សម្តេច ប៉ាន

សម្តេច ប៉ាន អ្នក​នាំ​ធម្មយុត្តិកនិកាយ​ចូល​ស្រុក​ខ្មែរ

ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា ប្រទេស​យួន និង សៀម តែងតែមាន​បំណង​ចង់​លេប​ត្របាក់ ប្រទេស​ខ្មែរ​ហើយ​ពួកគេ​មិនដែល​បាន​បោះបង់​មហិច្ឆតា​នេះ​ចោល​ឡើយ រហូតដល់​មានពេលខ្លះ​នាំអោយ​ប្រទេស​ទាំងពីរ​នេះ​ច្បាំង​គ្នាដ​ណ្តើ​ប្រទេស កម្ពុជា​ក៏មាន ។ ពួកគេ​តែងតែ​មើល​មក​ប្រទេស​ខ្មែរ​ថា ជា​សាច់​មួយ​ដុំ​ដ៏​ទាក់ទាញ​នូវ​តម្រេក និង គំលាន​របស់​ពួកគេ ជា​កម្មវត្ថុ​នៃ​ការដណ្តើម​គ្នា ។ ពួកគេ​តែងតែ​ប្រើ​គ្រ​ប់ម​ធ្យោ បាយ​គ្រប់​រូបភាព ដែល​ក្នុងនោះ​មានការ​បញ្ឈឺ បញ្ឆោត សំលាញ់ សំលុត សំលាប់ ដើម្បី​យក​ប្រទេស​កម្ពុជា ជា​ចំណុះ​របស់​ពួកគេ​រៀងៗ​ខ្លួន ។​

ជាច្រើន​រជ្ជកាល ប្រទេស​កម្ពុជា​មិនមាន​ឯករាជ្យ​ម្ចាស់ការ​លើ​ខ្លួនឯង​ឡើយ ។ សន្ធិសញ្ញា រវាង​សៀម និង យួន ខែធ្នូ ឆ្នាំ ១៨៤៥ បាន​ស្រុះស្រួល​គ្នា​ប្រគល់​រាជបល្ល័ង្ក​ខ្មែរ​មក​ថ្វាយ​ព្រះករុណា អង្គឌួង ។ ប្រទេស​ទាំងពីរ​នេះ នៅតែ​មិនបាន​បោះបង់​បំណង​ក្នុងការ​លេប​ត្របាក់​ស្រុក​ខ្មែរ​ដដែល ។     តាមរយៈ​ព្រះពុទ្ធសាសនា​ធម្មយុត្តិកនិកាយ ជា​វិធី​ដ៏​ស៊ី​ជំរៅ​មួយ​ដែល​ប្រទេស​សៀម​ប្រើ​ដើម្បី​បញ្ជ្រាប មនោគមន៍វិជ្ជា​មក​ក្នុង​គំនិត​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ដែល​ចាប់​ផ្តើមចេញពី​ថ្នាក់​កំពូល​នៃ​ជាតិ​គឺ​ព្រះរាជា និង រាជវង្សានុវង្ស​ចុះមក ។​

