អា​ប្រា​ហាម លីន​ខូល


5

ក្នុង​រយៈពេល​នោះគេ​មើលឃើញថា ប្រទេសជាតិ​ហាក់ដូចជា​គ្មាន​មេដឹកនាំ ឬ​គ្មាន​បទពិសោធន៍​ដឹកនាំ ប៉ុន្តែ​ដោយសារ​លក្ខណៈ​និស្ស័យ​ផ្ទាល់ខ្លួន​ញ៉ាំងឱ្យ​លោក​ប្រធានាធិបតី​មាន ការទទួលខុសត្រូវ​ខ្ពស់ និង​បន្ទាប់ពី​សង្គ្រាម​បាន​បញ្ចប់ទៅ លោក​ក៏​ត្រូវគេ​ចាត់ទុកថា ជា​មហា​បុរស​ម្នាក់​នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋ ដូច​លោក​ជក វ៉ា​ស៊ី​ង​តោន​ដែរ ។ លោក​បាន​តស៊ូ​យ៉ាងខ្លាំង​ក្លា​ដើម្បី​រំដោះ​ពួក​ទាសករ​ស្បែក​ខ្មៅ និង​ណែនាំ​មនុស្ស​ឱ្យ​ចេះ​ស្គា​ល់ពី​សិទ្ធិសេរីភាព​ខ្លួនឯង ប៉ុន្តែ​សេចក្តីស្លាប់​បាន​នាំ​រូបលោក​ទៅ​ទាំង​ការងារ​មិនទាន់បាន​ចប់ ស្រេចបាច់​…​។​

ជីវិត​យុវវ័យ​
អា​ប្រា​ហាម លីន​ខូ​ល កើត​នៅ​ថៃ្ង​១២ កុម្ភៈ ឆ្នាំ​១៨០៩ ក្នុង​ខ្ទម​ស្លឹក​មួយ​ក្បែរ​ក្រុង​ហា​ដិ​ន នៃ​រដ្ឋ​កេ​ន​ថាក់​គី (Kentucky) លោក​មាន​បងស្រី​ម្នាក់​ឈ្មោះ​សា​រ៉ា និង​មាន​មាតាបិតា​ជាម​នុស្ស​ខ្វះ​ការសិក្សា ។​
នៅ​ខែធ្នូ ឆ្នាំ​១៨១៦ គ្រួសារ​ទាំងមូល​របស់​លោក ត្រូវបាន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តំបន់​មួយ​នៃ​ភាគ​និរតី​នៃ​អ៊ិន​យ៉ាណា (Indiana) ដែល​ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ផ្ទះសម្បែង និងរ​ងារ​ខ្លាំង ប៉ុន្តែ លីន​ខូ​ល​ក៏មាន សេចក្តីសុខ​នឹង​ជីវិត​ហាត់​បាញ់​សត្វ និង​ដេក​យប់​ស្តាប់​សំឡេង​គំរាម​នៃ​សត្វ​សិង្ហ​ពេលយប់​ជ្រៅ ។ អាយុ​បាន ៨​ឆ្នាំ គេ​ក៏បាន​ជួយ​ធ្វើការ​ឪពុក​ក្នុង​របរ​ដាំ​ដំណាំ គាត់​ពូកែ​ក្នុងការ​ប្រើ​ពូថៅ ប៉ុន្តែ​មិន​និយម​សម្លាប់សត្វ ឬ ស្ទូចត្រី​ទេ ។​

ជីវិត​ដ៏​សោកសៅ​បំផុត​នៅពេលដែល​លោក​មាន​អាយុ​បាន​៩​ឆ្នាំ មាតា​លោក​ក៏បាន​ចែក​ឋាន​ទៅ ត​មក​បិតា​ក៏បាន​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​កូន​៣ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​លោក រហូត​បាន​ក្លាយជា​ប្រធានាធិបតី ។​
ការរៀនសូត្រ​នៅ​សាលា​បាន​តិចតួច​ណាស់ ប៉ុន្តែ​គាត់​ជា​មនុស្ស​មានបទពិសោធន៍​ច្រើន រហូត​ធ្វើឱ្យ គាត់​បាន​រៀន​ចេះដឹង​ជាង​ការអាន សរសេរ ប៉ុន្តែ​អាស្រ័យ​ដោយ​ការព្យាយាម ថ្វី​ត្បិត​មិនបាន​ចូល​សាលា​មែន តែ​លោក​ឧស្សាហ៍​ខ្ចី​សៀវភៅ​ផ្សេងៗ​មក​អាន​រហូត​ក្លាយជា​អ្នក​ពូកែ​ខាង អក្សរសាស្ត្រ​អង់គ្លេស ។​

