ស៊ិន ស៊ី​សាមុត

ដូច្នេះ​បទ​ពីរោះៗ​របស់លោក ស៊ិន ស៊ី​សាមុត ក៏មាន​មួយចំនួន​ផ្អែកលើ​កត្តា ខាងលើ​ដែល​ជំនាន់​មុនគេ​បានឱ្យដឹងថា មាន​ជើង​ខ្លាំង​ល្បីៗ បាន​តែង​បទ​ចម្រៀង បទ​ភ្លេង​សម្រាប់​លោក ស៊ិន ស៊ី​សាមុត​ច្រៀង ដូចជា​លោក វ៉ោ​យ ហូរ​, លោក ហាស សាឡ​ន​, លោក​មែរ ប៊ុន​, លោក ពៅ ស៊ី​ផូ​, លោក ម៉ា ឡៅ​ពី​, លោក យ៉ង់ ឈាង ហៅ​សំនៀង​ប្ញ​ទ្ធី ៘ និង​៘​

តាមរយៈ​សាក្សី​ ជាច្រើន​ដូចជា អ្នកស្រី ស៊ិន ចាន់​ហម ដែល​ត្រូវ​ជាង​បងស្រី​បង្កើត​របស់លោក ស៊ិន ស៊ី​សាមុត​, អ្នកស្រី សៀង វ៉ាន់​ធី​, លោក ហេង ហូ​វ៉េង អ្នកនិពន្ធ​បទ​ភ្លេង​ជា​មិត្តភក្តិ​លោក​ស៊ិន ស៊ី​សាមុត​, លោក​ហ៊ុល សុ​ផុន វិចិត្រករ​ជា​អ្នក​ធ្លាប់​ប្រកបមុខរបរ​គូរ​ក្របសៀវភៅ​ចម្រៀង​លោក​ស៊ិន ស៊ី​សាមុត ពី​សង្គមចាស់​, លោក​គ្រួច ប៊ុន លី អ្នក​បោះពុម្ព​សៀវភៅ​ចម្រៀង និង​បទ​ភ្លេង​របស់លោក​ស៊ិន ស៊ី​សាមុត​ពី​សង្គមចាស់ ព្រមទាំង​ញាតិមិត្ត និង អ្នកសិល្បៈ​ជំនាន់​ក្រោយ​ខ្លះទៀត ដែលមាន​ទំនាក់ទំនង​តិច ឬ ច្រើន​ជាមួយ​លោក​កាលពី​អតីតកាល និង​ជាពិសេស​លោក ស៊ិន ច័ន្ទ​ឆាយា ដែលជា​កូនប្រុស​បង្កើត​របស់លោក យើង​បានដឹង​ពី​ប្រវត្តិ​លោក​ស៊ិន ស៊ី​សាមុត ដូចខាងក្រោម​។​

វ័យ​កុមារ​របស់លោក ស៊ិន ស៊ី​សាមុត​
លោក ស៊ិន ស៊ី​សាមុត កើត​នៅ​ឆ្នាំ​១៩៣៥ (​ឆ្នាំរកា​) ស្រុកកំណើត​នៅ​ទី​រួម​ខេត្ត​ស្ទឹង ត្រែង ។ ឪពុក​លោក​ឈ្មោះ​ស៊ិន លាង ម្តាយ​នាង​ឈ្មោះ ស៊ី​ប ប៊ុន​លឿ មាន​សញ្ជាតិ​ដើម​ជា​លាវ​កាត់​ចិន ដែល​អ្នកផង​គេ​ហៅថា ខ្មែរ​ស្ទឹងត្រែង ។ លោក​មាន​បងប្អូន​បង្កើត​បីនាក់ ស្រី​ពីរ ប្រុស​មួយ គឺ​រូបលោក​ជា​កូនប្រុស​ពៅ ។ ពេល​លោក​មាន​អាយុ​៦-៧​ឆ្នាំ ឪពុក​របស់លោក​មាន​មុខរបរ​ធ្វើជា​ទាហាន​ជំនាន់​បារាំង ហើយ​មុនពេល​ទទួល​អនិច្ច កម្ម ឪពុក​លោក​មាន​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង​, លោក​បានទទួល មរណភាព​ដោយ​រោគាពាធ ។ ក្រោយមក​ម្តាយ​លោក​មាន​ស្វាមី​ក្រោយ​មានកូន​ស្រី​ពីរ​នាក់​ទៀត ដូច្នេះ​លោក​មាន​បងប្អូន​បង្កើត​សរុប​ចំនួន​៥​នាក់ ។​
កុមារា ស៊ិន ស៊ី​សាមុត បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ទី​រួម​ខេត្តស្ទឹងត្រែង​តាំងពី​អាយុ​៥ ឆ្នាំ​មកម្ល៉េះ ។ គេ​បានចាប់ផ្តើម​បង្ហាញ​ពី​និស្ស័យ​ភ្លេង​តាំងពី​អាយុ​៦-៧​ឆ្នាំ គឺ​គេ​ចូលចិត្ត​កូតទ្រ ដេញ​ហ្គី​តា និង​ចាប៉ី ។​

និស្ស័យ​មនុស្ស​ពី​កំណើត​
កុមារា ស៊ិន ស៊ី​សាមុត ជា​ក្មេង​ស្លូតបូត មនោ​ស​ញ្ចោ​ត​នា​ច្រើន ឆាប់​អាណិត​គេ ។ គេ​ចូលចិត្ត​មនុស្ស​ទន់ភ្លន់ សម្តី​ផ្អែមល្ហែម ស្រឡាញ់​បងប្អូន​ក្នុងផ្ទះ តែ​ចូល​ចិត្តស្ងប់​សា្ង​ត់ ។ គេ​ចូលចិត្ត​ទី​វត្ត​អារាម ចូលចិត្ត​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះសង្ឃ រៀនអក្សរ​បាលី​ជាមួយ​ព្រះសង្ឃ និង​ស្វែងយល់​ធម៌អាថ៌​តាំងពីក្មេង ។​
ក្រៅពី​និស្ស័យ​ចូលចិត្ត​ភ្លេង គេ​ចូលចិត្ត​អាន​សៀវភៅ ពិសេស​ចូលចិត្ត​ល្បែង​បង្ហោះ​ខ្លែង​ណាស់ ។ ចំពោះ​កីឡា​ផ្សេងៗ គេ​ចូលចិត្ត​លេង​បាល់ទាត់ ។ ចំពោះ​ការបរិភោគ​ចូលចិត្ត​ញ៉ាំ​តែ​ម្ហូបគោក មាន​សាច់ មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពង​ទា​ចៀន​ជា​ម្ហូប​ដែល​គេ​ចូលចិត្ត​ញ៉ាំ​ជាប្រចាំ ។​

