សម្តេចព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក មេដឹកនាំ​ធម៌​ចាស់


Untitled

ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក ប្រសូត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខែកត្តិក ( រនោច ឬ ខ្នើត ? ) ឆ្នាំកុរ ត្រី​ស័ក ព​.​ស ២៣៩៥ គ​.​ស ១៨៥១ នៅ​ភូមិ​ក្រោល​ខៀវ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល  បិតា​នាម កែវ និង មាតា នាម មា ។ សៀវភៅ​ជីវប្រវត្តិ​សម្តេចព្រះ សង្ឃរាជ បាន​អះអាងថា​ព្រះអង្គ ជា​ចៅ​របស់​សម្តេច​ជហ្វា ប៉ុក ។ ព្រះអង្គ​បាន​ចូល​ទីវ​ង្គ​ត​នៅ​ថ្ងៃ​សៅរ៍ ២​រោច ខែជេស្ឋ ឆ្នាំជូត អដ្ឋស័ក ព​.​ស ២៤៨០ គ​.​ស ១៩៣៦ នា​វេលា​ម៉ោង ២០ និង ៣០​នាទី នា​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ។​

ឆ្នាំវក ត្រី​ស័ក ព​.​ស ២៤០៤ គ​.​ស ១៨៦០ វ័យ​១០ កុមារ​អនាគត​សម្តេចព្រះសង្ឃរាជ រូបនេះ​ត្រូវបាន​មាតាបិតា​នាំទៅ​សិក្សា​នៅ​វត្ត​រំដួល ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុង​សំណាក់ ព្រះ​ពោធិ​វង្ស ប្រាក់ ។​
វ័យ​១៥​ឆ្នាំ ត្រូវ​នឹង​ឆ្នាំឆ្លូវ សប្តស័ក ព​.​ស ២៤០៩ គ​.​ស ១៨៦៥ បួស​ជា​សាមណេរ​នៅ​វត្ត​រំដួល ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ លុះដល់​ព្រះជន្ម​២២​វស្សា ត្រូវ​នឹង​ឆ្នាំវក ច​ត្វ​ស័ក ព​.​ស ២៤១៦ គ​.​ស ១៨៧២ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នា​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ដោយមាន​សម្តេចព្រះសង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ។​

សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ និល ទៀង បាន​ចូល​ទីវ​ង្គ​ត​នៅ ឆ្នាំឆ្លូវ បញ្ច​ស័ក ព​.​ស ២៤៥៧ គ​.​ស ១៩១៣ លុះ​១​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ ឆ្នាំខាល ឆស័ក ព​.​ស​២៤៥៨ គ​.​ស ១៩១៤ ក្នុង​ព្រះជន្ម​៦៤​វស្សា ព្រះ​មហាថេរ កែ អ៊ុក បានទទួល​សមណស័ក្តិ ជា ព្រះសង្ឃ​នាយក​ស្តីទី ជំនួស​សម្តេចព្រះសង្ឃរាជ និល ទៀង ដែលជា​ឧបជ្ឈាយ៍​។​

