សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃ​រាជ ហួត តាត មហា​បុរស​ទី​២


3

សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃរាជ ហួត តាត ប្រសូត្រ​នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែបុស្ស ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៤៣៥ គ​.​ស ១៨៩២ នៅ​ភូមិ​ផ្សារ​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត ។​
អាយុ ៧​ឆ្នាំ កុមារ​តាត បាន​ទៅ​ស្នាក់នៅ សិក្សា​អក្សរសាស្ត្រ លេខនព្វន្ត​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ មាស ហើយ​បាន​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​អង្គ​នេះ នៅពេល​មាន​អាយុ ១៣​ឆ្នាំ ។ អា​នាគ​ត​បញ្ញវ័ន្ត​សង្ឃ​ខ្មែរ​ដ៏​មាន​ឧបការគុណ ចំពោះ​ព្រះពុទ្ធសាសនា និង ជាតិខ្មែរ​អង្គ​នេះ បាន​សិក្សា​បរិយត្តិ​ធម៌ (​ធម៌​ផ្នែក​ឯខាង​ទ្រឹស្តី​) ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ ។​
ឆ្នាំជូត ព​.​ស ២៤៥៦ គ​.​ស ១៩១២ ក្នុង​វ័យ ២០​ព្រះវស្សា ( តាម​កល្យាណមិត្ត​របស់​ខ្ញុំ ជា​ស្នា​ព្រះ​ហ​ស្ថ​ផ្ទាល់ របស់​សម្តេច ហួត តាត ) សាមណេរ ហួត តាត បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ដោយមាន​សម្តេច​ព្រះមហា​សង្ឃរាជ​គណៈមហានិកាយ ៣​រជ្ជកាល (​រជ្ជកាល​ព្រះករុណា អង្គឌួង​, ព្រះករុណា នរោត្តម និង ព្រះករុណា ស៊ីសុវត្ថិ ) និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ។​

១៥​ថ្ងៃ​ក្រោយមក ត្រូវបាន​សម្តេចព្រះសង្ឃរាជ និល ទៀង តែងតាំង​ជា ព្រះគ្រូ​សង្ឃ​វិជ្ជា (​លំដាប់​ពី​នោះ​១៥​ថ្ងៃ ព្រះ​បាឡាត់ ជួន ណាត ក៏​ត្រូវបាន​សម្តេចព្រះសង្ឃរាជ និល ទៀង តែងតាំង​ជា​ព្រះគ្រូ​សង្ឃ​ស​ត្ថា ដែរ​) ។​
​ដោយមាន​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត បបួល​ជារឿយៗ​នោះ ព្រះអង្គ​បាន​សិក្សា​ភាសា​បារាំង​រៀងរាល់​យប់​ជាមួយនឹង​ព្រះគ្រូ​សង្ឃ​ស​ ត្ថា នៅក្នុង​កុដិ​របស់​ព្រះអង្គ ( ជួន ណាត ) នា​វត្ត​ឧណ្ណាលោម ដោយមាន​ប្អូន​របស់​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជា​គ្រូ ហើយ​ការសិក្សា​នេះ​តែងតែ​ធ្វើឡើង​ដោយ​បិទទ្វារ​កុំ​អោយគេ​ឃើញ ត្បិត​សម័យ​នោះ ព្រះសង្ឃ​ណា​សិក្សា​ភាសា​បារាំង​ត្រូវគេ​លើកទោស​ដាក់ ។​
ច្រើន​ខែក្រោយ​មក ភិក្ខុ​ជា​កល្យាណមិត្ត​ទាំងពីរ​អង្គ​នេះ បាន​ចេះ​ភាសា​បារាំង​អាច​អាន និង សរសេរ​បាន​ខ្លះៗ ទើប​លួចលាក់​ទៅ​សិក្សា​ពី​សំណាក់​គ្រូ ជា​ជាតិខ្មែរ​ម្នាក់ទៀត​ឈ្មោះ ឡាំ អ៊ុំ ដែលជា​គ្រូបង្រៀន​ភាសា​បារាំង​អស់​រយៈពេល​ជាច្រើន​ខែ ។ ដោយមាន​ចរិត​ជា​មនុស្ស​មិន​ចូលចិត្ត​ធ្វើ​អ្វី​សើរៗ លោក​ក៏​បន្ត​សិក្សា​ភាសា​នេះ​ជាមួយ​លោក ពូ លិ​សេ ជា​ជនជាតិ​បារាំង ដែល​រាជការ​បារាំង​បាន​ចាត់​អោយមក​បង្រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់ ។​

​ជា​សិស្ស​របស់​ក្លឹ​ង្គ​លក់​សណ្តែកដី​
គ្រាមួយ​នោះ​បុរស​ជាតិ​ក្លឹ​ង្គ​ម្នាក់ ឈ្មោះ ឧទ​ម្ពៃ ស្ពាយ​សណ្តែកដី​ដើរ​ពពាយនាយ​លក់​នៅក្នុង​វត្ត​ឧណ្ណាលោម ។ ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត បាន​ហៅ​ក្លឹ​ង្គ​នោះ​ចូលមក​សួរ​ក្នុង​កុដិ​ថា “ តើ​អ្នកចេះ​ភាសា​សំ​ង្ក្រឹ​ត​ទេ ? ” បុរស​ដើរ​លក់​សណ្តែកដី​រូប​នោះបាន​ឆ្លើយថា “ ចេះ ” ។ ព្រះគ្រូ​សង្ឃ​ស​ត្ថា សុំអោយ​បុរស​នោះ​បញ្ចេញ​សំនៀង​សាកល​មើល ។ បុរស​នោះបាន​សូត្រ​គាថា ដោយមាន​ការលើកដាក់​តាមបែប​សំនៀង​ភាសាសំស្ក្រឹត​ចំនួន​ពីរ​បី​គាថា ទើប​ព្រះគ្រូ​សង្ឃ​ស​ត្ថា សុំ​ក្លឹ​ង្គ​នោះ អោយ​បង្រៀន​ភាសាសំស្ក្រឹត ជាហេតុ​នាំអោយ​ព្រះអង្គ ( ហួត តាត ) បាន​សិក្សា​ភាសាសំស្ក្រឹត​នៅក្នុង​កុដិ​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត នៅក្នុង​កុដិ​ដដែល​នេះ​ទៀត រហូត​បាន​ចេះ​អាន​ចេះ​សរសេរ​អក្សរ​ទេវនាគរី ( អក្សរ​សម្រាប់​សរសេរ​ភាសាសំស្ក្រឹត ) និង ភាសាសំស្ក្រឹត​បាន​ខ្លះ  ។​