គេ​ជា​កុមារ​ ស្រឡាញ់​ការរៀនសូត្រ ចំណូលចិត្ត​ក្រៅពី​រៀន​គឺ​ភ្លេង តែ​ពេលនោះ​លោក​ពុំទាន់​បានបង្ហាញ​ពី​និស្ស័យ​ច្រៀង​នៅឡើយ ។ រាល់​ពេលដែល​សាលា​ប្រារឰ​ពិធី​បុណ្យទាន​ផ្សេងៗ គឺ​រូបលោក​ត្រូវបាន លោកគ្រូ អ្នកគ្រូ នឹក​ដល់ ហៅ​ឱ្យមក​ប្រគំ​តន្ត្រី​រៀងរាល់​ពេល ។ អាស្រ័យ​ដោយ​និស្ស័យ​នេះ កុមារា ស៊ិន ស៊ី​សាមុត ជា​សិស្ស​ដែល​គ្រូ​ស្រឡាញ់​ចូលចិត្ត ហើយ​មិត្តភក្តិ​ទាំងឡាយ ក៏​ស្រឡាញ់​ជិតស្និទ្ធ​ណាស់ដែរ ។​

ដោយ​លទ្ធផល​ប្រឡង​ជាប់​ រៀងរាល់ឆ្នាំ នៅ​អាយុ​១៥-១៦​ឆ្នាំ លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ឧ​ត្ត​ម​ដ្ឋា​ន ដែល​ជំនាន់​នោះគេ​ហៅថា ជាប់​ស៊ែរ​ទី​ហ្វី​កា (Certificat d’etude primaire Complementaire) ។ សម័យ​នោះ​ក្រោយ​ជាប់​ស៊ែរ​ទី​ហ្វី​កា​ហើយ សិស្ស​អាច​រក​ការងារ​ធ្វើ ឬ​រៀន​យក​ជំនាញ​ឯកទេស​បាន​ហើយ ។ លោក ស៊ិន ស៊ី​សាមុត បាន​ជ្រើស រើសយក​មុខវិជ្ជា​ពេទ្យ​ជា​មុខរបរ ។ លោក​ត្រូវ​មក​សិក្សា​នៅ ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥០-៥១ ។​

យុវវ័យ​របស់លោក ស៊ិន ស៊ី​សាមុត​
ឆ្នាំ​១៩៥០-៥១ លោក​បានមក​បន្ត​ការសិក្សា​ផ្នែក​វិជ្ជាពេទ្យ (​គិលានុបដ្ឋាក​រដ្ឋ​)​នៅ​ភ្នំពេញ ដោយ​ស្នាក់អាស្រ័យ​រៀនសូត្រ​នៅផ្ទះ​អ៊ំ​របស់លោក ។ មូលហេតុ​នៃ​ការ​ជ្រើស រើស​នេះ គឺ​អាស្រ័យ​ដោយ​ខ្លួន​លោក​ផ្ទាល់​ដែល​ប៉ងប្រាថ្នា ពុំមាន​សម្ពាធ​ណាមួយ​ពី​ឪពុកម្តាយ ក្រុមគ្រួសារ​ឡើយ តែ​មុខវិជ្ជា​នេះ​បានធ្វើឱ្យ​ម្តាយ​និង ឪពុក​ក្រោយ​របស់លោក​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ។ ម្តាយ​និង​ឪពុក​ក្រោយ​របស់លោក​មិន​ចូលចិត្ត​ឱ្យ​លោក​ក្លាយជា​អ្នកចម្រៀង ឡើយ ព្រោះ​ពេលដែល​សំនៀង​របស់លោក​ត្រូវបាន​វិទ្យុ​ចាក់ផ្សាយ លោក​ត្រូវ​ទទួលរង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ពួកគាត់ ។​

​គឺ​ក្នុងពេល ចូល​សិក្សា​វិ​ជ្ចា​ពេទ្យ​នេះឯង​ហើយ ដែល​លោក ស៊ិន ស៊ី​សាមុត ចាប់ផ្តើម​រៀន​ច្រៀង និង រៀន​និពន្ធ​បទ​ភ្លេង​ចម្រៀង​ដោយ​ខ្លួនឯង ។ ដោយមាន​ឧបនិស្ស័យ​ពី​ធម្មជាតិ រួម​ជាមួយនឹង​ការខិតខំ​ព្យាយាម ជាប្រចាំ រួមទាំង​ការសេព​គប់​មិត្ត ដែលមាន​ជំនាញ​ខាង​ភ្លេង​ទៀត​នោះ ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ លោក ស៊ិន ស៊ី​សាមុត មាន ឈ្មោះ​ល្បី​ក្នុងចំណោម​សិស្ស​រួម​ថ្នាក់ រួម​សាលា​ជាមួយ​លោក​ថា កវី​វ័យក្មេង ថែមទាំង​ជា​អ្នកភ្លេង អ្នកចម្រៀង​យ៉ាង​វិសេស​ទៀតផង ។​

ក្នុង ​មួយ​ថៃ្ងៗ​ក្នុង​វ័យ​សិក្សា​របស់លោក លោក​គ្មាន​ពេល​ដើរ​ហ៊ឺហារ​សប្បាយ​ខុស​បែបបទ​ណាមួយ​ឡើយ ម្យ៉ាង​ដោយ​លោក​រស់នៅ​ជាមួយ​ឪពុក​ម្តាយធំ ម្យ៉ាងទៀត​ចំនួន​ប្រាក់​តិចតួច ដែល​ឪពុកម្តាយ​ផ្ញើមក វា​អនុញ្ញាតឱ្យ​លោក​បានត្រឹមតែ​ទិញ​ឧបករណ៍​សៀវភៅ​សិក្សា ដូច្នេះ​លោក​យក​ពេលវេលា​ដែល​នៅសល់​ទាំង ប៉ុន្មាន​មក​ស្រាវជ្រាវ អំពី​ការ​តែង​បទ និង​រៀន​ច្រៀង​ដោយ​ស្ងប់​សា្ង​ត់ ។​

អាស្រ័យ​ដោយមាន សំឡេង​ពេជ្រ​ពី​ធម្មជាតិ ទោះបី​លោក​កំពុង​សិក្សា​មុខវិជ្ជា​ពេទ្យ​ក៏ដោយ ក៏​លោក​ត្រូវបាន​គេ​អញ្ជើញ​ជា​ញឹកញាប់​ឱ្យទៅ​ច្រៀង​ក្នុង​ពិធី​សំខាន់ៗ ជាច្រើន ។​
នៅពេលដែល​ប្រទេស​ខ្មែរ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ឆ្នាំ​១៩៥៣ លោក​ក៏បាន​ការសិក្សា​ខាង​ពេទ្យ​នោះ​ចប់​ដែរ តែដោយសារ​ភាពលេច​ធ្លោ​រ​របស់លោក​ផ្នែក​សិល្បៈ​តន្ត្រី​និង​ចម្រៀង លោក​ត្រូវបាន​ការអញ្ជើញ​ឱ្យចូល​ទៅធ្វើ​ការ​ក្នុង​អង្គភាព​វិទ្យុជាតិ ក្នុង​នាទី​ជា​អ្នកចម្រៀង​ទៅវិញ ។ តែ​យ៉ាងណា​ក៏​លោក​មិន​ចោល​ជំនាញ​របស់លោក​ដែរ ។​

