បក្ស​ហ៊្វុនស៊ិចប៉ិច​គ្រោង​ប្ដឹង​សម្ដេច​ក្រុមព្រះ


សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ៣០៥

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព។

RFA/Den Ayuthea

គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា និង​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១១ មីនា ដោយ​បញ្ជាក់​ថា គណបក្ស​នេះ​ដាក់​ពាក្យ​ប្ដឹង​សម្តេច​ក្រុមព្រះ​ពី​បទ​ពុក​រលួយ និង​បទ​លួច​ឧទ្ធម្ភាគចក្រ​ដែល​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច យក​ទៅ​លក់។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ ឲ្យ​ដឹង​ថា គម្រោង​ការ​ប្តឹង​សម្តេច​ក្រុម​ព្រះ​នេះ កើត​ឡើង​តាំង​ពី​ច្រើន​ខែ​មុន​មក​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា មូលហេតុ​អ្វី​ទើប​បាន​សម្រេច​ប្ដឹង​នៅ​ពេល​នេះ​ទេ។ លោក​បន្ត​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ពិភាក្សា​គ្នា​ជា​មុន​សិន ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ត្រូវ​ប្ដឹង​សម្ដេច​ក្រុមព្រះ​បែប​ណា និង​ត្រូវ​ប្ដឹង​ទៅ​ស្ថាប័ន​ណា​ខ្លះ​នោះ។

លោក ទុំ សម្បុរ បញ្ជាក់​ថា គម្រោង​ការ​ប្ដឹង​សម្ដេច​ក្រុម​ព្រះ​នេះ មិន​ទាក់ទង​នឹង​ជីវភាព​នយោបាយ​របស់​ព្រះអង្គ​ទេ៖ «មិន ​ទាន់​ដឹង​ថា មាន​ការ​ប្ដឹងផ្ដល់​ជា​ផ្លូវ​ការ​អី​ទេ នេះ​គ្រាន់​តែ​ជា​ការ​គិត​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែ​ប៉ុណ្ណឹង​បាទ! រឿង​ចូល​ជាមួយ សម រង្ស៉ី អី​ហ្នឹង ខ្ញុំ​មិន​ដឹង​ផង គ្រាន់​តែ​ថា គម្រោង​ហ្នឹង​បាន​គិត​ជា​ច្រើន​ខែ​មក​ហើយ ត្រង់​ថា ទាក់ទង​អ្នក​ណា​ចូល​នៅ​ឯ​ណា​នោះ ដូច​ជា​មិន​ទាក់​ទង​ទេ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុមព្រះ លោក ប៉ែន សង្ហា បដិសេធ​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​លួច​យក​ឧទ្ធម្ភាគចក្រ​ដូច​ការ​ចោទ​ប្ដឹង​ពី​សំណាក់​គណបក្ស​ហ៊ុនស៊ិនប៉ិច ទេ។ លោក​បន្ត​ថា តាម​រយៈ​បណ្ដឹង​នេះ បង្ហាញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​បំណង​ជាក់លាក់​មួយ​ដើម្បី​បំផ្លាញ​ការ​វិល​ត្រឡប់​របស់​សម្ដេច​ក្រុម​ ព្រះ​ចូល​ឆាក​នយោបាយ​វិញ​ប៉ុណ្ណោះ។

លោក ប៉ែន សង្ហា បញ្ជាក់​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​មាន​បំណង​ចូល​ឆាក​នយោបាយ​វិញ​ទេ ហើយ​ព្រះអង្គ​ក៏​មិន​បាន​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ដែរ៖ «ជា​ ហេតុការណ៍​មួយ ជា​ចេតនា​មួយ ដែល​កើត​ឡើង​ក្រោយ​ចចាមអារ៉ាម ហើយ​ពាក្យ​ចចាមអារ៉ាម​នោះ​មិន​មែន​ជា​ការ​ពិត​ទេ សម្រាប់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គ​មិន​ធ្លាប់​បាន​យក​ទ្រព្យសម្បត្តិ​ណា​មួយ​ក្នុង​គណបក្ស​ ហ៊្វុស៊ិនប៉ិច យក​ទៅ​លក់​ដូរ​ទេ»

ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សម្ដេច​ក្រុមព្រះ​មិន​បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​កាសែត​ ក្នុង​ស្រុក​ផ្សាយ​ទេ។ចំណែក​ឯ​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​សម្ដេច​ក្រុមព្រះ​មិន​បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ប្រាកដ តែ​គណបក្ស​មួយ​នេះ​នៅ​បើក​ផ្លូវ​ទទួល​មហាជន​គ្រប់​រូប​មិន​ប្រកាន់​ឡើយ។

លោក​យល់​ថា ការ​ប្ដឹង​ប្រឆាំង​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អាច​ជា​រឿង​នយោបាយ ហើយ​ករណី​នេះ ទំនង​ក្លាយ​ជា​ឧបសគ្គ​ឃាត់​ឃាំង​ព្រះអង្គ​ក្រុមព្រះ មិន​ឲ្យ​ធ្វើ​នយោបាយ​ទៀត​ផង៖ «ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ចង់​ចូល​គណបក្ស​ នយោបាយ​ណា​ជា​សិទ្ធិ​របស់​លោក លោក​អាច​ចូល​គណបក្ស​ណា​ដែល​មាន​គោលនយោបាយ​ត្រឹមត្រូវ។ ខ្ញុំ​យល់​ថា វា​មិន​សមស្រប​ទេ​ពេល​ដែល​គណបក្ស​ណា​មួយ​ព្យាយាម​ទប់​មិន​ឲ្យ​គេ​ចូល​គណបក្ស ​មួយ​ផ្សេង​ទៀត​ហ្នឹង វា​មិន​សម​ទេ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ»

អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា រឿងរ៉ាវ​ដែល​សម្ដេច​ក្រុមព្រះ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ ត្រូវ​បាន​ក្លាយ​ជា​ចំណុច​រសើប​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ កាល​ពី​ឆ្នាំ​២០០៨ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​គង់​និរទេស​អស់​រយៈពេល​ជា​ច្រើន​ខែ​ម្ដង​រួច​ហើយ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ឱ្យ​ជាប់​ទោស​ក្នុង​ក្តី​មួយ​ជាមួយ​នឹង​អតីត​សហសេវិក​របស់​ ព្រះអង្គ គឺ​លោក ញឹក ប៊ុនឆៃ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​រឿង​លក់​ដីធ្លី​គណបក្ស។ កាល​ណោះ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រាយ​ឆាក​ដើម្បី​ចង់​សម្លាប់​ជីវិត​នយោបាយ​របស់​ព្រះអង្គ។ ប៉ុន្តែ​ជា​រឿយៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បញ្ជាក់​ថា វិបត្តិ​នោះ​គឺ​ជា​រឿង​ផ្ទាល់​របស់​ព្រះអង្គ។ លុះ​ដល់​ខែ​ឧសភា ឆ្នាំ​២០១២ មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់​តែ​ចេញ​មុខ​ផ្សះផ្សា​ឲ្យ​ព្រះអង្គ​បាន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​គូ​ សត្រូវ​ចាស់ គឺ​លោក ញឹក ប៊ុនឆៃ។

ការ​រួបរួម​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ​មិន​ដល់ ៣​ខែ​ផង ស្រាប់​តែ​បែក​បាក់​គ្នា​បន្ត​ទៀត ដោយ​មិន​អាច​ផ្សះផ្សា​បាន​រហូត​ដល់​អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី ប្តឹង​សម្ដេច​ក្រុមព្រះ​ទៅ​តុលាការ ធ្វើ​ឲ្យ​ព្រះអង្គ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស ហើយ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ថែម​ទៀត។

នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ សម្ដេច​ក្រុមព្រះ​ក៏​បាន​ប្រកាស​អំពាវនាវ​តាម​សារព័ត៌មាន​ឲ្យ​សែ​រាជវង្ស​ ឈប់​ធ្វើ​នយោបាយ ស្រប​ពេល​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រៀម​ជ្រើសរើស​ព្រះអនុជ​របស់​ព្រះអង្គ គឺ​អ្នក​អង្គម្ចាស់ នរោត្ដម អរុណរស្មី ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ជុំវិញ​រឿងរ៉ាវ​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ទង្វើ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រាន់​ជា​ការ​ព្រមាន​បង្អើល​កុំ​ឲ្យ​សម្ដេច​ក្រុមព្រះ​ចូល​រួម​ជាមួយ​ គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ បើ​ព្រះអង្គ​មិន​ចូល​បក្ស​ប្រឆាំង​នោះ ហ៊្វុនស៊ិនប៉ិច ក៏​មិន​ប្ដឹង​ដែរ។ លោក​បន្ត​ថា ការ​ប្ដឹង​នេះ​ក៏​អាច​ជា​គំនិត​របស់​គណបក្ស​កាន់​អំណាច ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​លើសលប់​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក អ៊ូ វីរៈ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​សម្ដេច​ក្រុមព្រះ​ចូល​នយោបាយ​វិញ​ជា​ដាច់​ខាត៖ «ការ​ដែល​ចង់​ប្ដឹង និង​មិន​ចង់​ប្ដឹង ហ្នឹង​ជា​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឆ្លើយ​តប​ជាមួយ​នឹង​ការ​គំរាម​កំហែង​នានា ដូចជា​ការ​បក​កកាយ​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​សម្ដេច​ក្រុមព្រះ។ យើង​ខ្ញុំ​មើល​ទៅ​បើ​ព្រះអង្គ​ចូល​នឹង​បក្ស​ប្រឆាំង បក្ស​កាន់​អំណាច​នឹង​ប្រតិកម្ម​ហើយ»។

លោក អ៊ូ វីរៈ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​គាំទ្រ បើ​សិន​ជា​សម្ដេច​ក្រុមព្រះ​ចូល​រួម​ជាមួយ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ប៉ុន្តែ​មិន​មាន​ផលប្រយោជន៍​យូរ​អង្វែង​នោះ​ឡើយ។

ចំណែក​មន្ត្រី​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា សម្តេច​ក្រុមព្រះ​ធ្វើ​នយោបាយ​ជា​សិទ្ធិ​របស់​ទ្រង់ ប៉ុន្តែ​អ្នក​ដែល​ឈឺ​ក្បាល គឺ​បក្ស​ដែល​ព្រះអង្គ​ចូល​រួម​ជាមួយ​ប៉ុណ្ណោះ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​តំណែង​ជា​ប្រធាន​ក្រុម​ឧត្ដម​ទី​ប្រឹក្សា​ព្រះមហាក្សត្រ​ឋានៈ​ស្មើ​ នាយករដ្ឋមន្ត្រី ដែល​តំណែង​នេះ​ព្រះអង្គ​បាន​ទទួល​ក្រោយ​ភ្លាម​តាម​ការ​សន្យា​ជាមួយ​នឹង​លោក​ នាយករដ្ឋមន្ត្រីហ៊ុន សែន ថា ព្រះអង្គ​សម្រេច​យាង​ចាកចេញ​ពី​ឆាក​នយោបាយ​នៅ​ក្នុង​ឆ្នាំ​២០០៨។អ្នក​តាម​ ដាន​បញ្ហា​នយោបាយ​យល់​ថា សម្ដេច​ក្រុមព្រះ នរត្តម រណឫទ្ធិ នៅ​មាន​ឥទ្ធិពល​ទាក់ទាញ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា ខាង​មុខ ដូច​នេះ​ចង់ ឬ​មិន​ចង់ ក៏​បក្ស​កាន់​អំណាច​នឹង​មិន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​យាង​ចូល​នយោបាយ​វិញ​ដោយ​ ស្រួល​នោះ​ទេ៕

by RFA/Den Ayuthea

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s