ហាក់ដូចជា​មិនទាន់មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់លាស់​ពី​ក​ម្រឹត​សិក្សា របស់​ព្រះមហា​សង្ឃរាជ​អង្គ​នេះឡើយ ប៉ុន្តែ​យើង​បានដឹងថា ព្រះអង្គ និង​សម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត រមែង​មានការ​សិក្សា​ស្របគ្នា ជាមួយគ្នា​ស្ទើរ​គ្រប់មុខ​វិជ្ជា ។ យើង​បានដឹង​ទៀតថា នៅ​ព​.​ស ២៤៥៧ គ​.​ស ១៩១៣ សម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត ដែល​កាលនោះ​ព្រះអង្គ​នៅ​ជា ព្រះគ្រូ​សង្ឃ​ស​ត្ថា បាន​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះ​ឧបោសថរតនារាម​វិហារ ព្រះ​កែវ​មរកត ចំពោះ​ព្រះ​ភក្ត្រ​ព្រះករុណា ស៊ីសុវត្ថិ បាន​៤​ប្រយោគ ជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​នា​សម័យ​នោះ ។ បុគ្គល​ដែល​អាច​ចូល​ប្រឡង​ប្រភេទ​នេះ​បាន លុះណាតែ​បាន​សិក្សា​សាលា​បាលី​ជាន់ខ្ពស់​ចប់​ដោយ​បរិបូរ ហើយ​ជា​អ្នក​ឆ្លៀវឆ្លាត​ទៀតផង ។ ហេតុនេះ​យើង​អាច​គិតថា ព្រះមហា​សុមេធាធិបតី ហួត តាត ក៏បាន​សិក្សា​ចប់​សាលា​បាលី​ជាន់ខ្ពស់​ដែរ ។​

ធម៌​ចាស់ និង ធម៌​ថ្មី​
បន្ទាប់ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​ទីវ​ង្គ​ត​បាន​ប្រមាណ​ជា​១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យ​តែងតាំង​ព្រះ​ថេរៈ កែ អ៊ុក គង់នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ជា​ព្រះ​ធម្មលិខិត ព្រះ​សង្ឃនាយក​គណៈមហានិកាយ​នៅ ព​.​ស ២៤៥៨ គ​.​ស ១៩១៤ ។​
​ សម័យ​នោះ ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម ជា​ព្រះមហា​ថេរៈ មាន​សមណស័ក្តិ និង វ័យ​ប្រហាក់ប្រហែលគ្នា នឹង​ព្រះអង្គ ហើយ​ព្រះ​ថេរៈ​អង្គ​ខ្លះទៀត​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ ទើប​ពុំ​សូវ​មាន​ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ នៅក្នុង​វត្ត​ឧណ្ណាលោម ជា​វត្ត​ប្រមុខ នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​នោះ មាន​ភាព​រកាំរកូស​ច្រើន មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ ហើយក៏​ពុំមាន​ការសិក្សា​រក​ខុសត្រូវ​ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែរ ពោលគឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។​
ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​១​អង្គ ( នាម … ? ) ទំនងជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ សាមណេរ​ក្នុង​វត្ត​នេះ​ជាដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេចព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម រាល់​រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និង បា​នស​ម្រឹត​សម្រាំង​ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណាលោម បាន​៣​អង្គ​ដែលជា​អ្នកមាន​ភាព​ឆ្លៀវឆ្លាត​ផ្នែក​ខាង​ធម៌​វិន័យ ។ ភិក្ខុ​៣​រូបនោះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត និង ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ។​
