វាលស្រែ ! វាលស្រែ ! ពាសពេញតៗជាប់គ្នាដល់ជើងព្រៃដែលគេមើលឃើញខៀវសន្លឹម ។
នៅក្នុង ស្រែ , សុទ្ធតែមានទឹកសស្ងាច , ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឱ្យកើតជារលកពព្រាំមកយោល ដើមស្រូវខ្ចីពណ៌បៃតងស្រស់ ។
នៅក្នុងជំពូកគុម្ពស្រូវនោះមាន ផ្កាត្រកួនពណ៌ស្វាយ , ផ្កាក្រជីបពណ៌ក្រហមឆ្អៅ , ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិនលាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច ។ បុប្ផាទាំងនេះហាក់ដូចជាឧបត្តិកឡើងសំរាប់ជាគ្រឿងលំអនៃសំពត់ព្រំ ពណ៌បៃតងដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និង ក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា …”។
នេះជាសម្រង់ចេញពីប្រលោមលោករឿងផ្កាស្រពោន ពណ៌នាទេសភាពពីលើរថភ្លើង ត្រង់វគ្គ យុវសិស្ស ប៊ុនធឿន ដែលជាតួអង្គឯកប្រុស ជាមួយយុវសិស្សវិទ្យាល័យឯទៀតៗសម្រាកវិស្សមកាលត្រឡប់ទៅលំនៅឋាន រៀងខ្លួនវិញដោយជិះរថភ្លើង ។
កាលណានិយាយដល់គូស្នេហយុវវ័យស្ម័គ្រស្មោះ កំសត់ ឬ គូស្នេហ៍ក្បត់ចិត្តនោះ គេមិនសូវបំភ្លេចតួអង្គ ប៊ុនធឿន និង នាងវិធាវី ក្នុងរឿងផ្កាស្រពោនឡើយ ។
លោក នូ ហាច ក៏ត្រូវបាគេស្គាល់បំផុត តាមរយៈស្នាដៃប្រលោមលោករបស់លោក រឿងផ្កាស្រពោន នេះឯង ។
រឿង ផ្កាស្រពោន ត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សានៅមធ្យមសិក្សានៅឆ្នាំ១៩៥៨ សព្វថ្ងៃ រឿងនេះ ត្រូវបានដាក់បញ្ចូលកម្មវិធីសិក្សាថ្នាក់ទី៨ទៀត។
នៅឆ្នាំ២០០២ នាមរបស់អ្នកនិពន្ធ នូ ហាច ត្រូវបានគេយកទៅប្រើជាឈ្មោះសមាគមអក្សរសិល្ប៍ ដែលមានឈ្មោះថា “សមាគមអក្សរសិល្ប៍នូ ហាច “ និង សមូហកម្មអក្សរសិល្ប៍ ឈ្មោះថា “សមូហកម្មអក្សរសិល្ប៍នូ ហាច” ។
វិចារណកថារបស់ សមាគមអក្សរសិល្ប៍នូ ហាច និយាយថា “ សមាគមអក្សរសិល្ប៍នូ ហាច បានយកឈ្មោះអ្នកនិពន្ធរៀមច្បងជាទីគោរពមកដាក់ជាឈ្មោះរបស់ខ្លួន ក្នុងបំណងលើកស្ទួយវិស័យអក្សរសាស្ត្រជាតិឱ្យមានការរីកចម្រើនជឿនលឿន ទាន់សម័យ” ។
វិចារណកថា ដដែលនេះបានបន្តទៀតថា “ អ្នកនិពន្ធ នូ ហាច បានឈានចេញពីអក្សរសិល្ប៍ខ្មែរបុរាណ ដែលសរសេររឿងសោកនាដកម្មតាមទ្រឹស្តីពុទ្ធសាសនា ជាពាក្យកាព្យ ឱ្យទៅជាការពិពណ៌នា និង ការនិទានប្រកបដោយមនោសញ្ចេតនា “ ។
ហេតុនេះ យើងអាចនិយាយដោយពុំមានកំហុសថា ប្រលោមលោករឿង ផ្កាស្រពោន របស់លោក នូ ហាច ទោះជាមានអាយុកាលកន្លះសតវត្សរ៍ហើយក្តី ក៏នៅតែមានឥទ្ធិពលក្នុងព្រលឹងខ្មែរនៅឡើយ ។
