ឧកញ៉ា​សន្ធរវោហា ម៉ុក


លោក​ជាម​ន្ត្រី​មួយរូប​ក្នុង​ព្រះបរមរាជវាំង​ក្នុង​រជ្ជកាល ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម  (​ព្រះករុណា សុវណ្ណកោដ្ឋ​) ។​

– វិស័យ​អ្នក​ដែល ចេះ​ក្បួនច្បាប់            សម្រាប់​អ្នកខ្លៅ ពឹង​ប្រើប្រាស់​
គេ​ប្រើ​ទៅណា ទៅ​រលះ                ង​ងះ​ជជ្រក សព្វ​អន្លើ ។​
– អ្នកប្រាជ្ញ​ប្រៀបដូចជា​ស្លឹកចេក            គេ​ទាស់​ហើយ​ហែក​មក​ទ្រាប់​ទើ​
ជួន​ដាក់​ចំណី នំនែក​លើ                រួច​ឥតអំពើ ចោល​បង់សៀត ។​
– នឹក​ម្តង​ឡើងទៅ​ហាក់​តូចចិត្ត           ព្រោះ​ត្បិត​កាន់​ក្បួន ច្បាប់​ចង្អៀត​
ប្រព្រឹត្ត​តាម​ទៅ​សត្រូវ​បៀត            ឈ្លក​ឆ្លៀត​និន្ទា បង្ខូចឈ្មោះ ។​

នេះ​ជា​ល្បះ​កំណាព្យ​របស់លោក ឧកញ៉ា​សន្ធរវោហា ម៉ុក ដកស្រង់​ចេញ ពី​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​១៩ របស់លោក ឃី​ង ហុក​ឌី ។​
ឯកសារ​របស់លោក ហង់ ធុន​ហាក់ បាន​សន្និដ្ឋានថា កវី សន្ធរ ម៉ុក / ឧកញ៉ា​សន្ធរវោហា ម៉ុក / អម្រឹត​ក្ស​ត្រី ម៉ុក កើត​នៅ​គ​.​ស ១៨៤៦ ។ ប៉ុន្តែ​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​១៩ របស់លោក ឃី​ង ហុក​ឌី សន្និដ្ឋានថា កាលបរិច្ឆេទ​កំណើត​នេះ មិន​ត្រឹមត្រូវ​ទេ ព្រោះ​នៅ​គ​.​ស ១៨៥៩ លោក​បាន​និពន្ធ​រឿង ទេវ​ន្ទ​កុមារ​ទៅហើយ ហើយ​នៅក្នុង​ងារ​ជា​អម្រឹត​ក្ស​ត្រី ។ នេះ​បានន័យថា លោក​ទើបតែ​អាយុ​១៣​ឆ្នាំ មិនអាច​បកប្រែ​រឿង​ទេវ​ន្ទ មក​តាក់តែង​ជា​កំណាព្យ​ភាសា​ខ្មែរ​ដ៏​ពិ​រោះ​ក្រអៅ​ក្រអួន​ជួន​រណ្តំ​បែប នោះបានទេ ។ លោក ឃី​ង ហុក​ឌី បាន​សន្និដ្ឋានថា កវី​យើង​ប្រសូត្រ​នៅ​រវាង​ទសវត្ស​៣០ នៃ​សតវត្ស​ទី​១៩  (​ប្រហែលជា​នៅក្នុង​រវាង​គ​.​ស ១៨៣០-១៨៣៤) នៅ​ឧដុង្គ​រាជធានី​ចាស់ ។​

យើង​យល់ថា កា​សន្និដ្ឋាន​របស់លោក ឃី​ង ហុក​ឌី សម​ហេតុផល ព្រោះ​លោក​ត្រូវបាន​ព្រះ​ឧប្បជ្ឈាយ៍​យកទៅ​គាល់​ព្រះវររាជ​ជននី  (​ឬ​គាល់​ព្រះបាទ​នរោត្តម​) បន្ទាប់ពី​លោក​បាន​លាចាក​សិក្ខាបទ ដែល​មានន័យថា យ៉ាងហោចណាស់​លោក​មាន​អាយុ​២០​ឆ្នាំ​ឡើងទៅ ទើប​អាច​បួស​ជា​ភិក្ខុ​បាន ។ នេះ​យើង​មិនទាន់​គិតថា លោក​បួស​ជា​ភិក្ខុ​បាន​ប៉ុន្មាន​វស្សា​ផង​ទេ ។​

