លោក គង់ សំអឿន

121212

លោក គង់ សំអឿន មាន​រូបរាង​ខ្ពស់​សង្ហារ បើ​ពិនិត្យ​ផ្នែក​នីមួយៗ​នៃ​មុខមាត់​របស់លោក គឺ​មិនមាន​អ្វី​លើសគេ​ទេ ភ្នែក​លោក​រាង​តូច​ម្ខាង ច្រមុះ​ពៀច​បន្តិច មាត់​រាង​វៀច​បន្តិច ដំណើរ​លោក​រាង​ពែ​ល​បន្តិច តែបើ​ពិនិត្យ​សរុបមក​ស្រាប់តែ​ឃើញ​លោក​ស្រស់​អស្ចារ្យ​មាន​អំណោយទាន ក្រៃលែង មាន​ស្រីៗ​ជាច្រើន​ឆ្កួត​នឹង​របៀប​ញញឹម​របស់លោក គឺ​ញញឹម​មួយ​ចំហៀង​មាត់​ដ៏​គួរឱ្យ​ទាក់ទាញ ។​

ដោយសារ​លក្ខណៈពិសេស​នេះហើយ ដែល​លោក​បាន​ក្លាយជា​បុរស “​សម្បូរ​ស្នេហ៍​” យ៉ាងខ្លាំង ។ ពី​សង្គមចាស់ លោក​ជា​មុខសញ្ញា​មួយ​របស់​លោកស្រី លោកជំទាវ​ទី​២ ឬ​ទី​៣ របស់​អស់លោក​ស័ក្តិ​៤ ស័ក្តិ​៥ ឬ ឧ​ត្ត​ម​សេនីយ៍ ។ លោក​គង់ សំអឿន សម្បូរ​មិត្តស្រី​ណាស់ តែ​ក៏មាន​ពេលខ្លះ​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ដោយសារ “​ពួកនាង​” ដែរ ។ មិនតិច​ដង​ទេ​ដែល​គេ​បាន “​ស្ទាក់ផ្លូវ​” លោក​ដើម្បី​គំរាមថា ឈប់​ទាក់ទង​នាង​នេះ ឬ​នាង​នោះ ព្រោះ​នាង​ជា​របស់​អញ ៘ និង ៘​

តែ​ជាការ​ធម្មតា​ទេ លោក​មិនដែល​គិតថា​ជា​រឿង​ធំដុំ ព្រោះ​លោក​មិនដែល​ទៅ​អូសទាញ​នាង​ណាមួយ​ទេ គឺ​ពួកនាង​មករក​លោក​ដោយ​ខ្លួនឯង​ទេតើ មានពេលខ្លះ​លោក​ត្រូវ​បាត់បង់​ពេលវេលា ដើម្បី​តែ​រត់គេច “​ពួកនាង​ជំទាវ​” ទាំងនោះ​ទៀតផង ។​