​ទទួលបាន​កាតព្វកិច្ច​ដ៏ សំខាន់​នេះ ព្រះគ្រូ​ទាំង​៣​រូប​ដែលមាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែ​មការ​សំភី​របស់ខ្លួន​ក្នុងការ​សិក្សា​ស្រា​ជ្រាវ​រាវរក​ឬ សគល់ នៃ ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំយកមក​សំដែង និង បង្រៀន​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។​
មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ស្តាប់ និង បាន​រៀន​មក ភិក្ខុ​សាមណេរ​ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម ចាប់ផ្តើម​ភ្ញាក់រលឹក និង មើលឃើញ​ពី​កំហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក ជាហេតុ​នាំអោយ មានការ និយាយ​គ្នា​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និង ត្រូវ ។ ប្រការនេះ​បាន​បណ្តាលអោយ​សម្តេចព្រះ​សង្ឃនាយក និង ព្រះមហា​ថេរៈ​មួយចំនួន​ក្នុង​ជួរ​រាជាគណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ ) ។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេស កម្ពុជា​ទាំងនេះ​បាន​ពោល​លើកទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែលមាន​ព្រះគ្រូ​ទាំង​៣​រូប​ជា​ប្រមុខ​នេះ​ថា ពោល​ពាក្យ​ផ្តេសផ្តាស បង្កាច់ បង្ខុស ពី​ទំនៀម ទំលាប់​ចាស់​ដែល​ពួកខ្លួន​ធ្លាប់បាន​ប្រតិបត្តិ ជា​យូរលង់​ណាស់​មកហើយ និង បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែងអោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។​
​កម្មវិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹមនេះ ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹង ខុស និង ត្រូវ​ពិតប្រាកដ​នេះ មិនបាន បញ្ចប់​ត្រឹមនេះ​ទេ ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំងក្លា​ឡើង ។     ចំណែក​ព្រះគ្រូ​ទាំង​៣​រូប​ក៏បាន​បន្ថែម ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាលនោះ​សុទ្ធតែជា​គម្ពីរ​ភាសាបាលី ) របស់ខ្លួន​កាន់តែខ្លាំង និង ប្រកបដោយ​ឆន្ទៈ​មោះមុត​ជាង​មុន ដោយសារ​ពួកលោក​យល់ និង ប្រាកដថា អ្វីដែល​ពួកលោក​បាន និង កំពុង​ធ្វើ​នោះ​គឺ​ពិតជា​ត្រឹម និង ត្រូវ ឥតមាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយក៏​ប្រាកដ​ក្នុង​ចិត្ត​ថា រាល់​កិ​ច្ចា​នុ​កិច្ច​នោះ ត្បិតតែ​ចិត្ត​បង្កាច់ បំបាក់​អ្នកដទៃ ឬ ថា​ឥច្ឆា​ឈ្នា​និ​ស​បុគ្គល​ណា​ម្នាក់ ឬ ថា​ដោយសារ​ម​ហិ​ច្ឆ​ត្តា​ប្រាថ្នា​លើក​តំកើង​ខ្លួនឯង ក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន និង ភាព​ត្រឹម និង ត្រូវ​នៃ​ព្រះពុទ្ធសាសនា អោយ​ពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និង ប្រតិបត្តិ​ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​ការ​ពោល​អះអាង​ទាំងនោះ​ជា​គំនិត​របស់ ពួកលោក​ផ្ទាល់ ក៏​មិនមែន ប៉ុន្តែ​វិន័យ​ទាំងនោះ​មានចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យបិដក ជាអាទិ៍ ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួក អ្នក​ប្រកាន់​បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុងការ​ពិនិត្យ​តែប៉ុណ្ណោះ ។ ( សូម​អាន បន្ថែមទៀត សៀវភៅ កល្យាណមិត្ត​របស់ខ្ញុំ និពន្ធ​ដោយ​សម្តេច ព្រះមហា​សុមេធាធិបតី ហួត តាត ព្រះសង្ឃ​នាយក​គណៈ មហានិកាយ ) ។​

ពាក្យ​ថា “ ធម៌​ចាស់ ” និង “ ធម៌​ថ្មី ” ក៏បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ទឹកដី​ខ្មែរ​ចាប់ពីពេលនោះ ពោលគឺ​ចេញពី​វត្ត​ឧណ្ណាលោម ។ ក្រុម​ដែល​ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់ តៗ​គ្នា​ពី​បុរាណ  ( ទោះជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវ​តាម​ពុទ្ធោវាទ​ក្តី ) ហៅថា “ ពួក​ធម៌​ចាស់ ” ហើយ​ពួកនេះ​មិន​រវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដីការ​ដែលជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។
