ថាមពល​នៃ​​ការសម្រេចចិត្ត


ដោយៈ សំអាន
“ គ្មានការសម្រេចចិត្ត គឺគ្មានភាពជោគជ័យ! ”
“ ភាពជោគជ័យមួយ ជាចំណុចចាប់ផ្តើមនៃគោលដៅថ្មីមួយទៀត
ហេតុនេះ មានការសម្រេចចិត្តរាប់មិនអស់ដែលអ្នកត្រូវធ្វើ! ”
“ ការសម្រេចចិត្តអាចជួយឲ្យអ្នកក្លាយជាជនជោគជ័យ ឬជនដែលបាត់បង់អ្វីៗទាំងអស់! ”
“ ការសម្រេចចិត្ត ជាកតព្វកិច្ច និង ជម្រើសនៃជីវិត!!! ”

ការសម្រេចចិត្តជា ការចាប់យក​ឱកាស​មួយក្នុងចំណោមបណ្តា​​ឱកាសដែលមាន ឬ ជ្រើសយក​ជម្រើស មួយក្នុងចំណោមជម្រើសដទៃ។​ ការសម្រេច​ចិត្ត​របស់មនុស្សម្នាក់ៗ នឹងជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់ជីវិត ភាពជោគជ័យ និងការរស់​នៅ​របស់​ពួកគេ។​មនុស្សម្នាក់ៗត្រូវធ្វើការ​សម្រេច​ចិត្តច្រើន​ រាប់មិនអស់នៅ​ក្នុងមួយ​ជីវិត មានទាំងការការសិក្សា ការជ្រើស​យកគូជីវិត ការរើស​យក​អាជីពឬ​របៀបរស់នៅ ការរើស​យករបស់របរ​ប្រើប្រាស់ ការរើសយកវិធីប្រើប្រាស់ ធនធាន​ដែល​មាន លើស​ពី​នេះ មានការសម្រេច​ចិត្តលើកិច្ចការប្រចាំថ្ងៃ និងកិច្ចការតូចតាច រាប់រយបែប រាប់រយ​ជំពូក។

ប៊ីល ហ្គេត សម្រេចចិត្តបោះបង់ការ​សិក្សានៅមហាវិទ្យាល័យ ដើម្បីផ្តោតការ​យកចិត្តទុកដាក់​លើ​ការ​បង្កើត និងគ្រប់ គ្រងក្រុមហ៊ុន ម៉ៃក្រូសូហ្វ។ ការសម្រេចចិត្ត​​របស់​គាត់នាគ្រានោះ បានធ្វើឲ្យ​គាត់​​ទទួល​បាន ជោគជ័យ និង ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើន​ជាង​គេយ៉ាងឆាប់រហ័ស។ លើសពីនេះ ការសម្រេចចិត្តនោះ ក៏បាន នាំមកនូវការ​ផ្លាស់ប្តូរយ៉ាងច្រើន​ដល់​ពិភពលោក​ តាម​រយៈផលិតផល​ដែល​ក្រុមហ៊ុនរបស់គាត់ បានបង្កើតឡើង។ ភាពជោគជ័យ​របស់​គាត់នេះ ជា​ជម្រើស​​​មួយក្នុង​ចំណោម​ជម្រើស​ជាច្រើនដែល​គាត់ជ្រើសយក។ ឧទាហរណ៍នេះ គ្មានន័យ​ជម្រុញ​ឲ្យ​អ្នក​​បោះបង់ការ​សិក្សាទៅចាប់យក អាជីពមួយនោះទេ ប៉ុន្តែមានគោលបំណង​បង្ហាញអ្នក​នូវ​សារៈ​​សំខាន់​របស់វា។

តើការសម្រេចចិត្តអាចប៉ះពាល់អ្នកយ៉ាងដូចម្តេច?