លោក​ជា​បុត្រ​មន្ត្រី​ថ្នាក់​មធ្យម​របស់​ព្រះបាទ កែវ​ហ្វា អង្គឌួង​, ក្នុង​ចុង​រាជ្យ​ព្រះអង្គ​ច័ន្ទ ឬ​ដើម​រាជ្យ ព្រះ​ម​ហ​ក្ស​ត្រី​អង្គ​ម៉ី ។ មាតា បិតា (​មិនឃើញ​មាន​បញ្ជាក់​ឈ្មោះ​) របស់លោក សន្ធរវោហា ម៉ុក ជា​មនុស្ស​បំរើ​រាជវង្ស ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​រាជាណាចក្រ​សៀម ។ នៅ​ឆ្នាំ​១៨៤០ មហាក្សត្រី អង្គ​ម៉ី និង ក្សត្រា ក្ស​ត្រី​មួយចំនួន​ត្រូវបាន​យួន​ចាប់​ឃុំឃាំង រួមទាំង​អ្នក​ម្នាង អង្គ​ប៉ែន ដែលជា​មហេសី​របស់ ព្រះបាទ​អង្គឌួង​ផង ហើយ​អ្នក​ម្នាង​អង្គ​ប៉ែន ត្រូវបាន​យួន​ពន្លិចទឹក​សម្លាប់ ជាហេតុ​នាំ​ឲ្យ​មាន​សង្គ្រាម ។​

នៅ​រវាង​គ​.​ស ១៨៤៤ មាតាបិតា​របស់ ម៉ុក ត្រូវ​យួន​ចាប់​ជា​ឈ្លើយ ហើយ​កុមារ ម៉ុក បាន​ក្លាយជា​កុមារកំព្រា​តាំងពី​អាយុ ១១ ឆ្នាំ ។​
ជា​កុសល កុមារ ម៉ុក ត្រូវបាន​ព្រះចៅអធិការ​វត្ត​គុក (​ជា​រាជា​រាម​នៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ក្រុង​ឧដុង្គ ។ ព្រះ​សព​របស់​ព្រះរាជ​សម្ភារ និង​ព្រះ​ម៉ែ​យួរ​វ​ត្តី និង​អដ្ឋិធាតុ​នៃ​មហាក្សត្រ​ខ្មែរ​មួយចំនួន ត្រូវបាន​បញ្ចុះ​នៅ​អារាម​នេះ​) ព្រះនាម​អន យកទៅ​ចិញ្ចឹម និង​អប់រំ ។ ព្រះ​ញាតិវង្ស និង​កូន​របស់​អភិជន​នា​សម័យ​នោះ ភាគច្រើន​ទៅ​បួស ឬ​ស្នាក់នៅ​សិក្សា​ក្នុង​វត្ត​នេះ ។ ជា​កូន​កំ​ព្រោ​នៅក្នុង​ចំណោម​ពួក​កូន​អភិជន ជាពិសេស​រាជវង្សានុវង្ស​ផង​នោះ កុមារ ម៉ុក មាន​ក្តី​ឧបមេយ្យ​ដូចជា កូន​ម្រឹគ​នៅ​កណ្តាល​ហ្វូង​រាជសីហ៍ ខ្លា និង​ដំរី ។ ប៉ុន្តែ​កុមារកំព្រា អនាគត​កវី​បណ្ឌិត​ដ៏​ល្បី​រន្ទឺ រូបនេះ​មាន​ឧបមា​ដូចជា​កូន​គគីរ ដែល​ទោរទន់​ទៅតាម​កំលាំង​វាយោ​បោកបក់ ប៉ុន្តែ​មិន​ដេក​ដួល​ឡើយ ហើយ​នៅតែ​បន្ត​លូតលាស់​ចាក់​ប្ញ​សគល់​យ៉ាងជ្រៅ​ហើយ​រឹងមាំ ។​