ព្រះពុទ្ធសាសនា​ធម្មយុត្តិ​ក​និកាយ​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​សៀម ដោយ​ព្រះ​ចៅ​ម​ង្គ​ដ (​រាមា​ទី​៤) នៃ​ប្រទេស​សៀម​នៅ ឆ្នាំ​១៨៣៣ ។ ព្រះមហាក្សត្រ​អង្គ​នេះ​មានចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​ព្រះពុទ្ធសាសនា​ហីនយាន ឬ ថេរវាទ ហើយ​មុន​ឡើង​គ្រងរាជ្យ ព្រះអង្គ​បាន​សាង​ផ្នួស​រយៈពេល ២៧​ព្រះវស្សា ( ១៨២៤-១៨៥១ ) ។ និកាយ​នះ​ត្រូវបាន​បង្កើតឡើង​ក្នុង​យុទ្ធនា​ការធ្វើ​វិសុទ្ធិ​កម្ម ព្រះពុទ្ធសាសនា​ដែលមាន​ជន​ប្លម​ជាច្រើន​នាំយក​លទ្ធិ​ផ្សេងៗ​មាន​លទ្ធ ព្រហ្មញ្ញ​ជាដើម និង មាន​អ្នកបួស​ក្លែងក្លាយ មិន​គោរព​វិន័យ​មក​ជ្រកកោន​បន្លំ​ក្នុង​ព្រះពុទ្ធសាសនា ។​
​ទស្សនៈ​ខ្លះ បាន​លើកឡើងថា ដោយសារ​រាជវង្ស​សៀម​យល់ថា ពួកខ្លួន​ជា​រាជវង្ស ត្រកូល​ខ្ពង់ខ្ពស់​មិន​គប្បី​ថ្វាយបង្គំ​ព្រះសង្ឃ​ដែល​ចេញ​មកពី​ត្រកូល រាស្ត្រសាមញ្ញ​ឡើយ ទើប​និកាយ​នេះ​ត្រូវបាន​បង្កើត ឡើង​សម្រាប់​ជាទីគោរព​បូជា​របស់​ព្រះរាជវង្សានុវង្ស​ជាពិសេស ហេតុនេះ​ទើប​អ្នកខ្លះ​យល់ថា ធម្មយុត្តិកនិកាយ ជា​ព្រះពុទ្ធសាសនា​រាជវង្ស​សៀម ហើយ​សម្រាប់តែ​រាជវង្សានុវង្ស​និង​ឧ​ត្ត​ម​មន្ត្រី ។​

បន្ទាប់ពី​ព្រះបាទ​អង្គឌួង ឡើង​គ្រង​រាជសម្បត្តិ នា​ឆ្នាំ​១៨៤៨ មក ទ្រង់​បានរៀបចំ​ប្រទេស​កម្ពុជា ដ៏​សែន​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាមស៊ីវិល និង សង្គ្រាម​ញោះ​ញ​ង់​ឈ្លានពាន​នេះ​ឡើងវិញ ។ វត្ត​អារាម និង គម្ពីរ​ក្បួនច្បាប់​ផ្សេងៗ​ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង ។ ប្រទេស​កម្ពុជា​ពុំមាន​គ្រឹះស្ថាន​អប់រំ​ត្រឹមត្រូវ ហើយក៏​ពុំមាន​បណ្ឌិត​បញ្ញា​វ័​ន្ត​គ្រប់គ្រាន់​ឡើយ ។​
ភិក្ខុ ប៉ាន ជា​បញ្ញា​វ័​ន្ត​សង្ឃ​ខ្មែរ​មួយរូប​ដែល​បាន​ភៀស​ទៅ​ជ្រកកោន​សិក្សា​ផ្នែក ព្រះ ពុទ្ធសាសនា នៅ​ប្រទេស​សៀម ហើយ​ជា​សិស្ស​របស់​ព្រះ​ចៅចម​ក្លាវ ដែល​កាល នោះ​ព្រះរាជា​សៀម​អង្គ​នេះ​នៅ​ទ្រង់ ជា​បព្វជិត ។​