នៅ​ឆ្នាំ​១៨៣០ បិតា​បាន​ផ្លាស់​ទីលំនៅ ទៅ​រស់នៅក្នុង​រដ្ឋ​អ៊ី​លីណ​យ (Illinois) និង​ចង់​ផ្លាស់​ទៅទៀត ប៉ុន្តែ លីន​ខូ​ល ដែល​កាលណោះ​មាន​អាយុ​២២​ឆ្នាំ កម្ពស់​១,៩៣​ម៉ែត្រ មិន​ព្រម​ទៅតាម រួច​ក៏​ចាប់ផ្តើម​ជីវិត​ដោយ​ខ្លួនឯង ។​
ដោយ​លោក​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ មាន​សេចក្តី​ស្មោះត្រង់ រួមទាំង​ពូកែ​និទានរឿង​ផង​នោះ ធ្វើឱ្យ​សង្គម​នយោបាយ​ទទួលស្គាល់​លោក ទីបំផុត​គាត់​ក៏បាន​ចុះឈ្មោះ ធ្វើជា​សមាជិកសភា​នីតិបញ្ញត្តិ​របស់​រដ្ឋ ។ ប៉ុន្តែ​អាស្រ័យ​ដោយ​លោក​រវល់​ទៅធ្វើ​សង្គ្រាម​ជាមួយ​ពួក​ឥណ្ឌា ស្បែក​ក្រហម ធ្វើឱ្យ​គ្មាន​ពេល​គ្រប់គ្រាន់ សម្រាប់​ឃោសនា​រក​សន្លឹកឆ្នោត ដូច្នេះ​លោក​ក៏ត្រូវ​ចាញ់​ជា​លើកដំបូង ។ ឆ្នាំ​១៨៣៤ បាន​ចុះឈ្មោះ​ជាថ្មី​ម្តងទៀត ហើយ​ត្រូវបាន​គេ​ជ្រើសតាំង​នៅពេល​អាយុ​បាន​២៤​ឆ្នាំ និង​បាន​កាន់តំណែង​៣​ដង​ជាប់​គ្នា ។​

គាត់​បានចាប់ផ្តើម​រៀន​ច្បាប់​នៅ​ឆ្នាំ​១៨៣៤ ដោយ​ការខ្ចី​សៀវភៅ​មក​សិក្សា​ខ្លួនឯង​នៅពេល​ទំនេរ រហូត​បាន​ប្រឡង​ជាប់​នៅក្នុង​រយៈពេល​២​ឆ្នាំ​មក ហើយ​បាន​ក្លាយជា​មេធាវី ។ នៅ​ដើមឆ្នាំ​១៨៣៧ លោក​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង រហូត​ត្រូវបាន​ជ្រើសតាំង​ធ្វើជា​អភិបាលរដ្ឋ ។​
ក្នុង​រយៈ​២៤​ឆ្នាំ​តម​ក ជីវិត​របស់លោក​មិនបាន​ក្លាយជា​អ្នកមាន​ធំដុំ​អ្វី​ទេ ប៉ុន្តែ​ក៏មាន​ជីវិត​រស់នៅ​សប្បាយ​ដែរ ។ គេ​ចាត់ទុក​លោក​ជា​អ្នកច្បាប់​ដ៏​ល្អ​ម្នាក់ ។​