អ្នកស្រី ប៉ូ ផល ជា​ម្តាយ​របស់លោក គង់ សំអឿន ធ្លាប់បាន​និយាយ​រៀបរាប់​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ថា “​អឿន កូន​ខ្ញុំ​ស្លូត​ណាស់  សុភាព​ណាស់ គេ​ជាម​នុស្ស​មិនសូវ​ចេះ​និយាយស្តី ភាគច្រើន​របស់​កាយវិកា​រ​គេ គឺ​ញញឹម ។ អឿន ស្រឡាញ់​ប្អូនៗ​ណាស់ គេ​តែង​ផ្គត់ផ្គង់​ថែទាំ​ម្តាយ និង​ប្អូនៗ​ជា​រហូត មួយរយៈ​កាលដែល​គេ​នៅរស់​និង ល្បីល្បាញ ។ កាល​គេ​ទើបតែ​ធំ​ពេញវ័យ​ខ្ញុំ​មិនដឹងថា គេ​មាន​និស្ស័យ​សិល្បៈ​នេះ​តាំងពី​ពេលណា​មក​ទេ ព្រោះ​ពេល​រៀន ខ្ញុំ​មានផ្ទះ​នៅ​ពោធិចិនតុង ។ អឿន​, អាត និង​ឡុ​ច បីនាក់​បងប្អូន​នាំគ្នា​មក​ស្នាក់នៅ​រៀន​ផ្ទះ​ឪពុកមា ធ្វើ​គយ​នៅ​ភ្នំពេញ ។ លុះត្រាតែ​គេ​មានឈ្មោះ​ល្បីល្បាញ​ហើយ ទើប​ខ្ញុំ​និង​ឪពុក​គេ​ដឹង ។ ឪពុក​គេ​ជា​អ្នករដ្ឋការ ថ្វីបើ​មានកូន​៦​នាក់​សុទ្ធតែ​ប្រុស តែ​គាត់​តឹងរ៉ឹង​បិទ​សេរីភាព​កូន​ប្រៀប​ដូច​កូន​ទាំងនោះ​ជា​ស្រី ។ គាត់​មិន​ចូលចិត្ត​នឹង​ឱ្យ​កូន​មាន​មិត្តភក្តិ​ចុះឡើង​ផ្ទះ គាត់​មិន​ចូលចិត្ត​ឱ្យ​កូន​ទៅជា​អ្នក​កុន​ល្ខោន គឺ​គាត់​តម្រូវ​ថា កូន​ម្នាក់ៗ​ត្រូវតែ​ខិតខំ​រៀនសូត្រ ។ អឿន តែង​ត្រូវ “​រំពាត់​” ជា​ញយ​ដង​រឿង​ចំណូល​ចិត្តជា​អ្នកសិល្បៈ​នេះ ។ ដោយ​ដឹង​និស្ស័យ​ចិត្ត​ឪពុក​ដូច្នេះ កូនៗ​នាំគ្នា​លាក់​មិនឱ្យ​ឪពុកម្តាយ​ដឹង​ពី​រឿង​លេង​កុន​ទេ ។ គិត​ទៅ​កាលណោះ​អាណិតកូន​ណាស់ កូន​ចង់​ដើរតួ​កុន ចង់​ល្បី សុខចិត្ត​ទៅ​ខ្ចី​អាវធំ​ពី​បងប្រុស​ជីដូនមួយ​ពាក់​ស័ក្តិ​៤​ខាង​អាកាសចរណ៍ ដោយ​កុហកថា​ទៅ​ញ៉ាំ​ការ តាមពិត​មិនមែន​ទៅ​ញ៉ាំ​ការ​ឯណា គឺ​យកទៅ​ថតកុន​សោះ ។ អឿន ខ្ចី​ញយ​ខ្លាចចិត្ត​បង ប្រើ​ឡុ​ច​ឱ្យទៅ​ខ្ចី​ម្តង ទាល់តែ​បងប្រុស​ឆ្ងល់​ថា ហេតុ​អី​ក៏​ពួកវា​សម្បូរ​គេ​ហៅ​ការ​ម្ល៉េះ បានជា​ខ្ចី​អាវ​ខោ​មិនចេះ​ឈប់​សោះ ។ នឹក​ដល់​ត្រង់នេះ​ខ្ញុំ​អាណិតកូន​ណាស់ ហេតុតែ​ចង់​ល្អ ចង់​ល្បី សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស ភូតកុហក រហូតដល់​គេ​ល្បីល្បាញ ។ ខ្ញុំ​នៅចាំ​ថា គ្រាន់តែ​អាវធំ​ដែល​គេ​កាត់​ពាក់​សម្តែង​មាន​គ្រប់​ពណ៌ គ្រប់​ម៉ូត​ដាក់​តម្រៀប​ក្នុង​ទូ​ខោអាវ​ប្រៀប​ដូច​ហាង​សម្លៀកបំពាក់ ។ អឿន ស្លៀកពាក់​អី​ក៏​សម ក៏​ស្អាត សម្លៀកបំពាក់​ដែល​អឿន​កាត់​ពាក់ អ្នកណា​ឃើញ​ក៏​ស្រឡាញ់ ក៏​សុំ​យក​ម៉ូត​តាម​ដែរ ។​

