បណ្ដាំ​ម៉ែ


2012-01-28
និពន្ធ​ដោយ យុន សុគុណ្ណា
១. នឹក​ស្រុក​នឹក​ស្រែ                ​​​​​​​​នឹក​ពុក​និង​ម៉ែ             ធ្លាប់​ថែ​កូន​ស្ងួន
ពេល​នេះ​រូប​កូន                     បាន​ឃ្លាត​ចាក​ខ្លួន         ម៉ែ​លែង​បាន​ធួន
ថែ​កូន​ទៀត​ហើយ។
២. ទោះ​បី​ឃ្លាត​ឆ្ងាយ               កូន​នឹក​អ្នក​ម្ដាយ          គ្មាន​ពេល​ល្ហែល្ហើយ
បើ​បាន​នៅ​ជិត                        នែបនិត្យ​កៀក​កើយ កូន​នឹង​បាន​ស្បើយ
ល្ហើយ​ពី​ទុក្ខា។
៣. បួន​ឆ្នាំ​កូន​បែក                 នៅ​ឆ្ងាយ​អនេក          ឆ្ងាយ​ពី​មាតា
រៀន​នៅ​ភ្នំពេញ                     ថ្នាក់​បរិញ្ញា                 កូន​ខំ​សិក្សា
តាម​បណ្ដាំ​ម្ដាយ។
៤. ពាក្យ​ពេចន៍​ម៉ែ​ផ្ដាំ              កូន​នៅ​ចងចាំ               ចាំ​គ្មាន​រសាយ
ពេល​ខ្លះ​កូន​នឹក                       រលឹក​អ្នក​ម្ដាយ            ទឹក​ភ្នែក​ហូរ​ខ្ចាយ
ព្រោះ​ចាំ​ពាក្យ​ម៉ែ។
៥. ម៉ែ​ថា​កូន​ប្រុស                    ចេះ​ដឹង​ត្រូវ​ខុស           ណា​ប្រុស​មាស​ស្នេហ៍
មិន​ត្រូវ​ប្រព្រឹត្ត                         ស្រា​ស្រី​ល្បែង​ល្បែ     កូន​ចាំ​ពាក្យ​ម៉ែ
ជាក់​ទុក​ក្នុង​ប្រាណ។
៦. ខំ​ប្រឹង​សិក្សា                        វិជ្ជា​អស់​អាថ៌               សាស្ត្រា​ជា​ស្ពាន
វា​អាច​ចម្លង                             កូន​បាន​សុខសាន្ត         កូន​នឹង​ស្រាកស្រាន្ត
ព្រោះ​តែ​ចំណេះ។
៧. វិជ្ជា​ជា​ទ្រព្យ                         ចាប់​វា​ឲ្យ​ជាប់              កុំ​អោយ​របេះ
កូន​នឹង​សោយ​ផល                   ព្រោះ​តែ​តម្រិះ             ជា​យាន​ជំនិះ
ជិះ​ដល់​អវសាន។
៨. ពេល​ពុក​បែក​ទៅ              ម៉ែ​ថែ​កូន​ពៅ              ដោយ​គ្មាន​ស្រាកស្រាន្ត
ម៉ែ​ធ្វើ​ការងារ                          សព្វ​គ្រប់​បែប​យ៉ាង    ទុក​ដាក់​ចាន​ក្បាន
និង​ការ​សព្វមុខ។
៩. ម៉ែ​មិន​ដែល​ត្អូញ                ចំពោះ​រូប​កូន               ទោះ​បី​មាន​ទុក្ខ
ម៉ែ​តែង​ញញឹម                      សង្ឃឹម​ទៅ​មុខ             ថា​នឹង​ផុត​ទុក្ខ
ព្រោះ​កូន​ទាំង​បី។
១០. កូន​សូម​អរគុណ              គុណ​ម៉ែ​ដែល​ធ្ងន់       ធ្ងន់​ហួស​វិស័យ
មិន​អាច​ពណ៌នា                      អំពី​តម្លៃ                     ពិសេស​ពេកក្រៃ
លើស​អស់​សាគរ។
១១. ក្នុង​មួយ​ជីវិត                     កូន​មិន​បំភ្លេច             អ្នក​ម្ដាយ​បវរ
ព្រោះ​ម៉ែ​មាន​គុណ                  ធ្ងន់​លើស​ផែន​ថ្ម          រាប់​លាន​គីឡូ
មិន​អាច​គណនា។
១២. ថ្ងៃ​នេះ​កូន​អរ                 ព្រោះ​មាន​អំណរ         សរសេរ​ពណ៌នា
ពី​បណ្ដាំ​ម្ដាយ                           និង​គុណ​មហិមា          ដែល​ម៉ែ​ពុះពារ

ដើម្បី​រូប​កូន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s