ជីវិត​ជា​ស្វាមី​
លីន​ខូ​ល  បាន​រៀបការ​នៅ​ឆ្នាំ​១៨៤២ ជាមួយ​នាង​ម៉ា​រី​ថូត ដែល​ចេញពី​ត្រកូល​ដើម​នៃ​អ្នកស្រុក​កេ​ន​ថាក់​គី​ដូចគ្នា នាង​ជាម​នុស្ស​ឈ្លាសវៃ​រីករាយ ។ ទោះបី​គេ​មានជីវិត​ក្រលំបាក ប៉ុន្តែ​គូស្នេហ៍​របស់គេ​មាន សេចក្តីសុខ​ជា​រហូត​ចាត់ទុកថា ជា​ស្រី​គ្រប់លក្ខណ៍​ចេះ​ថ្នាក់ថ្នម​ប្តី ។ លីន​ខូ​ល ទិញ​បាន​ផ្ទះមួយ​ខ្នង​នៅ​រដ្ឋ​អ៊ី​លីណ​យ នៅ​ឆ្នាំ​១៨៤៤  និង​រស់នៅ​ទីនេះ​រហូត ដល់​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​សេត​វិមាន​ក្រុង​វ៉ា​ស៊ី​ង​តោន​នា​ឆ្នាំ ១៨៦១ ។​

គ្រួសារ​លីន​ខូ​ល មានកូន​ប្រុស​៤​នាក់ កូន​គាត់​ម្នាក់​មានឈ្មោះ​រ៉ូ​ប៊ើ​ត ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក​រហូតដល់​២​នាក់ ។ គ្រួសារ​លោក​ជាម​នុស្ស​អភ័ព្វ​ណាស់ កូនប្រុស​លោក​ម្នាក់​ឈ្មោះ​អេ​វើត ស្លាប់​ពេល​អាយុ​៤​ឆ្នាំ កូនប្រុស​ឈ្មោះ​វីលៀម ស្លាប់​នៅ​សេត​វិមាន ពេល​អាយុ​បាន​១១​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ស្លាប់​នៅ​ឆ្នាំ​១៨៧១ ពេល​អាយុ​បាន​១៨​ឆ្នាំ ។ លីន​ខូ​ល ជា​ឪពុក​ដ៏​ល្អ​និង​ស្រឡាញ់​ហួងហែង​កូន​ណាស់ ប៉ុន្តែ​ព្រោះតែ​តួនាទី និង​ការងារ​ច្បាប់ ធ្វើឱ្យ​លោក​ត្រូវធ្វើ​ដំណើរ​ជារឿយៗ ទុកចោល​ឱ្យ​អ្នកនាង​ម៉ា​រី មើល ថែទាំ​អប់រំ​កូន​ដោយ​ខ្លួនឯង ។​

ការងារ​នយោបាយ​
ក្នុងឋានៈ​ជា​អ្នកច្បាប់ ជា​សមាជិក​គណបក្ស លោក​ចាប់អារម្មណ៍​បំផុត​ទៅលើ​ការងារ​គមនាគមន៍ លោក​មានគំនិត​ជួសជុល​បង្កើត​ផ្លូវថ្នល់​នានា លុះ​ឆ្នាំ​១៨៤៦ លោក​ត្រូវបាន​ជ្រើស​ធ្វើជា​អ្នកតំណាង​គណបក្ស ។ បន្ទាប់ពី​សង្គ្រាម​ជាមួយ​ម៉ិ​ក​ស៊ិ​កូ​ជិត​បានបញ្ចប់​នៅ​ឆ្នាំ​១៨៤៧ លីន​ខូ​ល​ក៏បាន​ចូលមក​ទទួល​មុខតំណែង​ដដែល ។ លីន​ខូ​ល​ក៏​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​នយោបាយ​ខាង​ការ​ចម្បាំង និង​សង្គ្រាម​របស់​ប្រធានាធិបតី​អាមេរិក ទី​១១ ជេ​ម ហ្វ្ល​ក (James K. Flock) និង​ស្នើ​បញ្ឈប់​ការ​មាន​ទាសករ​នៅក្នុង​រដ្ឋ​កូ​ឡុំ​ប៊ី ប៉ុន្តែ​ក្នុង​រយៈពេល ២​ឆ្នាំ នៃ​តំណែង​ជា​អ្នកតំណាង​គណបក្ស​លោក​ធ្វើ​មិនបាន​សម្រេច​ឡើយ ។ បន្ទាប់ពី​បាន​ជួយ​ឃោសនា​រក​សំឡេងឆ្នោត​ឱ្យ​ប្រធានាធិបតី​អាមេរិក​ឈ្មោះ Jachary Taylor មក គាត់​ត្រូវបាន​គេ​ស្នើឱ្យ​ឡើងជា​អភិបាលរដ្ឋ Oregon ប៉ុន្តែ​លោក​បាន​បដិសេធ​រួច​បន្ត​មុខរបរ​ជា​អ្នកច្បាប់​បន្តទៅទៀត ។​

