ញ៉ុ​ក ថែម

Cen

“​ឱ ! ខ្លួន​អញ​អើយ កណ្តោចកណ្តែង​ខ្លោចផ្សា​តែម្នាក់ឯង ហើយ​បើ​ងាករេ​ទៅ​ពឹង​បងប្អូន​ញាតិ​សាច់សាលោហិត​ជិតខាង​ឯណា​ក៏​គ្មាន​។ ឱ ! ខ្លួន​អញ​អើយ កើតមក​ក្នុង​លោក​នេះ លំបាក​អ្វី​ក៏​លំបាក​ប្លែក​ជាងគេ​ម្ល៉េះ , តែ​ថា កើត​មកជា​អង្គ​បុរស​ហើយ មិនត្រូវ​ខ្លាច​សេចក្តី​ទុក្ខព្រួយ​លំបាក​ទេ តោង​តែ​តស៊ូ​នឹង​សេចក្តី​ទុក្ខព្រួយ​លំបាក​អស់នេះ​ឱ្យឃើញ​ស​ខ្មៅ​ទៅ​ចុះ ! ”​។​នេះ​ជា​គំនិត​របស់ ចៅ​ចិត្រ ជា​តួអង្គ​ឯក​ប្រុស​ក្នុង​រឿង កូ​លាប​ប៉ៃ របស់លោក ញ៉ុ​ក ថែម ត្រង់​ពេលដែល​ចៅ​ចិត្រ​កំពុង​ឯកោ​រំពឹង​រំពៃ​លៃលក​រក​ទី​ពំនាក់​ពុំបាន បន្ទាប់ពី​ឪពុក​ស្លាប់ចោល ។​
ប្រលោមលោក​រឿង កូ​លាប​ប៉ៃលិន របស់លោក ញ៉ុ​ក ថែម ទទួលបាន​ប្រជាប្រិយភាព​តាំងពី​ទស្សវត្ស​ឆ្នាំ​៤០​រហូតមកដល់​សព្វថ្ងៃ ហើយ​ទស្សនៈ នៃ រឿង​កូ​លាប​ប៉ៃលិន បាន​ក្លាយជា​ស្មារតី​នៃ​ការតស៊ូ​ក្នុង​ជីវិត​របស់​យុវជន​ខ្មែរ ។​
ប្រលោមលោក ​រឿង​កូ​លាប​ប៉ៃលិន​នេះ​ជា​រឿង​តស៊ូ​ប្រឆាំងនឹង​វាសនា និង ជំ​នេះ​នូវ​រាល់​ក្តី​លំបាក​និង​ការប្រមាថ​មើលងាយ​ដោយ​ប្រើ​ក្តី​ព្យាយាម និង សុចរិត​ភាព ។​
គ​.​ស ១៩៣៨ លោក​បាន​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា (​ទស្សនា​វ​ដ្តី​នេះ​ចេញផ្សាយ​រៀងរាល់ខែ​រហូតដល់​ឆ្នាំ​១៩៧៥) ហើយ​ក្នុងអំឡុង​ពេលនោះ​លោក​ក៏​ជា​អ្នកនិពន្ធ​ដ៏​សំខាន់​ម្នាក់​សម្រាប់ ទស្សនាវដ្ដី​នេះ​ផងដែរ ដោយ​លោក​បាន​សរសេរ​ពី​អក្សរសាស្ត្រ​ជាតិ​ស្ទើរតែ​គ្រប់​លេខ ។​
ដើមខែ​កុម្ភៈ ឆ្នាំ​១៩៣៩ បណ្ឌិត ញ៉ុ​ក ថែម ត្រូវបាន​រាជការ​ចាត់​ឱ្យធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា ។​
សៀវភៅ មាលី​បទ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ របស់​បណ្ឌិត សាស្ត្រាចារ្យ ឃី​ង ហុក ឌី បាន​និយាយថា “ ពី​ឆ្នាំ​១៩៤២ ដល់​ឆ្នាំ​១៩៤៦ អគ្គលេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ (​លោកស្រី ការ​ប៉ឺ​ឡែ​ស , ក្រោយមក ព្យែ​រ ដុ​យ​ប៉ុង ) យល់ថា ញ៉ុ​ក ថែម ជា​អ្នកប្រាជ្ញ​នៃ​ស្ថាប័ន​នេះ ទើបបាន​តែងតាំង​លោក​ជា​តំណាង​ដើម្បី​ធ្វើ​កម្មវិធីសិក្សា​ពុទ្ធសាសនា និង សម្ភោ​ធ​អាគារ​ពុទ្ធសាសនា​ផ្សេងៗ​នៅ​ស្រុក​លាវ និង ស្រុក​យៀកណាម “ (​ដែនដី​កូសាំងស៊ីន ឬ វៀតណាម​ខាងត្បូង​បច្ចុប្បន្ន ) ។​
