អ្នក​ទោស​ចោទ​មន្ត្រី​ពន្ធនាគារ​ព្រៃស​ថា​ពុករលួយ


អ្នក​ទោស ៣០៥

អ្នកទោស​នៅ​ពន្ធនាគារ​ព្រៃ​ស ជាយ​រាជធានី​ភ្នំពេញ។
រូប​ឯកសារ

RFA/Sok Serey

ក្រុម​ស្ត្រី​ជា​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ឬ​គេ​ស្គាល់​ជា​ទូ​ទៅ​ថា ម២ បាន​តវ៉ា​ថា មាន​អំពើ​ពុករលួយ និង​អយុត្តិធម៌ ក្នុង​ការ​គ្រប់គ្រង​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ។

ស្ត្រី​ជា​អ្នក​ទោស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា គាត់​ធ្លាប់​ត្រូវ​មន្ត្រី​ពន្ធនាគារ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន ៥០​ដុល្លារ ដើម្បី​ដូរ​ទៅ​ស្នាក់នៅ​បន្ទប់​អាគារ «ក» ឬ​អាគារ អា «A»។ ប៉ុន្តែ​គាត់​ស្នាក់​នៅ​ក្នុង​អាគារ​នោះ​បាន​មិន​ដល់ ២​ខែ​ផង ស្រាប់​តែ​មន្ត្រី​ពន្ធនាគារ​ដោះ​ដូរ​ឲ្យ​គាត់​មក​រស់​នៅ​អាគារ «គ» ឬ​អាគារ សេ «C» ដោយសារ​តែ​គាត់​មិន​មាន​លុយ​សូក​លុយ​ទៅ​មន្ត្រី​ទាំង​នោះ​ទៀត៖ «ជួនកាល ​អ្នក​ខ្លះ​ទិញ​កន្លែង​គេ​គេង ហើយ​បាន​ស្រួលបួល​ហើយ​ដល់​ពេល​បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ គាត់​ចាស់ គាត់​ឈឺ អ៊ីចឹង​គាត់​អត់​បាន​ទៅ​ធ្វើ​ការ គេ​ខឹង​គេ​យក​មក​ដាក់​នៅ​អាគារ​សេ​នេះ គឺ​គេ​អត់​ចាក់សោ​ឲ្យ​ចេញ​នោះ​ទេ»

ស្ត្រី​ដដែល​បញ្ជាក់​ថា អាគារ «ក» មាន​ទីធ្លា​ទូលាយ​ជាង​អាគារ «គ» ហើយ​ចំនួន​មនុស្ស​ស្នាក់​នៅ​ក៏​ដាក់​តិច និង​ទូលាយ​ជាង ទើប​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ពន្ធនាគារ​ចង់​ទៅ​ស្នាក់នៅ​អាគារ​នោះ។ ម្យ៉ាង​មន្ត្រី​ពន្ធនាគារ​តែង​បើក​ទ្វារ​ឲ្យ​អ្នក​ទោស​នៅ​ក្នុង​អាគារ «ក» ចេញ​ដើរ​ហាត់ប្រាណ​ទៀងទាត់​តាម​ម៉ោង​កំណត់​ពី​ម៉ោង ៨ ដល់​ម៉ោង ១០​ព្រឹក។ រី​ឯ​អ្នក​ទោស​ស្នាក់​នៅ​អាគារ «គ» វិញ បើ​ទោះ​បី​ជា​អ្នក​ទោស​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​គ្មាន​លុយ​សូក​មន្ត្រី​ពន្ធនាគារ​នោះ គឺ​ត្រូវ​ដេក​ចង្អៀត​ណែន ម្យ៉ាង​ការ​បើក​ទ្វារ​ឲ្យ​ចេញ​ដើរ​ហាត់ប្រាណ​ក៏​យឺតយ៉ាវ គឺ​រហូត​ដល់​ម៉ោង ៩​ព្រឹក ទើប​បើក​ឲ្យ​ចេញ ហើយ​ឆ្មាំ​គុក​តម្រូវ​ឲ្យ​ចូល​ក្នុង​បន្ទប់​មុន​គេ​ថែម​ទៀត។

ស្ត្រី​ជា​អ្នក​ទោស​ដដែល​បន្ត​ថា ប្រសិន​បើ​អ្នក​ទោស​ណា​មាន​លុយ​ពី ៥០ ទៅ ១០០​ដុល្លារ​នោះ អាច​ដោះដូរ​ទៅ​នៅ​អាគារ «ក» បាន​ភ្លាមៗ។ មួយ​វិញ​ទៀត អាគារ​អ្នក​ទោស​ដែល​មិន​មាន​លុយ​សូក​ឲ្យ​មន្ត្រី​ពន្ធនាគារ ជា​រឿយៗ​មន្ត្រី​ពន្ធនាគារ​ឧស្សាហ៍​ចុះ​មក​ឆែកឆេរ​ញឹកញាប់ ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​របស់​មួយ​ចំនួន និង​ជួនកាល​ឆ្មាំ​ពន្ធនាគារ​ជា​បុរស​ទាំង​នោះ​សម្រុក​មក​ឆែកឆេរ​ចំ​ពេល​ដែល​ ស្ត្រី​អ្នក​ទោស​ងូត​ទឹក ឬ​ចោមពុង​គេង​ក៏​មាន ដែល​ទង្វើ​ទាំង​នោះ​មិន​គួរ​គប្បី​នោះ​ទេ។