៥​ឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​១៨៥៤ អាស្រ័យ​ដោយមាន​ចំណុច​បែកបាក់ លីន​ខូ​ល ក៏បាន​ចូលមក​ប្រឡូក ការងារ​នយោបាយ​យ៉ាង​ពេញទំហឹង ។ នៅ​ឆ្នាំ​១៨៥៨ ជា​រយៈ ពេលដែល​លោក​ចាប់ផ្តើម​មាន​តួនាទី​ដ៏​សំខាន់ ឡើង​ក្នុង​ការងារ​នយោបាយ លោក​បាន​ប្រឆាំង​ដាច់ខាត​នូវ​អំពើ​ជិះជាន់​និង​ការ​មាន​ទាសករ ។ ទៅណា​មក​ណា លោក​តែង​បាន​និយាយ​និង​ទិតៀន​ចំពោះ​មនុស្ស​ជំពូក​នេះ មាន​គ្រាមួយ​នោះ​លោក​បាន​ថ្លែង​ចំពោះ​ប្រជាជន អាមេរិក​ថា “​ការ​មាន​ទាសករ​និង​ឈ្នួល​លើ​ទាសករ គឺ​កើតចេញ​អំពី​សភាវគតិ​របស់​ម​នុស្ស ដែល​មើលឃើញ តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ឃោរឃៅ ជា​អំពើ​រារាំង​ដល់​សិទ្ធិសេរីភាព​របស់​មនុស្ស​ទាំងពួង​លើ​ពិភពលោក​” ។​

គាត់​ព្យាយាម​តាំងខ្លួន​ជា​អ្នក​តំណាងឱ្យ​ជនជាតិ​និ​ក្រូ ដែល​ភាគច្រើន​ធ្លាក់ខ្លួន​ជា​ទាសករ ប៉ុន្តែ​ជោគជតា​របស់គាត់​នៅតែ​អាប់អួរ​ដដែល ព្រោះ​គាត់​ត្រូវ​ចាញ់​គូប្រកួត​ជាច្រើនលើក​ច្រើនសារ ទាំង​ការងារ​នយោបាយ​និង​ជំនួញ អ៊ីចឹង​ហើយ​ទើប​ប្រវត្តិសាស្ត្រ​បាន​ចារឹក​ទុក​ថា “​លីន​ខូ​ល​ជា​ជន​នយោបាយ ដែលមាន​ជោគវាសនា​អាក្រក់​បំផុត ក្នុង​បណ្តា​អ្នកនយោបាយ​សម័យ​នោះ មិន​ថា​គេ​ធ្វើ​ការងារ ឬ​ជំនួញ​ទាំងអស់​ជួបតែ​បរាជ័យ​” ។​