អា​ពា​ហិ​ពិពាហ៍​របស់លោក ស៊ិន ស៊ី​សាមុត​
លោក ស៊ិន ស៊ី​សាមុត​ជា​មនុស្ស​មាន​មនោ​ស​ញ្ចោ​ត​នា​ច្រើន តែ​រយៈ​ពេលនោះ​ដោយសារ​ការខិតខំ​សិក្សា​ជំនាញ និង​ខិត​ខំរៀន​វិជ្ជា​សិល្បៈ​បន្ថែម​លោក​គ្មាន​ពេល វេលា​សម្រាប់​ទំនាក់ ទំនង​ខាង​ផ្លូវ​ស្នេហា​ជាមួយ​នារី​ណា​ឡើយ​។ ក្រោយពី​បញ្ចប់​ការសិក្សា​ផ្នែក​វិជ្ជាពេទ្យ លោក ស៊ិន ស៊ី​សាមុត​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង ខាវ ថង​ញ៉ុ​ត ដែលជា​ប្អូនជីដូនមួយ របស់លោក តាម​ការណែនាំ​ពី​ចាស់ៗ និង​ឪពុកម្តាយ​លោក ។ លោក​ក៏​មិន​ជំទាស់​នឹង​ការរៀប​ចំនេះ ហើយ​អាពាហ៍ពិពាហ៍​នេះ នាំឱ្យ​អ្នក​កវី​និង​លោកស្រី ខាវ ថង​ញ៉ុ​ត បាន​បុត្រ​៤​នាក់ ដែល​មកដល់​បច្ចុប្បន្ន​នៅសល់​បីនាក់ ប្រុស​ពីរ ស្រី​មួយ ។ ឯ​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុល ពត ។​

ជីវិត​គ្រួសារ ​របស់លោក​រស់នៅ​យ៉ាង​មាន​សុភមង្គល តែ​ក្រោយមក​ពេលដែល​លោក​ល្បី​ខ្លាំង ជីវិត​គ្រួសារ​របស់លោក​ក៏​ទទួល​ការ​បោកបក់​នៃ​ព្យុះ​ព្យោមា ដោយសារ​ការ ចែករំលែក​សេចក្តីស្នេហា​តាម​សភាព​ជាក់ស្តែង​របស់លោក ។ ចំណុច​នេះ​លោក​ស៊ិន ច័ន្ទ​ឆាយា ជា​កូន​បាន​និយាយថា ជាតិ​ជា​ស្ត្រី​ក្នុង​លោក​គ្មាន​ស្ត្រី​ណា​ដែល​ចិត្តធន់ ហើយ​ពូកែ​អត់ធ្មត់​ជាង​ម្តាយ​លោក​ទេ ។ ម្តាយ​លោក​បាន​កាន់សីល​(​សុំ​សីលរ​មា្ង​ប់​ចិត្ត​) តាំងពី​អាយុ​៣០​ឆ្នាំ​រហូតមក ។ ធម្មតា​សិល្បករ កាន់តែ​ល្បី​កាន់តែ​វិសេស គេ​ក៏​កាន់តែ​ចោមរោម ពិសេស​ចំពោះ​មនុស្ស​ដែល​សម្បូរ​មនោ​ស​ញ្ចោ​ត​នា គឺ​ពិបាក​នឹង​ចៀស​ឱ្យ​រួច​ពី​ការទាក់ទាញ​ទាំងអស់នោះ​ខ្លាំងណាស់ ។​

ទេពកោសល្យ សិល្បៈ​ចម្រៀង និង​តន្ត្រី​របស់លោក ស៊ិន ស៊ី​សាមុត​
ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ទាំងបី បាន​លេចឡើង​នៅលើ​ខ្លួន​លោក ស៊ិន ស៊ី​សាមុត តាមរយៈ​សំឡេង​ពេជ្រ​របស់លោក ដែល​វិទ្យុ​បាន​ចាក់ផ្សាយ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៣​រហូតមក ។ ទេពកោសល្យ​ទីមួយ គឺ​ទេពកោសល្យ​តាក់តែង​បទ​ភ្លេង​សម្រាប់​ច្រៀង ។ តាម​ទម្លាប់​របស់លោក​ដែល​គេ​បាន​ប្រទះឃើញ គឺ​លោក​ប្រើតែ​ម៉ុង​ដូលី​ន​មួយគត់ ដើម្បី​កេះ​រាវរក​បទ​ភ្លេង ចំពោះ​បទ​ណាមួយ​ដែល​លោក​មានគំនិត​ថា​នឹង​តែង​វា ។ ក្រោយពី​រាវរក​អឺ​ន​សំនៀង​តាម​ម៉ុង​ដូលី​ន​ឃើញ​ហើយ ទើប​លោក​សរសេរ​ទំនុកច្រៀង ។ ទំនុកច្រៀង​ដែល​លោក​និពន្ធ ភាគច្រើន​គឺ​បទ​មនោ​ស​ញ្ចោ​ត​នា បង្ហាញ​ពី​ទឹកចិត្ត បង្ហាញ​ពី​ការស្រឡាញ់ ពី​ការឈឺចាប់ ពី​ការព្រាត់ប្រាស និង​ពី​ការ​នឹករលឹក​ចំពោះ​គូ ស្នេហ៍ ដែលមាន​ពាក្យពេចន៍​យ៉ាង​សាមញ្ញ ងាយ​ស្តាប់ ងាយ​យល់ ហើយ​ទាក់ទង​នឹង​ជីវភាព​ពិតៗ​របស់​មនុស្ស​គ្រប់រូប​កំពុង​ឆ្លងកាត់ ។ ក្នុងការ​តែង​បទ​ពាក្យកាព្យ​ចាប់​ចុងចួន លោក​ត្រូវ​ប្រើ​វចនានុក្រម​ជាច្រើន​ដែលមាន​ជា​បី​ភាសា គឺ​ភាសាសំស្ក្រឹត ភាសា បាលី និង​ភាសា​ខ្មែរ​-​នេះ​បើតាម​សម្តី​លោក​ឆាយា ជា​កូនបង្កើត​របស់លោក​បាន​ឃើញ​នៅលើ​តុ​សរសេរ​នៅ​ការិយាល័យ​របស់លោក ។ ក្នុងពេល​តែង​បទ លោក​តែង​ស្លុង​ទៅក្នុង​ការនិពន្ធ ប្រសិនបើ​មានការ​ទាក់​ទើស​ត្រង់​កន្លែង​ណា លោក​តែង​បើក​សៀវភៅ​វចនានុក្រម​នៅលើ​តុ​មើល​តែមួយ​សន្ទុះ​ប៉ុណ្ណោះ លោក​អាច​ស្រាយ​ចំណោទ ដែល​កំពុង​ទាល់​នោះបាន​ភ្លាម ដូច្នេះ​ក្នុងការ​តែង​និពន្ធ ពុំមែន​ជាការ​ដែល​លោក​តែង​តាមចិត្ត​លោក​នឹកឃើញ​ប៉ុណ្ណោះ​ទេ លោក​នៅ​ស្រាវជ្រាវ​បន្ថែម​អំពី​អត្ថន័យ​ខ្លឹមសារ​នៃ​ពាក្យ​នីមួយៗ​ថែមទៀត ។ ម្ល៉ោះហើយ​ពាក្យកាព្យ​របស់ លោក​ស្តាប់ទៅ​រត់​ត្រចៀក​យ៉ាង​ស្រួល ហើយ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ គ្មាន​ខ្វះ​មួយ​ពាក្យ​ណា​ទាល់តែ សោះ ធ្វើ​ឱ្យន័យ​ចម្រៀង​របស់លោក​នីមួយៗ​មានជីវិត​ច្រើនសិប​ឆ្នាំ​ក៏​មិន ធ្វើឱ្យ​អ្នក​ស្តាប់​ធុញ ទ្រាន់​បានឡើយ​-​នេះ​ជា​ទេពកោសល្យ​ទី​ពីរ​។​