គេ​ដំណាល​តៗ​គ្នា​ថា ដោយសារ​ខ្វះ​សម្ភារៈ​សិក្សា កុមារ​យើង​បាន​យក​ធ្យូង​ប្រើស​សរសេរ​លើ​បន្ទះក្តា​ជំនួស​ដីស ហើយ​យក​ភ្លើងចង្ក្រាន​ដែល​ខ្លួន​ដាំ​ទឹកតែ​ប្រគេន​លោកគ្រូ ឬ​ភ្លើង​ចំអិន​អាហារ​បំភ្លឺ​សម្រាប់​អាន​អក្សរ ។​
កុមារ ម៉ុក បាន​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះ​ធម្មរាជ អន នៃ​គណៈធម្មយុត្តិកនិកាយ លុះ​ចំណេរ​ចេរកាល​ក្រោយមក បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាវៈ នៅ​រវាង​គ​.​ស ១៨៤៥-១៨៥៨ ។ ភិក្ខុ ម៉ុក បានទទួល ការអប់រំ​ទាំង​ផ្នែក​វប្បធម៌ និង​បញ្ញាញាណ ដោយមាន​គុណភាព​យ៉ាង​ខ្ពង់ខ្ពស់ ផ្នែក​ព្រះពុទ្ធសាសនា ភាសាបាលី និង​ភាសាជាតិ នៅក្នុង​វត្ត​គុក ជា​រាជ​អារាម នា​ក្រុង​ឧដុង្គ ។​

ឯកសារ​ទាំងឡាយ​មាន​ភាពចុះ​សម្រុង​គ្នា​និយាយថា កវី សន្ធរ ម៉ុក /​សន្ធរវោហា ម៉ុក / អម្រឹត​ក្ស​ត្រី ម៉ុក មាន​មាឌតូច​ល្អិត​មុខខ្មូត ដិតដាម​ដោយ​ស្នាម​រោគ​អុត​តាំងពី​កុមារភាព ឯ​ដៃ​ទៀតសោត​ក៏​ក្រ​ងែ​ង  (​ទាំងសងខាង​) ទើប​ត្រូវគេ​ជន្លជន្លេញ​លេង​ថា “ ម៉ែង​-​ក្រ​-​ង៉ុ​ក​- ម៉ុក​ក្រ​ងែ​ង ” ។ ផ្ទុយស្រឡះ​ពី​រូបរាង លោក​មាន​សំលេង​ពិ​រោះ ក្រ​អែម​ក្រអួន ចេះ​ស្មូត្រ​ធម៌ ប្រកបដោយ​បទ​បែប ជាទី​ត្រូវចិត្ត ត្រូវ​អា​ធ្យា​ស្រ័យ​នៃ​ជនានុជន​ទាំងពួង ។​

បន្ទាប់ពី​លាចាក​សិក្ខាបទ​មកជា​គ្រហស្ថ​វិញ ព្រះ​ឧប្បជ្ឈាយ៍  (​អ្នក​បំបួស​) បាន​នាំ​បណ្ឌិត ម៉ុក ទៅ​គាល់ សម្តេច ព្រះវររាជ​ជននី (​អ្នក​ម្នាង រស់ ជា​មាតា ព្រះបាទ​អង្គឌួង / ព្រះ​សុវណ្ណកោដ្ឋ ) ហើយ​បានទទួល​គោរមងារ​ជា អម្រឹត​ក្ស​ត្រី នៅ​គ​.​ស ១៨៥៩ ។ ឯកសារ​របស់លោក ហង់  ធុន​ហាក់ រៀបរាប់ថា ព្រះ​ឧប្បជ្ឈាយ៍ បាន​នាំទៅ​ថ្វាយ​ព្រះករុណា ព្រះបាទ នរោត្តម ទុកជា​ខ្ញុំបំរើ​ក្រោម​ល្អងធូលីព្រះបាទ ។ ព្រះករុណា ទ្រង់​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ប្រោស​ប្រទាន​ឲ្យ​ធ្វើការ​ក្នុង​ក្រុម អាល័ក្ស (​ផ្នែក​បោះពុម្ព ) ។ លោក​អាល​ក្ស ម៉ុក បាន​យកចិត្តទុកដាក់​ធ្វើ ការ​បំរើរាជការ​ព្រះករុណា ហើយ​បានទទួល​ព្រះរាជទាន​ឋានន្តរសក្តិ​ជា​លំដាប់ រហូតដល់​បាន​គោរមងារ​ជា​ឧកញ៉ា​សន្ធរវោហា ។ នៅ​ទីបំផុត​លោក​បានទទួល​គោរមងារ ជា​អម្រឹត​ក្ស​ត្រី ។ អ្នកស្រាវជ្រាវ​បារាំង​ខ្លះ​បាន​អះអាងថា លោក​បានទទួល​គោរមងារ ដល់​ថ្នាក់​ឧកញ៉ា​ជហ្វា​វាំង ប៉ុន្តែ​យើង​មិនទាន់មាន​អំណះអំណាង​គ្រប់គ្រាន់​ឡើយ ។​