អនាគតរបស់អ្នកៈ អ្នកត្រូវយល់ថា ការសម្រេចចិត្ត​របស់អ្នក​នាពេលនេះ នឹងប៉ះពាល់​​ដល់ថ្ងៃស្អែក ថ្ងៃខាន​ស្អែក សប្តាហ៍ក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬក៏អនាគតរបស់អ្នកតែម្តង។

ឧបមាថា អ្នកចង់ក្លាយជា​គ្រូបង្រៀនភាសារអង់គ្លេសនៅថ្ងៃអនាគត អ្នកសម្រេចចិត្ត ជ្រើសរើស​យក​​ជំនាញ​ភាសារអង់គ្លេស ហើយចូលរៀននៅមហាវិទ្យាល័យមួយ។ ការសម្រេចនេះ និងនាំឲ្យ​អ្នក​ចំណាយ ធនធាន និង ពេលរយៈពេល ៤ឆ្នាំ ដើម្បីសម្រេចគោលដៅ។ រយៈពេលខ្លីយើង​ឃើញ​ថា ការសម្រេចចិត្ត របស់អ្នកនៅពេលនេះ នឹងប៉ះពាល់អ្នក៤ឆ្នាំយ៉ាងហោច។

ឧបមាទៀតថា អ្នកបានក្លាយជាគ្រូបង្រៀនភាសារនៅពេលបញ្ចប់ការសិក្សា អ្នកធ្វើការ​បានមួយ​រយៈ​ពេល ហើយយល់ឃើញថា ការងារក្នុងវិស័យអប់រំ មិនអាចឲ្យអ្នកមាន​ជីវភាពរស់នៅបាន​សម​បំណង ប្រាថ្នា​ដែលបានគិត និងគ្មានឱកាសអភិវឌ្ឍន៍ច្រើន​ដូចក្នុងវិស័យដទៃដូច​ជា​ពាណិជ្ជកម្ម​​ជាដើម។ អ្នក​មាន​​បំណងផ្លាស់ប្តូរការងារ។ ពេលនោះតើអ្នក​ត្រូវចំណាយពេល​ប៉ុន្មាន​ដើម្បី សិក្សា​ជំនាញថ្មី បើទៅសាលា វាទាមទារ ២ទៅ ៤ឆ្នាំ បើចង់ចាប់ផ្តើមពីបុគ្គលិកតូចតាច វា​ចំណាយពេល​ច្រើន​ហើយមិន​ប្រាកដប្រជា​ផង។ មកដល់ចំណុចនេះ តើអ្នកដឹងថាការសម្រេចចិត្ត​របស់​អ្នកនៅ​ពេលនេះ អាចប៉ះពាល់អ្នករយៈពេល ប៉ុន្មាន? ចម្លើយគឺ ៤ឆ្នាំសម្រាប់សិក្សា បូក ២ ទៅ៤​ឆ្នាំសម្រាប់​សិក្សា​ជំនាញថ្មី ឬចាប់​ផ្តើមការងារថ្មី ដែលសរុប​មកគឺ ៦ ទៅ៨ឆ្នាំ។

ជាមួយនឹងឧទាហរណ៍ ដដែល បើអ្នកបន្តនៅជាគ្រូបង្រៀន វានឹងប៉ះពាល់ជីវភាព​របស់អ្នកមួយ​ជីវិត​តែ ម្តង។ អ្វីៗដែលកើតឡើងនៅថ្ងៃស្អែក មួយចំណែកជាលទ្ធផលនៃការសម្រេចចិត្តរបស់ អ្នក។

ធនធានៈ នៅពេលដែល​អ្នកសម្រេចចិត្តធ្វើអ្វីមួយ អ្នកត្រូវចំណាយពេលនឹងធនធាន​ទៅ​លើកិច្ចការ​នោះ។ បើសម្រេចចិត្តសិក្សា អ្នកត្រូវចំណាយពេល និងថ្លៃឈ្នួលសាលា ក៏ដូចជាចំណាយ​ប្រចាំថ្ងៃ​លើការ​រស់នៅ។ ពេលវេលាជាធនធានមួយមានតម្លៃបំផុត និងមិនអាចរកវិញបានឡើយ។​ លើផ្នែក​ជំនួញក៏ ដូចគ្នា បើអ្នកសម្រេចចិត្តត្រូវ ធនធានរបស់អ្នកនឹងកើនឡើង តែបើខុស អ្នកប្រាកដ​ជាខាត​បង់ទាំង ធនធាន ទាំងអាជីពក៏មាន។