ថ្ងៃ​អង្គារ ទី​១២ ខែមេសា ឆ្នាំ​១៨៥៣ ព្រះបាទ​អង្គឌួង បាន​បញ្ជា​ខ្ញុំ​រាជការ​ដឹកនាំ​ដោយ​ឧកញ៉ា​យមរាជ ម៉ុក និង ឧកញ៉ា​ចក្រី មាស ទៅ​គាល់​មហាក្សត្រ​សៀម​នៅ​ទីក្រុង​បាងកក សូមអោយ​ទ្រង់ បញ្ជូន​ព្រះសង្ឃ​ខ្មែរ​មួយរូប​ដែលមាន​ចំណេះ​វិ​ជ្ចា​ជ្រៅជ្រះ​ផ្នែក ព្រះពុទ្ធសាសនា​មក​ស្រុក​ខ្មែរ​វិញ និង គម្ពីរ​ព្រះ​ត្រ័យបិដក ( គម្ពីរ​ព្រះ​វិន័យ​, ព្រះ​សូត្រ និង ព្រះ​អភិធម្ម ) មួយ​ចប់​ផង ដើម្បី​ពង្រ​ស់​ព្រះពុទ្ធសាសនា​ថេរវាទ​អោយមាន​បទដ្ឋាន​ឡើងវិញ​នៅ​ប្រទេស ខ្មែរ ។​

ព្រះ​ចៅចម​ក្លាវ បានទទួល​រាជ​សំណើរ​របស់​ព្រះ​អង្គឌួង​ដោយ​ក្តី​រីករាយ ដោយ​ទ្រង់​ឈ្វេង​យល់ថា នេះ​ជា​ឳ​កាស​ដ៏​ល្អ​កម្រ​មាន​ក្នុង​ការបញ្ចូល​ឥទ្ធិពល​មនោគមន៍​ផ្នែក វប្បធម៌​មកលើ​ប្រទេស​ខ្មែរ ។ ឯកសារ ជាច្រើន​បាន​អះអាងថា​ទាំង​សៀម​ទាំង​យួន​សុទ្ធតែ​បាន​ព្យាយាម​ជះឥទ្ធិពល មកលើ​ព្រលឹង​ខ្មែរ តាមរយៈ ព្រះពុទ្ធសាសនា គឺ​យួន​បញ្ចូល​តាមរយៈ​ពុទ្ធសាសនា​មហាយាន ខណៈ​សៀម​បញ្ចូល​តាមរយៈ ហីនយាន ។​
ព្រះ​ចៅចម​ក្លាវ បាន​បញ្ជូន​ព្រះមហា ប៉ាន ជា​សិស្ស​របស់​ព្រះអង្គ​តាម សំណូមពរ​របស់​ព្រះបាទ អង្គឌួង ។ ហេតុនេះ​ព្រះពុទ្ធសាសនា​ធម្មយុត្តិកនិកាយ បានមក​ចាប់បដិសន្ធិ​នៅ​ប្រទេស​កម្ពុជា តាម រយៈ​ព្រះ​ភិក្ខុ​មហា ប៉ាន ចាប់ពីពេលនោះ​មក តាម​សំណើរ​របស់​ព្រះបាទ​អង្គឌួង និង ជា​មហិច្ឆតា​របស់ ព្រះ​ចៅចម​ក្លាវ នៃ​ក្រុង​សៀម ក្នុងការ​គ្រប់គ្រង​ព្រលឹង​ង​ខ្មែរ ។​

នា​ក្រុង​ឧដុង្គ ព្រះមហា ប៉ាន បាន​ឡើង​សមណៈ​ស័​ក្ត​យ៉ាង​លឿន រហូត​បាន​ក្លាយជា​សម្តេច ព្រះសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​នៃ​ប្រទេស​កម្ពុជា នា​ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៤០១ គ​.​ស ១៨៥៧ មាន​គោរមងារ​ជា សម្តេចព្រះ​សុគន្ធា​ធិបតី ហើយ​ព្រះអង្គ​បង្គាប់​អោយ​ទូល​ឆ្លើយ​នឹង​ព្រះអង្គ ដោយ​រាជ​ស័ព្ទ ( ពាក្យ​សម្រាប់​ស្តេច ) ។​
សម្តេចព្រះ​សុគន្ធា​ធិបតី បញ្ញា​សី​លោ ប៉ាន ប្រសូត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១ រោច ខែកត្តិក ឆ្នាំចរ អដ្ឋស័ក ព​.​ស ២៣៧០ គ​.​ស ១៨២៦ នៅ​ភូមិ​ព្រែក​ព្រះស្តេច ខេត្តបាត់ដំបង ។ ឯកសារ​នានា​មិនបាន​ប្រាប់​នាម នៃ មាតា បិតា​របស់​ព្រះអង្គ​ឡើយ ប៉ុន្តែ​បាន​និយាយថា ស្រុកកំណើត​របស់​មាតា​បិតា នៅ ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​បាន​ភៀស​ទៅ​នៅ​ខេត្តបាត់តំបង​ដោយសារ​ស្រុកទេស​មាន​ចលាចល ។​