ស្រ្តី​ជា​ទោស​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ទោស​នៅ​អាគារ «គ​៣» និង «គ​៤» ភាគ​ច្រើន​ជា​មាន​វ័យ​ចាស់ៗ និង​មាន​ផ្ទុក​ជំងឺ​ផ្សេងៗ​រស់​នៅ​លាយឡំ​គ្នា។ ការ​យឺតយ៉ាវ​ឲ្យ​ចេញ​ដើរ​ហាត់ប្រាណ​ធ្វើ​ឲ្យ​ជើង​ពួក​គាត់​ស្ពឹក​ស្រពន់។

ស្ត្រី​ដដែល​ស្នើ​សុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​បញ្ឈប់​បង្ខំ​ជំរិត​ទារ​ ប្រាក់​ពី​អ្នក​ទោស និង​ផ្តល់​សិទ្ធិ​ដល់​អ្នក​ទោស​ឲ្យ​បាន​ស្មើ​គ្នា៖ «ខ្ញុំ ​មាន​ជំងឺ ខ្ញុំ​សុំ​គេ​អត់​ទៅ​ធ្វើ​ការ គេ​អត់​សុខ​ចិត្ត គេ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ តែ​ខ្ញុំ​អត់​ទៅ ដូច្នេះ​គេ​ដូរ​មក​ខាង​សេ តែម្ដង អត់​ចាក់​សោ​ឲ្យ​ចេញ​ទេ​ទាល់តែ​ម៉ោង ៩ បាន​ចាក់​ឲ្យ​ចេញ»

ជុំវិញ​ការ​ចោទ​ប្រកាន់​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ខ្លូត ដារ៉ា ប្រធាន​ពន្ធនាគារ​ព្រៃ​ស (ម២) បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។ តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ិញ សំរឿន អនុ​ប្រធាន​ពន្ធនាគារ​ព្រៃ​ស (ម២) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ បញ្ជាក់​ថា ពិរុទ្ធជន និង​ទណ្ឌិត​ជា​ស្ត្រី​កំពុង​ទទួល​បាន​ការ​ថែ​ទាំ និង​អប់រំ​យ៉ាង​ល្អ​ដូច​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ដែរ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ឲ្យ​ដឹង​ថា ស្ទើរ​តែ​គ្រប់​ពន្ធនាគារ​នៅ​កម្ពុជា សុទ្ធ​តែ​ផ្ទុក​ហួស​ចំណុះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ស្ត្រី និង​អនីតិជន​ដែល​កំពុង​រស់​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​ណែន​នោះ។

លោក​បន្ត​ថា នេះ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​អំពើ​ ពុករលួយ​ក្នុង​ពន្ធនាគារ រួម​មាន​ការ​សូក​ប៉ាន់​ដល់​មន្ត្រី​ពន្ធនាគារ​ជា​ថ្នូរ​បាន​កន្លែង​ស្នាក់​ នៅ​ទូលាយ សូកប៉ាន់​សុំ​ចេញ​ដើរ​ហាត់​ប្រាណ៖ «សុំ​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក​ពិនិត្យ​ឡើង​វិញ ហើយ​សុំ​ឲ្យ​អនុវត្ត​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​អ្នក​ទោស»។
របាយការណ៍ ​ថ្មី​របស់​ពន្ធនាគារ​ព្រៃស (ម២) បង្ហាញ​ថា អ្នក​ទោស​ជា​ស្ត្រី​កំពុង​ជាប់​ឃុំ​​មាន​​​ចំនួន ៤៨៥​នាក់ ក្នុង​ចំណោម​អ្នក​ទោស​សរុប​ជាង ៧០០​នាក់។ ក៏​ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ មីនា រក​ឃើញ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ មាន​អ្នក​ទោស​ជា​ស្ត្រី​ជាង ១.២០០​នាក់ នៅ​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កម្ពុជា។ តួលេខ​នេះ​បាន​កើន​ឡើង ៣៩​ភាគរយ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១០។ ចំណែក​អត្រា​នៃ​ការ​ជាប់​ពន្ធនាគារ​​របស់​អ្នក​ទោស​ជា​ស្ត្រី​បាន​កើន​ឡើង ៤​ដង ច្រើន​ជាង​អ្នកទោស​ជា​បុរស។ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​លីកាដូ ចាត់​ទុក​ថា ជា​ការ​កើន​ឡើង​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s