ខេមរៈ សិរីមន្ដ រួច​​ជីវិត ឧ​បទ្ទ​វ​​ហេតុ​បុក​​ដ៏​រន្ធត់​២​លើក ​​កន្លែង​​ដដែល​​ស្លាប់៧​​នាក់ របួស​​ធ្ង​ន់-​ស្រាល​​៨​នាក់


ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មានមនុស្ស៧នាក់ត្រូវស្លាប់ និងរងរបួសធ្ងន់ស្រាល៧នាក់ផ្សេងទៀត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បន្តបន្ទាប់គ្នាចំនួន ២លើក ក្នុងចន្លោះពេលគ្នាជិត៤ម៉ោង នៅចំណុចតែមួយលើកំណាត់ ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ២១១ និង ២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់  ។ នេះជាគ្រោះថ្នាក់រន្ធត់បំផុតដែលករណីទី១ កើតឡើងនៅវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៧ មីនា និងករណីទី២កើតឡើងនៅម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា ។

តាមសេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មាន កោះសន្ដិភាពប្រចាំស្រុកព្រៃនប់ឱ្យដឹងថា អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះគឺរថយន្តដែលជួបគ្រោះថ្នាក់លើកទី១ជា រថយន្តម៉ាកធុនដ្រារបស់តារាចម្រៀងល្បីឈ្មោះសម្រាប់យុវជនគឺ លោកខេមរៈ សិរីមន្ត ហើយអ្នកដែលស្លាប់២នាក់ ក្នុងចំណោម៤នាក់ ដែលជិះក្នុងរថយន្តជាមួយគ្នាគឺម្នាក់ជាកូនប្រុសរបស់លោកជួង ជី ហៅកុយ តារាកំប្លែងល្បីឈ្មោះមួយរូប និងម្នាក់ទៀតជាកូនប្រុសអ្នកស្រីណយ សំណាង អ្នកចម្រៀងអាយ៉ៃល្បីឈ្មោះដែរ ។ ចំណែកសម្រាប់ករណីទី២វិញមានអ្នកស្លាប់៣នាក់ ម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ម្នាក់ជាព្រូរថយន្ត និងម្នាក់ទៀតជាអ្នកបើកបររថយន្តស្ទូច ។ រវាងគ្រោះថ្នាក់ទាំង២ករណីនេះ ថ្វីបើមានឧបទ្ទេវហេតុ២លើកពិតមែន តែបានទាក់ទងគ្នាផ្ដើមចេញពីហេតុការណ៍ទី១ ។

ឧបទ្ទវហេតុរថយន្តខេមរៈ សិរីមន្ត

នៅវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៧ មីនា លោកខេមរៈ សិរីមន្ត រួមដំណើរជាមួយមនុស្ស៧នាក់ ផ្សេងទៀតបានជិះក្នុងរថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ២N-៧៩៩៧ ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ។ តាមប្រភពថា លោកខេមរៈ សិរីមន្ត ជិះខាងស្ដាំដៃផ្នែកខាងមុខក្បែរអ្នកបើកបរ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ខណៈពេលដែលរថយន្តលោកខេមរៈ សិរីមន្ត ទៅជិតដល់ចំណុចផ្លូវចំណោតបិតត្រាង លើផ្លូវរាបចម្ងាយប្រមាណ១០០ម៉ែត្រពីចំណោត ក៏មានរថយន្តដឹកកុងតឺន័រមួយគ្រឿងបើកចុះចំណោតមកដល់ ក្នុងទិសដៅបញ្ច្រាសគ្នា ។ រថយន្តដឹកកុងតឺន័រនេះម៉ាកហ៊ីណូក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣A-៩៧២៣ ដែលបើកបរចេញពីក្រុងព្រះសីហនុឆ្ពោះមករាជធានីភ្នំពេញ ។

មិនមានអ្នកណាម្នាក់អះអាងច្បាស់លាស់ពី ហេតុការណ៍បុកនោះទេ តែតាមការត្រួតពិនិត្យចំណុចដែលបុកគ្នានេះគឺចុះពីចំណោត មកប្រមាណ១០០ម៉ែត្រដែលគេសង្ស័យថា រថយន្តកុងតឺន័រនោះមានបញ្ហាពេលចុះពីចំណោតបិតត្រាង ព្រោះបានរេចង្កូតម្ដងឆ្វេងម្ដងស្ដាំធ្វើឱ្យកុងតឺន័រ ធ្លាក់ពីលើរថយន្ត ហើយក៏បានបុកជាមួយរថយន្តលោក ខេមរៈ សិរីមន្ត ដូចគេអារមួយចំហៀងតួរថយន្តផ្នែកខាងឆ្វេងតែម្ដងរបើក អស់ដំបូល បណ្ដាលឱ្យមនុស្ស៣នាក់ ស្លាប់កៀបជាប់ក្នុងរថយន្ត និងម្នាក់ទៀតខ្ទាតចេញពីរថយន្ត ។ ចំណែកអ្នកអង្គុយខាងស្ដាំដៃនៃរថយន្តបានរងរបួស៣នាក់ ក្នុងនោះមានទាំងលោកខេមរៈ សិរីមន្តផងដែរ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័របានគេចខ្លួនបាត់ពីកន្លែងកើត ហេតុ ។ តាមប្រភពនិយាយថា រថយន្តកុងតឺន័រនេះជារបស់ក្រុមហ៊ុន SK តែគេមិនដឹងថា ក្នុងកុងតឺន័រនោះដឹកសម្ភារអ្វីនោះទេ ។