ក្រុម​ដែល​សិក្សា​ពិនិត្យ និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញថា​ទំលាប់​ណា​ខុស ។ ក្រុម​ត្រូវបាន​ហៅថា “ ក្រុម​ធម៌​ថ្មី ” ។​
សម្តេចព្រះ​មហាសុមេធាធិបតី ហួត តាត បាន​បញ្ចេញ​ទស្សនៈ​ថា “ ពាក្យ ធម៌​ចាស់ និង​ធម៌​ថ្មី នេះ ជា​ពាក្យ​អ​ព្វ​មង្គល អ្នកបង្កើត​អោយមាន​ពាក្យ​នេះ ជា​កំហុស​ដ៏​ធំ​សម្បើម និង គួរអោយ សោកស្តាយ​យ៉ាង​ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី  ” ។​
នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ មហាបណ្ឌិត អក្សរសាស្ត្រ​ខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល​ថា “ អ្នកខ្លះ​និយាយ​ខុស​ទាំងស្រុង​ថា នៅក្នុង​សាសនា​យើង​មានធម៌​ថ្មី ធម៌​ចាស់ ។ តាម​ការពិត​យើង ពុំមាន​ធម៌​២​ទេ មានតែ​១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការដែល​ខំ​ស​ម្រឹត​សម្រាំង​ព្រះ​សាសនា អោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការយល់​ហួស​ហេតុផល និង ទម្លាប់​ខុស គឺ​ពុំមែន​ធ្វើអោយ ព្រះពុទ្ធសាសនា​ទៅជា​បែប​ថ្មី​ទេ ។ ការពិត​គឺ​ធ្វើអោយ​ព្រះ​សាសនា​ត្រឡប់​ទៅរក​ប្រភពដើម​ដ៏​ត្រឹម ត្រូវ​ល្អ​វិញ​តែប៉ុណ្ណោះ ” ។​

សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះ​សង្ឃនាយក​គណៈមហានិកាយ និង ព្រះមហា​ថេរៈ​មួយ ចំនួន​ដែល​ស្ថិតនៅក្នុង​ជួរ​រាជាគណៈ ជា​មេក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ ដែល​តម្រូវអោយ​បកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា ពី​ភាសាបាលី មកជា​ភាសាជាតិ ។ ក្រុម​បុរាណ​និយម នេះ​ក៏បាន​ប្រឆាំង​ផងដែរ នឹង ការយក​គម្ពីរ ដីកា​ព្រះពុទ្ធសាសនា​មក​បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ដោយ​ក្រុម​នេះ​បាន​តម្រូវអោយ​រក្សា គម្ពីរ​ដីកា​នានា អោយនៅ​ជា​សាស្ត្រា​ស្លឹករឹត ដដែល ។​
ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត , ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុងការ​ស្រាវជ្រាវ​ចងក្រង ជា​សៀវភៅ​ដូចជា​សៀវភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​, សីមា​វិនិច្ឆ័យ​សង្ខេប , គ​ហិប្ប​ដិ​ប​ត្ត  និង កឋិន​ក្ខ​ន្ធ​ក ជាដើម បើទោះជា​ត្រូវបាន​ក្រុម​សម្តេច ព្រះសង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណាក្តី ។​
ទំនាស់​ក្នុង​ព្រះពុទ្ធសាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំងប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធប​រិ​ស័​ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ ជូរចត់ រហូតដល់ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក បានធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជ អន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
បន្ទាប់ពី​ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល​សរសើរ យ៉ាង​ក្រៃលែង​ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៤​អង្គ​នេះ និង បាន​ព្រះរាជទាន​ប្រាក់រង្វាន់ ចំនួន ២០​រៀល ( កាលនោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​ស​ត្ថា ។​