ឱកាសៈ អ្នកក៏ត្រូវយល់ផងដែរថា ការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់ឱកាសរបស់អ្នក ព្រោះ​ការ សម្រេចចិត្ត ជាការជ្រើសយកជម្រើសមួយក្នុងចំណោមជម្រើសដទៃ ជាការចាប់​យកឱកាស​មួយ​ក្នុង ចំណោម​ឱកាសដទៃ។ មានមនុស្សភាគច្រើនណាស់ដែលតែង​និយាយថា “សូម​ផ្តល់​ឱកាស​​ឲ្យខ្ញុំម្តង​ទៀត!” ដែលមានន័យថា ឱកាសអាចកើតឡើងវិញ។ ខ្ញុំយល់ផ្ទុយ​ពីទស្សនៈនេះ​បន្តិច គឺខ្ញុំគិតថា “ឱកាស​មួយ កើតឡើងតែម្តងទេ បើបាត់បង់ហើយ គឺបាត់បង់រហូត”។ បើអ្នកដទៃ​និយាយថា “ខ្ញុំផ្តល់​ឱកាសឲ្យអ្នក​ម្តងទៀត” គឺមានន័យថា “ ជាឱកាសមួយថ្មី” មិនមែនឱកាស​ដដែល ឬឱកាស​​ចាស់កើតឡើងវិញឡើយ ដោយសារទស្សនៈ​របស់បុគ្គលនោះ​និងអ្នកជុំវិញ​ចំពោះ​អ្នក​គឺមិនដូចមុន បរិយាកាសក៏មិនដូចមុន ភាព​ជោគ​ជ័យ​របស់អ្នកមានតិចជាងមុន ភាពបរាជ័យ​របស់អ្នកក៏កាន់តែខ្ពស់ដែលក្នុងស្ថានភាពខ្លះ គឺស៊ឹង​តែគ្មានភព្វ​តែម្តង។

ហេតុអ្វីចាំបាច់ត្រូវតែសម្រេចចិត្ត?

ឧបមាថា អ្នកបានដើរមកដល់ផ្លូវបំបែកមួយ (ដូចក្នុងរូបភាព)។ ផ្លូវមួយអាចនាំអ្នក​ទៅរកភាព​រីក​ចំរើន ឯផ្លូវមួយ​ទៀតអាចនាំអ្នក​ទៅរកភាពបរាជ័យ។ តើអ្នក ត្រូវឈប់​នៅត្រឹមផ្លូវបំបែក ឬក៏យ៉ាង​ណា? ជា​ចម្លើយ អ្នកមិនត្រូវឈប់នៅទីនោះឡើយ ព្រោះថា​បើ​អ្នក​សម្រេចចិត្តដើរទៅមុខ អ្នក​អាច​ដឹងថា ផ្លូវ​ដែល​អ្នក​កំពុងដើរនោះ​ត្រូវឬខុស។ បើត្រូវអ្នកអាចដើរបន្ត​ទៅ​មុខ​ទៀតបាន តែបើខុស អ្នក​អាចត្រលប់ ក្រោយ ហើយ​រើសយកផ្លូវមួយទៀតបាន។ ផ្ទុយមកវិញ បើ​អ្នកឈប់ អ្នកនឹងបាត់​បង់ឱកាសគ្រប់យ៉ាង ដែល​នៅខាងមុខ។ អ្នកប្រាកដជាគិតថា បើអ្នកឈប់ គឺ​វាមាន​សុវត្ថិភាព​បំផុត តែ អ្នកត្រូវដឹងថា អ្នក មិន​មែន​ដើរលើផ្លូវមួយតែឯងឡើយ។ អ្នកមានគូ​ប្រជែង​ជានិច្ច​ក្នុង​​ការរស់នៅ​ក្តី ក្នុងបរិបទការងារក្តី ក្នុង បរិបទជំនួញក្តី។ ដើម្បីឲ្យងាយយល់ សូមមើល​រូបទីបី​។

មានអ្នកផ្សេងៗទៀតបានមកដល់ចំណុចដូចគ្នា ឬកំពុងតែតាមអ្នក តើអ្នកត្រូវឈប់​ឬក៏យ៉ាង​ណា?

តើកត្តាអ្វីមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក?