ព្រះអង្គ គ្រប់គ្រង​តំណែង​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​រហូតដល់​ព្រះអង្គ​មាន​ព្រះជន្ម ៨៦​ព្រះវស្សា ទើប​ទទួលបាន​ការតែងតាំង​ជា សម្តេចព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក គណៈមហានិកាយ នា​ឆ្នាំរោង សំរឹទ្ធិស័ក ព​.​ស ២៤៧២ គ​.​ស ១៩២៨ ពី​សំណាក់​ព្រះករុណា ស៊ីសុវត្ថិ ។​
​សៀវភៅ កល្យាណ​មិត្រ​របស់ខ្ញុំ ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃនាយក​គណៈមហានិកាយ ហួត តាត ( ជា​មិត្ត និង ជា​សហការី​ដ៏​ស្និទ្ធ និង ជា​អ្នក​ស្នង តំណែង​សម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត ) បាន​អះអាងថា “ ពេលដែល​ព្រះ​ធម្មលិខិត កែ អ៊ុក ទទួលបាន​ការតែងតាំង​ជា​ព្រះ​សង្ឃនាយក​នោះ ព្រះសង្ឃ​ទាំងអស់​ក្នុង​វត្ត​ឧណ្ណាលោម ពុំ​សូវ​មានការ​គោរព​កោតក្រែង​លោក​ប៉ុន្មាន​ទេ ព្រោះ​មាន​ព្រះ​មហាថេរ ដែលមាន​ព្រះ​សមណសក្តិ ខ្ពង់ខ្ពស់​ដូចគ្នា និង មាន​ព្រះ​ជន្មាយុ​ស្រករ​គ្នា ហើយ​ចេះដឹង​ច្រើនជាង សម្តេចព្រះ​សង្ឃនាយក ( កែ អ៊ុក ) ទៀតផង ។ ម្ល៉ោះហើយ​ក្នុងសម័យ​នោះ ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណាលោម មានការ​រកាំរកូស​ពុំ​សូវ​រៀបរយ​ទេ ។ រីឯ​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះពុទ្ធសាសនា​វិញ កាលពីដើម​ធ្លាប់​មានមក​យ៉ាងណា ក៏​នៅមាន​យ៉ាងនោះ​ជាធម្មតា ឥតមាន​ការប្រែប្រួល​អ្វី​ឡើយ ( ប្រតិបត្តិ​តាម​គ្នាតៗ​ដោយ​ពុំមាន​បទដ្ឋាន​ច្បាស់លាស់ ) ” ។​

សៀវភៅ​ដដែល​ខាងលើនេះ ក៏បាន​បន្ត​ពណ៌នា​ទៀតថា “ ( ប្រហែលជា​ដោយសារ​ឃើញ​ភាពឆ្គាំឆ្គង​ក្នុង​សាសនា​ទើប ) មាន​កាល​ថ្ងៃ​១ ជា​ថ្ងៃ​ជិត​ចូល​វស្សា ពុំ​ដឹង​ជា​ចៃដន្យ​អ្វី បណ្តាលអោយ​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍​១​អង្គ បាន​ទៅ​ទូល​ស្នើ សម្តេចព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ សម្តែង​ព្រះ​វិន័យ​ក្នុង​ព្រះវិហារ​វត្ត​ឧណ្ណាលោម​រាល់​រាត្រី ដើម្បីអោយ​ភិក្ខុ​សាមណេរ​ស្តាប់​រហូតដល់​ថ្ងៃ​ចេញ​វស្សា ។ អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍​នោះ បាន​សូម​បវរ​ណា​បូជា​ដោយ​បច្ច័យ​តម្លៃ​១​រៀល ចំពោះ​ការ សម្តែង​១​លើកៗ ” ។​
បន្ទាប់ពី​សម្តេច​ព្រះសង្ឃ​នាយក​អង្គ​នេះ​បានទទួល​តាម​សំណូមពរ​ខាងលើ ភិ​ភ្ខុ​៣​រូប ដែល​គង់ នៅក្នុង​វត្ត​ឧណ្ណាលោម​ដែលមាន​ភាព​ឆ្លៀវឆ្លាត​ក្នុង​ធម៌​វិន័យ​ត្រូវបាន​ស ម្រឹត​សម្រាំង​អោយបំពេញ​កាតព្វកិច្ច​នេះ ។ ភិក្ខុ​៣​រូបនេះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ ១, ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត​១ និង ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត ១ ។​