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅកំពង់ព្រះ ស្រុក សង្កែ ខេត្តបាត់តំបង លោក ឃួន នៅ និង អ្នកស្រី ឱរ មួច បានផ្តល់កំណើតឱ្យទារកម្នាក់ ដែលក្រោយមកត្រូវបានចារិកទុកនៅក្នុងប្រវត្តិអក្សរសាស្ត្រជាតិខ្មែរ ឈ្មោះថា នូ ហាច ។ លោកមានបងប្អូនប្រុស៥នាក់ និង ស្រី៣នាក់ ហើយលោកគឺជាកូនប្រុសច្បងក្នុងគ្រួសារកសិករមួយនេះ ។
កាលនៅ កុមារភាព នូ ហាច បានស្នាក់រៀននៅក្នុងវត្តកំពង់ព្រះ ដែលបង្រៀនដោយព្រះសង្ឃ ហើយសិក្សាចេះអានសាស្ត្រាស្លឹករឹតបានយ៉ាងស្ទាត់ ។
យុវជនយើងបានប្រឡងជាប់ចូលសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ នៅឆ្នាំ១៩៣២ ។
សៀវភៅ អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ របស់ បណ្ឌិត ឃីង ហុក ឌី អះអាងថា លោក នូ ហាច បានចូលបម្រើការងារជាចៅក្រម នៅឆ្នាំ១៩៣៩បន្ទាប់ពីបានប្រឡងមធ្យមសិក្សាប័ត្រភាគទី១ហើយបាន ផ្លាស់មកភ្នំពេញបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ ។
ប៉ុន្តែ ទស្សនាវដ្ដី សង្គមសាស្ត្រ-មនុស្សសាស្ត្រ ដែលយើងទទួលបានតាមរយៈសមាគមអក្សរសិល្ប៍នូ ហាច បានអះអាងថា “ ឆ្នាំ១៩៣២ លោកបានប្រឡងជាប់ចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិភ្នំពេញ ហើយលោកបានបន្តការសិក្សារហូតទទួលបានសញ្ញាប័ត្រមធ្យមសិក្សា ហើយលោកបានចាប់ផ្តើមអាជីពរបស់លោកជាមេធាវីយុត្តិធម៌មួយរូបបំពេញ ការងារនៅក្នុងខេត្តសៀមរាប ។ លោកបានរៀបការជាមួយអ្នកស្រី តាន់ រ៉េម បន្ទាប់ពីលោកបានផ្លាស់មកធ្វើការនៅភ្នំពេញវិញ” ។
អ្វីដែលខុស គ្នាបន្តិចនៅទីនេះគឺថា សៀវភៅរបស់លោក ឃីង ហុកឌី ថា លោកធ្វើជាចៅក្រម និង បានរៀបការរួចទើបត្រឡប់ចូលភ្នំពេញ ។ ចំណែកសមាគមអក្សរសិល្ប៍នូ ហាច ថាលោកបានធ្វើជាមេធាវីយុត្តិធម៌ ហើយបានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីវិលចូលភ្នំពេញ ។ ទោះយ៉ាងណា យើងយល់ថា ឯកសាររបស់សមាគមអក្សរសិល្ប៍នូ ហាច មានភាពច្បាស់លាស់ជាង ។
លោកបានចូលបម្រើការងារនៅក្រសួងឃោសនាការទទួលបន្ទុកខាងការផ្សាយកាសែតកម្ពុជា នៅឆ្នាំ១៩៤៧ ។
១ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៤៨ លោកបានធ្វើជាលេខាធិកាផ្ទាល់របស់ទ្រង់ យុត្តិវង្ស កាលដែលព្រះអង្គជានាយករដ្ឋមន្ត្រី ។ បន្ទាប់ពីទ្រង់ យុត្តិវង្ស សុគតទៅ លោក នូ ហាច បានវិលទៅបម្រើការងារនៅក្រសួងឃោសនាការវិញមានឋានៈជា ប្រធាននាយកដ្ឋាន ។
