កំណាព្យ

គុណរបស់ទាន

ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃ​……………..រហូតដល់ថ្ងៃបុត្រថ្លៃចាកគភ៌
ទានចិញ្ចឹមស្មោះទឹកដោះបបរ…………….កូនរស់បានល្អព្រោះធម៏សប្បុរស។

ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន……….ប្រេតរួចពីឃ្លានព្រោះទានរំដោះ ទានជាទេវធម៌លម្អសប្បុរស……………….ទានមានចិត្តស្មោះសង្រ្គោះជីវិត។

ទានគឺជាទ្រព្យជាប់តាមសន្តាន……………ជាមិត្តរួមប្រាណឆ្លងភពងងឹត ទានកាច់បំបាក់មោហៈក្នុងចិត្ត…………….បានត្រាស់ដឹងពិតដ្បិតទានបារមី។

ហៃកូនប្រុសស្រីគប្បីចាំទុក………………..គុណម្តាយឪពុកទានាធិបតី កូនដឹងមង្គលសាមសិបប្រាំបី……………..ចៀសកម្មអប្រីយ៏ផុតភ័យអបាយ។

គុណមាតាបិតា

ស្រង់ពីសៀវភៅ គិហិបដិបត្តិ ធម្មទាន

១. បពិត្រលោកអ្នក​មាតាបិតា

កូននឹកខ្លោចផ្សាពេកអម្បាយ

តាំងពី​កូនកើត​មានរូបកាយ

អ្នកតែងខ្វល់ខ្វាយ​ថែរក្សា ។

២. ឱះឱម្ចាស់ថ្លៃវិសេស​លន់

អ្នករង​ទុក្ខ​ធ្ងន់​ពន់​ពេកណា

អ្នកខំ​បីបម​កូនស្ងួន​ភ្ងា

ពុំ​អាចពណ៌នាឱ្យ​អស់បាន ។

៣. ហេតុនេះកូន​សូម​ផ្គង​អញ្ជលី

លើកហត្ថ​ទាំង​ពីរបន្ទន់​ប្រាណ

គោរព​បាទា​ព្រះក្សេម​ក្សាន្ត​

ទោស​ខុស​ប៉ុន្មាន​សូមប្រណី ។

៤. ម្ចាស់​អើយ​កាលកូន​ទ្រ​ហោយំ

អ្នកស្ទុះ​មកថ្មម​ត្រកងបី

ច្រៀង​បំពេរកូន​ដោយប្រិមប្រិយ

ដោយចិត្ត​មេត្រី​ផ្តេក​កូនណា ។

៥. ទឹកមាត់​ទឹកមូត្រលាមកផង

ទាំងគ្រឿង​សៅហ្មង​ផងនានា

អ្នកចាប់​អ្នកកាន់​អ្នកស្រវា

លាងដោយ​ហត្ថា​ឥត​ជិនឆ្អន់ ។

៥. បពិត្រអ្នកម្តាយ​មានករុណា

បិតាមានគុណ​វិសេសលន់

កូនសូម​គោរព​ព្រះគុណធ្ងន់

សូមព្រះសោភ័ណ​បានក្សេមក្សាន្ត ។

៦. ហេតុនេះ​កូនសូម​ឧទ្ទិសផល

តម្កល់​ចេតនា​ដ៏ក្លាហាន

ទានសីល​ភាវនា​ដែលកូនបាន

សាង​ធ្វើ​ប៉ុន្មាន​ជូនទៅអ្នក ។

៧. សូមលោក​ទទួលដោយ​សោមនស្ស

ចិត្តកូន​ត្រង់ស្មោះ​ចំពោះអ្នក

ដូចកូនបាន​ពោលពាក្យ​សច្ចៈ

សូមជូនទៅអ្នកគ្រានេះហោង ។

ច្បាប់ព្រះរាជសម្ភារ (រាជនេតិ)

ច្បាប់ព្រះ​រាជសម្ភារ (រាជនេតិ)

(បទកា​កគតិ)

១.ហៃសាធុជនផង     នេះគឺបំណង     បទបាលីថា

គម្ពីរ​រសធម៌    អាណា​ក្រិត្តិកា   គួរគប្បីមហា     ជនផង​ត្រងត្រាប់ ។

២.ធម៌នេះ​ដំបូន្មាន    រួមរក្សា​ប្រាណ   ឱ្យបាន​ក្តី​គាប់

ដ៏លោកបរលោក     ហៅរស់​ពុំស្លាប់  ធម៌នេះ​ជាច្បាប់     ក្តី​គាប់​បរិយាយ ។

៣.កុំទុកចិត្ត​បរទេស       កុំទុកចិត្ត​អភិ​នេស្រ្កម៍(១)      កុំទុកចិត្ត​អភិប្រាយ

ប្រើស្ទំ(២)​រែងខ្ពស់      រំពឹងឱ្យឆ្ងាយ    ស្តាប់​ពាក្យបរិយាយ     បណ្តិប​មេជី(៣)