ព្រះគ្រូ​ទាំង​៣​រូប ដែលមាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់​ហើយ​នោះ ក៏​បន្ថែ​មការ​សំភី​របស់ខ្លួន​ក្នុងការ​សិក្សា​ស្រា​ជ្រាវ​រាវរក​ប្ញ សគល់​នៃ​ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំយកមក​សំដែង និង បង្រៀន​ដល់ ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។​
​មួយរយៈ​មក ភិក្ខុ​សាមណេរ ក្នុង​វត្ត​នេះ​មានការ​ភ្ញាក់រលឹក មើលឃើញ​នូវ​កំហុស​របស់ខ្លួន ដែល​ធ្លាប់​ប្រតិបត្តិ​កន្លងមក ក៏​កើតមាន​ការនិយាយ​គ្នា​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ការប្រតិបត្តិ ខុស និង ត្រូវ ។​
​ទោះ​ចង់ ឬ មិន​ចង់ ក៏​តាមរយៈ​ការជជែក​វែកញែក​រប​ស់​ភិក្ខុ​សាមណេរ​ទាំងនេះ មានន័យថា ព្រះមហា​សង្ឃរាជ និង ព្រះមហា​ថេរ​ដែល​នៅក្នុង​ជួរ​រាជាគណៈ​ក៏បាន​ប្រតិបត្តិ​ខុស​ខ្លះ​ដែរ ហើយ​លើស​ជាងនេះទៅទៀត ក៏​មានន័យថា ព្រះសង្ឃរាជ និង មន្ត្រី​សង្ឃ​ទាំងពួង​មិនដឹង​ខុស និង ត្រូវ ។​

ទោះជា​ព្រះគ្រូ​ទាំង ៣​បាន​ពន្យល់​ទូល​ព្រះមហា​សង្ឃនាយក​ថា​សេចក្តី​ទាំងនោះ​មានចែង​ក្នុង គម្ពីរ​នានា មាន​គម្ពីរ​ព្រះ​ត្រ័យ​ប​ដិ​ក​ជាដើម​ក្តី ក៏​ភាពមិន​សប្បាយ​ព្រះទ័យ និង ភាព​ទោស​មន​ស្ស​យ៉ាង​ក្រៃលែង​បាន​កើតមាន​ឡើងដល់​ព្រះសង្ឃរាជ កែ អ៊ុក និង​ព្រះ​ថេរ​មួយចំនួន​នៅក្នុង​ជួរ​រាជាគណៈ ។​
ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក និង ព្រះ​មហាថេរ​ទាំង​នោះបាន​ពោល​តិះដៀល​ថា ភិក្ខុ សាមណេរ​ដែលមាន​ព្រះគ្រូ​ទាំង​៣​រូបនេះ​ជា​ប្រមុខ​នោះ ថា​នាំគ្នា​និយាយ​ផ្តេសផ្តាស មិនដឹង​យក​ធម៌ ពី​ណា​ពី​ណី​មក​ថា​តាមចិត្ត​ឯង បង្កាច់​បង្ខុស ប្រពៃណី​ទំនៀម​ទំលាប់​ដែល​ពួកលោក និង អ្នកដទៃ​ធ្លាប់ បាន​ប្រតិបត្តិ​តាំងពី​ដូនតា​មក ។     ព្រះសង្ឃ​នាយក​ក៏បាន​បញ្ចប់​លែងអោយ​មានការ​សំដែង​វិន័យ​តទៅទៀត និង ហាមឃាត់​ភិក្ខុ សាមណេរ​ទាំងឡាយ​លែងអោយ​ទៅ​រៀន​ពី​ព្រះគ្រូ​អនាគត​មហា​បុរស​ទាំង នេះ​ទៀត ។​