ក្នុង​ឆ្នាំ​១៨៦០ ចុង​សម័យ​អាណត្តិ​ប្រធានាធិបតី​ទី​១៥ James Bookanand លោក​ត្រូវបាន​គេ​ដាក់ ឈ្មោះ​ចូល​ប្រកួតប្រជែង​មុខតំណែង​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ ចៃដន្យ​អ្វី​ក៏​ជួបនឹង​គូប្រជែង​ចាស់ ដែល​គាត់​ធ្លាប់​ចាញ់ គឺ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ។ តែ​លើក​នេះ​លោក​ទទួលបាន​ជ័យជម្នះ ។  លោក​ក៏បាន​ក្លាយជា​ប្រធានាធិបតី​ទី​១៦ បន្ត​ពី​លោក James Bookanand ខណៈ​ជាមួយគ្នា​នោះ​ស្ថានការណ៍​ក្នុងស្រុក​កំពុង​ប្រេះឆាៈ រដ្ឋ​ភាគខាងត្បូង​មិន​ព្រម​ទទួលស្គាល់​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ ព្រោះ​លីន​ខូ​ល​ធ្លាប់បាន​និយាយថា ប្រសិនបើ​លោក​ជាប់ឆ្នោត​លោក​មិន​អនុញ្ញាត​ឱ្យមាន​របប​ទាសករ​ទៀតឡើយ ។​

ខណៈ​ជាមួយគ្នានេះ គណបក្ស​ប្រជាធិបតេយ្យ ដែល​គាំទ្រ​ដោយ​រដ្ឋ​ភាគខាងត្បូង ដែលមាន​គម្រោងការ​ទុកជាមុន​ហើយ​ថា ប្រសិនបើ​លីន​ខូ​ល​ឡើង​ធ្វើជា​ប្រធានាធិបតី​រដ្ឋ South Carolina នឹង​ផ្តាច់​ចេញពី​សហរដ្ឋ ហើយ​រដ្ឋ​នេះ​កំពុង​រង់ចាំ​ឱកាស​រួបរួមគ្នា​នៅ​ភាគខាងត្បូង​ជា​សហរដ្ឋ​មួយ ជា​យូរ​មកហើយ ។ ពេលចេញ​លទ្ធផល​ដឹង​ពិតប្រាកដ សភា​រដ្ឋ South Carolina  ក៏បាន​ប្រជុំ​និង​ប្រកាស​ភ្លាម​ថា “​រដ្ឋ​South Carolina  និង​រដ្ឋ​ផ្សេងៗ​ទៀត នឹង​ផ្តាច់ខ្លួន​ចេញពី​សហរដ្ឋអាមេរិក​ហើយ​” ។ នៅ​ថៃ្ង​ទី​៨​ខែកុម្ភៈ​ឆ្នាំ​១៨៦១ រដ្ឋ​ភាគខាងត្បូង​ទាំងអស់ ក៏បាន​បង្កើតឡើង​ដោយមាន​រដ្ឋ​ចំនួន​៨​ជា​សមាជិក និង​មាន​ប្រធានាធិបតី​រួមមួយ ។​

ថៃ្ង​ទី​៤​ខែមីនា​ឆ្នាំ​១៨៦១ ជា​ថៃ្ង​ដែល​អា​ប្រា​ហ៊ីម លីន​ខូ​ល ធ្វើ​ពិធី​ទទួល​តំណែង​ប្រធានាធិបតី​ទី​១៦ នៃ​សហរដ្ឋ​។​ក្នុង​សុន្ទរកថា ថ្លែង​ក្នុងឱកាស​ទទួល​តំណែង​នោះ លោក​មិន​ព្រម​ទទួលស្គាល់​ការ​បំបែក​ខ្លួន​របស់​រដ្ឋ​ទាំង​នោះឡើយ ដោយ​ចាត់​ថា​មិន​ស្របច្បាប់ ។​