ព័ត៌មាន និងការវិភាគៈ ព័ត៌មានអាចជួយឲ្យការ​សម្រេចចិត្តរបស់អ្នកធ្វើបានត្រឹមត្រូវ។ ពត៌មាន ជាក៏​ដូចជាពេលវេលា មានតម្លៃមិនចាញ់​មាសប្រាក់ឡើយ។ បុគ្គលណាដែលអាចទទួល និងគ្រប់​គ្រង​​ព័ត៌មាន​បានច្រើន ទទួលឱកាសជោគជ័យច្រើន។ ដូចច្នេះដើម្បីសម្រេចចិត្ត​បានត្រឹមត្រូវ អ្នក​ត្រូវប្រមូល ព័ត៌មានដែលទាក់ទងឲ្យបានច្រើនបំផុត។ អ្នកប្រហែលមានចម្ងល់ថា តើអ្នកត្រូវ​ប្រមូល​យកព័ត៌មាន ពីណា? និយាយឲ្យងាយ​អ្នកអាចរកបានពី មធ្យោបាយផ្សព្វផ្សាយ តាមរយៈ​ទូរទស្សន៍ កាសែត វិទ្យុ សៀវភៅ អ៊ីនធើណិត និងមធ្យោបាយទាក់ទងផ្សេងៗទៀត។ លើសពីនេះ អ្នកអាចរក ពីអ្នកដែលនៅ ជុំវិញអ្នក ដូចជា ឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ បុគ្គលមានបទពិសោធន៍ គ្រូ​បង្រៀន​​របស់អ្នក អ្នក ពិគ្រោះ​យោបល់ ឬអ្នកស្រាវជ្រាវ។

ចំណុចដែលអ្នក​ត្រូវយកចិត្តទុកដាក់ គឺត្រូវជ្រើសរើស​យក​ព័ត៌មានដែលត្រឹមត្រូវ ពីព្រោះ​សម័យ​កាល នេះ ជាសម័យកាលដែល​មានព័ត៌មានហូរហៀរ ដែលទាមទារ​ការជ្រើសរើស និងវិភាគ​ឲ្យ​បាន​ត្រឹមត្រូវ។

ធនធានៈ ការសម្រេចចិត្តភាគ​ច្រើនក៏ពាក់ព័ន្ធទៅនឹងធនធាន​ដែលមនុស្សម្នាក់ៗមានដែរ។ បុគ្គល​ដែល មានធនធានច្រើន ហ៊ានធ្វើការសម្រេចចិត្តបានលឿន និងច្រើនដង​លើសពីអ្នកដែល​ក្សត់​ខ្សោយ​ជាង។ អញ្ចឹង បើអ្នកគ្មានធនធាន អ្នកមិនចាំបាច់សម្រេចចិត្តទេឬ? មិនមែនដូច្នេះឡើយ ដូច​ដែលបានរៀបរាប់ ពីខាងលើ មនុស្សយើងមានការសម្រេចចិត្តរាប់មិនអស់។ តែបើពាក់ព័ន្ធ​ធនធាន អ្នកត្រូវពឹងផ្អែកលើ ព័ត៌មាននិងការវិភាគរបស់អ្នកជាចាំបាច់។

ពេលវេលាៈ ការសម្រេចចិត្តឆាប់ពេក ឬយឺតពេក សុទ្ធតែជះឥទ្ធិពល​មិនល្អដូចគ្នា។ អ្នកត្រូវតែ​ជ្រើស រើសពេលវេលាឲ្យបានសមស្រប កុំឲ្យបញ្ហាដែលអ្នកដោះស្រាយនោះ ក្លាយជាបញ្ហា​ធ្ងន់ធ្ងរ​ដោះស្រាយ មិនបាន។ ខ្ញុំបានអានអត្ថបទមួយ អំពីអ្នកបើកបរយន្តហោះចម្បាំង។ អត្ថបទនោះ​បាន​រៀបរាប់ថា អ្នកបើកបរ មានរយៈពេលតែ ៦ ទៅ ១២ វិនាទី ប៉ុណ្ណោះ ដើម្បីគេចចេញពីគ្រោះថ្នាក់ នៅ​ពេល​យន្តហោះ ឆេះ ឬ មានបញ្ហានៅលើអាកាស។ ក្នុងអំឡុងពេលនេះ អ្នកបើកបរត្រូវ​សម្រេច​ចិត្តឲ្យលឿនបំផុត រវាង សុវត្ថិភាព ភាពក្លាយជាចំណាប់ខ្មាំងរបស់សត្រូវ និង ការបោះបង់​យន្ត​ហោះ​​​ដែល​មានតម្លៃរាប់ លាន ដុល្លារ។ ក៏ដូចគ្នាដែរ ឧបមាថា អ្នកកំពុងបើកបរ​លើ​ដង​ផ្លូវក្នុង​ល្បឿន​​​លឿន តើអ្នកមានពេលប៉ុន្មាន ដើម្បី គេចចេញពីឧបសគ្គ ឬ គ្រោះថ្នាក់នៅខាងមុខ។ បើគិត និង​​សម្រេចមិនទាន់ លទ្ធផលប្រាកដជាគ្រោះថ្នាក់មិនខាន។ និយាយយ៉ាងខ្លី ពេលវេលា​មានសារៈ​សំខាន់ណាស់ សម្រាប់ការសម្រេចចិត្តរបស់អ្នក។