កម្មវិធី​សំដែង​វិន័យ​ចប់​ត្រឹមនេះ ប៉ុន្តែ​សម្តេចព្រះសង្ឃរាជ និង ព្រះ​មហាថេរ​ទាំងនេះ ទោះ ព្យាយាម​រារាំង និង ដាក់​បំរាម​យ៉ាងណា ក៏​មិនអាច​ទប់​ជាប់​នូវ​សន្ទុះ​ចិត្ត​ប្រកបដោយ​ឆន្ទៈ​មោះមុត នៃ​ការចង់​ចេះ​ចង់ដឹង ខុស និង ត្រូវ ពិតប្រាកដ​នេះឡើយ ។ ផ្ទុយទៅវិញ​ការស្តីបន្ទោស និង បម្រាម​ទាំងនោះ បាន​ពន្យុះ​បញ្ឆេះ​មនសិការ​នេះ​អោយ​រឹតតែ​ខ្លាំងក្លា​ឡើង ។​
​ព្រះគ្រូ ទាំង​៣​រូប​ក៏បាន​បន្ថែម​ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាលនោះ​សុទ្ធតែជា​គម្ពីរ ភាសាបាលី ) ប្រកបដោយ​ឆន្ទៈ​មោះមុត និង ស្មារតី​ម្ចាស់ការ​ជាង​មុន ដោយមាន​កម្មវិធី​ច្បាស់ លាស់​ជាង​មុន ពោលគឺ​ចែក​ការងារ​គ្នា​សិក្សា​ស្រាវជ្រាវ​ក្នុង​គម្ពីរ​ព្រះ​ត្រ័យបិដ​ករួច ដកស្រង់​ទុក​នូវ ចំណុច​ណា​ដែល​សំខាន់ និង យកមកចែក​រំលែក​អោយ​គ្នា​ទៅវិញទៅមក ។​
​សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះ​សង្ឃនាយក​គណៈមហានិកាយ និង ព្រះ​មហាថេរ​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ជួរ​រាជាគណៈ ជា​មេ​នៃ ក្រុម​អភិ​រ័ក្ស​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ និង ការបកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា​មាន​ព្រះ​ត្រ័យបិដក ជា ដើមពី​ភាសាបាលី មកជា​ភាសាជាតិ និង បាន​ប្រឆាំង​ផងដែរ​នូវ ការយក​គម្ពីរ ដីកា​ព្រះពុទ្ធសាសនា​មក បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ហើយ​បាន​តម្រូវអោយ​រក្សា គម្ពីរ​ដីកា​នានា នៅ​ជា​សាស្ត្រា ស្លឹករឹត និង ជា​ភាសាបាលី​សុទ្ធសាធ​ដដែល ។​
​កុដិ​របស់​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត និង កុដិ​របស់​ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត បាន​រង នូវ​ការ​គប់​ដុំឥដ្ឋ ដុំថ្ម​ជារឿយៗ ហេតុនេះ​សុវត្ថិភាព​របស់​ព្រះគ្រូ​អនាគត​មហាបណ្ឌិត​ជាតិ​ទាំង​ទ្វេ​បាន រង​ការគំរាមកំហែង​ទាំង​ផ្លូវ​បុគ្គល ប្រទូស្ត​រាយ​ទាំង​ខាង​ផ្លូវច្បាប់ ។​

