សម្តេច​ ជួន ​ណាត


ថៃ្ង​១៤​កើត ខែភទ្របទ ត្រូវ​នឹង​ថៃ្ង​ទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​សោយ​ព្រះ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះវស្សា នៅលើ​ព្រះ​ទែនសយនា​ដោយ​ស្ងប់ស្ងៀម នា​ល្វែង​ធំ​នៅក្នុង​រាជដំណាក់​ព្រះអង្គ​នាវ​ត្ត​ឧណ្ណាលោម ។​

សម្តេចព្រះសង្ឃរាជ​ទ្រង់​បានប្រសូត​នៅ​ថៃ្ង​អង្គារ ១០​រោច ខែផល្គុន ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៤២៧ ត្រូវ​នឹង​ថៃទី​១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នាម យន់ ព្រះ បិតា​នាម ព្រហ្ម ជួន ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់ គឺ​អង្គ​សម្តេចព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ជា​ព្រះអនុជ​នៃ​សម្តេចព្រះសង្ឃរាជ ។​

កាល​ស្ថិតក្នុង​កុមារភាព សម្តេច​បានចាប់ផ្តើម​ចូលរៀន​សូត្រ​ពី​ព្រះជន្ម​១២​ឆ្នាំ ក្នុង​វត្ត​ពោល្យំ ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ លុះ​ព្រះជន្ម​១៤​ឆ្នាំ ទើប​ព្រះអង្គ​បាន​បួស​ជា​សាមណេរ ហើយ​ឆ្នាំ​១៨៨៩ ពោលគឺ​ក្នុង​ព្រះជន្ម​១៦​វស្សា សម្តេច​បាន​និមន្ត​មក​គង់នៅ​វត្ត​ឧណ្ណាលោម​ដើម្បី​បន្ត​ការសិក្សា ។ ពេល​សម្តេច​ក្លាយជា​ភិក្ខុ ក្នុង​ព​.​ស​២៤៤៨ គ​.​ស​១៩០៤ ព្រះអង្គ​ទទួល​ព្រះនាម​ប​ញ្ញ​តិ​ថា ជោ​ត​ញ្ញា​ណោ សម្តេច ព្រះសង្ឃរាជ​មាន​សេចក្តី​ព្យាយាម​ប្រកបដោយ​ថាមពល​ដ៏​ក្លៀវក្លា ក្នុងការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី និង​ភាសា​ឯទៀតៗ មាន​ភាសា​បារាំង​ជាដើម ។​

ការសិក្សា​របស់​សម្តេច​ព្រះសង្ឃរាជ​មាន​ជោគជ័យ​ប្រសើរ​ណាស់ ដែល​គេ​បានកត់សម្គាល់​ឃើញថា ក្នុង​ជំនាន់​ជាមួយគ្នា​នឹង​សម្តេច មានតែ​ព្រះអង្គ​មួយគត់​ដែល​រៀន​លើស​អ្នក​ឯទៀត ។ សម្តេចព្រះសង្ឃរាជ​ទ្រង់​ចាប់​រៀន​វិជ្ជា​ណាមួយ​មាន​បាលី សំស្ក្រឹត បារាំង​ជាដើម គឺ​រៀន​ដោយ​ការប្រឹងប្រែង​ប្រាកដប្រជា គ្មាន​បន្ធូរបន្ថយ​ដៃ​ឡើយ ។ នៅ​ព​.​ស​២៤៥៧ សម្តេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​បាន​៤ ប្រយោគ ដែលជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​នា​សម័យ​នោះ ។​

ពីរ​ឆ្នាំ​ក្រោយមក សម្តេច​ទទួល​ការតែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់ ដែល​ក្រោយមក​ឈ្មោះថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរាម្រិត ។ នៅ​ព​.​ស​២៤៦៦ និង​ព​.​ស​២៤៦៧ សម្តេច​បាន​និមន្ត​ទៅ​បំពេញវិជ្ជា​ខាង ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារិក​នៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​សំណាក់​លោក ល្វី​ហ្វី​ណូ​ត៍ ជា​ចាងហ្វាង​សាលា​នោះ ។ ព​.​ស​២៤៨៦ សម្តេច​បានទទួល​ការតែងតាំង​ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ ។ ពីរ​ឆ្នាំ​ក្រោយមក​ព្រះអង្គ​បានទទួល​តំណែង​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម ។ ឆ្នាំ​បន្ទាប់មកទៀត សម្តេច​ទ្រង់​បានទទួល​នាទី​ជា​អធិបតី​នៃ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ ។ បី​ឆ្នាំ​ក្រោយមក សម្តេច​បានទទួល​នាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ “​ក​” នៃ​គណៈកម្មការ​ជាតិ​ខាង​ការសិក្សា ។ ឆ្នាំ​បន្ទាប់​ទ្រង់​បានទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ​ក្នុង​ព្រះរាជាណាចក្រ ចាប់តាំងពី​ឆ្នាំ​១៩៦១ រហូតដល់​ថ្ងៃ​ចូល​ទិវង្គត សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើជា​ព្រះប្រធាន​នៃ​ការសម្ភាសន៍​អក្សរសាស្ត្រ​ផ្សាយ​តាម​វិទ្យុជាតិ រៀងរាល់​ថៃ្ង​សុក្រ ។ គ​.​ស ១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង ប្រវត្តិសាស្ត្រ​ខ្មែរ ៘​