៤.កុំងឿងដោយខ្យល់(៤)     កុំឱន​ពាក្យពល       កុំខ្វល់ដោយស្រី

កុំកាន់​ពិសយង់      គប់នឹងស្រី្ត         សមណជនជី       កុំឱ្យក្តី​ត្រូវ ។

៥.កុំនៅ​ញ៉ាំងឈ្លោះ    កុំស្តាប់អសុរោះ   កុំស្តាប់អាស្រូវ

កុំដើរពានស្កុន    កុំស្កាត់ច្រកផ្លូវ       កុំធ្វើស្រែស្រូវ      នៅផ្លូវដំរី ។

៦.ផ្អែមពីរ​ប្រការ         ចំណីនៅ​ដាល(៥)   កុំអាលឱ្យឆី

ផ្អែមមួយពាក្យពាល      រែងរាល​រកក្តី      ផ្អែមមួយ​ពាក្យស្រី      ស្រដីមាយា ។

៧.ពាក្យ​គ្រូរែង​រឹង        ស្រារែង​ស្រវឹង       ពុំដែលពិសា

ពាក្យពិតរែងស្លែង     ពុំពិរោះ​ថា         បណ្តិប​មេបា       រែងថាពុំគាប់ ។

៨.ខ្លៅរែង​ស្អប់ចេះ      ខ្សត់ឥតចំណេះ   ស្អប់អ្នកមានទ្រព្យ

ស្រីស្រាលប្រចណ្ឌ      រែងស្អប់ខ្ញុំគាប់    ពាលពិត​ឥតច្បាប់       រែងស្អប់​ប្រដៅ ។

៩.ចង់បុណ្យបានបាប     ចចើង​ចង់លាភ       រែងបាត់​ធនទៅ

មានៈបាត់មិត្ត       ឥតអ្នក​ជាផៅ       ក្រេវក្រោធឃោរឃៅ       រមែង​បាត់អង្គ ។

១០.ស្វែង​គាប់បានយស       ចង់ស្វែងរបស់      ប្រើចេះផ្គត់​​ផ្គង់

ចង់ធំកុំអួត     ដើមមាន​ពូជពង្ស         ចង់ឱ្យខ្លួន​ត្រង់       ប្រើ​ផ្គាប់​អ្នកមុខ ។

១១.ខ្លែងហើរ​ត្បិត​ខ្យល់       នាយថ្កើងត្បិតពល             រក្សាឱ្យសុខ

ទ្រព្យគង់ត្បិតស្រី      ចេះសំចៃទុក       ផ្ទះ​ធំស្រណុក       តិ្បតភរិយា​ជា ។

១២.បាត់យសត្បិត​ខ្ជឹល    បាត់ញាណទានសីល      ត្បិត​សេពសុរា

ប្រមាទ​បាត់បុណ្យ    ខឹងបាត់​ប្រាជ្ញា    លេញ​លេងដៀលថា      បាត់​ឥរិយាគាប់ ។

១៣.អត់ឱនឥតទោស  ធ្វើចិត្តសណ្តោស  បង្កើតជាទ្រព្យ

មេត្រីជាញាតិ  រក្សាដល់ស្លាប់  ចៀសក្តីពុំគាប់  ជាគន្ធពិដោរ ​។

១៤.ទឹកបាក់ទៅទាប     បុណ្យបាត់ត្បិតបាប    លាភបាត់ត្បិតឃោរ

ទឹកថ្លា​ត្បិតរលក    ពុំយល់ស្រមោល    ទោសកើតត្បិតពោល  ល្មមមាត់ឈ្លានពាន ។

១៥.ខ្លៅរែង​ស្អប់ប្រាជ្ញ    នាអ្នកខ្លួនខ្លាច    រែងធ្វើជាហ៊ាន

ខ្សត់ខ្សោយស្មុតទ្រុត​     រែងធ្វើជាមាន    អ្នកឥត​សន្តាន   រែងមើលងាយគេ ។

១៦.ទាហានថ្កើងត្បិតសឹក   ធ្វើស្រែ​ត្បិតទឹក   ត្រីកពលត្បិតបាយ

សិស្សប្រាជ្ញ​ត្បិតគ្រូ     ជេរ​ពោលដំវាយ   ពលជាត្បិតនាយ  ហ្វឹកហ្វឺនខះខំ ។

១៧.រៀនក្តីគួរគិត     ចាស់ឥតប្រព្រឹត្ត    នូវប្រែច្រឡំ

អ្នកជាៗកាច    តូចប្រែជាធំ      ពង្សពូជឧត្តម   ច្រឡំជារាស្រ្ត ។

១៨.ឃើញសេះជាលា    ក្ងានជាទា    ពពាយជាទាស

សំណង់ជាប្រាក់      ស្ពាន់ធ្លាក់ជាមាស     បង្កួយជាជាស    កប្បាសជាគរ ។

១៩.ហេតុនេះគួរគិត    គួររិះរកហិត      ដឹងរសគន្ធ

ពិដោរអសុដោរ      ពិសា-សាទរ    ហឹកហើយគប្បីប-       រិភោក្តាក្តិត ។

២០.ល្គឹកឮពាក្យពេចន៍    សាកសួររកសាច់   សន្តាន​ព្រេង​ព្រឹទ្ធ

រករិះកល់អ្វី    សុចរិតទុច្ចរិត     ហើយហោងគួរគិត      ឱ្យដឹង​ខ្ពស់ទាប ។

 

ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ របស់លោក លី ថៃលី

(១) ​អភិ​នេស្រ្កម៍(បព្វជិត),

(២)ស្ទំ​(ទាប,បន្តិចៗ),

(៣) ​បណ្តិប​មេជី(ពាក្យទូន្មានមេបា,ជីដូនជីតា)

(៤) កុំងឿងដោយខ្យល់ ៖ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។

(៥) ចំណីនៅ​ដាល កុំអាលឱ្យឆី គឺចំណីដែលកំពុងក្តៅខ្លាំងកុំអាលស៊ី ។

ព្រះរាជសម្ភារ ដោយលោក លី ថៃលី

បារាំងអប្បលក្ខណ៍  វាចោមបាញ់អ្នក ​ ព្រះរាជសម្ភារ

ពីលើចុងត្នោត ពុំកោត​ចេស្តា  អ្នកយកហត្ថា រារាំងខាំងឃាត់ ។

******

សាធុសម្ទាយ  កុំបីរាយមាយ  នឹងក្តីកាមា

នាំឱ្យវង្វេង  ក្នុងវដ្តសង្សារ  ស្លាប់ទៅកាលណា  បានសោយតែទុក្ខ ។

ព្រះហេតុតែស្រ្តី  នាំឱ្យអប្រិយ  ដូចត្រីក្នុងភក់

បើបុរសផង  ចង់ឆ្លងនរក  កុំធ្វើវីវក់  ដូចខ្ញុំច្នេះណា ។

ពីព្រោះកាមេ  ឥលូវទាល់តែ ​ ក្សីណក្ស័យជីវា

សូវស្លាប់ទៅគាប់  ឱ្យជាប់ធម្មា  សូមអស់ទេវា  ជួយជាទិព្វញ្ញាណ ។

ទើបព្រះភូមិន្រ្ទ  នារាយណ៍ធិបតិន្រ្ទ  ទ្រង់អធិដ្ឋាន

ពីនេះទៅមុខ   ខ្ញុំសូមឱ្យបាន  ជាព្រះពុទ្ធញ្ញាណ  នាំសត្វទាំងឡាយ ។

ឱ្យអ្នកទាំងពួង  ជាទាហានហ្លូង  នាំយកទៅថ្វាយ

ព្រះបិតុលា  បានជា្របអធិប្បាយ  កុំឱ្យរាយមាយ  នឹងក្តីកាមេ ។

******

ទេវតាអើយចង្អៀតចិតអ្វីម្ល៉េះ     ជួបចូលខែនេះចេះតែផ្សារ

រសាប់រសល់ខ្វល់ចិន្តា         ចង្អៀតឱរាគ្នានហៅស្បើយ ។

ធ្វេសធ្វេវិញ្ញាណគិតកនិដ្ឋា      អនិច្ចាវេទនាឱកម្មអើយ

ពុំគួរបើមកដូច្នេះឡើយ     ទេព្តាអើយពុំទ្រង់មេត្តាសោះ ។

ឯមនុស្សលោកិយ​នៅក្នុងដែន   សល់សែនហៅពេញឥតសប្បុរស

រីត្រង់ទេវតាដែលទ្រង់យស     ប្រែចិន្តាអស់ដូចមនុស្សដែរ ។

រឿងនេះព្រះរាជសំភារក្ស័ត្រ    កាលប្រាសព្រាត់អគ្គកនិដ្ឋា

ស្តេចទ្រាំទុក្ខម្នេញពេញឱរ៉ា     ក្តៅផ្សាស្ទើរបង់ព្រះជន្មា ។

អនិច្ចាក្សត្រមកក្រុងក្រៃ        ព្រះទ័យអាល័យពនិតា

អស់ព្រះជន្មទៅទុកវាចា       ឱ្យអគ្គកនិដ្ឋាទតឯក្រោយ ។

វេទនា​គ្រានេះព្រះទ័យក្សត្រ   ព្រួយព្រាត់ឈឺផ្សា​ព្រះទ័យផ្ចង់

ឥតអ្នកណាមួយជួយព្រះអង្គ   ស្តេចបង់​ព្រះជន្មដោយសត្យា ។

******

ទ្រង់ព្រះរាជនិពន្ធរួចហើយ ព្រះអង្គក៏ទំលាក់​ស្នារព្រះហស្ថនេះពីចុងត្នោត​ចុះមក ។

ពេលនោះ ទាហានព័រទុយហ្គេស ដែលបារាំងកេណ្ឌមកនៅស្រុកខ្មែរ បានថ្វាយគ្រាប់មាស ត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោត​ សុគតពេលនោះទៅ ។

ស្រង់ពីសៀវភៅ វចនានុក្រមសុភាសិតខ្មែរ អធិប្បាយ របស់លោក លី ថៃលី

Leave a comment