ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ


ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

Chkom khla.jpg

ប្រជាជន​ខ្មែរ​រស់នៅក្នុង​ខេត្ត​ នានា​នៃព្រះរាជាណាចក្រកម្ពុជា​ រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ស៊ីសាកេត និង​បុរីរម្យ ​ក្នុងប្រទេស​ថៃនាពេល ​បច្ចុប្បន្ន​នេះដែរ ពួកគេ​នៅតែ​មានជំនឿថា ខ្នាយ តាន់​របស់​ជ្រូកព្រៃ គឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវសិរី​មង្គល និង​សេចក្តីសុខចម្រុងចម្រើន ។

ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​ក៏​កើតមាន​ទៅដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​ រស់ ​នៅតាម​ច្រករបៀង​នៃ​ព្រំដែន​ខ្មែរ-លាវ​ផងដែរ ។ ជនជាតិ​ខ្មែរលើ​ទាំងនេះមានដូចជា​ពួក​ទំ​ពូន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួកនេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជាប្រចាំ​ថ្ងៃ​ទៀតផង ។

ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​របស់​ប្រជាជន​ខ្មែរស្ទើរ​តែមាន​ លក្ខណ:ជាទូទៅ​ក្នុងសង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់ឃើញថា ជា​តំបន់​អាថ៌កំបាំង​ប្រកបដោយ​បារមី និង​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​សត្វ​ជ្រូកព្រៃ​ដោយ​វត្តមាន​នៃ​ មើមដំឡូង​ព្រៃ​យ៉ាង​សម្បូរ ។

ការស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូកនីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​ មិន​ត្រឹម​តែមាន​មាឌធំ ហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង ។ នៅក្នុង​ខណៈ ពេល​ដែលមាន​កូនជ្រូក​ព្រៃ​ទើបនឹងកើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះសម្លាប់​នូវ​កូនជ្រូក​ព្រៃ​ឈ្មោល ​ណា ដែល​វា​ទទួល ស្គាល់ថា​មាន​មហិទ្ធិឫទ្ធិ​ដូច​វា ។

អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែកបានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួនឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅ ក្នុង​ហ្វូង​នោះនឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។

Chea pig.jpg

ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គមសត្វ​ដែល​ធ្វើឱ្យ​មានការ​រន្ធត់ចិត្ត​ នោះទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។

ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណាដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង​ ជាងគេ​បន្តិចដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត ។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅរក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំងពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង ​ដើមឈើ​នោះ ។

មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថា បារមី ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា​ គាំពារ​ជានិច្ចកាល ។ បារមី​នេះឯង​ដែល​ពិបាកនឹងមាន​នរណាម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ ។

ហេតុ​ដូច្នេះហើយ ​ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ តាន់​ជ្រូកព្រៃ​យកមក​ពាក់ គឺ​គេ​នឹងមាន​សេចក្តីសុខ​សិរី​សួស្តី​ជាពុំខាន ។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក ​បៀតបៀន ឬ​យក​ឈ្នេះ​លើ​ខ្លួនគេ​បានឡើយ ។

អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ត្រណម​មួយចំនួន​យ៉ាង​ ខ្ជាប់ខ្ជួនហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផងនោះ​ធ្វើឱ្យ​ខ្នាយតាន់​ ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់ ​កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែមទៀត ។

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏មាន​ជំនឿ​ដូចគ្នានេះដែរ ។ គេ​បានចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង ។ គេ​យល់ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច​ សាហាវផ្សេងៗ ឬ​អាវុធ​ដូចជា​ព្រួញ ស្នជាដើម ដោយហេតុថានៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។

សរុបសេចក្តី​មក ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ​​ អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេលដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វីមួយ​មកពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផងដែរ ។

គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរ​សុ​រិ​ន្ទ្រ បុរីរម្យ​សព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​រោគ ឬ​ជំងឺ ។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់ទឹក​យកទៅបរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួនប្រាណ ។ ភ្លុក​ដំរី និងខ្នាយតាន់​ជ្រូកព្រៃ​វិញ ​គេ​ប្រើ​សម្រាប់កែ​ក្តៅខ្លួន​ដែរ ។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អកសម្រាប់​កែរោគ​គ្រុនញាក់​រវើរវាយ និងកែរោគ​ស្ត្រី​ដែល​សម្រាលកូន​មិន​ចេញ​ដូច​ប្រក្រតី ។ ជូន​កាល​គេ​ក៏​យក​ឈាម​រមាស​កែ​ក្រំ និង​ជាំ​ខ្ទុះ ពេលដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម ។ ចំពោះ​ចង្កូមខ្លា គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក​ដើម្បី​ការពារ​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង​ វា​កាន់តែមាន​ប្រសិទ្ធភាព​ទៅទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់ ។

តើ​មនុស្ស​នៅ​ភូមិ​ស្នាយ​ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​ជំនឿ​ដូចខាងលើ​ នេះដែរ​ឬទេ ? ចំពោះ​ចម្លើយ​នឹង​សំណួរ​នេះ បើតាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា អ្វីៗដែល​ពោល​មិន​ខុសប្លែក​ពី​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ​ ប៉ុន្មាន​ឡើយ ដោយហេតុថាសំណង់​វប្បធម៌​វត្ថុ​បុរាណ​ជាច្រើន ដូចជា​ឆ្អឹង​ចង្កូម​សត្វ​ដែល​គេ​កប់​ជាមួយ​សព ​ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​វត្ថុ​ទាំងអស់​នោះបាន​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស​ ខ្មែរ​នា​សម័យ​ដើមយ៉ាងពិតៗ (ម.ត្រា​ណេ) ។

Chea and chkom.jpg

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s