ទំនាស់​ក្នុង​ព្រះពុទ្ធសាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំងប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធប​រិ​ស័​ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ ជូរចត់ រហូតដល់ មាន​ពាក្យបណ្តឹង​ចូលមក​ព្រះសង្ឃរាជ កែ អ៊ុក សូម​ព្រះអង្គ​ជុំនុំជម្រះ និង ផ្តន្ទាទោស​ចំពោះ​ព្រះគ្រូ ទាំង​៣​រូបនេះ​ផង​ទៀត ។​
​សៀវភៅ កល្យាណមិត្ត​របស់ខ្ញុំ បាន​បញ្ជាក់ថា ពាក្យបណ្តឹង​ភាគច្រើន ចេញ​មកពី​ខេត្ត​ព្រ​វែង ស្វាយរៀង និង កំពង់ចាម ។ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក ដែល​កំពុង មិន​សព្វព្រះទ័យ​ស្រាប់​ផង​នោះ ក៏បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
​បន្ទាប់ពី ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល សរសើរ ដល់​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៣​អង្គ​នេះ​ជាពិសេស​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត និង បាន​ព្រះរាជទាន ប្រាក់រង្វាន់ ចំនួន ២០​រៀល ដល់​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ។​
​សោតឯ ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែង មានការ​សព្វព្រះទ័យ​ចំពោះ​កិ​ច្ចា​នុ​កិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង​៣​រូបនេះ ជាខ្លាំង ហើយ​មាន​គ្រា​១​នោះ ទ្រង់​បាន មានបន្ទូល​ជាមួយ​ព្រះបិតា ( ព្រះករុណា ស៊ីសុវត្ថិ ) ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ​ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នកធំ​ជាងគេ មានគំនិត​ឈ្នា​និ​ស គេ មិន​ចង់​អោយគេ​ចេះដឹង​…​គួរតែ​ដកចេញ​ពី​តំណែង​ទើប​សម ” ។​
​ទោះជា ពាក្យបណ្តឹង​លើក​នេះ​បាន​ជួប​នូវ​បរាជ័យ​យ៉ាងនេះ​ក្តី ក៏​ក្រុម​នេះ​មិនបាន​បញ្ចប់​ត្រឹមនេះ ឡើយ ហើយ​បាន​បន្ត​ប្រឆាំងនឹង​កិ​ច្ចា​នុ​កិច្ច​របស់​ព្រះគ្រូ អនាគត​មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំងនេះ ដោយ​ប្រការ​ផ្សេងៗ​ទៀត ហើយ​ថែមទាំង​នាំ​អ្នកដទៃ​អោយ​ជំទាស់​ផង ក្នុងនោះ​ក៏មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​នេះ និង មាន​ចំណែក​ក្នុង ការ​បន្ទច់បង្អាក់​នូវ​ការបោះពុម្ព​ជា សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​
​ចាញ់ក្តី​លើក​នេះ​បាន បណ្តាលអោយ​ព្រះសង្ឃ​នាយក កែ អ៊ុក មានការ​អាក់​ព្រះទ័យ​រឹតតែ​ខ្លាំង ហើយ​បាន​កោះប្រជុំ​រាជាគណៈ​ក្នុង​ទី​កុដិ​របស់​ព្រះអង្គ ។ បន្ទាប់មក​បាន​ទៅ​ពឹងពាក់​រដ្ឋមន្ត្រី​១​រូប​ដែល មាន​កិត្តិនាម​ខ្ពង់ខ្ពស់ ( ឈ្មោះ ? ) អោយជួយ​រក​វិធី​ទប់ស្កាត់​សកម្មភាព​របស់​ព្រះ​ថេរ​ទាំងនេះ​កុំអោយ រុលទៅមុខ​ទៀត ។​
​ទំនងជា​ដោយ​ប្រការនេះ ទើប​មិនយូរប៉ុន្មាន មាន​ព្រះរាជប្រកាស​លេខ​៧១ ចុះ​ថ្ងៃទី​ទី​២ ខែតុលា ឆ្នាំ​១៩១៨ បាន​ត្រូវ​ចេញផ្សាយ​ទៅគ្រប់​វត្ត​ទូទាំងប្រទេស​បញ្ញត្តិ​ថា ’ ភិក្ខុ​សាមណេរ​ទាំងឡាយ ខាង​គណៈមហានិកាយ ត្រូវ​ប្រតិបត្តិ​តាម​ទំនៀម​ទំលាប់ សម្តេចព្រះ​មហាសង្ឃរាជ ព្រះនាម និល ទៀង ( ដែល​បាន​ចូល​ទីវ​ង្គ​តទៅ ហើយ​ព្រះ​ធម្មលិខិត កែ អ៊ុក ត្រូវបាន​ព្រះករុណា ស៊ីសុវត្ថិ តែងតាំង​អោយ​ជា​អ្នក​ស្នង​តំណែង ), ខាង​គណៈធម្មយុត្តិកនិកាយ ត្រូវ​ប្រតិបត្តិ​តាម​ទំនៀម​ទំលាប់ នៃ សម្តេចព្រះ​មា​ហា​សុគន្ធា​ធិបតី ព្រះនាម ប៉ាន ។ ភិក្ខុ​សាមណេរ​ណា​ប្រតិបត្តិ​ខុសពី​ទំនៀម​ទំលាប់ ខាងលើនេះ នឹងត្រូវ​មាន​កំហុស ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​ទោសានុទោស ” ។​