អារម្មណ៍ៈ អារម្មណ៍អាចប៉ះពាល់ដល់គុណភាពនៃ​ការសម្រេចចិត្ត។ អ្នកមិនត្រូវប្រើ​អារម្មណ៍ ដោយ មិនគិតពិចារណាឲ្យបានល្អិតល្អន់ ពីហេតុនិងបញ្ច័យ ពីគុណវិបត្តិនិងគុណសម្បត្តិ ពីការ​ពិតនិងក្តីស្រមៃ ដើម្បីសម្រេចចិត្តឡើយ។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ យកល្អអ្នកគួរ​សួរខ្លួនឯង ថានៅខណៈនោះ អ្នកគួរធ្វើការសម្រេចចិត្តដែរឬទេ? វាអាចឆាប់ពេក ពីព្រោះអ្នក​មិន​បាន​ពិចារណា ឬ ការសម្រេចនោះ មិនមែនជាសុឆន្ទៈរបស់អ្នក។

អ្វីជាកត្តាអាចជួយឲ្យអ្នកសម្រេចចិត្តបានប្រសើរជាងមុន?

ចក្ខុវិស័យៈ អ្នកត្រូវមានចក្ខុវិស័យ ឬគោលដៅច្បាស់លាស់ទៅអនាគត ។ ចក្ខុវិស័យ នាំឲ្យអ្នក​ពិចារណា អំពីផ្លូវដែលអ្នកត្រូវដើរ និង កិច្ចការដែលអ្នកត្រូវធ្វើ។ គោលដៅ ផ្លូវដែលត្រូវដើរ និង​កិច្ចការដែលត្រូវ​ធ្វើនិងបង្កើតប្រព័ន្ធ​ មួយសម្រាប់ការសម្រេចចិត្តរបស់អ្នក។ ប្រព័ន្ធនេះ ផ្តល់នូវ អាទិភាព​នៃកិច្ចការដែល អ្នកត្រូវធ្វើ ​ ពេលវេលាដែលអ្នកត្រូវធ្វើ ឬសម្រេចធ្វើ និងការថ្លឹងថ្លែង​ពី​ធនធាន​ដែលអ្នកត្រូវប្រើ។ មនុស្ស​ពិការភ្នែកអាចដើរទៅដល់គោលដៅ របស់គាត់ ព្រោះ​គាត់​មាន​គោលដៅច្បាស់លាស់ជាមុន។ គាត់​ជ្រើស​រើសផ្លូវ និងរបៀបចៀសវៀងពី ឧបសគ្គទាំងឡាយ។ កិច្ចការ​នេះមិនងាយស្រួលនោះទេ ហើយជា​ការពិត​ណាស់ វាជាសមត្ថភាព​មួយដ៏គួរឲ្យកោត​សរសើរ​របស់គាត់។ ហេតុនេះ អ្នកមិនត្រូវដើរដោយ​គ្មានគោល​ដៅឡើយ ។