ខ្ញុំ​នៅ​នឹកឃើញ​ថៃ្ង​ដែល​ខ្ញុំ​និង​ប៉ា​វា​ដឹងថា កូន​ជា​តួកុន ។ ថៃ្ង​មួយ​អឿន យក​សំបុត្រ​អញ្ជើញ​បី​-​បួន មក​អញ្ជើញ​ខ្ញុំ​និង​ឪពុក​វា​ឱ្យទៅ​មើល​កុន​រឿង “​សព្វ​សិទ្ធ​” ។ ពេលទៅដល់​មុខ​រោង ឃើញ​គេ​គូររូប​តាំង​ធំៗ ឪពុក​វា​លាន់មាត់​ប្រាប់​ខ្ញុំ​ថា “​ម៉ែ​វា​អា​តួ​នេះ​ដូច​កូន​យើង​ដល់​ហើយ​” ខ្ញុំ​ក៏​ងក់ក្បាល ព្រោះ​ដូច​មែន គ្រាន់តែ​គេ​ធំ​ជាង ស្លៀកពាក់​បុរាណ​ទៅ​វា​ស្អាត​ជាង ។ ពេល​ចូលដល់​ក្នុង​រោង​ឃើញ​ឈ្មោះ​ដែល​គេ​ដាក់​ពីក្រោម​រូប​តាំង​លំអ​រោង ឪពុក​វា​លាន់មាត់​ស្រឡាំងកាំង យី​ឈ្មោះ​ក៏​ដូច​កូន​យើង​ទៀត តិច​លោ​វា​ទៅ​…​ចុ​ម​ចុះ​វា​ថតកុន​ពី​អង្កាល់ ?…​ទាំងពីរ​នាក់​លែងមាន​យោបល់​ចូល​រោង​មើល​រហូតដល់​ចប់ ។ ដំបូង​ឪពុក​ខឹង​ណាស់​ស្ទើរ​ត្រឡប់មកផ្ទះ​វិញ ដើម្បី “​ជេរ​” ឱ្យអស់​ចិត្ត ។ តែ​ដោយ​អ្នក​អង្គុយ​ក្បែរ​នោះ​សរសើរ​មិន​ដាច់ សាច់រឿង​ក៏​ល្អមើល តួ​សម្តែង​ក៏​សម ឪពុក​លែង​មាត់​តែម្តង ។​
​អឿន ខ្លាច​ឪពុក​ណាស់ តែ​ក៏​គោរព​ឪពុក​ណាស់ដែរ ពេល​ឪពុក​ហៅ​អឿន​មក​សួរ អឿន​សារភាពថា ដោយសារ​ចាងហ្វាង​ផលិតកម្ម​មក​អង្វរ​ខ្លាំងពេក​ទើប​សុខចិត្ត​លេង ហើយក៏​មិន​ចោលការ​រៀនសូត្រ​ដែរ​…​ទើប​ឪពុក​នៅ​ស្ងៀម​លែង​មាត់​លែ​ងក គ្រាន់តែ​មិនសូវ​សប្បាយ​ក្នុង​ចិត្ត ។​

ខ្ញុំ​ក៏​យល់​ដែរ​ថា ប្តី​ខ្ញុំ​គាត់​ជា​ភូឈួយ​លោក ញឹក ជូ​ឡុង លោក​ជា​អ្នករៀន​សូត្រ​ចេះដឹង គាត់​ជា​តន្ត្រីករ​ម្នាក់​ដែរ លោក​មាន​ជំនាញ​ខាង​កូតវីយូឡុង និង​ចូលចិត្ត​ភ្លេងខ្មែរ ភ្លេង​មហោរី​ណាស់ តើ​ហេតុ​អី​ដល់ពេល​កូន​ក្លាយជា​អ្នកសិល្បៈ លោក​បែរជា​មិន​ចង់ទៅ​វិញ ។​

ក្រោយមក​ពេលដែល​អឿន​មាន​លុយកាក់​បាន​ទិញ​ផ្ទះមួយ​ឱ្យ​គាត់​នៅក្រៅ​ក្រុង ធ្វើស្រែ​ចម្ការ​ដាំ​ដុះ​តែម្នាក់ឯង ដោយ​ធ្វើ​មិត្ត​ជាមួយនឹង “​ដប​” ឯខ្ញុំ​និង​កូនៗ​រស់នៅ​ជាមួយ​អឿន​នៅផ្ទះ​វីឡា​នៅ​ផ្លូវភ្លោះ​សព្វ​ថៃ្ង (​ផ្ទះ​ទូត​គុយបា​) នេះឯង រហូតដល់​ថៃ្ង​បែក​៧៥” ។​