ប្រទេសមួយ​ដែល​ប្រកាស​ខ្លួន​ថា​ជា​ពុទ្ធសាសនិក បែរជា​ចេញ​សេចក្តីប្រកាស​ហាមប្រាម បព្វជិត​មិនអោយ​ប្រតិបត្តិ​តាម ពុទ្ធ​ប្បញ្ញត្តិ និង ពុទ្ធា​នុ​ញ្ញា​ត្ត ហើយ​តម្រូវអោយ​ប្រតិបត្តិ​តាម​ទំនៀម ទំលាប់​របស់​បុគ្គល ពោលគឺ ទំលាប់​របស់​សម្តេចព្រះ​មហាសង្ឃរាជ និល ទៀង និង សម្តេច ប៉ាន ទៅវិញ ។​
ព្រះ ​ធម្មលិខិត កែ អ៊ុក និង​ក្រុម​របស់​ព្រះអង្គ​មាន​ក្តី​សោមនស្ស​យ៉ាងខ្លាំង​ចំពោះ ព្រះរាជប្រកាស​នេះ ។ ទីណា​ក៏ដោយ​អោយតែ មាន​ពាក្យបណ្តឹង​ចំពោះ​ភិក្ខុ​សាមណេរ​ណាមួយ​នោះ សម្តេចព្រះ​សង្ឃនាយក និង សហការី​របស់​ព្រះអង្គ​តែងតែបាន​កាត់ទោស​បណ្តេញ ឬ ផ្សឹក​ភិក្ខុ សាមណេរ នោះ​ដោយ​មិន​បន្ធូរដៃ​ឡើយ ។​
​ទោះយ៉ាងណា ដោយសារ​សេចក្តីប្រកាស​នោះ​ហាម​បព្វជិត​មិនអោយ​ប្រតិបត្តិ​តាម​ពុទ្ធា​នុ​ ញ្ញា ត្ត ហើយ​បែរជា​អោយ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​បុគ្គល​នោះ ទើ​ប្រសិទ្ធភាព​នៃ​សេចក្តីប្រកាស​នេះ​បាន សាបរលាប​ក្នុង​រយៈពេល​មិនយូរ ហើយ​ភិក្ខុ​សាមណេរ​ដែលជា​អ្នកប្រតិបត្តិ​តាម​ពុទ្ធ​ប្បញ្ញត្តិ និង ពុទ្ធា​នុ​ញ្ញា​ត្តិ ក៏​មិនត្រូវ​បា​ធ្វើទុក្ខបុកម្នេញ​ទៀត​ដែរ ។​

កាលនោះ​ប្រទេសជាតិ​ស្ថិតនៅក្រោម​អាណានិគម​បារាំង បន្ទាប់ពី​ពេលវេលា​ដ៏​វែង​អន្លាយ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស សៀម និង យួន​ផង និង សង្គ្រាម​ដណ្តើម​អំណាច​ផ្ទៃក្នុង​ផង​នោះ បាន​រុញច្រាន​ប្រទេស​កម្ពុជា​ដ៏​ធ្លាប់តែ​ជា​អាណាចក្រ​ដ៏ ធំធេង និង រុងរឿង​នោះ ធ្លាក់​ទៅក្នុង​រណ្តៅ​ហាយនភាព​គ្រប់យ៉ាង ។​
គម្ពីរ ក្បួនខ្នាត និង គ្រឹះស្ថាន​អប់រំ ក៏ដូចជា​ប្រាជ្ញ​បណ្ឌិត និង បញ្ញាជន​ក៏ត្រូវ​វិនាស​បាត់ បង់​ស្ទី​រ​គ្មាន​សល់ ជាហេតុ​នាំអោយ​មនុស្ស​ខ្មែរ​ទាំង​ព្រះសង្ឃ ( មាន​សម្តេចព្រះ​មហាសង្ឃរាជ គណៈមហានិកាយ និល ទៀង និង ព្រះមហា ប៉ាន ព្រះសង្ឃរាជ​គណៈ​ធម្មយុត្ត ជាដើម ) និង គ្រហស្ថ​នាំគ្នា​ទៅ​សិក្សា​នៅ​ប្រទេសជិតខាង ជាពិសេស​ប្រទេស​សៀម ។​
និន្នាការ ​នេះ​ជាដើម បានធ្វើអោយ​រាជការ​ខ្មែរ និង រាជការ​អាណាព្យាបាល​បារាំង បារម្ភ​ថា​ប្រការនេះ​នឹងធ្វើ​អោយ​ប្រទេស​កម្ពុជា​ទទួល​ឥ​ទ្ធ​ពល​វប្បធម៌ និង មនោគមន៍​ពី​ប្រទេស​សៀម ជា​ដំណើរ​ឆ្ពោះទៅរក​ការ​នៅក្រោម​អំណាច​នៃ​ប្រទេស​ដែល​តែងតែ​សំលឹង​រក​ឱកាស លេប​ត្របាក់​ទឹកដី​ខ្មែរ​នេះ​ទៀត ។​