បណ្ឌិត អម្រឹត​ក្ស​ត្រី ម៉ុក បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង សម ហើយ​មាន​បុត្រ ៥ នាក់ ប្រុស ៤ នាក់ និង ស្រី​ម្នាក់ ) គឺ​៖ ១.​ម៉ុក​- ម៉ិ​ល , ២. ម៉ុក ត្រ​ចាត់  (​ទាំង​២​នាក់​នេះ បាន​ទៅ​សិក្សា​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដោយមាន​លោក ប៉ា​វី ជា​អ្នក​នាំទៅ រវាង​គ​.​ស ១៨៨៥ ។ លុះ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ម៉ិ​ល បានធ្វើ​ការបំរើ​ជាតិ ក្នុងឋានៈ​ជា ចៅហ្វាយស្រុក ។ ចំណែក ត្រ​ចាត់ បានធ្វើការ​នៅ​ប្រទេស​លាវ ហើយ​បានទទួល​មរណភាព​នៅ​ទីនោះ​) , ៣. ម៉ុក​- សំឱក​, ៤. ម៉ុក​- សំអែល , ៥. (​ស្រី​)  ម៉ុក រំដេញ (​រំដេញ​ជា​ជីដូន​របស់​អ្នកអង្គម្ចាស់ នរោត្តម ម៉ុង​តា​ណា ហេតុនេះ លោក​ឧកញ៉ា​សន្ធរវោហា ម៉ុក ជា​ជីតា​ទួត​របស់​អ្នកអង្គម្ចាស់ នរោត្តម ម៉ុង​តា​ណា​) ។​

គ​.​ស ១៨៥៩ នា​ក្រុង​ឧដុង្គ សម្តេច ព្រះវររាជ​ជននី បាន​បញ្ជា​ឲ្យ​បណ្ឌិត​អម្រឹត​ក្ស​ត្រី បកប្រែ​រឿង ទេវ​ន្ទ​កុមារ ពី​គម្ពីរ​បញ្ញា​ស​ជាតក ភាសាបាលី មកជា​ភាសា​ខ្មែរ ។ បណ្ឌិត អម្រឹត​ក្ស​ត្រី បាន​បកប្រែ​ហើយ តាក់តែង​ជា​បែបបទ​កំណាព្យ ដោយមាន​ចៅពញា សន្ធរ អក្ខរា ជា​ស្មេរ ជួយ​ចំលង នៅ​ថៃ្ង​ព្រហស្បតិ៍ ឆ្នាំមមែ ព​.​ស ២៤០២ ។ ខាងក្រោម​នេះ​ជា​ល្បះ​កំណាព្យ​ដកស្រង់​ចេញពី​រឿង ទេវ​ន្ទ​កុមារ វគ្គ ទេវ​ន្ទ​កុមារ និង ច​ន្ទា​កុមារី និង សេះ​ធ្វើដំណើរ ក្នុងព្រៃ ។
កុមារ​វិសាល​
ក​ណ្តែ​ង​កណ្តាល
ទូរ​គម​ន៍​អធ្វារ        ទត​អស់​ព្រឹក្ស​ព្រៃ​
ឈើ​ឈៃ​សាខា
ដុះ​ដោយ​ជួរ​ជា
សង្កត់​រៀងរាយ ។​

ដកពរ​ត្រឡាត់
ត្រឡក់​កំចាត់
ត្រ​លៀក​កំចាយ        សម៉​ស​ម៉ូ​ល
ពពូល​ព​ពាយ
ពពេល​វ​ល្លិ៍​វាយ
ធ្នា​ធ្នង់​ពង្រ ។​