លោក គង់ សុ​ភី ដែល​ត្រូវជា​ប្អូនប្រុស​របស់លោក គង់ សំអឿន ក៏បាន​និយាយ​បន្ថែមទៀតថា “​បងប្រុស​ជា​បុរស​សុភាព​ណាស់ នៅ​ខាងក្រៅ​មិន​ដូចជា​នៅក្នុង​កុន​ដែល​ទស្សនិកជន​ឃើញថា​គាត់ “​ខិល​” ចំណាប់​នោះទេ ។ គាត់​ជា​មនុស្ស​តិច​មាត់តិច​ក តែ​ស្រឡាញ់​ប្អូនៗ​និង​ចូលចិត្ត​ក្មេង ។​

ពេល​គាត់​ទៅ​សម្តែង​នៅ​ជនបទ​ឆា្ង​យៗ គាត់​តែង​ចូល​ផ្សារ​ដូរ​លុយរាយ​ដើម្បី​ចែក​ឱ្យ​ក្មេងៗ កូនចៅ អ្នកភូមិ​ពេលដែល​វា​មក​ចោមរោម​មើល ។ ពេល​គាត់​ផាត់មុខ​មាន​ក្មេងៗ​មក​រោម​ជុំ គាត់​តែង​លើក​អាណា ដែល​តូច​ជាងគេ​មក​ដា​ក់លើ​ភ្លៅ​បណ្តើរ ផាត់មុខ​បណ្តើរ ។ គាត់​មិនដែល​សម្តែង​ឱ្យឃើញ​នូវ​ការ​ស្អប់ខ្ពើម ឬ ខ្លាច​ប្រឡាក់​នឹង​ដៃជើង​របស់​ពួកវា​ដែល​កខ្វក់​ឡើយ ។ ចាស់ទុំ​ជិតខាង​ក៏​ដូច្នេះ ស្រឡាញ់​ចូលចិត្ត​គាត់​គ្រប់ៗ​គ្នា ។ ចរិត​របស់គាត់​គោរព​ចាស់ ស្រឡាញ់​ក្មេង ព្រោះ​គាត់​ក៏​គ្មាន​កូន ។ ប្រពន្ធ​មិន​រៀបការ​របស់គាត់ គឺ បង​រ៉េ​ន គាត់​ស្រឡាញ់​ថែថួន​ពួក​ខ្ញុំ​ជា​ប្អូនៗ​ណាស់ ហើយក៏​មិនដែល​ប្រច័ណ្ឌ​ហួងហែង​បងប្រុស​ទាល់តែសោះ ។ ប្តី​ទៅណា​ក៏​ទៅៗ ប្រពន្ធ​នៅផ្ទះ​ថែថួន​ប្អូនៗ មើលថែ​ម្តាយក្មេក​ដូចជា​ភរិយា​ពេញ​ច្បាប់​ដទៃ​ដែរ ដោយសារតែ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះហើយ ទើប​បង​អឿន​គាត់​មិន​ដាច់ចិត្ត ចេះតែ​រស់នៅ​ជាមួយ​រហូត ទោះ​ជាមាន​ខិលខូច​ខាងក្រៅ​ខ្លះ ក៏​គាត់​មិន​ចោល​ប្រពន្ធ​ដ៏​ល្អ​នេះដែរ ។​