ចំពោះ​រាជការ​អាណាព្យាបាល បារាំង ទំនោរ​នេះ​នាំអោយ​ប៉ះពាល់​ប្រយោជន៍​នៃ​ការត្រួតត្រា របស់ខ្លួន​មកលើ​កម្ពុជា ដោយហេតុនេះ សាលាបង្រៀន​ភាសាបាលី ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង ( តាំងពី​បែក​ក្រុង​អង្គរ ) នៅ​នគរវត្ត ខេត្តសៀមរាប​នៅ​ឆ្នាំ​១៩៩០៩ ឈ្មោះ បរម​ពុទ្ធវចន​បរិយត្តិ​បសាទ ។ ទោះជា​សាលា​បាលី​នេះ​បាន​បរាជ័យ​ក្រោយពី​បាន​ដំណើរការ​រយៈ​២​ឆ្នាំ ដោយសារ​នៅ​ឆ្ងាយ​ពី​ក្រុង​ក្តី ក៏​ពួក​អ្នកដឹកនាំ​មិនបាន​បោះបង់​បំណង​ឧ​ត្ត​ម​គតិ​ជាតិ​ដែរ ហើយ​បាន​ព្យាយាម​យក​បទពិសោធ​បរាជ័យ នោះមក​កែប្រែ ។​
​នៅ​ឆ្នាំ​១៩១៤ ( សៀវភៅ​ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ ថា ឆ្នាំ​១៩១១ ) មាន​សាលា​បាលី​១​ទៀត​បាន​ត្រូវ​បង្កើតឡើង​នៅ​ភ្នំពេញ ក្រោម​ព្រះ​រាជូបត្ថម្ភ នៃ ព្រះករុណា ស៊ីសុវត្ថិ ។ ដោយសារ​ពុំទាន់​មាន​អាគារ​សម្រាប់​ប្រើប្រាស់​ក្នុង​បំណង​នេះ ទើប​យក​មន្ទីរ​ព្រះ​សទ្ធម្ម និង ថែវ​ភាគ​ខ្លះ នៃ ព្រះវិហារ​ព្រះ​កែវ​មរកត ( ក្នុង​ព្រះបរមរាជវាំង ) ធ្វើជា​អាគារ​សិក្សា​បណ្តោះអាសន្ន ។​