ឆ្នាំ១៩៥២ លោក បានចូលបម្រើការងារនៅក្រសួងការបរទេសដែលនៅជាប់មុខងារជាមន្ត្រីការទូត ។
ថ្ងៃទី១៦ មិថុនា ឆ្នាំ១៩៥២ដល់ថ្ងៃទី២៣ មករា ឆ្នាំ១៩៥៣ លោកត្រូវបានសម្តេចនរោត្តម សីហនុ តែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និង គមនាគមន៍ ។
សៀវភៅ អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ របស់ បណ្ឌិត ឃីង ហុក ឌី បានកត់ចំណាំថា នៅក្នុងអំឡុងឆ្នាំ១៩៦៩ ក្នុងពេលដែលលោកនៅបម្រើការងារនៅក្រសួងការបរទេសនោះ លោក នូ ហាច បានទទួលតំណែងជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី ។ នេះជាតំណែងចុងក្រោយរបស់លោក ។
សៀវភៅដដែលនេះ បានអះអាងទៀតថា លោកបាននិវត្តន៍ចូលភ្នំពេញប្រហែលជានៅឆ្នាំ១៩៧២ ហើយក៏បានបាត់ខ្លួននៅក្នុងអំឡុងរបបខ្មែរប្រហម១៩៧៥-១៩៧៩ ។
ទស្សនាវដ្ដី សង្គមសាស្ត្រ-មនុស្សសាស្ត្រ ដែលយើងទទួលបានតាមរយៈសមាគមអក្សរសិល្ប៍នូ ហាច មានភាពជាក់លាក់ជាងថា “ ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេសនៅភ្នំពេញ ។ ក្នុងកំឡុង(អំឡុង)ពេលនោះ លោកត្រូវបានគេតែងតាំងឱ្យទៅបំពេញបេសកកម្មនៅប្រទេសថៃ និង យូហ្គោស្លាវី ។ លោកត្រូវបានគេដំឡើងឋានន្តរសក្តិជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស ឥណ្ឌូនេស៊ី ប្រទេសវៀតណាម និង ជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិ ។
ឯកសារដដែលនេះបន្តទៀតថា លោកបានវិលត្រឡប់មកភ្នំពេញវិញនៅឆ្នាំ១៩៧៤ ហើយលោកត្រូវបានពួកខ្មែរក្រហមសំលាប់នៅខែមេសាឆ្នាំ១៩៧៥ ។
តាម ជីវប្រវត្តិសង្ខេប របស់អ្នកនិពន្ធសមាជិក នៃ សមាគម បានឱ្យដឹងថា លោក នូ ហាច បានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១៧ មករា ឆ្នាំ១៩៥៨ ។
ប៉ុន្តែឯកសាររបស់សមាគមអក្សរសិល្ប៍នូ ហាច ថា លោកចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤៨ ។ ចំណុចនេះគឺមានភាពខុសគ្នា១០ឆ្នាំគត់ ។
ស្នាដៃរបស់លោកមានជា៣ប្រភេទគឺ ទី១គឺជារឿងខ្លីៗ, ទី២ កំណាព្យ ហើយស្នាដៃទាំងនេះត្រូវបានផ្សាយក្នុងទស្សនាវដ្ដីប្រចាំសប្តាហ៍ឈ្មោះ “ រាត្រីថ្ងៃសៅរ៍ “ ក្នុងទសវត្សរ៍ទី៦០ និងទី៣ ស្នាដៃប្រលោមលោកចំនួន៤រឿងគឺៈ
– ផ្កាស្រពោន (១៩៤៩)
– នារីជាទីស្នេហា (១៩៥៣)
– លាវណ្យ និង រវិន្ទ ( ១៩៥៥)
– មាលាដួងចិត្ត ( ១៩៧២)