សោតឯ ​ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែងមាន​ការសព្វព្រះទ័យ​ចំពោះ​កិ​ច្ចា​នុ​កិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង ​៤ រូបនេះ​ជាខ្លាំង ហើយ​មានពេលខ្លះ​បាន​មាន បន្ទូល​ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នកធំ​ជាងគេ មានគំនិត​ឈ្នា​និ​ស គេ មិន​ចង់​អោយគេ​ចេះដឹង​…​គួរតែ​ដក ចេញពី​តំណែង​ទើប​សម ” ។​
ក្រុម​នេះ​មិនបាន​បញ្ចប់​ត្រឹម​នេះឡើយ ហើយ​បាន​បន្ត​ប្រឆាំងនឹង​កិ​ច្ចា​នុ​កិ​ន្ច​របស់​ព្រះគ្រូ អនាគត មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំងនេះ​ដោយ​ប្រការ​ផ្សេងៗ​ទៀត ដែល​ក្នុង​ក៏មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង មាន​ចំណែក​ក្នុងការ​បន្ទច់ បង្អាក់​នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​
គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា គ​.​ស ១៩៣៧ ដែល មាន​សមាជិក​៤​រូប​ដើម្បី​សិក្សា​ពី​ភាព​ផ្សេងគ្នា​រវាង​ធម៌​ចាស់ និង ធម៌​ថ្មី និង ដើម្បី​រក​មធ្យោបាយ​បន្សាត់ បង់​នូវ​ជម្លោះសាសនា​នាពេលនោះ ។ សមាជិក​ទាំង​បួន​រូបនោះ​គឺ ព្រះគ្រូ​សំស​ត្ថា ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។​

អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូ​ត៍ ជា​ចាងហ្វាង​សាលា​បារាំងសែស ( សាលា​ចុង​បូព៌​ពា ) នាទី​ក្រុង ហាណូយ បាន​មកដល់​ប្រទេស​ខ្មែរ​នៅ​ឆ្នាំ​១៩២២​ក្នុង​បេសកកម្ម ពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត និង ការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ ។ លោក ហ្វី​ណូ​ត៍ ជា​អ្នក​ស្ទាត់ ជំនាញ​នូវ​ភាសាបាលី សំស្ក្រឹត និង អក្សរ​ខ្មែរ​បុរាណ ដែលមាន​ចារិក​លើ​ផ្ទាំង​ថ្ម​នានា ។ លោក​យល់ថា ខ្មែរ​មិនគួរ​សិក្សា​ភាសាឡាតាំង ទៀត​ទេ ព្រោះ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន ហើយ ថា​នៅ​សាលា​ធំៗ ខ្មែរ​គួរ​សិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង ច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។​
លោក​បាន​មើលឃើញ​ទៀតថា ឥឡូវនេះ ភាសាបាលី​មាន​អ្នកសិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​សោះឡើយ ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ ឡឺ​រ៉េស៊ីដង់​ត៍ ស៊ូ​ប៉េ​រី​យើរ ( ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវបញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែលមាន​ចំណះ​វិជ្ជា​ច្បាស់លាស់ ផ្នែក ភាសាបាលី ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា ) ទៅ​ទីក្រុង​ហាណូយ ហើយ​លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូន​ព្រះសង្ឃ ទាំងពីរ​រូបនោះ អោយ​ត្រឡប់មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។​
រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយរូប​គឺ​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ដែល​កាលនោះ ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​សាលា​បាលី ជាន់ខ្ពស់ ( ពុទ្ធិ​កសកល វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) ។​
​ព្រះគ្រូ​សង្ឃ ស​ត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា “ បើ​រាជការ​បញ្ជូន​ព្រះសង្ឃ​អង្គណា​ទីទៃ​ពី ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត នោះ ព្រះអង្គ​នឹងមិន​និមន្ត​ទៅ​សិក្សា​ឡើយ ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ ដែលមាន​ចំណេះវិជ្ជា​ផ្នែក​ភាសាបាលី និង សំស្ក្រឹត​នេះ​ស្រាប់ សោតឯ​អា​ធ្យា​ស្រ័យ​ក៏ត្រូវ​គ្នា​ជាមួយ នឹង​ព្រះអង្គ​ផង​ទៀត ” ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វ​ជ្ជា នៃ យើង​ក៏បាន​ត្រូវ​បញ្ជូនទៅ​សិក្សា នៅ​ទីក្រុង​ហាណូយ ជាមួយ​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ទៀត​។​

ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់ ពេល​បានដឹងថា ព្រះគ្រូ​ទាំងពីរ​រូប​ដែលជា​អ្នក​ដឹក នាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គង​អោយ​ត្រឡប់​ជា​ត្រឹមត្រូវ វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ត្រូវបាន រាជការ​ជ្រើសរើស​បញ្ជូន​អោយទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួកនេះ​មានការ​សប្បាយចិត្ត ហើយ បាន​ផ្សព្វផ្សាយ​ថា ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះបង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ ប៉ុណ្ណោះ ហេតុនេះ មុខជា​នឹងមិន​មាន​ថ្ងៃ​ណា​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។​
​ព្រះ គ្រូ​មាន​សារជាតិ​ជា​បណ្ឌិត​មិនមាន​ទោមនស្ស​នឹង​រឿងនេះ​ឡើយ លោក​បាន​ខិតខំ​សិក្សា មិន​តែ​ភាសាសំស្ក្រឹត​ឡើយ លោក​ថែមទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក និង ស្វែងយល់​ពី​ជីវភាព ស្រុកទេស​នៅ​ទីនោះ​ផងដែរ ។​
ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក​អនាគត​មហា​បុរស​របស់​យើង ទាំង​ទ្វេ ត្រូវបាន​បញ្ជូន​ត្រឡប់មក មាតុប្រទេស​វិញ ហើយ​ព្រះគ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ត្រូវ​បានអោយ បន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យ ភាសាបាលី​តទៅទៀត ខណៈ​ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ត្រូវបាន​តែង តាំង​ជា​សាស្ត្រាចារ្យ​បង្រៀន ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា ចាប់ តាំងពី​ការដួលរលំ​អាណាចក្រ​អង្គរ ។​

បេសកកម្ម​នានា​
សៀវភៅ​ប្រវត្តិ​សង្ខេប​ពុទ្ធសាសនា​បណ្ឌិត្យ បាន​បរិយាយ​ថា ’ អគ្គទេសាភិបាល ប៉ា​ស្គី​យេ​រ​
បាន ​ផ្ញើលិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​១០ ខែកក្កដា  ១៩២៩ មក​លោក​រ៉េស៊ីដង់​ជាន់ខ្ពស់​ប្រចាំ​កម្ពុជា ដើម្បី​ទូលថ្វាយ​ព្រះករុណា ស៊ីសុវត្ថិ​មុនី​វង្ស ក្នុង​បំណង​ស្នើ​បញ្ជូន​ព្រះសង្ឃ​មួយអង្គ ដែល​ចេះ​ភាសា​បារាំង​ដើម្បី​ជួយ​សំរួល និង ផ្សព្វផ្សាយ​អោយ​ព្រះសង្ឃ និង ឧបាសក​ឧបាសិកា យល់​ពី​សារៈសំខាន់ នៃ ការបង្កើត​មន្ទីរ​សំរាប់​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា (​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​) ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត និង អភិ​រ័ក្ស​ព្រះរាជ​បណ្ណាល័យ ចេញដំណើរ​ទៅ​កូសាំងស៊ីន​តាម សេចក្តីស្នើ​” ។
ប៉ុន្តែ​នៅ​ទំព័រ​៦៣ សៀវភៅ​ដដែល​នេះ​បែរជា​និយាយថា ’ ១៩២៨ ព្រះអង្គ​ត្រូវបាន​បញ្ជូនទៅ កូសាំងស៊ីន ជាមួយនឹង​អភិ​រ័ក្ស​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​អោយ​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​អំពី​ប្រពៃណី​ខ្មែរ ហើយ​ព្រះអង្គ​បាន​និមន្ត​ទៅ​ទីនោះ​ម្តងទៀត​ដើម្បី​ពន្យល់ ពី​ការបង្កើត និង ផលប្រយោជន៍​នៃ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ”  ។​
យើង​កត់ចំណាំ​ឃើញថា មាន​ភាពខុសគ្នា​នូវ​កាលបរិច្ឆេទ​ឆ្នាំ ១៩២៩ ដែល​អគ្គទេសាភិបាល ប៉ា​ស្គី​យេ​រ ផ្ញើ​សំបុត្រ​មក​កម្ពុជា ដើម្បី​ស្នើសុំ​បណ្ឌិត​មួយរូប​ដើម្បី​ជួយ​សម្រួល បកស្រាយ​ពន្យល់​… ដែលជា​លទ្ធផល ភិក្ខុ ហួត តាត ក្នុងឋានៈ​ជា​ព្រះគ្រូ​សង្ឃ​វិជ្ជា និង អភិរក្ស​ព្រះរាជ​បណ្ណាល័យ ត្រូវបាន​បញ្ជូនទៅ​កូសាំងស៊ីន តាម​ការស្នើ ( ១៩២៩ ) នោះ នៅ​ឆ្នាំ​១៩២៨ ទៅវិញ ។​