សាលាបង្រៀន​ភាសាបាលី​នេះ បាន​បន្ត​អភិវឌ្ឍន៍​ជា​លំដាប់​រហូតដល់​ក្លាយជា​សាលា​បាលី ជាន់ខ្ពស់ ( សព្វថ្ងៃ ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) នៅ​ខែមេសា ឆ្នាំ​១៩២២ (​សៀវភៅ​ប្រវត្តិ​សង្ខេប ពុទ្ធសាសនបណ្ឌិត្យ ថា ឆ្នាំ​១៩១៤ ) ។​
​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​១៩៣០ មន្ទីរ​សម្រាប់​អ្នកប្រាជ្ញ​ព្រះពុទ្ធសាសនា មាន​ឈ្មោះថា វិទ្យា​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បង្កើតឡើង ។
សាលា បាលី​ជាន់ខ្ពស់ និង វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ សុទ្ធតែជា​កម្មបទ នៃ ការពង្រីក​ទៅ ប្រទេស​ក្នុង​ឥណ្ឌូចិន បារាំង​សេស (​កម្ពុជា​, កូសាំងស៊ីន ដែល​សព្វថ្ងៃ​កម្ពុជា​ក្រោម ឬ វៀតណាម ខាងត្បូង​,  តុងកឹង និង លាវ ) ដោយ​ចាប់​ផ្តើមចេញពី​ប្រទេស​ខ្មែរ ។ ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត និង សមាជិក​ដ៏ទៃទៀត​នៃ​ថ្នាក់ដឹកនាំ​សាលា​បាលី​ជាន់ខ្ពស់​, វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក៏ដូចជា​ថ្នាក់ដឹកនាំ រាជការ​ខ្មែរ និង រាជការ​អ​ណា​ព្យាបាល​បារាំង​បាន យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដើម្បី ធ្វើ​កិច្ចការ ទាំងនេះ គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ​ខ្មែរ​ច្រើន​ហួស​ពី​បរិយាយ ។​

កិ​ច្ចា​នុ​កិច្ច​ទាំងនេះ ទោះ​ផ្នែក​ខ្លះ​ជា​គំនិត​ដែល​បាំ​រាំង​ខ្លាច​បាត់បង់​ផលប្រយោជន៍​របស់ខ្លួន ក្នុង ការគ្រប់គ្រង​កម្ពុជា​ក្តី ក៏​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​ក្នុងការ​កសាង​ជាតិ​ឡើងវិញ​តាំងពី​បែក​អង្គរ​មក ។ ពុំទាន់​មាន​ឯកសារ​ណា​បញ្ជាក់ និង បកស្រាយ​ពី​មូលហេតុ​នៃ​ទង្វើ​របស់​ក្រុម​អភិរក្ស​បុរាណ និយម​នេះ​អោយបាន​ច្បាស់លាស់​នៅឡើយ ។ ពួក​អ្នកប្រវត្តិសាស្ត្រ​ហាក់ដូច​ពុំ​ហ៊ាន​បកស្រាយ ឬ ដោយ​ទុកអោយ​អ្នកសិក្សា​ជំនាន់​ក្រោយ​ឈ្វេងយល់​រៀងៗ​ខ្លួន ។​
ទោះយ៉ាងណា យើង​អាច​សន្និដ្ឋានបានថា មកពី​គំនិត​មើល​មិនបាន​វែងឆ្ងាយ​នៃ​ក្រុម​នេះ ហើយ​ប្រការ​មួយទៀត​ក៏​ប្រហែលជា​មានការ​ភ័យខ្លាច​ខ្លួនឯង​បាត់បង់​ឥទ្ធិពល នៅពេលដែល​ឃើញថា​ក្រុម ព្រះ​ថេរ​ក្មងៗ​ទាំងនេះ​មាន​ភាពជឿនលឿន​ជាង​ខ្លួន​ទាំង​ចំណេះវិជ្ជា និង គំនិត​បញ្ញា ក៏ដូចជា​ទស្សនៈវិស័យ ហើយក៏​អាចមកពី​ភាព​មានះ​បង្កប់ខ្លួន​នៅក្នុង​សន្តាន​ផងដែរ ។​
​ពិត​ហើយ ថា អភិរក្ស ជា​កត្តា​មិនអាច​ខាន​បាន ប៉ុន្តែ​អភិរក្ស​ហួសហេតុ​ពេក គឺជា​ការចាប់ផ្តើម រេចរឹល និង ការ​ពុកផុយ​ទៅវិញ ដែល​ប្រការនេះ​នរណា​ក៏​អាច​យល់​បានដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s