អ្នកស្លាប់២នាក់ជាកូនតារាកំប្លែងនិងអាយ៉ៃ

អ្នកស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ទាំង៤នាក់មាន៖

១-ឈ្មោះរី សុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាការពារដែនអាកាស ហើយត្រូវបានគេស្គាល់ថាជាអង្គរក្សឱ្យតារាចម្រៀងលោកខេមរៈ សេរីមន្ត ផងដែរ ។ ពេលកើតហេតុនេះឈ្មោះរី សុផារ៉ា ជាអ្នកបើកបរដែលស្លាប់នៅនឹងចង្កូតរថយន្ត ។

២-ឈ្មោះអ៊ា វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ជាកូនប្រុសអ្នកស្រីណយ សំណាង ជាអ្នករាំលើឆាកតន្ត្រី ។
៣-ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នករាំលើឆាកតន្ត្រី ។
៤-ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកជួង ជី ហៅនាយកុយ ។

ចំណែកអ្នករបួសវិញមាន៤នាក់៖
១-លោកខេមរៈ សិរីមន្ត
២-ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ
៣-ឈ្មោះគួយ ស្នេហ៍ ភេទស្រី អាយុ២១ឆ្នាំ
៤-ឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ ។

ក្រោយពេលកើតហេតុ សពកូនប្រុសលោកជួង ជី ហៅនាយកុយ និងសពកូនប្រុសអ្នកស្រីណយ សំណាង ត្រូវបានបញ្ជូនមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯរាជធានី ភ្នំពេញ ដែលសពកូនប្រុសនាយកុយតម្កល់នៅវត្តសន្សំកុសល និងសពកូនប្រុសអ្នកស្រីណយ សំណាង តម្កល់នៅក្នុងវត្តទួលទំពូង ។

ដោយឡែកលោកខេមរៈ សិរីមន្ត តាមប្រភពព័ត៌មានថា លោកមិនទាន់វិលត្រលប់មករាជធានីភ្នំពេញនៅឡើយទេនៅថ្ងៃនោះ តែតាមប្រភពគឺលោកនៅមានអារម្មណ៍តក់ស្លុតជាខ្លាំងក្រោយពេលកើត ហេតុនេះ ។ ចំណែកស្ថានភាពរបួសរបស់លោកនោះទំនងជាស្រាលប៉ុណ្ណោះអាចនិយាយ និងដើរបាន ។ យោងតាមមន្ត្រីប៉ូលិសមួយរូបនិយាយថា ពេលទៅដល់គេបានឃើញលោកខេមរៈ សិរីម្ត ដើររួចជាធម្មតា ហើយបានប្រាប់២-៣ម៉ាត់ថា រថយន្តកុងតឺន័របានបើកមកបុករថយន្តរបស់លោក ក្រោយពីបើករេចង្កូតចុះពីលើផ្លូវចំណោតមកនោះ ។ គេបានឃើញលោកដើរទៅឡើងជិះរថយន្តសង្គ្រោះដោយខ្លួន ឯងដែលដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យសេតេ ក្រុងព្រះសីហនុ។

គេមិនអាចស្វែងរកជួបលោកខេមរៈ សិរីមន្ត ឃើញទេ ថ្វីបើគេដឹងថាតារាចម្រៀងរូបនេះស្ថិតនៅក្នុងក្រុង ព្រះសីហនុនៅឡើយនាថ្ងៃទី៨ មីនា ក៏ដោយ ប៉ុន្តែតាមប្រភពខ្លះឱ្យដឹងថា ការស្ថិតនៅក្រុងព្រះសីហនុរបស់លោកខេមរៈ សិរីមន្ត ក៏ដើម្បីស្វែងរកការដោះស្រាយតាមច្បាប់នានាជុំវិញ ហេតុការណ៍នេះផងដែរ ។