សណ្តា​សណ្តាន់
សណ្តែក​លំពាន់
លំ​ពោះ​លំ​ព        លំ​ពូ​ទ្រ​ពូ​ង
ទ្រមូង​ទ្រម
ទ្រ​មូ​ច​ក្រូច​ក្រ
សម៉ូវ​តាត្រៅ ។​

ដកពាយ​ចារ​ច័ន្ទ​ន៍​
សំរោង​ថ​ថា​ន់
សម្រក​ស្រឡៅ        សម្រង​លៀប​លោត​
កែវ​កោដ្ឋ​អំពៅ
អំពិល​បង្គៅ
បង្គារ​រៀងរាយ ។​

ពោ​ច​ប៉ែន​មង្ឃុត
សាវម៉ាវ​ពោន​ពុ​-
ទ្រា​ត្រាច​ស្វាត​ស្វាយ        គុយ​ល្មុត​ស្ពឺ​ស្ពង់
គ្រើល​ក្រុង​ឃ្លៃ​ឃ្លាយ​
ខ្លូត​ខ្លុង​ក្រូច​ក្រាយ
ព្រីង​ព្រុះ​សិរមាន់ ។​

ដើម​ដុះ​ជិតគ្នា
ទ្រង់​ផល​បុប្ផា
រយោង​រយាន        ព្រះរាជ​កុមារ
ថ្លៃថ្លា​បេះ​បាន
សេពសោយ​ប្រទាន
អនុជ​ស្នេហ៍ស្និទ្ធ ។​

នៅ​ព​.​ស ២៤០៦ ត្រូវ​នឹង​គ​.​ស ១៨៦៣ ក្នុងពេលដែល ព្រះវររាជ​ជននី កំពុង​គង់​ធ្វើ​កម្មដ្ឋាន លើ​ភ្នំ​ព្រះរាជ​ទ្រព្យ ទ្រង់​បាន​បញ្ជា​ម្តងទៀត​ឲ្យ​លោក​ឧកញ៉ា​អម្រឹត​ក្ស​ត្រី បកប្រែ​រឿង ព្រះ​សិង្ហ​នាថ ចេញពី​គម្ពីរ​បញ្ញា​ស​ជាតក និង​ចងក្រង​ជា​កំណាព្យ​ដែរ ។​
បន្ទាប់ពី​ព្រះអង្គ​ឌួង សោយ​ទីវ​ង្គ​តទៅ នៅ​រវាង​គ​.​ស ១៨៦៦ បណ្ឌិត ម៉ុក បានមក​នៅ​ភ្នំពេញ​បំរើ​ហ្លួង នរោត្តម ជា​រាជកវី​បណ្ឌិត ជំនិត​នឹង​ព្រះអង្គ ។ ក្នុងអំឡុង​ពេលនេះ លោក​បាន​តែង​កំណាព្យ​ខ្លីៗ​ជាច្រើន សម្រាប់ ព្រះករុណា នរោត្តម ក្រសាល ។ លោក ហង់ ធុន​ហាក់ បាន​ពណ៌នា​ថា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ចំពោះ​លោក ម៉ុក ណាស់ ហើយ​មានការ​រាប់អាន​លោក​យ៉ាង​ស្និទ្ធ​ទៀតផង ។ ទ្រង់មាន​ព្រះរាជឱង្កា​ហៅ​លោក​តែ “ ម៉ែងៗ ” ហើយ​រាជា​នុ​ញ្ញាតិ ឲ្យ​លោក​ទូល​តប​ថា “​ក្រ​ង៉ុ​កៗ​” ។​

លោក​ឧកញ៉ា​សន្ធរវោហា ម៉ុក ពូកែ​បំផុត​ខាង​តែង​កំណាព្យ​បាន​ភ្លាមៗ ឥត​ទីមទាម​មុខក្រោយ ដោយ​ពុំ​ចាំបាច់​រក​នឹក ឬ​ភ្នក​នឹកគិត​ទុកជាមុន គឺមាន​ទំនង​ដូចជា​គេ​និយាយ​ព្យាង្គ​រាយ​ធម្មតា ហើយ​សម​តាម​បរិ​យា​ការណ៍ ទាំង​ចុងចួន​ទៀតសោត​ក៏​ត្រឹមត្រូវ​ជួន​រណ្តំ​ដូច​ស្នូរ​ទឹករលក រក​នឹង​ទាស់​ទើស​ឃ្នើសចិត្ត​ឥតបើ​មាន​ឡើយ ។​
រាល់ពេល​ព្រះករុណា នឹក​ចង់​ក្រសាល តែង​ត្រាស់​ឲ្យ​លោក​តែង​កំណាព្យ​គ្រាន់តែ​ត្រាស់​ប្រាប់​អំពី​អ្វី​ក៏​លោក អាច​តែង​បាន​ភ្លាម ។ គ្រាមួយ​នោះ​មេ​ទ័ពជើងទឹក​បារាំង​បាន​យក​ចៀម​ពីរ​ក្បាល​ទៅ​ថ្វាយ​ព្រះករុណា ។ ទ្រង់មាន​ព្រះ​ឱង្កា​ឲ្យ​លោក សន្ធរវោហា លើក​ជា​កំណាព្យ ។ រំពេច​នោះ​លោក​លើក​ជា​កំណាព្យ​ថា ៖