ឆ្នាំរកា នព​ស័ក ព​.​ស ២៣១៨ គ​.​ស ១៨៣៧ កុមារ ប៉ាន បាន​ចូល​បួស​ជា​សាមណេរ ក្នុង​គណៈមហានិកាយ នៅ​វត្ត​ពា​ធិ៍ ឃុំ​សង្កែ ខេត្តបាត់តំបង ។ សាមណេរ​អនាគត​សម្តេច​សង្ឃ​អង្គ​នេះ បាន​និមន្ត​ទៅ​គង់នៅ​វត្ត​សាកេ​ត ក្រុង​ថេព ប្រទេស​សៀម រហូតដល់​វ័យ​២១​វស្សា​បាន​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​ក្នុង​គណៈមហានិកាយ ។ គង់នៅ​អារាម​នេះ​បាន​៤​វស្សា ក៏​ត្រូវបាន​ក្រុមម៉ឺន ភូ​វ​ឌិន ជា​ជីដូន​នាំ ទៅ​ថ្វាយ​សម្តេចព្រះ​ចម​ក្លាវ ដែល​កាលនោះ​ព្រះ​ចម​ក្លាវ​កំពុង​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ ភិក្ខុ​អនាគត ក្សត្រ​សៀម​អង្គ​នេះ បានអោយ​ភិក្ខុ ប៉ាន ស្នាក់នៅ​សិក្សា​ក្នុង​តំណាក់​ចៅ​ឃុន​ព្រះ​ញាណរ​ក្ខិ​ត សុ​ត ជា​ព្រះចៅអធិការ​វត្ត​បរម​និវេសន៍​គណៈ​ធម្មយុត្ត ។​
ថ្ងៃ​១​រោច ខែ​អាសាធ ឆ្នាំរកា ឯកស័ក ព​.​ស ២៣៩៣ គ​.​ស​១៨៤៩ ក្នុង​វ័យ​២៤​វស្សា ព្រះ​ភិក្ខុ ប៉ាន បាន​បំពេញ​ឧបសម្បទា​ម្តងទៀត​ក្នុងគណៈ​ធម្មយុត្ត ដោយមាន​សម្តេចព្រះ​ចម​ក្លាវ​ជា​ព្រះ​ឧបជ្ឈាយ៍ ហើយ​ទទួលបាន​នាម​បញ្ញត្តិ​ថា បញ្ញា​សី​លោ ។​