ទេព ​កោ​ល​ស្យ​ទី​បី​របស់លោក គឺ​សំនៀង​ដ៏​ក្រអួន មាន​ទឹកដម ហើយ​អាច​បត់បែន​កាច់​កុង​តាមតែ លោក​ចង់បាន មិន​ភ្លាត់​មិន​ភ្លាវ ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយៗ​ប្លែកៗ​គ្នា​ទៀតផង ។ ចំណុច​លេចធ្លោ​មួយទៀត​នៃ​សំនៀង​របស់លោក គឺ​ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬមួយ​ឃ្លា​ណា​ឡើយ ។ សូរស័ព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អឺ​ន​សំឡេង​ទៀតសោត ទោះជា​ដាក់​ទាប ឬ​លើក​ខ្ពស់ ក៏​លោក​រក្សាបាន​នូវ​កម្រិត​សំឡេង​ដដែល ហាក់​គ្មាន ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ ។​

ដោយសារ​សំឡេង​ទន់​ត្រជាក់ ណែន​ក្រអួន​របស់លោក ស៊ិន ស៊ី​សាមុត កាន់តែ​ពីរោះ ឈ្មោះ​របស់លោក​បាន​កាន់​តែ​លេច​ត្រដែត​ក្នុងចំណោម​មហាជន ទើប​ក្រោយ មក​ក៏​ទទួលព្រះរាជទាន​ពី​ព្រះមហា​ក្សត្រិយានី ឱ្យ​ចូលមក​បម្រើ​ការងា​រ​នៅក្នុង​តន្ត្រី​ព្រះរាជ​ទ្រព្យ​រហូតដល់​ឆ្នាំ ១៩៧០ ។  ហេតុ​ដូច្នេះហើយ លោក ស៊ិន ស៊ី​សាមុត មិន​ត្រឹមតែ​អាច​ច្រៀង​តែ​បទ​សម័យ​បាន​ពីរោះ​ប៉ុណ្ណោះ​ទេ សូម្បីតែ​បទ​បុរាណ​ខ្មែរ មាន​មហោរី អា​យ៉ៃ ចាប៉ី យីកេ បាសាក់ ក៏​លោក​ច្រៀង​បាន​យ៉ាង​ពីរោះ​គ្រលួច​លើសគេ​ដែរ ។​

លោក​គ្រួច ប៊ុនលី អតីត​អ្នក​បោះពុម្ព​សៀវភៅ​ភ្លេង​និង​ចម្រៀង​បាន​និយាយ​ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ​៩០​ថា លោក​ស៊ិន ស៊ី​សាមុត ជា​មនុស្ស​និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង ។ ពេលវេលា ឬ​តម្លៃ​ដែល​បាន​ព្រមព្រៀងគ្នា ប៉ុនណា ប៉ុន្មាន គឺ​ប៉ុណ្ណោះ ហើយ​មិន​ឱ្យលើស មិនឱ្យ​យឺត ឱ្យ​ច្រើនជាង​ក៏​មិន​យក ឱ្យ​តិចជាង​ក៏​មិន​ព្រម ។​

នៅក្នុង​ផ្ទះ​លោក​មិនសូវ​និយាយស្តី​ច្រើន​ទេ ក្នុង​មួយ​ថៃ្ង​គេ​សង្កេតឃើញ​គាត់​មិន​និយាយ​លើសពី​១០​ម៉ាត់​ឡើយ ។ ក្រៅពី​ការដើរ​ចេញ​ក្រៅ​ផ្ទះ លោក​តែង​បិទទ្វារ​បន្ទប់​សម្ងំ​ធ្វើការ រហូតដល់​មាន​ញាតិ​ញោម​ខ្លះ​ប្រកាន់​ថា លោក​ជាម​នុស្ស​ឆ្មើងឆ្មៃ ឬ​មិនសូវ​រាប់​ញាតិ តាម​ការពិត​ពេលវេលា​របស់លោក​ជា​មាសប្រាក់​ពិតៗ ថ្វីបើ​មាសប្រាក់​នោះ​ចំពោះ​អ្នកដទៃ​វា​មិនអាច​ធ្វើ​ដូច​លោក​ក៏ដោយ ។ ក្នុងការ​ត្រិះរិះ​ឬ​ក្នុង​ការសរសេរ លោក​ដាក់​អារម្មណ៍​រហូតដល់​មិត្តភក្តិ​ទៅ​ឈរ​ក្រោយខ្នង​លោក​យ៉ាងយូរ ទើប​លោក​ផ្តាច់​អារម្មណ៍​ចេញមក​ពី​ការងារ  មក​សួរនាំ​បាន ។​