ក្រៅពី​តួនាទី​ធំៗ ដែល​ព្រះអង្គ​ទទួល​រ៉ាប់រង​ធ្វើជា​អចិន្ត្រៃយ៍​ក្នុងប្រទេស សម្តេច​ទ្រង់​បាន​ចាកចេញ ធ្វើ​សកម្មភាព​ក្រៅប្រទេស​ជាច្រើន​ទៀត ជាអាទិ៍​និមន្ត​ទៅ​ប្រទេស​ឡាវ ទៅ​កម្ពុជា​ក្រោម ដើម្បី​ជួយ​ពង្រឹង​ព្រះពុទ្ធសាសនា​នៅ​ទីនោះ ទៅ​ប្រទេស​ស្រីលង្កា​ដើម្បី​ប្រជុំ​សន្និសីទ​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ទៅ​សហភាព​ភូមា​ដើម្បី​ប្រឹក្សា​សម្រេច​រឿង​ឆ​ដ្ឋ​សង្គាយនា ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​បំពេញ​កិច្ចការ​ព្រះពុទ្ធសាសនា​ជាច្រើន ។​

បន្ទាប់ពី​បានទទួល​នូវ​សមណសក្តិ​ជា​បន្តបន្ទាប់​ជាច្រើន តាំងពី​ថ្នាក់​ព្រះ​បាឡាត់​សក្យបុត្តិយ៍ ព្រះគ្រូ​សង្ឃ​ស​ត្ថា លេខា​ផ្ទាល់​សម្តេច​សង្ឃរាជ​ទៀត​, នៅ​គ​.​ស​១៩៣១ សម្តេច​បាន​ឡើង​សមណសក្តិ ជា​ព្រះ​សាសន​សោភ័ណ ដែលជា​រាជាគណៈ​កិត្តិយស ។ ព្រះអង្គ​បានទទួល​ព្រះ​ឋានន្តរសក្តិ​កាន់តែ​ខ្ពស់​ឡើង​រហូត ដល់គ​.​ស​១៩៤៨ បានទទួល​សមណសក្តិ​ខ្ពស់បំផុត​ជា​ព្រះមហា​សុមេធាធិបតី​សង្ឃនាយក គណៈមហានិកាយ ។ ឆ្នាំ​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​ជា​ព្រះ​អគ្គមហាបណ្ឌិត​សហភាព​ភូមា ក្រោយមក​ឆ្នាំ​១៩៥៧ ភូមា​ដដែល​សូម​ដំឡើង​ឋានៈ​មួយកម្រិត​ទៀត ជា​ព្រះ​អភិ​ធ​ជ​មហារដ្ឋ​គរុ​នៃ​សហភាព​ភូមា ដែលជា​សមណសក្តិ​ខ្ពស់បំផុត មានតែ​មួយអង្គ​ក្នុង​សហភាព​ភូមា ។ នៅមាន​ការថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជាច្រើន​ទៀត​ពី​សំណាក់​សមាគម​ក្នុង​និង ក្រៅប្រទេស ប៉ុន្តែ​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ពីរ​ទៀត​មិនអាច​បំភ្លេចបាន គឺ​ព្រះអង្គ​ទ្រង់​បានទទួល​នូវ​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ និង​ជា​បណ្ឌិត​អក្សរសាស្ត្រ​ពេញលក្ខណៈ​អំពី​សម្តេចព្រះ​ប្រមុខរដ្ឋ ។​