ថៃ្ង​ទី​២ មេសា ឆ្នាំ​១៨៦១ ស្នូរ​កាំភ្លើង​ធំ​គ្រាប់​ដំបូង ចេញពី​រដ្ឋាភិបាល​ភាគ​ខាងជើង ចាប់ផ្តើម​ផ្លោង​ដាក់​ទីក្រុង​កំពង់ផែ​នៃ​រដ្ឋ South Carolina  សំឡេង​កាំភ្លើង​ផ្ទុះឡើង​គ្រប់​ជ្រុង​ទាំង​អស់នៃ​ទីក្រុង ។ យុវជន ទីក្រុង​ទាំងឡាយ​បាន​ក្រោក​ឡើងកាន់​អាវុធ​គ្រប់គ្នា កាលនោះ​រដ្ឋ​ភាគខាងត្បូង​ដែល​រួមគ្នា​៨​រដ្ឋ​នោះ គ្មាន នរណា​នឹកស្មានថា ធ្លាក់ចូល​សភាពការណ៍​បែបនេះ​ឡើយ ពួក​ភាគខាងត្បូង​មាន​កម្លាំង​ប្រមាណ​៨០០.០០០ នាក់ ប៉ុន្តែ​ពួក​រដ្ឋាភិបាល​ខាងជើង​មាន​ចំនួន​ច្រើនជាង ២-៣​ដង នៃ​ចំនួន​នោះ ជាពិសេស​មានការ​ចូល​រួម​របស់ ពួក​និ​ក្រូ ហើយ​តម​កលោក​អា​ប្រា​ហ៊ីម លីន​ខូ​ល បានប្រកាស​ឱ្យ​ពួកគេ​មាន​សេរីភាព​នៅ​ថៃ្ង​ទី​១ ខែមករា ឆ្នាំ​១៨៦៣ ។​

រហូតដល់​ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៨៦១ ភាគី​រដ្ឋ​ភាគខាងត្បូង​មាន​កម្លាំង​បន្ថែមចំនួន​៣​រដ្ឋ​ទៀត ។ សង្គ្រាម​ក្នុងស្រុក​រវាង​រដ្ឋ​ខាងជើង​មាន​ចំនួន​២៣​រដ្ឋ មាន​ប្រជាជន​២២​លាន​នាក់ និង​រដ្ឋ​ខាងត្បូង​១១​រដ្ឋ មាន ប្រជាជន​ចំនួន ៩​លាន​នាក់ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ពួក​ខាងជើង​របស់​លីន​ខូ​ល មានប្រៀប​ទាំង អាវុធ​យុទ្ធ​ភ័​ណ្ឌ​និង​ស្បៀង ព្រោះ​តំបន់​ភាគ​ខាងជើង សម្បូរ​ឧស្សាហកម្ម​ជាង ខុសពី​ភាគខាងត្បូង​ជា​ជនបទ​។​

ទីបំផុត​នៅ​ថៃ្ង​ទី​៩ ខែមករា ឆ្នាំ​១៨៦៥ ពួក​ខាងត្បូង​បាន​សុខចិត្ត​ចាញ់​សង្គ្រាម ។ សង្គ្រាម​រវាង​ជាតិ​ឯង​នេះ ធ្វើឱ្យ​លោក​អា​ប្រា​ហាម លីន​ខូ​ល ត្រឡប់​ក្លាយជា​វរជន​ដ៏​សំខាន់បំផុត ធ្វើឱ្យ​ប្រជាជន​ទាំងមូល នឹកឃើញ​ដល់​បញ្ញា​ពិតប្រាកដ និង​សេចក្តី​ប្រុងប្រយ័ត្ន​របស់លោក ។ លោក​បាន​លុបបំបាត់​ពាក្យ​ថា “​ទាសៈ​” ឱ្យចេញ​អស់ពី​ទឹកដី​អាមេរិក​បាន ប៉ុន្តែ​លោក​មិនបាន​ចាត់ទុកថា ជា​អ្នក​ចម្បាំង​ដណ្តើម​ភាគខាងត្បូង​ឡើយ ។ គាត់​មាន​ឧ​ត្ត​ម​គតិ​ដ៏​ក្លាហាន ក្នុងការ​គ្រប់គ្រង​ប្រទេស​តាម​គោលការណ៍​ប្រជា​ធិ​ប តេ​យ្យ​និង​ទទួល​ការគាំទ្រ​ពី ប្រជាជន​យ៉ាង​ពេញលេញ អ៊ីចឹង​ហើយ​ទើប​លោក​ត្រូវបានតែងតាំង​ជា ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​២​ជា​បន្តទៀត គឺ​ចាប់ពី​ឆ្នាំ​១៨៦៤​ទៅ ។ ថៃ្ង​ទី​១៣ ខែមេសា ឆ្នាំ​១៨៦៥ នៅ​ក្រុង​វ៉ា​ស៊ី​ង​តោន​មានការ​ប្រារឰធ្វើ​ពិធី បុណ្យ​រំលឹក​គុណ​ដល់​ជន​ពលី​ជីវិត​របស់​មេទ័ព​ភាគខាងត្បូង និង​ជា​ថៃ្ង​បុណ្យខួបកំណើត​នៃ​ការចង សម្ព័ន្ធ​បង្រួបបង្រួម​គ្នា​ជាថ្មី ។ ថៃ្ង​ទី​១៤ មេសា ស្អែក​ឡើង អា​ប្រា​ហាម លីន​ខូ​ល បាន​កោះប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ជា​លើកចុងក្រោយ ហើយ​កិច្ចប្រជុំ​ក៏បាន​អនុម័ត​ឱ្យ​កងកម្លាំង​ភាគ​ខាងជើង​ដកទ័ព​ចេញពី ភាគខាងត្បូង ។​