រៀងរាល់​ យប់​ស្នូរ​ម៉ុង​ដូលី​ន​រាវរក​បទ​របស់លោក អូសបន្លាយ​រហូតដល់​ម៉ោង​២​ឬ​៣​ទៀបភ្លឺ​ក៏មាន ។ កាលដើមឡើយ​លោក​តែង​ច្រៀង​បទ​របស់លោក ពៅ ស៊ី​ផូ , លោក ស្វាយ សំ​អឿ​, លោក ម៉ា ឡៅ​ពី ឯ​បទ​របស់លោក មែរ ប៊ុន ដែលជា​មិត្ត​ជិតស្និទ្ធ​ជាងគេ​បំផុត​នោះ និង​លោក ហាស់ សាឡ​ន គឺ​លោក​ច្រៀង​មួយៗ ទេ ។ លុះដល់​អំឡុង​ឆ្នាំ​១៩៧០​ដល់​១៩៧៥ លោក​ច្រៀង​បទ​របស់លោក វ៉ោ​យ ហូរ ច្រើនជាងគេ​បំផុត ។ តែ​ទោះបីជា​លោក​ច្រៀង​បទ​របស់លោក​ណាក៏ដោយ ក៏​លោក​កែសម្រួល​ទៅតាម​គំនិត​របស់លោក​រួច​សិន​ដែរ ។ ក្រៅពីនោះ​លោក​តែង​បទ​ដោយ​ខ្លួនឯង ដែលមាន​រឿង​ខ្លះ​ជា​រឿង​ផ្ទាល់​របស់លោក មាន​បទ​ខ្លះ​ជា​របស់​មិត្តភក្តិ មក​ដំណាល​ប្រាប់​លោក​ឱ្យ​លោក​តែង​ឱ្យគេ ។ ហេតុនេះហើយ​ទើប​រៀងរាល់​ថៃ្ង​តាំងពីព្រឹក​ព្រលឹម គឺ មាន​មនុស្ស​អង្គុយចាំ​លោក​នៅមុខ​ផ្ទះ​រួចជាស្រេច ដើម្បី​សុំឱ្យ​ជួយ​លោក​តែង​បទ​ពី​ជីវិត ឬ​ពី​ការ ឈឺចាប់​ណាមួយ​របស់គេ ។ ចំពោះ​សំណូមពរ​នេះ លោក​តែង​ដោះស្រាយ​ឱ្យ​ជា​ហូរ ហែ​ដែរ ទើប​បទ​របស់លោក​ភាគច្រើន វា​ខ្លី មួយ​បទ​មែន តែ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វិបត្តិ​មួយ​យ៉ាង​ធំ ពី​ព្រឹត្តិការណ៍​ធំ​ណាមួយ ឬ​ពី​ដំណើរ​ជីវិត របស់​មនុស្ស​ម្នាក់​តាំងពីដើម​រហូតដល់​ចប់ ហើយ​ពោរពេញ​ដោយ​មនោ​ស​ញ្ចោ​ត​នា​យ៉ាង​ជ្រាលជ្រៅ​ទៀតផង​។​

អំពី​ចំណង់​ចំណូលចិត្ត​របស់លោក​ស៊ិន ស៊ី​សាមុត​
លោក ស៊ិន ស៊ី​សាមុត ជា​មនុស្ស​មិនសូវ​និយាយ​ច្រើន ហើយ​មិន​ចូលចិត្ត​និយាយ​លេង​ដែរ ទោះបីជា នៅ​ជាមួយ​ប្រពន្ធ​កូន​នៅក្នុង​ផ្ទះ ក៏ដូចជា​មួយ​មិត្តភក្តិ ឬ​អ្នក​ទំនាក់ ទំនង​ទាំងពួង ។ បើសិនជា​គាត់​និយាយ គឺ​និយាយ​ពីសា​ច់ការ​តែម្តង ។ ជា​សិល្បករ​អ្នកចម្រៀង​ដូចគ្នា​លោក​មាន​មិត្ត​ច្រើន ដូចជា​នៅក្នុង​ក្រុម​តន្ត្រី ព្រះរាជ​ទ្រព្យ មិត្ត​ជិតស្និទ្ធ​រួមការ​ងារ​តាំងពី​ដំបូង​មាន​អ្នកស្រី ម៉ៅ សារ៉េត​, អ្នកស្រី សៀង ឌី​, លោក​សុះ ម៉ាត់ ៘ ក្រោយមកទៀត​ក្នុង​រង្វង់​អ្នកនិពន្ធ​បទ លោក​មាន​អ្នក​ជិតស្និទ្ធ​ជាងគេ គឺ​លោក មែរ ប៊ុន តែម​នុស្ស ដែល​លោក​ទុកចិត្ត​ជាងគេ ហើយ​តាម​ជិត​នឹង​លោក​ដូចជា​ស្រ មោ​ល​អន្ទោលតាមប្រាណ គឺ​លោក ស៊ីវ សុន ។ លោក​ស៊ីវ សុន ពុំមែន​ជា​សិល្បករ​ទេ តែ​លោក​ប្រៀបដូចជា​លេខា​ផ្ទាល់​សាមុត ដូច្នេះ​ការងារ​ទំនាក់ទំនង​ធំ​-​តូច គឺ​លោក​ចេញមុខ​ដោះស្រាយ​និង​សម្រួល​ទាំងអស់ ។​

លោក​ស៊ិន ស៊ី​សាមុត ចូលចិត្ត​លេងល្បែង​ជល់​មាន់ ចូលចិត្ត​មើល​មាន់​ជល់ រហូតដល់​លោក​ចិញ្ចឹម មាន់​ជល់​ទុក​ក្នុងផ្ទះ ដើម្បី​ពេលទំនេរ​លោក​យកទៅ​សាកល្បង​កម្សាន្ត​ចិត្ត មិត្ត​ជិតស្និទ្ធ​លើ​ល្បែង​កម្សាន្ត​នេះ គឺ លោក ម៉ា ឡៅ​ពី ។ បើ​កីឡា​វិញ​លោក​តែង​លើក​អាល់​ទែ​រ​រាល់​ព្រឹក​ពេល​លោក​ក្រោក​ពី​សម្រាន្ត ។​
ក្រៅពី​ជំនក់​ចិត្ត​ក្នុង​ការអាន​សៀវភៅ​ក្នុង​ការិយាល័យ លោក​ក៏​ចូលចិត្ត​ទស្សនា​ខ្សែ ភាពយន្ត​បារាំង នៅ​រោងកុន​លុ​ច្ស ឬ​ព្រហ្ម​បាយ័ន ចូលចិត្ត​ការសប្បាយ​ជួបជុំ​មិត្តភក្តិ​ញ៉ាំ​បបរ​ពេលយប់​ពេល​លោក​ចេញពី ច្រៀង​នៅ​រង្គសាល​នានា ។ តាម​ព័ត៌មាន​ពី​អ្នក​ជិតស្និទ្ធ​បានឱ្យដឹងថា លោក​មាន​កុងត្រា​ជាមួយ​ម្ចាស់ រង្គសាល​បី​នៅ​ភ្នំពេញ ដែល​ក្នុង​មួយ​យប់​លោក​បង្ហាញខ្លួន តែ​ពីរ​ទៅ​បី​បទ​ក៏​បានដែរ ក្នុងតម្លៃ​កុងត្រា​រង្គសាល មួយ​តម្លៃ​មួយ​យប់​១.៥០០​រៀល (​កាល​ជំនាន់​នោះ​គុយទាវ​នៅក្នុង​ហាង​មួយ​ចាន តែ​៥​រៀល​) ភាគច្រើន​លោក ច្រៀង​នៅ​បារ​ក្បាលថ្នល់ បារ​នៅត្រង់​នាគ​បាញ់​ទឹក និង​បារ​នៅត្រង់​ក្រសួងមហាផ្ទៃ​បច្ចុប្បន្ន​។​