អំឡុងពេល​អាណានិគម​បារាំង ( ចាប់ពី​រជ្ជកាល​ព្រះករុណា​អង្គឌួង​មក ) ក្នុង​បេសកកម្ម នៃ​ការរៀបចំ​ប្រទេសជាតិ​ឡើងវិញ​បន្ទាប់ពីរ​ការ​ខ្ទេចខ្ទាំ និង ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​កុំអោយ​ព្រះសង្ឃ​ខ្មែរ​ធ្វើដំណើរ​ទៅ សិក្សា​ព្រះ​ត្រ័យបិដក​នៅ​ប្រទេសជិតខាង ( សំដៅ​ដល់​ប្រទេស​សៀម ហើយ​មួយផ្នែក គឺជា​វិធានការ​មួយ​ដែល​រដ្ឋការ​បារាំង បាន​ចាត់​ដើម្បី​ការពារ​ដែនដី​អាណានិគម​របស់ខ្លួន កុំ​អោយទទួល​ឥទ្ធិពល​ពី​ប្រទេស​សៀម​ដែលជា​ដៃគូ​របស់​អង់គ្លេស ) ទៀត​នោះ ប្រទេស​ខ្មែរ បាន​បង្កើត​សាលា​បាលី​ជាន់ខ្ពស់​ឡើង ។ ព្រះ​ភិក្ខុ ហួត តាត ដែលជា​បញ្ញវ័ន្ត​សង្ឃ​ខ្មែរ​មួយរូប​ដែរនោះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​សាលា ជាន់ខ្ពស់​ផ្នែក​ព្រះពុទ្ធសាសនា នៅ​ប្រទេស​កម្ពុជា​នេះ ។​
វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ជា​ស្ថាប័ន​សំខាន់​ទី​៣​សម្រាប់​ពុទ្ធសាសនា ( ទី​១- ព្រះរាជ​បណ្ណាល័យ ,​ទី​២- សាលា​បាលី​ជាន់ខ្ពស់ និង ទី​៣- វិទ្យាស្ថាន​ពុទ្ធ​សាសន បណ្ឌិត្យ ) ត្រូវបាន​បង្កើត​ឡើងជា​មន្ទីរ​សម្រាប់​អ្នកប្រាជ្ញ​ផ្នែក​ព្រះពុទ្ធសាសនា ជាពិសេស​សម្រាប់​ប្រជាជាតិ​នៅ​ឥណ្ឌូចិន ។ ភិក្ខុ​បណ្ឌិត​សង្ឃ ហួត តាត ក៏បាន​រួមចំណែក​យ៉ាងសកម្ម និង ដ៏​សំខាន់ ក្នុង​បេសកកម្ម​របស់​ស្ថាប័ន​មួយ​នេះ ហើយ​នៅ គ​.​ស ១៩៣១ ព្រះអង្គ​បាន​និមន្ត​ទៅ​ទីក្រុង​វៀង​ច័ន្ទ និង ហ្លួងព្រះបាង ( ជាមួយ សម្តេចព្រះសង្ឃរាជ ជួន ណាត និង សមាជិក​គណៈប្រតិភូ​ឯទៀតៗ ) ដើម្បី​ចូលរួម​ពិធី​សម្ពោធ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ​ប្រទេស​លាវ និង ពិភាក្សា​អំពី​ការបង្កើត​សាលា​បាលី​ជាន់ខ្ពស់​នៅ​ប្រទេស​នោះ ។​

ក៏ដូចជា​វិ​ស្ស័​យ​ផ្សេងៗ​ទៀត​ដែរ អក្សរសាស្ត្រ​ខ្មែរ​បាន​បាត់បង់​ក្បួនខ្នាត ដែល​បង្កើតអោយមាន​ផល​លំបាក​នានា និង មិនមាន​ភាពចុះ​សម្រុង​គ្នា​ក្នុងការ​សរសេរ និង អត្ថន័យ នៃ​វចនៈ ជាពិសេស​បច្ចេក​ស័ព្ទ ( ពាក្យ​បច្ចេកទេស ) អោយបាន​ច្បាស់លាស់​ជា​ផ្លូវការ  ពោលគឺ​ពុំមាន​អ្វី​ជា​បទដ្ឋាន​ផ្លូវការ ។ ដោយហេតុនេះ​ទើប​លោកអ្នក​ដឹកនាំ​ជាតិ​បានរៀបចំ​អោយមាន​ជា​វចនានុក្រម​ខ្មែរ ហើយ សមាសភាព នៃ គណៈកម្មការ​នោះ ភាគច្រើន​ជា​ព្រះសង្ឃ  ។​
មនុស្ស​ខ្មែរ​គ្រប់រូប​ពិតជា​ពុំមាន​នរណាម្នាក់​អាច​បំភ្លេច​បានឡើយ នូវ​គុណូបក្ការៈ​ដ៏​ធំធេង​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងការ​ប្រសូត្រ​វចនានុក្រម​ខ្មែរ ហើយ​បានជា​ខ្នាត​រង្វាស់​ផ្លូវការ​តែមួយគត់​សម្រាប់​អក្សរសាស្ត្រ​ខ្មែរ រហូតមកដល់​បច្ចុប្បន្ន ( ទោះយ៉ាងណា​យើង​ត្រូវ​ការធ្វើ​បច្ចុប្បន្នភាព ជា​បន្តបន្ទាប់​) ។​
គ​.​ស ១៩១៩ ព្រះ​ភិក្ខុ ហួត តាត ត្រូវបានតែងតាំង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​វចនានុក្រម​ខ្មែរ ហើយ​ឆ្នាំ​១៩៤៥ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ព្រះអធិបតី​ថេរ​សភា ។ គម្ពីរ​ផ្លូវការ​របស់​ព្រះពុទ្ធសាសនា ( គម្ពីរ​ព្រះ​វិន័យ​, ព្រះ​សូត្រ និង ព្រះ​អភិធម្ម ) ត្រូវបាន​ហៅ​ទូទាំង​ពិភពលោក​ថា ត្រ័យបិដក ហើយ​គម្ពីរ​ទាំងនេះ​កាលដើមឡើយ​ត្រូវបាន​សរសេរ​ជា​ភាសាសំស្ក្រឹត ប៉ុន្តែ​ដោយ​ភាសា​នេះ​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​បាន ទើប​ក្រុម​ថេរវាទ ( ហីណយាន ) បាន​យកមក​សរសរ​ជា​ភាសាបាលី ។​