សុទិដ្ឋិនិយមៈ សុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន យល់ឃើញហេតុការណ៍ ក្នុងផ្លូវត្រូវ ផ្លូវពោពេញ​ដោយ​​​ឱកាស និងក្តីសង្ឃឹម។ សុទិដ្ឋិនិយម ជាកម្លាំងជម្រុញឲ្យអ្នកហ៊ានសម្រេច និងហ៊ានធ្វើ។ ឧបមា​ថា អ្នកត្រូវធ្វើកិច្ចការមួយ បើអ្នកយល់ថា អ្នកមិនអាចធ្វើបាន (ដែលជាគំនិតអវិជ្ជមាន) អ្នក​ប្រហែល​នឹងបោះ បង់កិច្ចការនោះ ឬគ្រាន់តែធ្វើឲ្យរួចពីដៃ។ បើអ្នកមានគំនិត​អវិជ្ជមានចំពោះ​បុគ្គល​ម្នាក់ អ្នកប្រហែលនឹង បោះបង់ឱកាសស្គាល់និងស្វែងយល់ពីបុគ្គលនោះមិនខាន តែបើអ្នក​បើកចិត្ត​ឲ្យ​ទូលាយ អ្នកអាចចាប់ ផ្តើមទំនាក់ទំនងជាមួយគេបាន។ បើអ្នកយល់ថា​មុខវិជ្ជាមួយដែលអ្នក​កំពុង​​សិក្សា គ្មានប្រយោជន៍ អ្នកនឹងបោះបង់ឱកាស ទាញយកប្រយោជន៍​ពីមុខវិជ្ជានោះមិនខាន។ មនុស្ស​ម្នាក់ៗមិនមែនមានតែ សុទិដ្ឋិនិយម​រាល់ពេលនោះឡើយ ប៉ុន្តែសុំកុំឲ្យទុទិដ្ឋិនិយម​ជះ​ឥទ្ធិពល​គ្របដណ្តប់ខ្លួនអ្នកទាំងមូល។

គុណភាពព័ត៌មានៈ ការសម្រេច​អ្វីមួយ ពឺងផ្អែកយ៉ាងខ្លាំងលើព័ត៌មាន ហេតុនេះ​អ្នកត្រូវជ្រើសរើស វាពី​ប្រភពដែលអាចជឿជាក់បាន។ ប្រភពទាំងនេះមានដូចជា​ស្ថាប័នស្រាវជ្រាវ ឬបុគ្គល​ដែល​គេ​ទទួល ស្គាល់​ជាដើម។ អ្នកក៏ត្រូវចាំថា ព័ត៌មាន មានភាពការប្រែប្តូរ រៀងរាល់​គ្រប់វិនាទីទាំង អស់។ បើ​និយាយឲ្យខ្លី អ្នកត្រូវ​ប្រមូលព័ត៌មានដែលទាន់​សភាពការណ៍​ពីប្រភពដែល​អាចជឿជាក់បាន។

សមត្ថភាពវិភាគៈ ការវិភាគ ជាពិសេស​លើព័ត៌មានដែល​អ្នកបានទទួល និងហេតុការណ៍ ដែលអ្នក​បាន​ឃើញឬឮ បានត្រឹមត្រូវនាំឲ្យអ្នកសម្រេចបានត្រឹមត្រូវ។ សមត្ថភាពវិភាគនេះ​កើតចេញពី​ទម្លាប់​​​​នៃ​ការ គិត ការសិក្សា និងសង្កេតមើលពីមនុស្សនិងបរិស្ថានសង្គមជុំវិញខ្លួន។

ការបើកចំហរនៃគំនិត និង ការទទួលខុសត្រូវៈ ចំណុចមួយទៀតដែរ អ្នកត្រូវ​បើកចិត្តគំនិត​ឲ្យ​ទូលាយ ស្តាប់និងទទួលយក​យោបល់អ្នកដទៃ កុំមានមោទនភាព​ហួសហេតុនឹងគំនិត​របស់ខ្លួន​ឯង។ រាល់យោបល់ របស់អ្នកដទៃសុទ្ធតែមាន​ប្រយោជន៍ចំពោះអ្នក បើទោះបីយោបល់​នោះមិន​ត្រឹមត្រូវ ក៏អ្នកនូវតែទទួល បានប្រយោជន៍ដែរ​គឺអ្នកអាចស្វែងយល់ពីចេតនា ចិត្តគំនិត របស់អ្នក​ដែល​ឲ្យយោបល់នោះបាន។ លើស ពីនេះ អ្នកក៏ត្រូវបើកចិត្តឲ្យទូលាយ ទទួលយកភាពខុស ទទួល​យកភាពត្រូវ។ បើអ្នកសម្រេចចិត្តធ្វើអ្វី មួយខុស ហើយមិនទទួលកំហុស អ្នកគ្មានឱកាស​អាចកែ​កំហុសនោះបានឡើយ។ ផ្ទុយមកវិញ បើអ្នក ទទួលយក អ្នកអាចបកក្រោយ គិតគូរធ្វើកិច្ចការ​នោះ​សារឡើងវិញបាន។ ការទទួលយកកំហុសរបស់ ខ្លួនឯង ជា​ការចាប់ផ្តើម​នៃការអភិវឌ្ឍន៍របស់​មនុស្ស​ម្នាក់ៗ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s