​សត្វ​ចៀម​ទាំងពីរ ចុះ​ស៊ី​ស្មៅ        មួ​យស​មួយ​ខ្មៅ សម្បុរ​ស្រស់​
​ខ្លួន​តូច​មុខស្រួច ក្រចក​លាស់       របស់ អា​ម៉ឺ​រ៉ា​ល់ បង្គំ​ថ្វាយ ។​
នៅមាន​កំណា​ព​ច្រើន​ទៀត​ដូចជា​៖
– ឆ្កែឆ្កួត​បោល​ឆ្កឺត កន្ទុយ​ឆ្កឹង           ពាំ​ឆ្អឹង​មាន​ឆ្កាង ទៅ​ស៊ី​ឆ្កយ ។​
– នែ​វើ​យ​អា​ចឹក​ឆា​មួយ​កាក់             អា​ចឹក​កន្ត្រាក់ បាន​សាច់​ខ្វៃ​
អារ​ខ្វាច់​ហាន់​ខ្វាប់ សាប់​ញាប់ដៃ        ចិន​លៃ​ឲ្យ​ឆាប់ ប្រញាប់​ឆាន់ ។​
មាន​ដំណាល​តៗ​គ្នា​ថា មាន​គ្រាមួយ​នោះ​លោក ឧកញ៉ា​វាំង វរៈ វៀងជ័យ នាម​ដើម ព្រំ បានឃើញ​លោក សន្ធរវោហា ម៉ុក កំពុង​អញ្ជើញ​ដើរ​តាមផ្លូវ​ក្បែរ​វាំង ក៏មាន​ប្រស្នា​ទៅកាន់​លោក​ជា​កំណាព្យ​កាកគតិ ៖
– នែ​លោក​សន្ធរ        មុខ​ដូច​ពានរ         យួរ​មាន់​ទៅណា ?
​លោក សន្ធរវោហា     បាន​ឆ្លើយ​ទៅវិញ ជា​បទ​កាកគតិ បំពេញ​ល្បះ​ថា ៖
– ប្របាទ​ជា​ម្ចាស់        តាមតែ​មេត្តា      ខ្ញុំបាទ​យក​វា    ទៅ​លែង​ត្បូង​វាំង ។​

នៅ​រវាង គ​.​ស ១៨៩០-១៨៩៣ ព្រះបាទ នរោត្តម បាន​បញ្ជា​ឲ្យ​ក្រុម​រាជបណ្ឌិត​រៀបចំ​ចង ក្រង​ឡើងវិញ​នូវ រាជពង្សាវតា​ក្រុង​កម្ពុជា ដោយមាន​ព្រះ​ម​ហ​សង្ឃរាជ និល ទៀង , ព្រះ​សុគន្ធ ប៉ាន និង លោក ឧកញ៉ា សន្ធរវោហា ម៉ុក ។​
សៀវភៅ អក្ស​សិល្ប៍​ខ្មែរ​សតវត្ស​ទី​១៩ របស់លោក ឃី​ង ហុក​ឌី បាន​អះអាងថា តាមរយៈ​កូនប្រុស​ទាំងពីរ​រូបរ​បស់​លោក​គឺ ម៉ិ​ល និង ត្រ​ចាត់ ដែល​ត្រឡប់​មកពី​សិក្សា​នៅ​ប្រទេស​បារាំង​វិញ  លោក​ឧកញ៉ា​សន្ធរវោហា បានទទួល​ចំណេះដឹង និង​ឥទ្ធិពល​អក្សរសិល្ប៍​បារាំង ជាហេតុ​នាំ​ឲ្យ​លោក​មានគំនិត​សរសេរ​រឿងល្បើក “​រៃ និង​ស្រមោច​” ជាដើម ។​