ក្នុងការ​ហូបចុក​ ម្ហូបអាហារ​វិញ លោក​មិនជា​អ្នក​រិះ​ម្ហូប​ទេ តែ​ជាទូទៅ​លោក​ចូលចិត្ត​ម្ហូប​ឡាវ ។ ចំពោះ​ម្ហូប​ខ្មែរ​លោក​ចូលចិត្ត​តែ​ប្រហុក ផ្អក តែ​លោក​មិន​ញ៉ាំ​ផ្ទាល់​ទេ ។ ដោយឡែក ម្ទេស ស្រា បារី ទឹកក្រូច គឺ​លោក​មិន​ពិសា ដាច់ខាត​ទោះ​ក្នុងករណី​ណាក៏ដោយ ។​
អ្នកស្រី សៀង វ៉ាន​ធី បាន​ប្រាប់ថា​លោក ស៊ិន ស៊ី​សាមុត មានចិត្ត​ទូលំទូលាយ​ចំពោះ​អ្នកចម្រៀង​ស្រករ​ក្រោយ​ណាស់ លោក​តែង​ដាស់តឿន​ក្រើនរំលឹក អំពី​ការ ថែរក្សា​ការពារ​សំឡេង​របស់​ពួកគេ ដោយ​ចិត្ត​រាប់អាន​និង​ស្មោះស្ម័គ្រ ដែល​ធ្វើឱ្យ​អ្នក​នៅ​ជិតខាង មានចិត្ត​ស្រឡាញ់​និង​ចូល ចិត្ត​លោក​គ្រប់ៗ​គ្នា ។​

ជីវភាព​រស់នៅ​របស់​លោក​ស៊ិន ស៊ី​សាមុត​
ជារួម​អាច​និយាយបានថា លោក​មាន​ជីវភាព​មធ្យម ដោយសារតែ​ទេពកោសល្យ​និង​ការងារ​ចម្រៀង និង​តន្ត្រី​របស់លោក​សុទ្ធសាធ គ្មាន​ចំណូល​អ្វី​មកពី​ក្រៅ​ទៀត​ទេ ។ លុយកាក់​របស់លោក​ត្រូវបាន​ស្វះ​ស្វែងរក ដោយ​សេចក្តី​ព្យាយាម និង​សន្សំសំចៃ រហូតដល់​លោក​សង់​បាន​វីឡា​ធុន​មធ្យម​មួយ​នៅ​ទួល​ទំពូង ។ ដំបូង លោក​ប្រើ​រថយន្ត​ម៉ាក​វ៉ុល​វ៉ា​ហ្គែ​ន​ពណ៌​ផ្ទៃមេឃ ក្រោយមក​លោក​ដូរ​ជិះ​ម៊ែ​រ​សឺ​ដេ​ស ២២០D ពណ៌​ខៀវ​វិញ ។ លោក​រស់នៅ​យ៉ាង​សាមញ្ញ និង​ឧស្សាហ៍​ក្នុង​មុខរបរ​របស់លោក​ដោយ​ផ្ចិតផ្ចង់ ។ ក្រៅពី​ធ្វើ​ការជូន​អង្គភាព​រដ្ឋ លោក​រកចំណូលបាន​យ៉ាង​ក្រាស់ក្រែល​ពី​ក្រុមហ៊ុន​ថត​ថាស​ច័ន្ទ​ឆាយា ក្រោយមក​ក្រុមហ៊ុន​ហេង​ហេង និង និពន្ធ​តែង​បទ​សម្រាប់​ឱ្យ​ម្ចាស់​ផលិតកម្ម​ទាំងឡាយ ដែល​ត្រូវការ​បទ​សម្រាប់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ទៀតផង​។​

គេ​អាច​ និយាយថា ក្នុងចំណោម​អ្នកចម្រៀង​ខ្មែរ លោក​ស៊ិន ស៊ី​សាមុត រកចំណូលបាន​ច្រើនជាងគេ ផលិត​និង កសាង​ស្នាដៃ​បាន​ច្រើនជាងគេ ហើយ​ជីវភាព​របស់លោក​បាន​ត្រឹម​មួយ​គ្រប់ សម្រាប់​ការ​ស្នាក់នៅ ហូបចុក ធ្វើដំណើរ​និង​ចិញ្ចឹម​គ្រួសារ​តែ ប៉ុណ្ណោះ មិនបាន​សេសសល់​ហូរហៀរ​ដូច​អ្នក​ប្រកបមុខរបរ​ផ្សេងៗ​ទៀតឡើយ ។ ដោយសារតែ​លោក​យល់​បែបនេះហើយ​មើលទៅ ទើបបានជា​គាត់​ហាមឃាត់​កូន​ទាំងអស់​របស់លោក​មិនឱ្យ ដើរ​តាមផ្លូវ​របស់លោក​ជាដាច់ខាត ។​

លោក​ស៊ិន ច័ន្ទ​ឆាយា បាន​និយាយ​ក្នុងអំឡុង​ទសវត្សរ៍​ទី​៩០​ថា ឪពុក​របស់លោក​មិនឱ្យ​លោក​រៀន​ច្រៀង​ជាដាច់ខាត ដោយ​គាត់​លើក​ហេតុផល​ថា នៅ​ស្រុក​ខ្មែរ​សិល្បករ​មិនសូវមាន​តម្លៃ​ទេ​…​ការរកចំណូល ក៏​មិនបាន​ខ្ពស់​។ ហេតុនេះហើយ​ទើប បានជា​គាត់​មិនដែល​បង្ហាត់បង្ហាញ​កូន​ពីមុខ​ជំនាញ​នេះ​សូម្បីតែ​បន្តិច ទោះបី​ដឹងថា​កូន​ក៏មាន​និស្ស័យ​នេះ​ខ្លះ​ក៏ ដោយ ។​