បង​អឿន​គាត់​ចាប់​ល្បី​ខ្លាំង​ពី​ឆ្នាំ​១៩៧០ រហូតដល់​ឆ្នាំ​១៩៧៥​តែម្តង ។ គាត់​បាន​ទៅ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ភូមិភាគ​អាស៊ី នៅ​ហុងកុង សាំង​ហ្គា​ពួរ និង​ទីក្រុង​បាងកក ។ កាលនោះ​ទៅជា​ក្រុម​ដោយមាន សមាជិក​៦​នាក់ គឺ​បងគង់ សំអឿន​, បង គង់ សំអាត​, លោក​ជា យុទ្ធ​ថន​, លោក​ណុប ណែម​, អ្នកស្រី គឹម ណូ​វ៉ា និង​អ្នកស្រី សោម វណ្ណ​សូ​ដា​នី ។ គ្រប់​ប្រទេស​គឺ​សុទ្ធតែ​បានទទួល​ពានរង្វាន់​ទាំងអស់ ។ ចន្លោះពេល​នោះដែរ បង​អឿន​បាន​ទៅ​ថត​ខ្សែភាពយន្ត​ឱ្យ​លោក លី ប៊ុន​យី​ម ដែល​ថត​នៅ​ប្រទេស​ទាំងបី ហុងកុង ថៃ និង​ខ្មែរ គឺ រឿង “​ឯណា​ប្រពន្ធ​ខ្ញុំ​?” តួ​ស្រី​គឺ​អ្នកស្រី វីរៈ​តារា អ​តី​តៈ​ភរិយា​លោក លី ប៊ុន​យី​ម ។ កាលណោះ​បងប្រុស​បាន​ចងមិត្ត ជាមួយ​តារា​ឯក​ក្នុង​ក្រុមហ៊ុន​សាវ​ប្រា​ឌ័​រ មាន​លោក ជាង តាវ​វ៉េ​, ទី​លុង​, ឈិន ក្វាន់​ថៃ ជាដើម ។​