អ្នកស្រាវជ្រាវ​បារាំង​ខ្លះ​បាន​អះអាងថា លោក​បានធ្វើ​កាល​មរណៈ​នៅ​រវាង​គ​.​ស ១៨៩៥ ។ ប៉ុន្តែ​អ្នកអង្គម្ចាស់ នរោត្តម ម៉ុង​តា​ណា ជា​ចៅទួត​បង្កើត បាន​អះអាងថា បណ្ឌិត ស​ន្ឋ​រ​វោហា ម៉ុក បានធ្វើ​កាល​មរណៈ​នៅ​រវាង​ឆ្នាំ ១៩០៨ ។ ការអះអាង​នេះ​ត្រូវ​គ្នា​នឹង​ឯកសារ​របស់លោក ឃី​ង ហុក​ឌី គឺ​នៅក្នុង​ជន្មាយុ ៦១ ឆ្នាំ នាទី​ក្រុងភ្នំពេញ ។​
លោក ឃី​ង ហុក​ឌី បាន​សន្និដ្ឋានថា លោក ឧកញ៉ា​សន្ធរវោហា ម៉ុក ទំនងជា​បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន ប៉ុ​នែ​តាម​ការស្រាវជ្រាវ យើង​ដឹង​ច្បាស់​តែ​សាស្ត្រា ទុំ ទាវ និង សាស្ត្រា ទេវ​ន្ទ ប៉ុណ្ណោះ ។ ឯ​សាស្ត្រា វិមាន​ច័ន្ទ និង សាស្ត្រា ទិព្វ​សង្វា ក៏​ប្រហែលជា​ស្នាដៃ​របស់លោក​ដែរ ។​

កវី​រូបនេះ ជា​ពុទ្ធសាសនិក​មួយរូប ដែល​និយម​ទំនៀម​ទំលាប់​ខ្មែរ​ដ៏​គួរ​ឲ្យ​គោរព និង​គួរ​ចាត់ទុកជា​កវី​ឯក​មួយរូប​របស់​ខ្មែរ ។ ប៉ុន្តែ​លោក​ជា​មនុស្ស​មាន​ទស្សនវិស័យ​វែង​ឆា្ង​យ ទើប​លោក​បាន​បញ្ជូន​កូនប្រុស​របស់លោក​ពីររូប  (​ម៉ិ​ល និង ត្រ​ចាត់​) ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​មុន​អ្នក​ឯទៀតៗ (​លោក ឃី​ង ហុក​ឌី បាន​បន្ថែមថា នៅ​សម័យ​នោះ នៅមាន​និស្សិត​ខ្មែរ ៣ រូប​ទៀត ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង លុះ​ក្រោយ​មកជា​មនុ​ស្សមាន​តួនាទី សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ ១- ជួន = ឧកញ៉ា​វាំង ជួន , ២- កេ​ត = ឧកញ៉ា កេ​ត , ៣- ប៉ុន = សម្តេច ប៉ុន ) ។ ហើយ​លោក​ក៏​ជា​អ្នក​បាន​ទំ​លុះ​ទំលាយ​ទំនៀម​ទំលាប់​ខ្មែរ ដែល​បំបិទ​សិទ្ធិ​កូនស្រី មិន​ឲ្យ​សិក្សា​ដោយ​លោក​បាន​អនុញ្ញាតិ​ឲ្យ​បុត្រី​តែ​ម្នាក់​គត់​របស់លោក (​រំដេញ​) សិក្សា​រហូត​ចេះ​អាន និង​សរសេរ​បាន​តាម​សេចក្តីត្រូវការ ។​
លោក ឃី​ង ហុក​ឌី បាន​កត់សំគាល់ថា លោក​ឧកញ៉ា​សន្ធរវោហា ម៉ុក ជា​អ្នក​បាន​ផ្តើម​បង្កើត​វង់ភ្លេង​ខ្សែ ដែល​សម័យ​នោះ​ហៅថា ភ្លេងចិន​មុនគេ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s