ស្នាដៃ​របស់លោក​ស៊ិន ស៊ី​សាមុត​
បើ​លោក​និយាយ​ពីបទ​ចម្រៀង​របស់លោក គឺ​នៅ​មិនទាន់មាន​អ្នកណា​ធ្វើ​ស្ថិតិ​បាន​ពិត​ប្រាកដថា លោក​ច្រៀង​ពីមុនមក​បាន​ប៉ុន្មាន​បទ​ច្បាស់​នៅឡើយ​ទេ គេ​គ្រាន់តែ​ដឹងថា លោក​ច្រៀង​បាន​ច្រើនណាស់​។​
ដោយឡែក​លោក គ្រួច ប៊ុនលី អ្នក​ប្រក​ម​មុខរបរ​បោះពុម្ព​សៀវភៅ​បទ​ភ្លេង​និង​ចម្រៀង​បាន​និយាយថា កាលពី​ឆ្នាំ​១៩៧២-១៩៧៣ លោក​បានចេញ​សៀវភៅ​ចម្រៀង​មួយ​ឈ្មោះ​កម្រង​អនុស្សាវរីយ៍​ចម្រៀង​៥០០​បទ ដែលជា​បទ​ចម្រៀង​រប​ស់លោក​ស៊ិន ស៊ី​សាមុត សុទ្ធសាធ ។ នេះ​គ្រាន់តែ​ជា​ចំណែក​បទ​ដែល​លោក ស៊ិន ស៊ី​សាមុត លក់​ឱ្យ​ក្រុមហ៊ុន​លោក និង​គិត​ត្រឹម​ឆ្នាំ​១៩៧២​ប៉ុណ្ណោះ​។ លោក​គ្រួច ប៊ុនលី បានឱ្យដឹង​ទៀតថា នៅមុន​ព្រឹត្តិការណ៍​១៩៧៥​មកដល់ លោក​ស៊ិន ស៊ី​សាមុត ធ្វើបាន​១០០​បទ​ទៀត ដែល​ពុំទាន់​បាន​ផ្សព្វផ្សាយ ដោយ​ទើបតែ​ថត​រួច​។​

អនុស្សាវរីយ៍​ខ្លះ​នៃ​បទ​ចម្រៀង របស់លោក ស៊ិន ស៊ី​សាមុត​
ព័ត៌មាន​ពី​អ្នក​ជិតស្និទ្ធ​នឹង​លោក​បានឱ្យដឹងថា បទ​ចម្រៀង​របស់លោក​មួយចំនួន មាន​ទាក់ទិន​នឹង រឿងរ៉ាវ​ជីវិត​របស់​លោក​ផ្ទាល់ ដែល​លោក​បាន​ចងក្រង​សម្រាប់​រូប លោក ហើយ​បទ​មួយចំនួន ក៏​ជា​សាច់រឿង​រប​ស់មិត​ភក្តិ​របស់លោក ដែល​បានស្នើ​សុំឱ្យ​លោក​ជួយ​ធ្វើ​បទ​សម្រាប់​ជា​អនុស្សាវរីយ៍​របស់​ជីវិត ដែរ ។​
យើង​អាច​ស្រាវជ្រាវ​បាន​បទ​ខ្លះ​ដូចជា​បទ  “​ឧ​ត្ត​ម​ដួងចិត្ត​” លោក​ឆាយា​ជា​កូន​បាន អះអាងថា ជា​បទ​អនុស្សាវរីយ៍ យ៉ាង​ជ្រាលជ្រៅ​របស់​ឪពុក​លោក​និង​ម្តាយ​របស់លោក ក្នុង​រយៈពេល​ដែល​លោក​ទាំងពីរ​មានទំនាស់​នឹង​គ្នា ហើយ​ម្តាយ​លោក បាន​ចុះចោល​លោក​ក្នុង​រយៈពេល​យ៉ាងយូរ​ធ្វើឱ្យ​លោក​តែង​បទ​ចម្រៀង​នេះ​ឡើង ក្នុង​បំណង​បង្ហាញ​ពី​ចិត្ត​ដែល​ពោរពេញ​ដោយ​វិប្បដិសារី​របស់លោក ។​

បទ “​អូន​ជា​ទេវី​ដួងចិត្ត​” ជា បទ​ដែល​រៀបរាប់​ពី​ការស្រឡាញ់​របស់លោក ចំពោះ​នារី​ម្នាក់​ដែល មាន​ឋានៈ​ខ្ពស់​ឆា្ង​យ​ពី​លោក ហើយ​លោក​បាន​រក្សា​យ៉ាង​ស​មា្ង​ត់​ក្នុង​ដួងចិត្ត ។​
បទ “​មិនបាច់​រ៉ាយរ៉ាប់​ប្រាប់​ទៀត​ទេ​” ជា បទ​ចម្លង​ក្លាយ​ពីបទ​អន្តរជាតិ តែ​លោក​ក៏​ចង់​សំដៅ​ដល់​នារី​ម្នាក់ ដែល​បាន​រួមរស់​ជាមួយ​លោក​មួយ​រយៈពេល ហើយ​បាន​បែក​ទៅដោយ​សារ​ខ្វះ​ភក្តីភាព​នឹង​លោក ។​

បទ “​ស្លឹកឈើ​” ជា​បទ​របស់លោក ឧ​ត្ត​ម​សេនីយ៍ សាក់ ស៊ុត​សា​ខន តែ​ជា​បទ​ដែល​លោក ស៊ិន ស៊ី​សាមុត បាន​ល្បីឈ្មោះ​ស្មើនឹង​បទ “​សំរោង​ចុងកាល់​” របស់លោក ហាស់ សាឡ​ន ដែរ ។​
បទ “​ចាំ​ជួប​រាល់​ថៃ្ង​លិច​” ជា​បទ​ដែល​តែង​ដោយ​លោក វ៉ោ​យ ហូរ កំពុងតែ​តាម​ស្រឡាញ់​នាង​តារា ចោម​ច័ន្ទ ។ តែ​បទ​នេះ​សំឡេង​ម៉ុង​ដូលី​ន​ក្បាល​បទ គឺជា​ស្នាដៃ​របស់លោក ស៊ិន ស៊ី​សាមុត ដេញ​ដោយ​ខ្លួន​លោក​ផ្ទាល់ មុននឹង​ចាប់ផ្តើម​វគ្គ​ទីមួយ ។​