សៀវភៅ​ព្រះរាជ​ជីវប្រវត្តិ​សម្តេចព្រះសង្ឃរាជ បាន​អះអាងថា ព្រះមហា​បញ្ញា​សី​លោ ប៉ាន បាន​និមន្ត​មកដល់​ស្រុក​ខ្មែរ​នៅ​ឆ្នាំខាល ឆស័ក ព​.​ស ២៣៩៨ គង់នៅ​វត្ត​សាលា​គូ ( វត្ត​អំពិល​បី ) ក្រុង​ឧដុង្គ  ។    ឯកសារ​នានា​នៅមាន​ភាពមិន​ទាន់​ចុះសម្រុង​គ្នា​ខ្លះ នៃ កាលបរិច្ឆេទ​នេះ ។ ទោះ​យ៉ាងនេះ​ក្តី យើង​កត់ចំណាំ​ឃើញថា ភាពខុសគ្នា​នៃ​ខែ នាំអោយ​ឆ្លង​ចូលឆ្នាំថ្មី ។ មួយសោត អាចមកពី​អ្នក ចងក្រង​មិនបាន​បែងចែក​អោយដាច់​ដោយឡែក​ពីគ្នា​នូវ​កាល​បរិ​ចេ្ឆ​ទ​នៃ​ការ ដែល​ព្រះករុណា អង្គឌួង បញ្ជា រាជ​ប្រតិភូ​ខ្មែរ​ទៅ​ក្រុង​បាងកក ដើម្បី​សុំ​និមន្ត​បញ្ញវ័ន្ត​សង្ឃ​ខ្មែរ​, កាលបរិច្ឆេទ​នៃ​ការ​និមន្ត​មកដល់​របស់ ព្រះ​ភិក្ខុ​មហា ប៉ាន និង ការមកដល់​នៃ​គម្ពីរ​ព្រះ​ត្រ័យបិដក​មួយ​ចប់​មាន​សែសិប​ភាគពី​ប្រទេស​សៀម ។ ទោះយ៉ាងណា  ភាពខុសគ្នា​នេះ​មាន​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ហេតុនេះ​យើង​អាច​សន្និដ្ឋានបានថា ព្រះពុទ្ធសាសនា​ធម្មយុត្តិ​ក​និកាយ ត្រូវបាន​នាំចូល​មក​ស្រុក​ខ្មែរ​ពី​ប្រទេស​សៀម​ដោយ​ព្រះ​ភិក្ខុ​មហា ប៉ាន នៅ គ​.​ស ១៨៥៣ ឬ ១៨៥៤ តាម​ព្រះរាជសំណើរ​របស់​ព្រះបាទ​អង្គឌួង ហើយក៏​ជា​ផ្នែក​មួយ​នៃ មហិច្ឆតា​របស់​ព្រះ​ចៅចម​ក្លាវ​នៃ​ប្រទេស​សៀម​ក្នុងការ​គ្រប់គ្រង​ព្រលឹង ខ្មែរ ។​

សៀវភៅ​ឈ្មោះ “​ព្រះពុទ្ធសាសនា / ទស្សនៈវិជ្ជា​ពិភពលោក​” ទំព័រ​ទី​៧៣ និយាយថា ធម្មយុត្តិកនិកាយ​បាន​ហូរ​ចូលមក ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៨៦៤ នោះ​ជា​កំហុស​ផ្នែក​បច្ចេកទេស​អក្សរ និង ភាព​ចន្លោះប្រហោង​នៃ​ការត្រួតពិនិត្យ ។ ដោយឡែក​ឯកសារ​ជា ភាសា​អង់គ្លេស​នៅតាម​គេហទំព័រ Wikipedia និយាយថា ព្រះករុណា នរោត្តម បាន​សុំ​និមន្ត ព្រះមហា​ប៉ាន ពី​ស្រុក​សៀម ហើយ​ថា ព្រះមហា ប៉ាន បានមក​គង់នៅ​វត្ត​បទុម​វ​ត្តី ក្រុងភ្នំពេញ ។ តាមរយៈ​ការសិក្សា យើង​យល់ថា ឯកសារ​នេះ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បើ​សិក្សា​ដោយ​ហ្មត់ចត់​ទៅ​ឃើញថា ព្រះករុណា នរោត្តម ( នាម​ដើម ព្រះអង្គ ម្ចាស់​ច្រឡឹង ក្រោយមក​មាន​នាម​ថា រា​ជាវ​តី ។ លុះ​ពេល​សាង​ផ្នួស​ត្រូវបាន​ស្តេច​សៀម​ដាក់​នាម​ថា នរោត្តម គិត​តាមរបៀប​ដាក់​នាម​នៃ​ធម្មយុត្តិកនិកាយ ) បាន​និមន្ត​សម្តេចព្រះ​សុគន្ធា​ធិបតី ពី​ក្រុង​ឧដុង្គ វត្ត​សាលា​គូ មក​គង់នៅ​ក្រុងភ្នំពេញ វត្ត​បទុម​វ​តី​រា​ជរា​រាម ដែលមាន​ឈ្មោះ​ដើម​ថា វត្ត​ខ្ពប​តា​យ៉ង នៅពេលដែល​ព្រះអង្គ​បាន​បោះបង់​ក្រុង​ឧដុង្គ​មានជ័យ មក​កសាង​ក្រុងភ្នំពេញ​ជា​លើក​ទី​២ នា​ឆ្នាំឆ្លូវ សប្តស័ក ព​.​ស ២៤០៨ គ​.​ស ១៨៦៥ ។ ពេលនោះ​ព្រះករុណា នរោត្តម  បាន​ទាំង និមន្ត​សម្តេច ព្រះ សង្ឃរាជ​គណៈមហានិកាយ និល ទៀង ពី​វត្ត​ពុទ្ធ​ប្រាង្គ មក​គង់នៅ​វត្ត​ឧណ្ណាលោម​ផង ។​