ការប្រគំតន្ត្រីរាត្រីថ្ងៃទី៨ មីនា លុបចោល

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីកើតឧបទ្ទវហេតុនេះ គម្រោងការប្រគំតន្ត្រីរបស់ក្លិបLV នៅរាត្រីថ្ងៃទី៨ មីនា ដែលជាការរៀបចំអបអរសាទរសម្រាប់ទិវាអន្តរជាតិនារីខួបលើកទី ១០២ ក៏ត្រូវផ្អាក ។ គម្រោងប្រគំតន្ត្រីនេះក៏មានការចូលរួមជាកិត្តិយស របស់លោកខេមរៈ សិរីមន្តផងដែរ ។ មានព័ត៌មាននានាបានចាប់អារម្មណ៍ផងដែរទៅលើតារាចម្រៀង យុវវ័យ លោកហេង ពិទូ ថាបានស្ថិតនៅក្នុងរថយន្តដែលជួបនឹងគ្រោះថ្នាក់អកុសល នេះ តែភ្លាមៗនោះប្រភពព័ត៌មានបានឱ្យដឹងថា លោកហេង ពិទូ មិនបានស្ថិតក្នុងចំណោមអ្នកជិះក្នុងរថយន្តធុនដ្រា របស់លោកខេមរៈ សិរីមន្តនោះទេ ។

ឧប្បទ្ទវហេតុបុកករណីទី២នៅចំណុចដដែល

បន្ទាប់ពីកើតមានករណីរថយន្តកុងតឺន័របុក រថយន្តធុនដ្រារបស់តារាចម្រៀងខេមរៈ សិរីមន្ត បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួស៤នាក់ រួចមក សមត្ថកិច្ចចម្រុះក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍លើកំណាត់ផ្លូវជាតិនោះឡើងវិញ ដោយមានទាំងរថយន្ដស្ទូច រថយន្ដសង្គ្រោះ និងរថយន្ដប៉ូលិសផងដែរ មកជួយអន្ដរាគមន៍ រួមជាមួយអ្នកស្រុកច្រើននាក់ដែលនាំគ្នាមកមើល ។ ការរៀបរយសណ្ដាប់ធ្នាប់ឡើងវិញតាមដងផ្លូវនៅចំណុចកើតហេតុនេះ បានអូសបន្លាយអស់រាប់ម៉ោង ស្រាប់តែនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា រថយន្ដធុនធំមួយគ្រឿងដឹកស្រាបៀរ«ខ្លាំង» មកពីក្រុងព្រះសីហនុ ដោយសារតែការបើកចុះចំណោតមានល្បឿនលឿននោះ បានជ្រុលចង្កូតបុករះលាន់ដូចរន្ទះជាបន្ដបន្ទាប់មកលើរថយន្ដរបស់ ប៉ូលិសនៃស្នងការដ្ឋានខេត្តដែលចតស្ងៀមសម្រាប់ធ្វើចរាចរណ៍ខ្ទេច មុខផ្នែកខាងឆ្វេង ហើយជ្រុលទៅបុករថយន្ដស្ទូចចំកាប៊ីនបែកបាក់ខ្ទេចខ្ទី និងបានបុករថយន្ដសង្គ្រោះរបស់គ្លីនិកវណ្ណលីខ្ទេចមួយកំណាត់ក្រោយ ទៀត ដែលរថយន្តនេះចតដឹកអ្នករបួស ។ ចំណែករថយន្ដដឹកស្រាបៀរដែលបុករះបន្ដបន្ទាប់នោះក្រឡាប់ធ្លាក់ ទៅប្រឡាយចាក់ចោលស្រាបៀរកំប៉ុងរាប់ពាន់រាយប៉ាយពេញផ្លូវតែ ម្ដង ផ្អើលអ្នកភូមិក្បែរនោះចេញមកប្រសាចនាំគ្នាជួយរើសកំប៉ុងស្រា បៀរដាក់ថង់ស្ពាយយកទៅផ្ទះរៀងៗខ្លួន រហូតអ្នកខ្លះផឹកស្រវឹងនាពេលនោះផងដែរ ។

អ្នកបើកបររថយន្ដដឹកស្រាបៀរមិនរងរបួសធ្ងន់ទេ ហើយបានរត់គេចខ្លួនបាត់ដែរ ។ ក្នុងហេតុការណ៍បុករះទី២នេះ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្រោមគំនរកំប៉ុងស្រាបៀរនៅកន្លែងកើត ហេតុ និងម្នាក់ទៀតស្លាប់ពេលនាំទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងចំណោម អ្នករងរបួសធ្ងន់៥នាក់។ អ្នកស្លាប់ពេលនាំដល់មន្ទីរពេទ្យនោះ គឺជាអ្នកបើករថយន្ដស្ទូច ។ ឯអ្នកស្លាប់នៅកន្លែងកើតហេតុជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ ដែលធានារ៉ាប់រងឱ្យក្រុមហ៊ុន SK ដែលចុះទៅពិនិត្យហេតុការណ៍នេះ ។ អ្នករងរបួសក្នុងហេតុការណ៍នេះដែរ គឺលោកអនុសេនីយ៍ឯកសេង ចំរើន អធិការរងប៉ូលិសស្រុកព្រៃនប់ ទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ និងមន្ដ្រីប៉ូលិសចរាចរខេត្តម្នាក់ ។ នៅវេលារសៀលថ្ងៃដដែល ប្រភពព័ត៌មានបានឱ្យដឹងថា មានអ្នករងរបួសធ្ងន់ម្នាក់ទៀតក៏ស្លាប់ដែរ ។