បទ “​ចម្រៀង​ឥត​ព្រាងទុក​” គឺជា​អនុស្សាវរីយ៍​របស់លោក ពៅ ស៊ី​ផូ ជា​មិត្ត​របស់លោក​ពេល​ជួប​ស្រី ម្នាក់​នៅក្នុង​រង្គសាល​ដោយ​ចៃដន្យ​។​បទ​នេះ​ត្រូវបាន​លោក​យកទៅ​កសាង​ជា ខ្សែភាពយន្ត​មានឈ្មោះ​ថា “​ចម្រៀង​ឥត​ព្រាងទុក​” ដែល​សម្តែង​ដោយ​លោក ជា យុទ្ធ​ថន , អ្នកស្រី វី​ជ្ជ​រ៉ា​ដា​នី , អ្នកស្រី រស់ សេរី​សុទ្ធា ផលិត​ដោយ​ខ្លួន​លោក ស៊ិន ស៊ី​សាមុត ផ្ទាល់ និង​បាន​បញ្ចាំង​នៅ​រោងភាពយន្ត​ហេម​ជាតិ ។​
បទ “​ពេល​រាត្រី​” ដែលជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេច ព្រះបិតា​ឯករាជ្យ​ជាតិ គឺ​លោក ស៊ិន ស៊ី​សាមុត បាន ច្រៀង​រួមជាមួយ​អ្នកចម្រៀង កែវ សេដ្ឋា ។

ពេលដែល​លោក​ចេញទៅ​ ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង ហុងកុង លោក​បាន​នាំ​ត្រឡប់មកវិញ​នូវ​បទ​ចម្រៀង​អនុស្សាវរីយ៍​ចំនួន​២៥​បទ ដូចជា​បទ “​ស្តាប់​ស្នូរ​ទឹកភ្លៀង​”, បទ​“​លា​ហើយ​ប៉ារីស​”, បទ​“​អង់​តូ​នី​ញ៉ែ​តា​”, បទ​“​ម៉ា​រី​ណា​”, បទ​“​ម៉ាន់​ដេ​”, បទ​“​វី​យ៉ូ​ឡែ​ត្តា​”, បទ​“​រាត្រី​នៅ​ហុងកុង​” ជាដើម ៘ មានន័យថា ទោះ​លោក​ទៅដល់​ទីណា នៅក្នុង​ប្រទេស​ណា​ក្តី គឺ​តែងមាន អនុស្សារ​វី​យ៍​នាំមក​ជាមួយ​ជានិច្ច ។​

លោក ស៊ិន ស៊ី​សាមុត ស្លាប់​នៅឯណា ?
បន្ទាប់ពី​រដ្ឋប្រហារ​ថៃ្ង​ទី​១៨​មីនា​នៅ​ឆ្នាំ​១៩៧០ លោក ស៊ិន ស៊ី​សាមុត ត្រូវបាន​រំសាយ​ពី​វង់​តន្ត្រី ព្រះរាជ​ទ្រព្យ ទៅ​ចូលរួម​បម្រើ​ក្នុង​ក្រុម​តន្ត្រី​យោធា​នៃ​ការិយាល័យ​ទី​៥ នៃ​អគ្គសេនាធិការ​កងទ័ព​ជាតិ​សាធារណរដ្ឋ​ខ្មែរ ។ ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​ទី​៥ ប្រហែល​បាន​មួយឆ្នាំ​ប៉ុណ្ណោះ លោក​បាន​ចេញពី​ក្រុម​តន្ត្រី នេះ ទៅ​ចូល​ក្រុម​តន្ត្រី​យោធា​ដដែល (R.E.K) ដោយមាន​ឋានន្តរស័ក្តិ​ជា អនុសេនីយ៍ទោ ។​នៅពេល​ជិត​បញ្ចប់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ិន ស៊ី​សាមុត បាន​ឡើង​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ឯក ។​
ឆ្នាំ​១៩៧៥ លោក​ស៊ិន ស៊ី​សាមុត ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែរ ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស ចេញពី​ក្រុងភ្នំពេញ លោក​បានធ្វើ​ដំណើរ​ទៅជា​មួយ​ភរិយា​ទី​២​របស់លោក ដែលជា​អ្នករាំ​របាំ​ល្ខោន​ហ្លួង​ទៅតាម​ផ្លូវជាតិ​លេខ​១ ឯ​ភរិយា​ដើម​របស់លោក​និង​កូនៗ ធ្វើដំណើរ​តាមផ្លូវ​តាខ្មៅ​សំដៅទៅ​ស្អាង​ព្រែក​តូច ។​

តាម​សម្តី​ អ្នកស្រី សៀង វ៉ាន់​ធី បានឱ្យដឹងថា ពួកគេ​បាន​ទៅ​ជួបជុំគ្នា​ត្រឹម​វត្ត​ចម្ប៉ា​តាមផ្លូវ​ជាតិ​លេខ​១ មាន​លោក ហាស សាឡ​ន​, លោក ប៉ិច សា​លឿន​, នាង​វិ​ជ្ជ​រ៉ា​ដា​នី ជា​តារាភាពយន្ត ។ បងប្អូន​របស់លោក​បាន​បបួល​លោក​ឱ្យ​បន្តដំណើរ​ទៅ​តំបន់​២២​ដែរ តែ​លោក​មិន​ព្រម ដោយសារ​ពេលនោះ​ភរិយា​លោក​គ្រប់​ខែ​ឆ្លងទន្លេ​កូន​ទី​២​របស់លោក ។​
​លា្ង​ ច មួយ​លោក​បាន​បបួល​លោក ហាស សាឡ​ន ឱ្យ​វិល​ចូល​ភ្នំពេញ​បម្រើ​ការងារ​តាម​សេចក្តី​អំពាវ នាវ​របស់​រដ្ឋអំណាច​ខ្មែរក្រហម​។ ពេលនោះ លោក ហាស សាឡ​ន មិន​ឯកភាព​ចំពោះ​ការ​បបួល​នេះ​ទេ តែ​ជំនោរ​ចិត្ត​របស់លោក ស៊ិន ស៊ី​សាមុត ពេលនោះ លោក​ដូចជា​សម្រេចចិត្តថា វិល​ចូល​ភ្នំពេញ​វិញ​ដោយយោង​លើ​សុខភាព និង​ស្ថាន ភាព​ត្រូវ​ឆ្លងទន្លេ​របស់​ភរិយា លោក ដែល​មិនអាច​បន្តដំណើរ​បន្តទៅ​ទៀត​បាន ។​

ព័ត៌មាន​ដែល​យើង​បានទទួល​ គឺមាន​សាក្សី​ដល់​ត្រឹមនេះ ដូច្នេះ​មិនមាន​អ្នកណាម្នាក់​អះអាងថា បានឃើញ​ឬ​ដឹងថា គេ​យក​លោក​ទៅ​សម្លាប់​នៅទីណា​ឱ្យ​ពិតប្រាកដ​ទេ តែ​ពួកគេ​សន្និដ្ឋានថា លោក​ប្រហែលជា​ត្រូវ ពួក​ខ្មែរក្រហម​សម្លាប់​នៅក្នុង​ចន្លោះ​ផ្លូវ​ពី​វត្ត​ចម្ប៉ា​ចូលមក ភ្នំពេញ​វិញ ៕

Leave a comment