បញ្ហា​ខ្វែង​គំនិត​គ្នា​លើ​សំណុំ​រឿង​០០៣​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម


ម៉ាក ប្រាយអិន ហាម៉ុន ខ្មែរ​ក្រហម ៣០៥

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាក ប្រាយអិន ហាម៉ុន (Mark Brian Harmon)។

Photo Courtesy of eccc.gov.kh

ឥឡូវ​នេះ សំណុំ​រឿង​០០៣ ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​វិវត្តន៍​ ខ្លះៗ​ហើយ ដោយ​យ៉ាង​ហោច​ណាស់​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខ្វែង​យោបល់​គ្នា​នៅ​ក្នុង​ សំណុំ​រឿង​ក្ដី​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​កុម្ភៈ សរសេរ​ឱ្យ​ដឹង​ថា ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ទទួល​ហើយ ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​របស់​សហ​ព្រះរាជ​អាជ្ញា​ឱ្យ​ស៊ើបសួរ​ក្នុង​ សំណុំ​រឿង​០០៣ នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០០៩ នោះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​គូស​បញ្ជាក់​ថា បន្ទាប់​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ គឺ​លោក ស៊ីកហ្វ្រីដ ប្លាំង (Siegfried Blunk) បាន​ជូន​ដំណឹង​អំពី​ការ​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​០០៣ នេះ​ហើយ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១១ ហើយ​បណ្ដឹង​ឧទ្ធរណ៍​នៅ​ចំពោះ​អង្គ​បុរេ​ជំនុំ​ជម្រះ ក៏​ត្រូវ​បាន​សម្រេច​រួច​រាល់​ដែរ នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

បន្ទាប់​ពី​ការ​មក​ដល់​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ គឺ​លោក ម៉ាក ហាម៉ុន (Mark B. Harmon) ដែល​ជា​ចៅក្រម​អន្តរជាតិ ដែល​មាន​នីតិសម្បទា​គ្រប់គ្រាន់ សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ បាន​ធ្វើ​កំណត់​ហេតុ​អំពី​ការ​ខ្វែង​យោបល់​គ្នា​នោះ និង​បញ្ជូន​ដីកា​ពិនិត្យ​មូល​ទៅ​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ បាន​បញ្ជូន​សេចក្ដី​សន្និដ្ឋាន​ទាក់ទង​នឹង​សំណុំ​រឿង​០០៣ ឆ្លើយ​តប​មក​សហ​ចៅក្រម​ស៊ើប​អង្កេត​វិញ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​ខ្វែង​យោបល់​គ្នា​ជាមួយ​សហ​ព្រះរាជ​អាជ្ញា​ជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ បង្ហាញ​ថា សហ​ចៅក្រម និង​សហ​ព្រះរាជ​អាជ្ញា​ជាតិ និង​អន្តរជាតិ មាន​មតិ​យោបល់​មិន​ស្រប​គ្នា​ទេ នៅ​ក្នុង​ការ​ប៉ុនប៉ង​ដំណើរ​ការ​បន្ត​ឱ្យ​មាន​សំណុំ​រឿង​លេខ​០០៣ ដែល​ភាគី​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​មាន​ជំហរ​ថា ការ​ស៊ើបសួរ​សំណុំ​រឿង​បាន​បិទ​ហើយ ហើយ​ភាគី​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​រក្សា​ជំហរ​ថា សំណុំ​រឿង​០០៣ នៅ​តែ​បើក​ចំហ​ដំណើរ​ការ ហើយ​ការ​ស៊ើប​អង្កេត​លើ​បទ​ឧក្រិដ្ឋ​កំពុង​តែ​បន្ត។

ទោះ​ជា​ដូច្នេះ​ក្ដី អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​បញ្ជាក់​ថា សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ នៅ​តែ​ធ្វើ​ការ​រួម​គ្នា​ដដែល៖ «ការ​ខ្វែង​យោបល់​នេះ មិន​មែន​ន័យ​ថា ចៅក្រម​ជាតិ និង​អន្តរជាតិ គាត់​មិន​ធ្វើ​ការ​រួម​គ្នា កែក​គ្នា​នោះ​ទេ គឺ​ជា​ការ​ខ្វែង​គ្នា​ខាង​ផ្លូវ​ច្បាប់ ហើយ​យើង​នឹង​មាន​ដំណោះស្រាយ​តាម​ផ្នែក​ច្បាប់ ដែល​មាន​ចែង​ក្នុង​វិធាន​ផ្ទៃ​ក្នុង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម»

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ប្រកាស​ថា បទ​ឧក្រិដ្ឋ​ដែល​សហ​ព្រះរាជ​អាជ្ញា​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០៣ គឺ​សមាជិក​កងទ័ព​បដិវត្តន៍​កម្ពុជា កងទ័ព​ជើង​ទឹក និង​ជើង​អាកាស​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ អំពើ​មនុស្ស​ឃាត និង​អំពើ​ទារុណកម្ម​នៅ​ក្រោម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦។ ឧក្រិដ្ឋកម្ម​ទាំង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​លើ​កងទ័ព ពលរដ្ឋ​ស៊ីវិល ជន​បរទេស នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ទីតាំង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សំណុំ​រឿង​០០៣ គឺ​នៅ​មន្ទីរ​សន្តិសុខ ស២១ នៅ​ភ្នំពេញ ទីតាំង​សម្លាប់​ស្ទឹង​តូច នៅ​ខេត្ត​កំពង់ចាម ការដ្ឋាន​សង់​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង មន្ទីរ​សន្តិសុខ​កង​ពល​៨០១ ខេត្ត​រតនគិរី ការដ្ឋាន​វាយ​ថ្ម​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​វត្ត​ក្រោម នៅ​ខេត្ត​កំពង់ចាម មន្ទីរ​សន្តិសុខ ស២២ នៅ​ភ្នំពេញ ចម្ការ​ធូរេន និង​ការដ្ឋាន​បិតត្រាង នៅ​ខេត្ត​ព្រះសីហនុ។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ប្រកាស​ទៀត​ថា ជន​ណា​ដែល​ជា​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ត្រូវ​ចោទ ឬ​បាន​ដឹង​ឮ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ទីតាំង​ទាំង​នោះ អាច​ចូល​រួម​ជា​សាក្សី ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​ជា​អ្នក​ប្ដឹង​បាន។

ទោះ​ជា​បែប​នេះ​ក្ដី សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ គូស​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ការ​ឆ្លើយ​តប​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ ខ្លួន​នឹង​បន្ត​ចំណាត់​នីតិវិធី​ដែល​មាន​ចែង​ក្នុង​វិធាន​ផ្ទៃ​ក្នុង ក្នុង​ពេល​សម​ស្រប។ ប៉ុន្តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ទទួល​ពិចារណា​ដីកា​សន្និដ្ឋាន​ផ្សេងៗ​ ទៀត​របស់​សហ​ព្រះរាជ​អាជ្ញា ដែល​ធ្វើ​ឡើង​ក្នុង​រយៈពេល ៣​ខែ ចាប់​ពី​ថ្ងៃ​ទី៧ កុម្ភៈ ឆ្នាំ​២០១៣ ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s