ក្រៅពី​ឋានន្តរសក្តិ​ដ៏​ខ្ពស់ៗ ព្រះអង្គ​ក៏បាន​ទទួល​មេដាយ​ខ្ពស់ៗ រហូតដល់​ផុត​លេខ​ចំនួន​១០​មេដាយ ពី​ប្រទេសជាតិ និង​បរទេស ។ ជាមួយនឹង​ព្រះរាជកិច្ច​ធំៗ​បម្រើឱ្យ​ព្រះពុទ្ធសាសនា​ក្នុង​ពិភពលោក និង​បម្រើឱ្យ​ជាតិខ្មែរ​ទាំងមូល សម្តេច​នៅបាន​បំពេញ​កិច្ចការ​ជា​ផលប្រយោជន៍​សាធារណៈ​ដោយ​ចំពោះ​ចំនួន​៣២​មុខ ទៀត ។​

ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​សំខាន់ៗ​របស់​ព្រះអង្គ​ខាង​អក្សរសាស្ត្រ គឺ​ព្រះអង្គ​បាន​កសាង​គម្ពីរ​ដីកា​ជាច្រើន ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​សម័យថ្មី​ដែលមាន​ជាអាទិ៍ៈ វចនានុក្រម​ខ្មែរ​មាន​២​ភាគ វេយ្យាករណ៍​បាលី គិ​ហិប​ដិ​ប​ត្តិ សាមណេរ​វិន័យ បាតិមោក្ខ​សម្រាយ កាព្យ​លោកធម៌ នា​គោ​ប​មា​ទិ​កថា សុភមង្គល​គាថា បាលី​៧​គាថា បព្វជ្ជា​ខន្ធ​កៈ​សង្ខេប ៘​

នៅមាន​ព្រះ​កេរ្តិ៍​មួយ​ដ៏​សំខាន់​ណាស់ ដែល​យើង​កំពុង​ស្តាប់ឮ​រាល់​ថៃ្ង គឺ​បទ​គោរព​ទង់ជាតិ​ខ្មែរ​ឈ្មោះ បទ “​នគររាជ​” ដែលជា​ព្រះរាជ​និពន្ធ​ដោយផ្ទាល់​របស់​ព្រះអង្គ ។​
នៅក្នុង​ព្រះរាជ​ប្រវត្តិ​ជីវិត​របស់​ព្រះអង្គ មាន​ប្រវត្តិ​បដិវត្តន៍​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះអង្គ ដែល​គេ​មិនអាច​បំភ្លេចបាន ។ ច្រើន​ជំនាន់​មក​តាំងពី​ប្រទេស​កម្ពុជា​ត្រូវ​ខ្មាំង​ឈ្លានពាន​ពី គ្រប់ទិសទី ព្រះពុទ្ធសាសនា​ក៏​ចុះ​ឱនថយ​គ្មាន​របៀបរបប​ត្រឹមត្រូវ ។ ក្នុងពេល​ព្រះអង្គ​មាន​ព្រះជន្ម​ប្រមាណ​៣០​ព្រះវស្សា​សម័យ​នោះ  បន្ទាប់ពី​សម្តេច​ព្រះមហា​សង្ឃរាជ​ព្រះនាម​ទៀង​ចូល​ទិវង្គត​ទៅ ព្រះពុទ្ធសាសនា​ខ្មែរ​ពេលនោះ​ហាក់​គ្មាន​អ្នកដឹកនាំ​ដ៏​មាន​សមត្ថភាព​ទៀត ទេ ។ ព្រះ​ធម្មលិខិត​សង្ឃនាយក​ព្រះនាម កែ អ៊ុក ដែល​ទើប​តែងតាំង​ថ្មី​ជា​អ្នក​អភិរក្សនិយម​ខុស​ទំនង ។ ដើម្បី​កែប្រែ​ព្រះពុទ្ធសាសនា ដែល​ល្អៀង​ឃ្លាត​ពី​មាគ៌ា​ដើម​នៃ​ព្រះពុទ្ធសាសនា ព្រះគ្រូ​៣​រូប​មាន ព្រះគ្រូ​វិម​លប​ញ្ញោ​ព្រះនាម អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​ស​ត្ថា​ព្រះនាម ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត បាន​ពុះពារ​គ្រប់​ឧបសគ្គ ដែល​បង្កឡើង​ដោយ​គណៈសង្ឃ​អភិរក្សនិយម​ទាំងនោះ ដើម្បី​កសាង​ពង្រឹង​ព្រះពុទ្ធសាសនា​ឱ្យ​ឯកភាព សាមគ្គីភាព និង​រុងរឿង​ថ្លៃថ្នូរ​ក្រៃលែង ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s