សម្តេចព្រះ​សុគន្ធា​ធិបតី បញ្ញា​សី​លោ ប៉ាន ព្រះសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​នៃ​ប្រទេស​ខ្មែរ បាន​សោយ​ទីវ​ង្គ​ត​នៅ​ថៃ្ង​សៅរ៍ ៤​រោច ខែមាឃ ឆ្នាំម្សាញ់​បញ្ច​ស័ក ព​.​ស ២៤៣៧ គ​.​ស ១៨១៥ ក្នុង​ព្រះ​ជន្មាយុ​៦៧ ព្រះវស្សា ។​
គេ​កត់​ចំណាំបាន​ថា រយៈកាល​ប៉ុន្មាន​ទសវត្ស​បន្ទាប់ពី​ការមកដល់​ប្រទេស​ខ្មែរ​នៃ​ព្រះ ពុទ្ធសាសនា ធម្មយុត្តិកនិកាយ មានការ​កើតឡើង​នូវ​វិវាទ​គ្នា​រវាង ព្រះសង្ឃ និង គ្រហស្ថ​គណៈមហានិកាយ ដែលមាន​ស្រាប់​ក្នុងស្រុក​ខ្មែរ និង ធម្មយុត្តិកនិកាយ ដែល​ទើបតែ​នាំចូល​មកពី​ប្រទេស​សៀម ។ ព្រះសង្ឃ និង គ្រហស្ថ នៃ ធម្មយុត្តិកនិកាយ​រិះគន់​ព្រះសង្ឃ​មហានិកាយ​ថា​មាន​សីល​មិន​បរិសុទ្ធ មាន​ភាព​ធូរ​លុង​ផ្នែក​ការប្រតិបត្តិ​វិន័យ​ជាង​ព្រះសង្ឃ​ធម្មយុត្ត ខណៈដែល​ព្រះសង្ឃ និង គ្រហស្ថ​គណៈ មហានិកាយ ចោទ​ព្រះសង្ឃ និង គ្រហស្ថ​គណៈធម្មយុត្តិកនិកាយ​ថា ជា​អ្នក​ក្បត់ជាតិ បំរើ​មនោគមន៍ វិជ្ជា​សៀម ។ ទោះយ៉ាងណា បច្ចុប្បន្ន ស្ថានភាព​បែបនេះ​ហាក់​ត្រូវបាន​ខ្មែរ​បំភ្លេចចោល​ស្ទើរ​អស់​ទៅហើយ ហើយ​គណៈធម្មយុត្តិកនិកាយ ក៏​ជា​និកាយ​សាសនា​ស្នេហា​ជាតិ​យ៉ាងពិតៗ​ផងដែរ​៕

Leave a comment