ស្រដៀង​គ្នា​នេះដែរ សៀវភៅ​ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ បាន​អះអាងថា “ ឆ្នាំ​១៩៤៣ លោក​ធ្វើជា​តំណាងឱ្យ​អគ្គលេខាធិការ ព្យែ​រ ឌុយ​ប៉ុង​ត៍ ដើម្បី​រៀបចំ​កម្មវិធីសិក្សា​ភាសាបាលី និង រៀបចំ​បង្កើត​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ខេត្ត​ប៉ាក់​សេ ប្រទេស​លាវ​… ”  ។ ឃើញថា ខុសគ្នា​មួយឆ្នាំ នូវ​កាលបរិច្ឆេទ​ដែល​លោក ញ៉ុ​ក ថែម ទទួល​តំណែង​ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត្យ ។​
គ​.​ស ១៩៤៥ លោក អ​ឡេច​ស​ង្ទ្រី​យ ឧ​ត្ត​ម​ស្នងការ​បារាំង​បាន​តម្រូវឱ្យ​លោក​ញ៉ុ​ក ថែម ធ្វើជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ ។ ពេលនោះ លោក​បាន​ធ្វើជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ ។​
គ​.​ស ១៩៤៦ លោក ញ៉ុ​ក ថៃ​ម បាន​ត្រឡប់មក​ភ្នំពេញ​វិញ​ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ។​
នៅ​ខែមករា ឆ្នាំ​១៩៤៧ បណ្ឌិត ញ៉ុ​ក ថែម ត្រូវបាន​ក្រសួងអប់រំជាតិ​តែងតាំង​ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌ ហើយ​លោក​បាន​លាឈប់​ពី​ការងារ​នៅ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ចុងឆ្នាំ​១៩៤៩ ។​
គ​.​ស​១៩៥០ លោក ញ៉ុ​ក ថែម ត្រូវបាន​ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ​រហូតដល់​ឆ្នាំ​១៩៥៧​ជា​ឆ្នាំ​ដែល​លោក​ត្រូវ​ចូលនិវត្តន៍ ។ ប៉ុន្តែ​ក្រសួងអប់រំជាតិ​មិនទាន់​ចង់​បាត់បង់​បណ្ឌិត​ដ៏​ឆ្នើម​រូបនេះ​នៅឡើយ ទើបបាន​តែងតាំង​លោក​បន្តទៅទៀត​ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយស នៃ វិទ្យាស្ថាន​គរុកោសល្យ , មហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ ។​
លោក​ក៏​ជា​ស្ថាបនិក​មួយរូប នៃ សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ឆ្នាំ​១៩៥៦ ( ឯកសារ​ខ្លះ​ថា ១៩៥៥ ) ជាមួយ​មនុស្ស​សំខាន់ៗ​ដទៃទៀត​ដូចជា​លោក លី ធា​ម​តេង និង  ប៊ី​វ ឆៃ​លាង ជាដើម ។
​ពុំមាន​ឯកសារ​ជាក់លាក់​ទេ ប៉ុន្តែ​ត្រូវបាន​គេ​សន្និដ្ឋានថា លោក ញ៉ុ​ក ថែម ប្រហែលជា​ទទួលអនិច្ចកម្ម​នៅ​ឆ្នាំ​១៩៧៤ ។​
​លោក​បានទទួល​គ្រឿង​ឥស្សរិយយស​ជា​គុណបំណាច់​ផ្សេងៗ​ពី​បរទេស និង ពី​មាតុភូមិ​របស់លោក​គឺ​៖
–    មុនី​សារ​ភរ​ណ៍ ប្រទេស​កម្ពុជា , ១៩៤០
–    អស្ស​រិ​ទ្ធិ៍​ក្រុង​លួង ប្រទេស​លាវ​…?