នៅ​ថៃ្ង​ទី​១៤ មេសា​ដដែល​នោះដែរ លោក​លីន​ខូ​ល បាន​អញ្ជើញ​ទៅ​ទស្សនា​ការសម្តែង​សិល្បៈ​នៅ ទីក្រុង​វ៉ា​ស៊ី​ង​តោន ហើយក៏​ត្រូវបាន​សិល្បករ​ម្នាក់​ឈ្មោះ ហ្សន វី​ល បូត (១៨៣៥-៦៥) បាន​លូន​បាញ់​ដោយ កាំភ្លើង​ចំ​សៀតផ្កា ខណៈ​គាត់​កំពុង​អង្គុយ​ទស្សនា ។ ជនឧក្រិដ្ឋ​ក្រោយពី​បាញ់​រួច ក៏រ​ត់លោត​ចុះ​ពី​ឆាក​សម្តែង ។ លោក​ប្រធានាធិបតី​មិនបាន​ស្លាប់​ក្នុងពេលនោះ​ភ្លាម​ទេ លុះ​ស្អែក​ឡើង​បាន​ស្លាប់ ។ ឃាតក​ត្រូវបាន​គេ​ចាប់ និង​បាញ់​សម្លាប់ចោល​នៅ​ថៃ្ង​ទី​១៥ មេសា​នោះ ។​

សាកសព​លោក​លីន​ខូ​ល ត្រូវបាន​គេ​យកទៅ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ទីក្រុង​ស្ព្រី​ង​ហ្វី រដ្ឋ​អ៊ី​លីណ​យ នៅ​ថៃ្ង​ទី​៤ ខែឧសភា ឆ្នាំ​១៨៦៥ និង​សង់​វិមាន​អនុស្សាវរីយ៍​មួយ​តាំង​រូបលោក​សង្ហារ​នៅ​កណ្តាល​ទីក្រុង​វ៉ា ស៊ី​ង​តោន ។ រូបលោក​ក៏មាន​ផ្តិត​នៅក្នុង​រូបិយវត្ថុ​អាមេរិក​ដែរ ។​
មរណភាព​លោក​ប្រធានាធិបតី ក្នុងខណៈ​កាន់តំណែង តាមច្បាប់​បោះឆ្នោត​គេ​បានជ្រើសរើស​លោក អនុ​ប្រធានាធិបតី​ឱ្យ​ឡើងមក​ជំនួស និង​ដឹក​នាំឱ្យ​គ្រប់​មួយ​អាណត្តិ ។ អ្នក​ដែល​ឡើង​បន្ត​ពី​លោក​លីន​ខូ​ល គឺ ប្រធានាធិបតី Andrew Johnson ។​
សោកនាដកម្ម​បានបញ្ចប់​ព្រមទាំង​បន្សល់​នូវ​ជ័យជម្នះ​ទុកឱ្យ​ជំនាន់​ក្រោយ គឺ​ការបង្រួបបង្រួម​ជាតិ​តែមួយ និង​មាន​ឥស្សរភាព​គ្មាន​ទាសករ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s