ស្ត្រី​និង​កុមារ​រងគ្រោះ​ជួប​សមាគម​អាដហុក​ក្នុង​ទិវា​សិទ្ធិ​នារី​៨​មីនា


ទិវា​សិទ្ធិ​នារី ៣០៥

សមាគម​អាដហុក (Adhoc) ជួបជុំ​ស្ត្រី និង​កុមារី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​រំលោភ​ផ្លូវ​ភេទ​ជាដើម ឲ្យ​ចូលរួម​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០២ នៅ​ទីស្នាក់ការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៣។

RFA/Den Ayuthea

អាដហុក រក​ឃើញ​ថា ២​ខែ​ដើម​ឆ្នាំ​២០១៣ បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​ផ្លូវ​ភេទ ជួញ​ដូរ​មនុស្ស និង​រំលោភ​កម្លាំង​ពលកម្ម​ជាដើម មាន​ជាង ១០០​ករណី ដែល​បាន​កើត​មាន​ទៅ​លើ​កុមារ។

ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​នេះ សមាគម​អាដហុក ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ជំរុញ​ការ​អនុវត្ត​ ច្បាប់ និង​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ដើម្បី​ឈាន​ទៅ​លុប​បំបាត់​និទ្ទណ្ឌភាព ជាពិសេស​បង្កើន​កិច្ច​ការពារ និង​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា។

បន្ថែម​លើ​នេះ សមាគម​អាដហុក បាន​រៀបចំ​ពិធី​ជួបជុំ​ស្ត្រី និង​កុមារី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​រំលោភ​ផ្លូវ​ភេទ​ជាដើម ចំនួន ៧០​នាក់ ឲ្យ​ចូលរួម​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០២ នៅ​ទីស្នាក់ការ​ក្រុង​ភ្នំពេញ។

អនុប្រធាន​ផ្នែក​ការងារ​ស្ត្រី និង​កុមារ​សមាគម​អាដហុក អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៧ ខែ​មីនា ថា ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​នេះ សមាគម​អាដហុក បាន​អញ្ជើញ​ស្ត្រី និង​កុមារ​រងគ្រោះ ៥​ប្រភេទ មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ មក​ទទួល​អំណោយ​សប្បុរស។ ជន​រងគ្រោះ​ទាំង​នោះ​មាន បាត់បង់​លំនៅឋាន អំពើ​ហិង្សា​ក្នុង​គ្រួសារ រំលោភ​ផ្លូវ​ភេទ ការ​ជួញ​ដូរ​ភេទ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ស្ត្រី​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី លឹម មុនី៖ «យើង​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ ស្ត្រី និង​កុមារ ហើយ​យើង​មាន​ចុះ​សន្ធិសញ្ញា​ផ្តល់​សច្ចាប័ន​ជូន​អង្គការ​សហប្រជាជាតិ។ ក៏ប៉ុន្តែ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា យើងៗ​ឃើញ​នៅ​មាន​សេសសល់​ការ​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី​នៅ​តែ​មាន​បញ្ហា ដែល​យើង​ទាំងអស់​គ្នា​ព្រួយ​បារម្ភ នាំគ្នា​ទប់ស្កាត់​ថា​តើ​ត្រូវ​ធ្វើ​របៀប​ណា​ទៀត»

សេចក្តី​ថ្លែងការណ៍​សមាគម​អាដហុក ចុះ​ថ្ងៃ​ទី៧ ខែ​មីនា បង្ហាញ​ថា អំពើ​ហិង្សា​លើ​ស្ត្រី ការ​រំលោភ​ផ្លូវ​ភេទ ការ​រំលោភ​សិទ្ធិ​ស្ត្រី ដូច​ជា​ជួញ​ដូរ​ភេទ ជួញ​ដូរ​កម្លាំង​ពលកម្ម គឺ​នៅ​បន្ត​កើត​មាន​រាល់​ថ្ងៃ។ បញ្ហា​នេះ យ៉ាង​ហោច​ក៏​កើត​មាន ២​ករណី​ដែរ​ក្នុង​១​ថ្ងៃ។