មន្ដ្រីប៉ូលិសចរាចរនៃស្នងការដ្ឋានខេត្តបាន ឱ្យដឹងថា ការបុកជាលើកទី២នេះបណ្ដាលឱ្យស្លាប់៣នាក់ ជាបន្ដបន្ទាប់ទាំងនៅកន្លែងកើតហេតុនិងនាំទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ។ មន្ដ្រីប៉ូលិសឱ្យដឹងថា អ្នកស្លាប់មាន ១-ឈ្មោះកែ សុជាតិ ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុនកាំមីនកូ ២-ឈ្មោះស៊ិន សុធា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកបើកបររថយន្ដស្ទូច និង៣-ឈ្មោះហ៊ុន ជាព្រូរថយន្ដដឹកស្រាបៀរ ។

ចំណុចផ្លូវកើតហេតុស្មានមិនដល់

តាមភូមិសាស្រ្ដនៅផ្លូវជាតិលេខ៤ បានឱ្យដឹងថា ចំណុចដែលកើតហេតុនេះ ស្ថិតនៅចម្ងាយពីផ្លូវបំបែករាមប្រមាណ៥០០ម៉ែត្រ និងជាង១០គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។ កន្លែងដែលមានការបុកគ្នាកក្រើករហូតដល់ទៅ២ដងនេះ គឺនៅចម្ងាយពីផ្លូវចុះចំណោតបិតត្រាង ជាង១០០ម៉ែត្រប៉ុណ្ណោះ និងបើគិតពីចម្ងាយរវាងផ្លូវទួលខ្ពស់ចុះចំណោតមកកន្លែងកើតហេតុ គឺប្រមាណ១គីឡូម៉ែត្រ ។ ផ្លូវចំណោតនេះ មិនធ្លាប់កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរណាមួយ នោះទេនាពេលកន្លងមក ។ តាមសម្ដីប៉ូលិសថា មានហេតុការណ៍ខ្លះៗដែរ ដូចជារថយន្ដចុះចំណោតនេះបែកកង់ តែក៏មិនមានគ្រោះថ្នាក់អ្វីគួរឱ្យកត់សម្គាល់ទេ ។ ចំណុចផ្លូវចំណោតនេះ ឃ្លាតពីផ្ទះប្រជាពលរដ្ឋប្រមាណ៦០ម៉ែត្រ ហើយមានវាលស្រែសងខាងមិនចោតខ្ពស់ដូចផ្លូវចំណោតយាយម៉ៅដែល ធ្លាប់កើតហេតុធ្ងន់ធ្ងរក្រឡាប់រថយន្ដដោយការបុកគ្នាកន្លងមកនោះ ទេ ។

វត្តហាមតម្កល់សពព្រោះគ្មានអាចារ្យ

មានរឿងរ៉ាវមួយដែលត្រូវទទួលរងការរិះគន់ នោះ គឺសពអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តកុងតឺន័របុករថយន្តតារា ចម្រៀងខេមរៈ សិរីមន្ត ត្រូវបានប៉ូលិសដឹកយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណហៅវត្ត ក្រាម បន្ទាប់ពីកូននាយកុយ និងកូនយាយណាង ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ គឺសពអ្នកស្លាប់២នាក់ក៏តម្រូវតម្កល់ក្នុងវត្តនោះសិន តែខាងវត្តមិនអនុញ្ញាតទេ ដោយសំអាងថាគ្មានអាចារ្យនៅមើលរក្សា ។ ទោះបីជាបែបណា ប៉ូលិសសម្រេចត្រូវតែរក្សាទុកសពក្នុងវត្ត ព្រោះមិនអាចយកទៅរក្សាទុកនៅមន្ទីរពេទ្យឯក្រុងព្រះសីហនុបាន ឡើយ ។ គេមិនអាចរកការបំភ្លឺបានពីព្រះសង្ឃដែលមិនអនុញ្ញាតឱ្យរក្សា ទុកសពអ្នករងគ្រោះក្នុងវត្តបានទេ តែបានទទួលព័ត៌មានថា សពអ្នកទាំង២ក៏ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញដែរនៅ ព្រឹកថ្ងៃទី ៨ មីនា ៕

ប្រភព កោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s