វា​ជា​រឿង​ត្រឹមត្រូវ និង ចាំបាច់ ដែល​ប្រទេស​ទាំងឡាយ​កាន់​ព្រះពុទ្ធសាសនា ដូចជា​ប្រទេស​ចិន  និង ជប៉ុន ជាដើម សុទ្ធតែ​បាន​បកប្រែ​គម្ពីរ​ទាំងនេះ​អោយទៅជា​ភាសាជាតិ​របស់គេ ។ នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ការមិន​បាន​ជោគជ័យ​ក្នុងការ​រាំងខ្ទប់​ពី​ក្រុម​បុរាណ​និយម របស់​សម្តេច កែ អ៊ុក​មក គណៈកម្មការ​បាន​ព្រមព្រៀង​បកប្រែ​ព្រះ​ត្រ័យបិតក​មកជា​ភាសាជាតិ ។
គ​.​ស ១៩៤៨ ព្រះ​ភិក្ខុ ហួត តាត ត្រូវបាន​តម្លើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ និង ជា​សមាជិក​ក្រុម​ជំនុំ​ព្រះ​ត្រ័យបិដក ។​
​ឆ្នាំជូត ព​.​ស ២៤៩២ គ​.​ស ១៩៤៩ ព្រះអង្គ​បានទទួល​ព្រះ​សមណៈស័ក្តិ​ជា ព្រះ​ពោធិវ័ង្ស ក្នុង​វ័យ ៥៧ ព្រះវស្សា ។
គ .​ស ១៩៥៥ ព្រះអង្គ​បានក្លាយ​ជា​អគ្គាធិការ នៃ ពុទ្ធិកសិក្សា​ក្នុងប្រទេស​កម្ពុជា ហើយគ​.​ស ១៩៦៨ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​សាកលវិទ្យាធិការ​នៃ​ពុទ្ធិក​សកលវិទ្យា​ល័យ និង បានទទួល​ព្រះ​សមណៈស័ក្តិ​ជា សម្តេចព្រះ​ពោធិវ័ង្ស នៅ​ឆ្នាំរោង ព​.​ស ២៥០៨ គ​.​ស ១៩៦៥ ( សៀវភៅ ព្រះរាជ​ជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ ថា គ​.​ស​១៩៦៩ ។ ប៉ុន្តែ​ធ្វើ​គណនា​ទៅ យើង​បាន​ឃើញថា គ​.​ស ១៩៦៥ ) ក្នុង​ព្រះ​ជន្មាយុ ៧៣​ព្រះវស្សា ។​

យើង​ដឹងថា ព្រះអង្គ​បានទទួល​ការតែងតាំង​ចំនួន​៤​ទៀត​ដែល​យើង​មិន​ប្រាកដ​នូវ កាលបរិច្ឆេទ នៃ ការតែងតាំង​ទាំងនោះ​គឺៈ ជា​ព្រូ​គ្រូសូត្រស្តាំ វត្ត​ឧណ្ណាលោម ( ពេល​សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើងជា​ព្រះចៅអធិការ​វត្ត​ឧណ្ណាលោម ), ព្រះ​វិសុទ្ធិ​វង្ស រាជាគណៈ​កិត្តិយស , ព្រះ​សក្យវង្ស និង ព្រះមហា​វិមលធម្ម ។​
បន្ទាប់ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត សុគត​ទៅ ( ថ្ងៃទី ២៥ ខែកញ្ញា គ​.​ស ១៩៦៩ ក្នុង​ព្រះ​ជន្មាយុ ៨៦ ព្រះវស្សា នា​ព្រះរាជតំណាក់ វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ) សម្តេចព្រះ​ពោធិវ័ង្ស ហួត តាត ព្រះ​ជន្មា ៧៨ ព្រះវស្សា ឆ្នាំរកា ព​.​ស ២៥១៣ គ​.​ស ១៩៧០ ព្រះអង្គ​ទទួល​ការ តែង​តាំងពី​សំណាក់​ឯកឧត្តម ចេង ហេង ប្រធាន​សភាជាតិ នូវ​ព្រះ​សមណៈស័ក្តិ​ជា ព្រះមហា​សុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ។​
ពុំមាន​ឯកសារ​ណា​អះអាងថា​សម្តេចព្រះសង្ឃរាជ​អង្គ​នេះ ចូល​ទីវ​ង្គ​ត​នៅ​ឆ្នាំ​ណា ដោយសារ​អ្វី និង នៅទីណា​ច្បាស់លាស់​ឡើយ ដោយ​សង្វាក់​នៃ​ការកត់ត្រា​ប្រវត្តិសាស្ត្រ​ត្រូវបាន​ផ្តាច់​យ៉ាង​សមុច្ឆេទ នៅក្នុង​របប​ខ្មែរក្រហម ( ១៩៧៥-១៩៧៩ ) ។ ទោះយ៉ាងណា សៀវភៅ​ឈ្មោះ ប្រវត្តិ​ស​ង្ខ​ប ពុទ្ធសាសនបណ្ឌិត្យ បាន​និយាយថា ’ នៅ​អំឡុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​ត្រូវបាន​ជំលៀស​ជាមួយ​ព្រះសង្ឃ ដទៃទៀត ទៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​ព្រះអង្គ​ប្រហែលជា​ត្រូ​បានធ្វើ​គត់​នៅ​ទីនោះ ” ។ ហេតុនេះ ព្រះអង្គ​ទំនងជា​បាន​ចូល​ទីវ​ង្គ​ត​នៅ​ព្រះ​ជន្មាយុ​៨៣-៨៤ ព្រះវស្សា ។​
សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបាន​ទទួលស្គាល់ថា ជា​មហា​បុរស​ទី​១ ក្នុង​ប្រវត្តិ អក្សរសាស្ត្រ​ខ្មែរ និង ព្រះពុទ្ធសាសនា មហានិកាយ ដោយសារ​កិ​ច្ចា​នុ​កិច្ច​ដែល​ព្រះអង្គ​បាន​បំពេញ ។ ទោះយ៉ាងណា កិ​ច្ចា​នុ​កិច្ច​ទាំ​នោះ​សឹង​មាន​សម្តេច​ព្រះមហា​សុមេធា ធិបតី ហួត តាត ជាស​ហការី ដ៏​ស្និទ ហេតុនេះ យើង​ពិតជា​អាច​អះអាង​បាន​ថា សម្តេចព្រះសង្ឃរាជ ហួត តាត ជា​មហា​បុរស​ទី​២ បន្ទាប់ពី​សម្តេច​ព្រះមហា​សង្ឃរាជ ជួន ណាត ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s