ទាក់​ទិន​បញ្ហា​នេះ មាតា​ពល​ការិនី​រងគ្រោះ ដែល​ត្រូវ​គេ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​កូនៗ​កំពុង​បាត់​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជៀសវាង​ការ​ជួញ​ដូរ ឬ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​មក​លើ​ពលករ​ខ្មែរ​នា​ថ្ងៃ​អនាគត៖ «ប្រធាន ​ក្រុមហ៊ុន​ប្រាប់​កូន​ខ្ញុំ​ថា សំណាង​ហើយ​បាន​ទៅ​បិយជីង ឬ​ទៅ​ជប៉ុន ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ឮ​ថា​មេ​ខ្យល់​និយាយ​អ៊ីចឹង។ ជួយ​ធ្វើ​ម៉េច​ឲ្យ​បាន​កូន​មក​វិញ បាត់​ដំណឹង សុខ​ទុក្ខ​ឲ្យ​បាន​មក​វិញ ព្រោះ​បាត់​ដំណឹង​ជាង​២​ឆ្នាំ​ហើយ។ កូន​ខ្ញុំ​ទៅ​ជប៉ុន គេ​វ៉ៃ​ធ្វើ​បាប គេ​បាន​បញ្ជូន​មក​វិញ ហើយ​ពួក​ក្រុមហ៊ុន​អត់​ទាន់​ប៉ះបោរ វា​យក​ឯកសារ​កូន​ខ្ញុំ​ទុក​អស់។ មក​ដល់​ក្រុមហ៊ុន វា​វ៉ៃ​កូន​ខ្ញុំ​ដើរ​អត់​រួច​ទេ ដល់​ពេល​ខ្ញុំ​រក​រឿង​ក្រុមហ៊ុន វា​ឲ្យ​លុយ ២​ដុល្លារ​មើល​ជើង​កូន​ខ្ញុំ។ និយាយ​រួម​ទៅ កូន​ខ្ញុំ​តាំង​ពី​ហ្នឹង​មក មាន​សតិ​អារម្មណ៍​មិន​សូវ​ដឹង​អី​ទេ»

បញ្ហា​នេះ សមាគម​អាដហុក បញ្ជាក់​ថា ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៣ មាន​ករណី​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារី​ចំនួន ១២៤​ករណី ជាប់​ពាក់ព័ន្ធ​អំពើ​ហិង្សា​ក្នុង​គ្រួសារ រំលោភ​ផ្លូវ​ភេទ ជួញ​ដូរ​មនុស្ស និង​ករណី​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ដែល​បាន​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​រងគ្រោះ​ជិត ៣០០​នាក់។ ស្ថានភាព​នេះ សមាគម​អាដហុក បាន​ចាត់​ទុក​ថា បង្ហាញ​នូវ​ភាព​ទន់ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​និទ្ទណ្ឌភាព​នៅ​តែ​ប្រឈម​ចំពោះ​ដំណើរ​ការ​កសាង​នីតិរដ្ឋ​នៅ​ កម្ពុជា ពិសេស​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា និង​ច្បាប់​គ្រប់គ្រង​អាស៊ីត​ជាដើម។

ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៣ ខួប​លើក​ទី​១០២ ក្រោម​ប្រធាន​បទ “សិទ្ធិ​ស្មើ​គ្នា ឱកាស​ដូច​គ្នា ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍”។

ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល ក៏​បាន​រៀបចំ​ទិវា​នេះ​ដូច​គ្នា​ដែរ​នៅ​តាម​រាជធានី​ខេត្ត និង​ក្រុង​នានា ទូទាំង​ប្រទេស និង​បាន​យក​ឱកាស​នេះ​រំលឹក​ពី​ការ​តស៊ូ​របស់​ស្ត្រី​នៅ​លើ​សកលលោក ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ស្មើ​គ្នា និង​ឱកាស​ដូច​គ្នា​ជាមួយ​បុរស​នៅ​ក្នុង​សង្គម។ ពិសេស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​លិខិត​ថ្វាយ​ព្រះពរ និង​ជូន​ពរ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ និង​អ្នកស្រី សៅ ទី ហេង សំរិន នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​១០២ នៃ​ទិវា​អន្តរជាតិ​នារី ឆ្នាំ​២០១៣ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s