–    អស្ស​រិ​ទ្ធិ៍ ដ្រា​កុង អណ្ណាម នៃ ប្រទេស​អាណ្ណា​ម , ១៩៤៣
–    មេដាយ ការងារ ប្រាក់ ប្រទេស​កម្ពុជា , ១៩៤៨
–    មេដាយ​អស្ស​រិ​ទ្ធិ៍​មុនី​សារា​ភរ​ណ៍​កម្ពុជា , ១៩៥៧
–    មេដាយ​អនុ​ស្សរា ប្រាក់ ប្រទេស​កម្ពុជា ,១៩៦០
–    មេដាយ​អស្ស​រិ​ទ្ធិ៍ នៃ ព្រះរាជាណាចក្រ​កម្ពុជា ,១៩៦២
លោក ញ៉ុ​ក ថែម កើត​នៅ​ថ្ងៃ​សៅរ៍ ១១​រោច ខែជេស្ឋ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩០៣ ក្នុងភូមិ​រតនៈ សង្កាត់​ស្វាយប៉ោ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ លោក​ជា​បុត្រ​ច្បង​របស់លោក ញ៉ុ​ក ញ៉ំ និង អ្នកស្រី ហៀក មាន​អាជីវកម្ម​ជាជាង​ទង ។ ក្រោយមក​មាតាបិតា​បាន​លះបង់​អាជីវ​កម្មនេះ ទៅ​ប្រកបមុខរបរ​ជា​កសិក​រ​នៅ​ភូមិ​អូរ​តា​គី សង្កាត់​ជ្រៃ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។​
អាយុប្រមាណ​១០​ឆ្នាំ មាតាបិតា​បាន​នាំ​កុមារ ញ៉ុ​ក ថែម ទៅ​សិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
មួយឆ្នាំ​ក្រោយមក ព្រះគ្រូ​អាចារ្យ សន ទទួល​អនិច្ចធម្ម​ទៅ ឪពុក​លោក​បាន​នាំ​កុមារ​អនាគត​បណ្ឌិត​យើង​ទៅ​ស្នាក់​សិក្សា​ជាមួយនឹង ព្រះគ្រូ អ៊ីវ ទួត ។​

លុះ​អាយុ​បាន​១៥​ឆ្នាំ លោកគ្រូ អ៊ីវ ទួត បាន​បំបួស​កុមារ​ញ៉ុ​ក ថែម ជា​សាមណេរ​ក្នុង​សំណាក់​លោកគ្រូ សំ ដែលជា​ព្រះចៅអធិការ​វត្ត​ពោធិ​វាល​នា​គ្រានោះ ។ តាំងពី​ពេលនោះ​មក សាមណេរ ញ៉ុ​ក ថែម បាន​សង្វាត​រៀនសូត្រ​ភាសាបាលី និង ធម្ម​វិន័យ​ក្នុង​អាចារ្យ​ទាំងឡាយ​ក្នុង​វត្ត ។​
វ័យ​បាន​១៦​វស្សា សាមណេរ​រូបនេះ​បាន​ទៅ​បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​ទីក្រុង បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ ។ ប្រមាណ​ជា​១០​ថ្ងៃ​បាន​ទៅដល់​ខេ​ត្រប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។ បានឮ​មក​ថា នៅ​ទីនោះ​សាមណេរ​នេះ​ឧស្សាហ៍​ណាស់​បាន​ខំរៀន​ភាសា​សៀម បាលី​វេយ្យាករណ៍ និង ធម្ម​វិន័យ ។​
ក្នុង​ឆ្នាំ​១៩២១ សាមណេរ ញ៉ុ​ក ថែម បាន​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី ។ ដល់​វ័យ​២០​ឆ្នាំ ត្រូវ​នឹង គ​.​ស ១៩២៣ បាន​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ ។ លុះ​វ័យ​បាន​២១​វស្សា សាមណេរ​រូបនេះ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ ហើយគ​.​ស ១៩២៩ ភិក្ខុ ញ៉ុ​ក ថែម បាន​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​នា​សម័យ​កាលនោះ ។​
នៅ​ស្រុក​សៀម ភិក្ខុ ញ៉ុ​ក ថែម ធ្លាប់បាន​ធ្វើជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​វត្ត​ព្រះ​កេតុ និង ធ្លាប់​ធ្វើជា​មេ​ប្រយោគ​ផ្លូវ​ការកែ​វិញ្ញាសារ​ប្រលង​នៃ​សមណៈ​និស្សិត ។ លោក​ធ្លាប់បាន​សរសេរ​បោះពុម្ព​ជា​ភាសា​ថៃ​-​បាលី ដូចជា​៖ ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន , ធម្មបទ​និទ្ទេស , ទេវតា​ភាសិត និង ពុទ្ធភាសិត និង អត្ថបទ​ផ្សេងៗ​ជា​ភាសា​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត ។​
ឆ្នាំ​១៩៣០ ភិក្ខុ ញ៉ុ​ក ថែម បាន​ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ ព្រះ​ត្រៃបិដក ជាមួយនឹង​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត និង សម្តេចព្រះ​ធម្មលិខិត ហួត តាត ជាដើម ក្រោម​ព្រះអធិបតីភាព​ព្រះ​ធម្មលិខិត ល្វី ឯម  ។
​ភិក្ខុ​បណ្ឌិត ញ៉ុ​ក ថែម បាន​លាចាក​សិក្ខាបទ​នៅ​គ​.​ស ១៩៣៦ មួយឆ្នាំ​ក្រោយមក ពោលគឺ​គ​.​ស ១៩៣៧ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង ងួន ណៃ​ស៊ីម នៅ​ផ្សារ​ឧដុង្គ សង្កាត់​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​មានកូន​ប្រុស​៧​នាក់ និង កូនស្រី​៤​នាក់ ។​
​លោក ញ៉ុ​ក ថែម បាន​បន្សល់ទុក​នូវ​ស្នាដៃ​យ៉ាងច្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​សិក្សា រៀនសូត្រ និង ប្រតិបត្តិ​ទាំង​ផ្នែក ផ្លូវលោក និង​ផ្លូវធម៌ ។​
​លោក​ក៏បាន​និពន្ធ​ប្រលោមលោក​ចំនួន​ពីរ​ផងដែរ​គឺ​៖
១. បិសាច​ស្នេហា , ភ្នំពេញ , ១៩៤២
២. កុលាប​ប៉ៃលិន , ភ្នំពេញ , ១៩៤៣

Leave a comment