លោក​គង់ សុ​ភី បានបង្ហាញ​ការសោកស្តាយ​ថា “​ប្រសិនបើ​បងប្រុស​ខ្ញុំ​កុំ​គិត​គ្រួសារ​ពេក កុំ​ស្រឡាញ់​បងប្អូន​ពេក ម្ល៉េះ​គាត់​មិន​ស្លាប់​ទេ ព្រោះ​នៅ​ឆ្នាំ​១៩៧៥ គាត់​បានទទួល​កុងត្រា​ថត​បី​រឿង​ជាមួយ​ក្រុមហ៊ុន​បរទេស ហើយ​គេ​បាន​បង្ខំ​ឱ្យ​គាត់​ទៅក្នុង​ពេល​ឆាប់ៗ​ដើម្បី​ចាប់ផ្តើម​ថត​នៅ ប្រទេស​ថៃ​, តែ​ដោយ​បងប្រុស​ខ្ញុំ​គិតថា ទៅ​ម្តងនេះ​រយៈពេល​យូរ​នៅ​រង់ចាំ​ជួបជុំ​គ្រួសារ​នៅ​ភ្នំពេញ រហូតដល់​ចូលឆ្នាំ​ខ្មែរ​ហើយ​សិន​សឹម​ទៅ​…​។ ដឹងអី​ព្រឹត្តិការណ៍​១៧​មេសា បានធ្វើឱ្យ​គម្រោងការ​នោះ​ត្រូវ​រលាយ ហើយ​បងប្រុស​ត្រូវ​បាត់បង់​ជីវិត​យ៉ាង​ខ្លោចផ្សា​ទៀត ។ ខ្ញុំ​នៅចាំ​បាន​ថា គ្រួសារ​ខ្ញុំ​ទាំងអស់​ត្រូវគេ​ជម្លៀស​ឱ្យចេញ​ទៅតាម​ផ្លូវ​តាខ្មៅ​ស្អាង ព្រែក​តូច ។ បង​អឿន​ខ្ញុំ​ស្លៀក​ខោចែវ ពាក់​អាវយឺត បង់ក​ក្រមា​មួយ ពាក់​ស្បែកជើងផ្ទាត់​រុញ​ឡាន​ចេញទៅ ។ បងគង់ ឡុ​ច មាន​ប្រពន្ធ​កូនខ្ចី​, បងគង់ ចន្ថា មាន​ប្រពន្ធ​កូនកាត់​បារាំង កូន​បីនាក់ ។ តាមផ្លូវ​បង​អឿន​ខំ​លាក់​មុខ​ដែរ តែ​ទៅដល់​ណា​ក៏​គេ​ស្គាល់ ។ យើង​ទៅ​រស់នៅ​ស្រុក​ស្អាង​ព្រែក​តូច​រយៈពេល​ប្រហែល​ពីរ​ខែ គេ (​ខ្មែរក្រហម​) យក​បង​អឿន​ទៅ ។ ខ្ញុំ​ចាំបាន​ថា ថៃ្ង​នោះ​ម៉ែ និង​បង​រ៉េ​ន​ប្រពន្ធ​បង​អឿន​នាំគ្នា​ទៅ​គក់ខោអាវ​នៅ​មាត់ទន្លេ ។ ខ្ញុំ​លីងពោត ដាក់​ស្ករ​ឱ្យ​បង​ហូប ។ បង​អឿន​កំពុង​អង្គុយ​ហូប​ពោត​លីង ឪពុក​ខ្ញុំ​អង្គុយ​ជក់បារី​នៅក្បែរនោះ ស្រាប់​តែមាន​ពួកយោធា​អាវខ្មៅ​ពីរ​នាក់​ជិះ​ម៉ូតូ​សេ​អិ​ល ចូលមក​ប្រាប់ថា “​គណៈ​តំបន់​សុំ​ជួប​មិត្ត​អឿន​ជា​ប្រញាប់​” បង​អឿន ខ្លួន​ទទេ​ទាញ​អាវយឺត ហើយ​លា​ឪពុក​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ជា​ចុងក្រោយ​ក៏​ឡើង​ម៉ូតូ សេ​អិ​ល ពីក្រោយ​អ្នក​ឌុប ។ អា​ម្នាក់ទៀត​កាន់​កាំភ្លើង​អង្គុយ​ជាប់​ពីក្រោយ ។ ថៃ្ង​នោះ​បងប្រុស​ខ្ញុំ​បាត់​រហូត​…​។ ក្រោយមក ឮ​គេ​លួច​ប្រាប់ថា គាត់​ត្រូវគេ​បណ្តើរ​មក​នៅ​ម្តុំ​កោះគ ហើយ​ប្រហែលជា​គាត់​ត្រូវស្លាប់​នៅ​ទីនោះ​ដោយ​ពួកវា​សម្លាប់ ។ ម្តាយ​ខ្ញុំ​រីងរៃ​ដើររក​កូន​ដូច​មនុស្ស​ឆ្កួត ។ បងប្រុស​ខ្ញុំ​ទាំងបី​នាំគ្នារ​ត់ទៅ​ខេត្តកំពង់ធំ ហើយ​ត្រូវ​បែក​គ្នា​អស់ ។ សព្វ​ថៃ្ង​ខ្ញុំ​នៅសល់តែ​បងប្រុស​ម្នាក់​គត់ ដែល​ភៀសខ្លួន​រួច​ទៅ​កាណាដា ឯ​បង​អាត បង​ភ័ណ ត្រូវស្លាប់​នៅ​កំពង់ធំ បង​ចន្ថា​ទាំង​ប្រពន្ធ​ត្រូវស្លាប់​នៅ​ភ្នំ​លាជ ។​

ជីវិត​គ្រួសារ​ខ្ញុំ ដែល​សុទ្ធតែជា​តារាភាពយន្ត​វា​មិនបាន​រុងរឿង តែ​វា​ក៏បាន​ឆ្លងកាត់​ជីវិត​ឈឺចាប់​ព្រាត់ប្រាស​ចម្លែក​ខុសគេ​ដែរ ។ ខ្ញុំ​ស្អប់​ព្រឹ​តិ្ត​ការណ៍​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៩​ណាស់ ព្រោះ​វា​ធ្វើឱ្យ​ខ្ញុំ​បាត់បង់​នូវ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវមាន ។ វា​ធ្វើឱ្យ​ខ្ញុំ​បាត់បង់​លំនឹង​ផ្លូវចិត្ត​ដោយ​ស្រណោះ​អាល័យ​បងៗ​ដែលជា តារា​ដ៏​ភ្លឺ​ចិញ្ចាច​នៃ​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ ប្រសិនបើ​ពួកគាត់​នៅរស់ ម្ល៉េះ​អាចជួយ​ខ្មែរ​ផ្នែក​វិស័យនេះ​ឱ្យបាន​ល្អប្រសើរ​ឡើង​មួយចំណែក ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s