ស្រឡាញ់ជាតិខ្មែរ


ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                     កេរពីដូនតាទុកឲ្យគង់វង្ស
ដែលលោកខំសាងដោយក្តីផ្ចិតផ្ចង់            មិនឲ្យបាត់បង់ត្រង់ណាមួយសោះ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    អ្នកមានប្រាជា្ញចេះដឹងឥតខ្ចោះ
គេបានសិក្សាសព្វសិល្ប៍ទាំងអស់             លោកអ្នកប្រាជ្ញនោះជួយសាងជាតិយើង។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    នគរវត្តវ៉ាឲ្យចម្រើនឡើង
ទៅទន្ទឹមគ្នាទាំងពីររុងរឿង                       ប៉ុន្តែពួកយើងទុកជាតិជាធំ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    ធម៌៤ប្រការលោកហៅថាព្រហ្ម
ទោះបីអ្នកតូចឬមួយអ្នកធំ                        ត្រូវមានធម៌ព្រហ្មវិហារធំបំផុត។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    អប់រំបញ្ញាចិត្តថ្លាបរិសុទ្ធ
ដឹងខុសដឹងត្រូវបញ្ញាភ្លឺមុត                       អាចនាំឆ្លងផុតក្តីទុក្ខក្តួលក្តៅ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    ទម្លាប់ដូនតាបំបួសកូនចៅ
អប់រំឲ្យឆ្អិនកុំឲ្យនៅឆៅ                            ពេលប្រើការទៅបានផលប្រចក្ស។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    និយមអាហារសម្លៀកបំពាក់
និងប្រពៃណីថ្លៃថ្លាអនគ្ឃ                         ខ្មែរត្រូវរួមរក្សាទុកឲ្យល្អ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    រួមជាតិខេមរាឲ្យមូលកុះករ
នាំគ្នាសាងជាតិឲ្យថ្កើងបវរ                       ល្បីដូចអង្គរខ្ចាយខ្ចរគ្រប់ទិស៕

Leave a comment