះ​ហែហម​អម​ចន្ទ្រា​ ​
ច្រើន​ឥត​គណនា​នភាល័យ ។​
​សម្លេង​បក្សី​រាត្រី​ចរ​
ខ្ញៀវខ្ញា​ត្រេកអរ​សប្បាយ​ក្រៃ​
​គ្មាន​ទុក្ខ​គ្មាន​ភ័យ​ពី​រឿង​អ្វី​
ប្លែក​តែ​កវី​ស្តី​ក្រៀមក្រំ ។​
​អាកាស​ស្អុះស្អាប់​ក្រឡាប់​ផ្ងារ​ ​
កម្ម​ព្រេងវាសនា​ជីវិត​ខ្ញុំ​
​អាប់អួរ​មួហ្មង​រង​ទុក្ខ​ធំ​ ​
ទុក្ខ​រួបរឹត​រុំ​ឥត​ស្រាកស្រាន្ត ។​
​ដំណើរ​ជីវិត​ពិត​យ៉ាប់​ក្រៃ​ ​
រស់​នៅ​សព្វថ្ងៃ​ថ្លៃ​កល្យាណ​
គ្មាន​ទី​ជម្រក​ជ្រកកោន​បាន​ ​
ដើរហើរ​ផ្ញើប្រាណ​គ្រប់កន្លែង ។​
ដើម្បី​វិជ្ជា​នា​លោកីយ៍​ ​
ស្គម​ខ្លួន​រីងរៃ​សល់​ឆ្អឹង​ឆ្អែង​
​ខ្វះ​គ្រប់​ខ្វះ​សព្វ​រែង​ចម្បែង​
កណ្តោចកណ្តែង​រែង​ខ្លោចផ្សា ។​
​សំលៀកបំពាក់​ជាក់​ខ្វះខាត​ ​
មិន​មាន​ថ្មី​ស្អាត​គួរ​ស្នេហា​
​ស្លៀកពាក់​ទៅ​រៀន ក្នុង​ចិន្តា​-​
​សែន​ខ្មាស​គេ​រ៉ា​ខ្លួនឯង​ក្រ ។​
​បាយ​ទឹក​រាល់ថ្ងៃ​ថ្លៃ​លោក​អើយ​
មិន​ដែល​ឆ្អែត​ឡើយ​រស់​ត្រដរ​
​ព្រឹក​ឡើង​ក្រពះ​ទា​របបរ​
មើល​ទៅ​អង្ករ​គ្មាន​មួយ​គ្រប់ ។​
​នេះ​ហើយ​ជីវិត​អ្នកសិក្សា​
ចំណីរ​អាហារ​ឆ្ងាញ់​គួរ​គាប់​
​ភាព​ស្រួល​សប្បាយ​កាយ​មានភ័ព្វ​ ​
ពុំ​ដែល​ឡើយ​ធ្លាប់​ស្គាល់​ម្តងណា ។​
​ប្រាក់កាស​តិចតួច​ចាយ​ត្បិត​ត្បៀត​
អាទិត្យ​ខំ​ឆ្លៀត​ធ្វើ​កិច្ចការ​
​បាន​ប្រាក់​កម្រៃ​ជាវ​ឯកសារ​
សៀវភៅ​ប៉ា​កាចារ​រៀនសូត្រ ។​
​ថ្ងៃ​ខ្លះ​ដាច់យ៉ៃ​គ្មាន​មួយ​កាក់​ ​
មិនដឹង​រក​ប្រាក់​ឯ​ណា​បាន​
​យឺតយ៉ាវ​ដំណើរ​ដើរ​ទៅ​រៀន​
ព្រោះ​តែ​ខ្លួន​គ្មាន​យានជំនិះ ។​
​ពេល​ខ្លះ​បាន​មិត្ត​ជិតស្និទ្ធ​គ្នា​
ជួយ​យក​អសារ​ហៅ​ឱ្យ​ជិះ​
​ជូន​ដល់​សាលា​ថ្នាល​ចំណេះ​ ​
អរគុណ​មិត្ត​ចេះ​ជួយ​គ្នីគ្នា​។​
​ទំនួញ​និស្សិត​ជីវិត​អ្នកក្រ​ ​
រស់​ទាំង​ត្រដរ​សែន​វេទនា​
​ខ្វះ​គ្រប់បែបយ៉ាង​ខំ​ពុះពា​
ទឹកភ្នែក​ជោរ​ធារ​ស្ទើរ​ប្រចាំ ។​
​សកលវិទ្យល័យ​ថ្នាក់ឧត្តម​
អង្គ​អញ​នឹង​ខំ​លុះ​ចប់​ឆ្នាំ​
​មិន​រាថយ​ឡើយ​ស៊ូ​រងកម្ម​ ​
ដើម្បី​ដំណាំ​បាន​ផ្លែផ្កា ។
(អ ស៊ាងឡៃ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s