អ្នក​កាន់សាសនា​ព្រះពុទ្ធ​ និង​​មូស្លីមប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​​នៅ​មីយ៉ាន់ម៉ា


  ​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា​ជា​ថ្មី​​រវាង​​ក្រុម​អ្នក​កាន់​សាសនា​ ​​ព្រះពុទ្ធ ​និង​មូស្លីម​ នៅ​ទីក្រុង​ Meikhtila​ ​ប្រទេស​មីយ៉ាន់ម៉ា​​​​​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ៥ ​នាក់​បាន​ស្លាប់ ​​និង​​​ ៣៩ ​នាក់​ផ្សេង​ទៀត​​រង​របួស។ ​​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ ៥ ​នាក់​​​មាន​ព្រះសង្ឃ​មួយ​អង្គ ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ពីរ​​រូប ​និង​អ្នក​កាន់​សាសនា​មូស្លីម​ពីរ​រូប។ ​នេះ​​បើ​តាម​ប្រភព​ពី​មន្ទីរ​ពេទ្យ​ធំ​ ក្រុង​ Meikhtila។

គេ ​ជឿជាក់​ថា ​ការ​ប៉ះទង្គិច​គ្នា​​​ថ្មី​​រយៈពេល​ពីរ​ថ្ងៃ​មក​​នេះ​គឺ ​ផ្ដើម​ចេញ​ពី​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​អតិថិជន​ជា​ពុទ្ធសាសនិក ​និង​ម្ចាស់​ហាង​ជា​ជន​មូស្លីម។ ​ក្រោយ​មក​ក្រុម​ពុទ្ធសាសនិក​ជន​បាន​ហៅ​គូកន​របស់​ខ្លួន​មក​ព្រួត​វាយ​ ម្ចាស់​ហាង​ ទើប​កើត​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា​បែប​នេះ​តែ​​ម្ដង​ទៅ។
ការ ​ប្រឈម​មុខ​​រវាង​ក្រុម​អ្នក​ជ្រុលនិយម​ទាំង​ពីរ​បាន​​​ឈាន​ដល់​ការ​ដុត​ លំនៅឋាន ​ហាង​ ​យានជំនិះ​របស់​ជន​មូស្លីម ​និង​វិហារ​អ៊ីស្លាម​មួយ​​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់។
​ ​​ដោយ​សារ​ជម្លោះ​ដ៏​តឹង​តែង​នេះ​ សមត្ថកិច្ច​ក្នុង​តំបន់​បាន​ដាក់​បម្រាម​គោចរ​ហាម​ប្រាម​មិន​ឲ្យ​​សហគមន៍​ អ្នក​កាន់​សាសនា​ទាំង​ពីរ​ធ្វើ​ដំណើរ​​ទៅ​ណា​មក​ណា​ផ្ដេសផ្ដាស​នោះ​ទេ។
​ សម្ព័ន្ធភាព​រវាង​ក្រុម​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ​និង​មូស្លីម​​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​អាក្រក់​បំផុត​ ​បន្ទាប់​ពី​​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​យ៉ាង​ខ្លាំងក្លា​កាល​ពី​ឆ្នាំ​ ទៅ​មិញ​ក្នុង​រដ្ឋ Rakhine ​រវាង​ក្រុម​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ​និង​ជន​មូស្លីម​រ៉ូហីនយ៉ា ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​ ២០០ ​នាក់​ស្លាប់ ​និង​ជាង​ ១ ​សែន​នាក់​ផ្សេង​ទៀត​បាត់បង់​ទី​ជម្រក៕